បណ្ឌិត កែម ឡី ជាអ្នកវិភាគពីបញ្ហានយោបាយ និងសង្គមឥតសំចៃមាត់ តែងតែលាតត្រដាងអាថ៌កំបាំងមួយចំនួនដែលរដ្ឋាភិបាល របស់ត្រកូល ហ៊ុន លាក់បាំង ជាពិសេស អំពើអយុត្តិធម៌សង្គម។
បណ្ឌិត កែម ឡី បានវិភាគនៅពេលលោកនៅមានជីវិតថា លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ គាបសង្កត់ បិទសិទ្ធិសេរីភាព និងប្រើប្រាស់ស្ថាប័នរដ្ឋសំខាន់ៗ មួយចំនួនទៀត ដើម្បីឱ្យបម្រើមហិច្ឆតាអំណាចរបស់លោក និងក្រុមគ្រួសារត្រកូល ហ៊ុន។
សូមលោកអ្នកនាងស្ដាប់សម្រង់សំដីរបស់បណ្ឌិត កែម ឡី ដែលបានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី នៅមុនពេលលោកស្លាប់អំពីបញ្ហានេះ ដែលរៀបរៀងដោយលោក ទីន ហ្សាការីយ៉ា ដូចតទៅ៖
ទោះបីជាបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់អស់រយៈពេល ៨ឆ្នាំទៅហើយក្ដី ក៏ការវិភាគរបស់លោកមកទល់ពេលនេះ នៅតែត្រូវទៅនឹងអ្វី ដែលកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
បណ្ឌិត កែម ឡី បានព្យាករ កាលពីមុនពេលលោកស្លាប់ថា ពលរដ្ឋខ្មែរមិនអាចរំពឹង រស់នៅក្រោមដំបូលសន្តិភាព ដែលដឹកនាំដោយត្រកូល ហ៊ុន មានសេចក្ដីសុខឡើយ។ លោកបន្ថែមថា លោក ហ៊ុន សែន ធ្វើអ្វីៗ ដើម្បីតែអំណាចក្រុមគ្រួសារ និងបក្ខពួករបស់លោកតែប៉ុណ្ណោះ។ រីឯការធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋវិញ លោកធ្វើកំណែទម្រង់ ៥ចំណុចសំខាន់ៗ ក្នុងទិសដៅពង្រឹងអំណាចក្រុមគ្រួសារត្រកូល ហ៊ុន តែប៉ុណ្ណោះ។
បណ្ឌិត កែម ឡី៖ «ទី១ កំណែទម្រង់ការបោះឆ្នោត គោលបំណង ដើម្បីគ្រប់គ្រងនៅលើដៃខ្លួន។ ទី២ កំណែទម្រង់ គ.ជ.ប ដើម្បីឱ្យខ្លួនអាចត្រួតត្រាបាន។ ទី៣ កំណែទម្រង់ហ្នឹង ដើម្បីខ្លួនឈ្នះមិនកំណែទម្រង់ផ្សេងទេ។ ទី៤ កំណែទម្រង់ហ្នឹង ដើម្បីឱ្យខ្លួនអាចបន្តកាន់អំណាចបន្តទៅទៀត។ ទី៥ កំណែទម្រង់ ដើម្បីឱ្យប្រព័ន្ធទាំងមូលទាំងតុលាការទាំងសភា ទាំង គ.ជ.ប អាចត្រួតត្រាបាន រហូតអាចត្រួតត្រាព្រះបរមព្រះរាជវាំងទៅទៀតឯណោះ។ អ៊ីចឹង មិនមែនមានន័យថា គណបក្សប្រជាជនកម្ពុជាមានសុឆន្ទៈធ្វើកំណែទម្រង់ឱ្យមានការបោះឆ្នោតមួយសេរីយុត្តិធម៌ ដើម្បីឱ្យសាធារណជនទទួលយកបាន កុំឱ្យមានបញ្ហានៅក្រោយការបោះឆ្នោតនោះទេ»។
មិនខុសពីលោកបណ្ឌិត កែម ឡី ធ្លាប់បានអះអាងនេះឡើយ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែត្រួតត្រា និងគាបសង្កត់ប្រជាពលរដ្ឋ មិនឱ្យងើបរើបម្រាស់នោះទេ សូម្បីតែព្រះមហាក្សត្រ ក៏លោក ហ៊ុន សែន គាបសង្កត់ដែរ។ លោកបានប្រកាសកាលពីឆ្នាំ២០១៨ ថា ទោះជាម៉ែស្ដេច ឱស្ដេចក៏លោកមិនខ្លាចដែរ។
