អាជ្ញាធរ​ខេត្ត​កំពង់ចាម​ហាម​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ​រឿង​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ មុំ សុផុន
2014.03.31
Share on WhatsApp
Share on WhatsApp
សន្និសីទ ដនសាហុង ៦១០ អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ធ្វើ​សន្និសីទ​កាសែត​អំពី​ជំហរ​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នា​ក្រុង​កំពង់ចាម នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៤ ក្រោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ។
RFA/Mom Sophon

អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ហាម​ឃាត់​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ស្ដីពី​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ ទេ។

យុទ្ធនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ គឺ​នឹង​មាន​ជួប​ជុំ​ជា​មួយ​ប្រជាពលរដ្ឋ​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម ព្រម​ទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ផង​ក្នុង​ខេត្ត​នេះ​ផង។

លោក យុក សេងឡុង ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការ​សម្ធ័ន្ធ​ដើម្បិ​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា ហ្វែក (FACT) បាន​ថ្លែង​ថា លោក​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម ដោយ​លើក​ហេតុផល​ថា មិន​មាន​គោលការណ៍​ណែ​នាំ​ពី​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ពី​យុទ្ធនាការ​នេះ ដូច្នេះ​អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើយ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​អាជ្ញាធរ​ជំនាញ​ផ្សេងៗ​ទៀត បែរ​ជា​ព្រួយបារម្ភ​ថា ខ្លាច​ក្រែង​ទាក់ទង​រឿង​នយោបាយ​ទៅ​វិញ។

ទោះ​យ៉ាង​ណា លោក យុក សេងឡុង បញ្ជាក់​ថា រឿង​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ក្នុង​ប្រទេស​ឡាវ នេះ គឺ​ជា​មិន​មែន​ជា​រឿង​ដែល​ត្រឹម​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ព្រួយ​បារម្ភ​តែ​ម្នាក់​ឯង​នោះ​ទេ រឿង​នេះ​គឺ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​អ្នក​ជំនាញ​បច្ចេកទេស​ថ្នាក់​ជាតិ​នោះ ក៏​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែរ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត​មិន​បាន​យល់​ពី​ជំហរ​របស់​រដ្ឋាភិបាល ឬ​ជំនាញ​ថ្នាក់​ជាតិ​ទៅ​វិញ។ លោក​ថា អង្គការ​សង្គម​ស៊ីវិល​បាន​ព្យាយាម​ធ្វើ​ឲ្យ​មតិ​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ជា​មតិ​វេញ​ធ្លុង​គ្នា​តែ​មួយ។

អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ធ្វើ​សន្និសីទ​កាសែត​អំពី​ជំហរ​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នា​ក្រុង​កំពង់ចាម នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៤ ក្រោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ។
អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ធ្វើ​សន្និសីទ​កាសែត​អំពី​ជំហរ​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង នា​ក្រុង​កំពង់ចាម នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៤ ក្រោយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​វេទិកា​សាធារណៈ។
RFA/Mom Sophon

 

យុទ្ធនាការ​ដែល​រៀបចំ​ធ្វើ​នៅ​ខេត្ត​កំពង់ចាម នេះ គឺ​គ្រោង​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៃ​ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល សិស្ស និស្សិត និង​មន្ត្រី​ជំនាញ​សរុប​ប្រមាណ ៣០០​នាក់។

បើ​ទោះ​បី​ជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនាការ​នេះ​ទៅ​ទី​សាធារណៈ តែ​ក្រុម​អង្គការ​ដែល​រៀបចំ​កម្មវិធី​នេះ មក​ប្រជុំ​គ្នា​ធ្វើ​សន្និសីទ​កាសែត​វិញ ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​យុទ្ធនាការ​ និង​ជំហរ​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជជែក​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​ឡាវ និង​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ដង​ទន្លេ​មេគង្គ នេះ​ដើម្បី​បញ្ឈប់​គម្រោង​សាងសង់។

យុទ្ធនាការ​ស្ដីពី​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង បាន​ចាប់​ផ្ដើម​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ខេត្ត​ក្រចេះ និង​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូល​រួម​និង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ប៉ុន្តែ​ដោយឡែក​អាជ្ញាធរ​ខេត្ត​កំពង់ចាម មិន​ត្រឹមតែ​មិន​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ​ទេ ថែម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​យុទ្ធនាការ​នេះ​ថែម​ទៀត។

យុទ្ធនាការ​ស្ដីពី​ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ក្នុង​ប្រទេស​ឡាវ នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​ចែក​រំលែក​ព័ត៌មាន​គ្នា​រវាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ផ្ដល់​ចំណេះ​ដឹង​អំពី​បញ្ហា​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង និង​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​ដល់​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ និង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ពិភាក្សា​គ្នា​ស្វែង​រក​យុទ្ធសាស្ត្រ​បញ្ឈប់​គម្រោង​សាងសង់​វារីអគ្គិសនី​ដនសាហុង​នេះ។

លោក វង្ស កុសល មន្ត្រី​ផ្នែក​ច្បាប់​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) ថ្លែង​ថា កម្ពុជា​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​នៃ​ការ​សម្រេច​ចិត្ត ហើយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ជា​ពិសេស​កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​អន្តរជាតិ ប្ដេជ្ញា​គោរព​សិទ្ធិ​មនុស្ស សិទ្ធ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

ចំពោះ​ករណី​អាជ្ញាធរ​ខេត្ត​កំពង់ចាម មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ​ស្ដីពី​ការ​ព្រួយបារម្ភ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ក្នុង​ប្រទេស​ឡាវ ជាប់​ព្រំដែន​កម្ពុជា នេះ គឺ​ជា​ការ​មិន​គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​មិន​គោរព​តាម​ស្មារតី​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ចែង​ក្នុង​មាត្រា ៣១ និង ៤១ នោះ។

លោក​បាន​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ខេត្ត​កំពង់ចាម ដែល​ជា​សេនាធិការ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា នោះ ហាក់​បី​ដូចជា​មិន​ចង់​ស្ដាប់ មិន​ចង់​ដឹង​ឮ អំពី​ការ​ពិត​ដែល​លើក​ឡើង​ដោយ​ប្រជាពលរដ្ឋ​​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​នឹង​អាច​រង់​ផល​ប៉ះពាល់​នៃ​ការ​សង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​នោះ។ ព័ត៌មាន​ស្ដីពី​ផល​ប៉ះពាល់ និង​ការ​ព្រួយ​បារម្ភ​នៃ​គម្រោង​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អាជ្ញាធរ និង​រដ្ឋាភិបាល ព្រម​ទាំង​ថ្នាក់​ដឹកនាំ​អាស៊ាន ដើម្បី​ពិចារណា និង​ចាត់​វិធានការ​ដោះស្រាយ នៅ​ក្នងុ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​នឹង​ធ្វើ​ឡើង​នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។