លោក ហ៊ុន សែន៖ «ជាមួយខ្ញុំសូមកុំនិយាយឱ្យសោះម៉ែស្ដេច ឱស្ដេចក៏ខ្ញុំដាក់ដែរ កុំនិយាយអាបញ្ហាកូនអ្នកធំ ក្មួយអ្នកធំខ្ញុំយោគយល់គឺអត់ទេ»។
នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន សែន បានប្រមាថព្រះមហាក្សត្រនោះ។ កាលពីឆ្នាំ២០០៥ លោកថែមទាំងបានគំរាមរំលាយស្ថាប័នព្រះមហាក្សត្រចោលប្រសិនបើព្រះបាទ នរោត្តម សីហមុនី មិនព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមទ្វេភាគីជាមួយប្រទេសវៀតណាម។
លោក ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយ ខ្ញុំថា ព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផេង អ៊ឹង កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះតាមទូរស័ព្ទ ខ្ញុំថា ព្រះអង្គ បើលើកនេះ វាពិបាកស៊ីញេ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង?ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ លើមាត្រាណាមួយ ដែលកាលណាដាក់ទៅក្នុងរង្វង់ប៉ុន្មានថ្ងៃ ត្រូវឡាយព្រះហស្តលេខា។បើមិនឡាយព្រះហស្តលេខា ទេ គឺនឹងចូលជាធរមាន»។
ទោះបីជាលោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្រជាច្រើនដងបែបនេះក្ដី ក៏តុលាការគ្មានចេញដីកាណាមួយចោទប្រកាន់លោក ហ៊ុន សែន ពីបទ ប្រមាថព្រះមហាក្សត្រដែរ ខុសពីក្រុមយុវជនចលនាមាតាធម្មជាតិ ដែលពលរដ្ឋសឹងតែទូទាំងប្រទេសគាំទ្រសកម្មភាពរបស់ពួកគាត់ បែរជាតុលាការចាប់ដាក់គុកទៅវិញ។
នៅត្រង់ចំណុចនេះ អតីតទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត សូ ណារ៉ូ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅមុនពេលលោកទៅចុះចូលជាមួយរដ្ឋាភិបាលថា លោក ហ៊ុន សែន គ្រប់គ្រង និងក្ដោបក្ដាប់ស្ថាប័នរដ្ឋទាំងមូល។ លោកបន្ថែមថា លោក ហ៊ុន សែន ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាង ដែលមនុស្សគ្រប់គ្នាមិនហ៊ានធ្វើ។
បណ្ឌិត សូ ណារ៉ូ៖«គ្មានអ្នកណាហ៊ានជាង ហ៊ុន សែន ទេ។ ហ៊ុន សែន ធ្វើអ្វីៗ ទាំងអស់ គឺថា រហូតដល់ថា រំលាយគណបក្សប្រឆាំងទាំងមូលអត់ខ្លាចមនុស្សរាប់លាននាក់ងើបឡើងផង។ ចង់ចាប់អ្នកណាដាក់គុកក៏បានដែរ»។
លោក ហ៊ុន សែន បានដឹកនាំប្រទេសជិត ៤០ឆ្នាំ។ ទោះជាលោកបានផ្ទេរអំណាចឱ្យកូនជោគជ័យហើយក៏ដោយ ក៏រដ្ឋាភិបាលត្រកូលហ៊ុននេះ មិនកែប្រែរបៀបដឹកនាំនោះទេ ពោលគឺ របបនេះ ដូរតែមនុស្ស តែការដឹកនាំបែបគាបសង្កត់ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងចាប់ចងអ្នករិះគន់ដាក់គុក គឺនៅដដែល។
កាលពីពេលបណ្ឌិត កែម ឡី នៅមានជីវិត លោកធ្លាប់ដឹកនាំពលរដ្ឋ សម្ដែងមតិបានខ្លះ នៅពេលមានបញ្ហាមិនប្រក្រតីកើតឡើង ដូចជា ថ្ងៃសុក្រពណ៌ខ្មៅជាដើម ដើម្បីសម្ដែងមតិ និងទាមទារឲ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ដែលជាប់ពន្ធនាគារកាលណោះ។ លោក បណ្ឌិត កែម ឡី បានផ្ដែផ្ដាំទៅអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើសិនជាធ្វើជាមេដឹកនាំខ្លាចការសម្ដែងមតិនោះ គួរតែជ្រើសរើសមុខរបរដាំដំឡូងវិញទៅប្រសើរជាង។
បណ្ឌិត កែម ឡី៖ «ការសម្ដែងមតិការជួបជុំគ្នាដោយសន្តិវិធីរបៀបនេះ បើសិនជាខ្ញុំជារដ្ឋាភិបាល ខ្ញុំផ្ដល់ការកោតសរសើរ ហើយមិនត្រឹមតែកោតសរសើរត្រឹមរដ្ឋាភិបាលទេ ខ្ញុំស្នើទៅព្រះមហាក្សត្រ ដើម្បីកោតសរសើរទៅទៀត ពីព្រោះថា ពួកគាត់ចំណាយពេលវេលា ចំណាយលុយទិញអាវខ្មៅ គាត់ចំណាយថវិកាទៅចូលរួមសម្ដែងមតិទាំងកណ្ដាលថ្ងៃទៅទៀត ដើម្បីឱ្យយើង(រដ្ឋាភិបាល)ឮ ហើយកាលណាយើងឮ ទោះបីជាអវិជ្ជមានក្ដី វិជ្ជមានក្ដី យើងយកមកសំយោគ ដើម្បីយើងមានពន្លឺ ដើម្បីយកមកដោះស្រាយបញ្ហា ឬក៏ឫសគល់នៃបញ្ហា។ ដូចខ្ញុំសរសើរនៅក្នុងផេក(Page)របស់ខ្ញុំអ៊ីចឹង ខ្ញុំថា បើធ្វើនយោបាយ ធ្វើជាប្រធានគណបក្សនយោបាយហើយ យើងខ្លាចការសម្ដែងមតិ យើងខ្លាចការជួបជុំរបស់ពលរដ្ឋ ដែលជួបជុំគ្នា ដើម្បីសំដែងឱ្យយើងឮ យើងគួរតែជ្រើសរើសមុខរបរដាំដំឡូងទៅវិញទៅ ប្រសើរជាង»។
ទាក់ទងនឹងបញ្ហានេះ បណ្ឌិត កែម ឡី បានលើកឡើងថា លោក ហ៊ុន សែន មិនមែនជាមេដឹកនាំពូកែដោះស្រាយបញ្ហានោះទេ តែលោកជាមេដឹកនាំពូកែខាងបង្ក្រាប។ ការបង្ក្រាបនេះបន្តរហូតមកដល់ លោក ហ៊ុន ម៉ាណែត ទៀត។ លោក ហ៊ុន ម៉ាណែត ក៏មិនអន់ជាងឪពុកដែរ រដ្ឋាភិបាលរបស់លោក ចាប់មនុស្សដាក់គុក បំបិទសិទ្ធិពលរដ្ឋ និងលាបពណ៌អ្នករិះគន់ ដូចជា ការប្រើប្រាស់តុលាការចោទ ប្រកាន់ពីបទរួមគំនិតក្បត់ ត្រូវរ៉ូវជាមួយរដ្ឋបរទេស ប្រមាថព្រះមហាក្សត្រ ឬធ្វើការបម្រើបរទេសជាដើម។
ទាក់ទងនឹងបញ្ហានេះ បណ្ឌិត កែម ឡី បញ្ជាក់ថា ការដឹកនំាយកហិង្សា ឬការចាប់ចងជាគោលនេះ ពុំមានន័យថា របបត្រកូល ហ៊ុន អាចបង្ក្រាបពលរដ្ឋឱ្យនៅស្ងៀមបានរហូតឡើយ។
បណ្ឌិត កែម ឡី៖ «ការដឹកនាំប្រទេសយើងត្រូវតែសម្លឹងឬកំណត់បញ្ហាឱ្យបាន ហើយបញ្ហានោះឫសគល់បញ្ហានោះ គឺបញ្ហាអី ហើយយើងត្រូវដោះស្រាយបញ្ហានោះ។ ខ្ញុំឧទាហរណ៍ដូចជាកូនង៉ែតនោះ វាយំ គឺនៅពេលដែលកូនង៉ែតនោះហេវ ឬកូនង៉ែតនោះស្រមោចខាំ។ អ៊ីចឹង យើងរកស្រមោចនោះ ហើយបេះស្រមោចនោះចេញ ឬយកទឹកដោះគោញាំ ទើបធ្វើឱ្យក្មេងនោះបាត់យំ។ ក៏ប៉ុន្តែយើងយកកាំភ្លើង យករំពាត់ទៅវាយក្មេង យកដៃទៅទះកំផ្លៀង សួរថា តើក្មេងនោះបាត់យំទេ?គឺមិនបាត់យំទេ។ ផ្ទុយទៅវិញការធ្វើបាតុកម្ម យើងឃើញការបង្ក្រាបបាតុកម្មនោះច្រើនណាស់ ក៏ប៉ុន្តែការធ្វើបាតុកម្មនោះកាន់តែកើនឡើងៗ។ ទី២ រឿងបញ្ហាដីធ្លី បញ្ហាសិទ្ធិលំនៅឋានសួរថា តើក្នុងរយៈពេល ៥ឆ្នាំ ១០ឆ្នាំនេះ សួរថា តើបាត់ទេ?នៅពេលដែលយើង(រដ្ឋាភិបាល)មិនបានដោះស្រាយបញ្ហា»។
រយៈពេល ៨ឆ្នាំមកនេះ ប្រជាពលរដ្ឋ ឬមិនធ្វើឱ្យយុវជនបាក់ស្បាតឡើយ។ ក្រុមយុវជនហាក់ផុលផុសឈឺឆ្អាលពីរឿងសង្គម និងបរិស្ថាន។ ឥទ្ធិពលស្មារតី មនសិការ និងឆន្ទៈមោះមុតរបស់លោក បណ្ឌិត កែម ឡី បានរីកដុះដាលនៅលើស្រទាប់យុវជនមួយចំនួន ដូចជាក្រុមយុវជន ចលនាមាតាធម្មជាតិជាដើម។
ទោះបីជាសកម្មភាពការងាររបស់ពួកគាត់ ប្រឈម និងសេចក្ដីស្លាប់ ការជាប់គុកច្រវាក់បែបណាក្ដី ក៏ពួកគាត់មិនខ្លាចនិងរាថយដែរ ពួកគាត់សុខចិត្តឱ្យតុលាការក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន ចាប់ដាក់គុក ដើម្បី បុព្វហេតុការពារបរិស្ថាននិងហ៊ាននិយាយការពិត។
យុវជនចលនាមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា បានប្រកាសប្ដេជ្ញាចិត្ត នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី៩ កក្កដាថា កញ្ញា តក់ស្លុត នៅពេលឃើញឃាតកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី និង អាជ្ញាធរចាប់យុវជន ចលនាមាតាធម្មជាតិចំនួន៥នាក់ទាំងក្រោល ប៉ុន្តែសកម្មភាពទាំងនេះ មិនធ្វើឱ្យកញ្ញា បាក់ស្បាតឡើយ។
កញ្ញា លាង សុវណ្ណា៖ «យ៉ាងណាក៏ដោយ យើងអត់បាក់ស្បាត ហើយក៏អត់ញញើត និងអំពើថោកទាបបែបហ្នឹងទេ ពីព្រោះយើងដឹងហើយថា អ្វីដែលជាការពិតយើងបង្ហាញ។ អ្វី ដែលពួកយើងខំប្រឹងវាយបក គឺយើងគ្រាន់តែចង់ដោះស្រាយបញ្ហាធនធានធម្មជាតិ យើងគ្រាន់តែចង់ឲ្យអ្នក ដែលគាត់កំពុងតែរងគ្រោះ គាត់បានទទួល ក៏ដូចជា ទទួលបានដំណោះស្រាយដ៏សមរម្យ»។
បណ្ឌិត កែម ឡី ខ្លួនឯងវិញ ហាក់បានត្រៀមខ្លួនរួចទៅហើយ កាលពីឆ្នំា២០១៥ នោះ ដោយលោកថ្លែងថា ការហ៊ាននិយាយការពិត និងងើបឈរ ប្រឆាំងនឹងអំណាចជិះជាន់នេះអាចគ្រោះថ្នាក់ដល់ខ្លួនឯងវិញនៅពេលណាមួយ។ បណ្ឌិត កែម ឡី បានលើកឡើងនៅពេលនោះថា លោកបានត្រៀម វីសា (Visa) ឬទិដ្ឋាការ ចំនួនបីរួចហើយទៅហើយក្នុងនាមលោកជាអ្នករួតវាំងននសង្គមនេះ។
បណ្ឌិត កែម ឡី៖ «ជាទូទៅ ខ្ញុំដាក់ខ្លួនថា នៅពេលយើងចាប់ផ្ដើមវិភាគ យើងត្រូវមានលិខិតឆ្លងដែនមួយ មានវីសាបី។ ទី១ បើសិនជាគេមិនសប្បាយចិត្ត គេឱ្យយើងទៅមន្ទីរពេទ្យ យើងទៅទៅ។ ទី២ បើគេមិនសប្បាយចិត្តគេឱ្យយើងទៅព្រៃស យើងទៅទៅ។ ទី៣ បើគេមិនសប្បាយចិត្ត គេឱ្យយើងទៅវត្តព្រះពុទ្ធ យើងទៅទៅ។ ប្រសិនយើងខ្លាចវីសា (Visa) ទាំងបីហ្នឹងទេ ប្រហែលជាយើងពិបាកផ្ដល់ផលដល់សង្គម។
លោក បណ្ឌិត កែម ឡី បានផ្ដាំថា ឱ្យពលរដ្ឋហ៊ាននិយាយការពិតទោះស្ថិតនៅក្នុង សង្គមរិតត្បិតបែបណាក៏ដោយ។ លោកបានបញ្ជាក់នៅពេលនោះថា នៅពេលលោក វិភាគម្ដងៗ លោកមិនដែលគិតថា លោក មានជីវិតឡើយ។
បណ្ឌិត កែម ឡី៖ «ពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំហ្នឹងមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយ ដែលមានខ្លាច្រើន មានពស់វែងច្រើន។ ប៉ុន្តែបើយើងខ្លាច នាំគ្នាខ្លាច យើងគ្មានលទ្ធភាពអ្វីផ្ដល់គំរូដល់សង្គមទេ»។
ទោះស្ថិតនៅក្នុងស្ថានភាពដ៏ប្រថុយប្រថានជីវិតបែបណាក៏ដោយ ក៏មិនធ្វើឱ្យបណ្ឌិត កែម ឡី រាថយដែរ។ លោកនៅតែមានស្មារតីមោះមុត និងរឹងមាំ ក្នុងការវិភាគនិងនិយាយការពិតដដែល រហូតដល់ថ្ងៃឃាតកបានបាញ់សម្លាប់ នៅចំកណ្ដាលក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។
ការពលីជីវិតរបស់លោកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកសោកស្ដាយ និងឈឺចាប់។ ដ្បិតតែសង្គមសព្វថ្ងៃនេះ នៅតែបន្តគាបសង្កត់ និងបង្ក្រាបយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យឥទ្ធិពល និងគំរូភាពបណ្ឌិត កែម ឡី សាបសូន្យឡើយ។
កញ្ញា លាង សុវណ្ណា ដែលយុវតីរូបនេះ មានអាយុត្រឹម ១៥ឆ្នាំ ក្នុងពេលឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី នោះ ឥឡូវនេះ នាងក៏អំពាវនាវឱ្យពលរដ្ឋខ្មែរហ៊ាននិយាយការពិតដូចបណ្ឌិត កែម ឡី ដែរ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គម អយុត្តិធម៌កាន់តែជ្រៅ។
កញ្ញា លាង សុវណ្ណា៖«ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនគ្រប់គ្នា ហ៊ាននិយាយការពិត ហ៊ានប្រឈមជាមួយនឹងអ្វី ដែលយើងកំពុងតែជួបផលអវិជ្ជមាន មកលើពួកយើង។ អ្នកទាំងអស់គ្នាអាចគិតថា បើអ្នកទាំងគ្នាហ៊ាននិយាយការពិតទៅនឹងមានរឹតត្បិតការគំរាមកំហែងនានា។ ប៉ុន្តែ អ្នកទាំងគ្នាត្រូវដឹងថា ប្រសិនបើអ្នកទាំងអស់មិននិយាយការពិត អ្នកជំនាន់ក្រោយ ជាប្អូនយើង ជាកូនយើង ជាចៅយើងជំនាន់ក្រោយនឹងទទួលរងផលអវិជ្ជមានកាន់តែខ្លាំងៗ ជាងយើងទៅទៀត»។
ឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី គឺពីរថ្ងៃបន្ទាប់ពីលោកចូលរួម ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១៦ ដែលនិយាយអំពីអង្គការឃ្លាំមើលពិភពលោក (Global Witness) រកឃើញក្រុមគ្រួសារ ត្រកូល ហ៊ុន បានក្ដោបក្ដាប់ជំនួញ និងមានទ្រព្យសម្បត្តិដ៏សន្ធឹកសន្ទាប់នៅកម្ពុជា។ នេះក៏ជាកម្មវិធីចុងក្រោយ ដែលលោកបានចូលរួមវិភាគ នៅក្នុងកម្មវិធី ផ្សាយរបស់វិទ្យុអាស៊ីសេរីដែរ។
កាលនៅមានជីវិតបណ្ឌិត កែម ឡី អំពាវនាវឱ្យពលរដ្ឋទាំងអស់ងើបឈរឡើងទាំងអស់គ្នា ដោយលោកបានផ្ដែផ្ដាំថា "បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។