អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានរារាំង និងបណ្ដេញមន្ត្រីគណបក្សសង្គ្រោះជាតិ ជាច្រើននាក់ចេញពីខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមអាជ្ញាធរចោទថា វត្តមានរបស់ក្រុមមន្ត្រីគណបក្សប្រឆាំង ដែលដឹកនាំដោយ លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ នោះ ជាការរំខានដល់ការងាររបស់អាជ្ញាធរមូលដ្ឋាន និងមានចេតនាកេងចំណេញខាងផ្នែកនយោបាយពីពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជា វិញ។
សំឡេងស៊ីផ្លេរថយន្ត និងសូរកញ្ចែរបស់ប៉ូលិសចរាចរ បានបន្លឺឡើងយ៉ាងសន្ធាប់ ដើម្បីបំបែកក្រុមការងារគណបក្សសង្គ្រោះជាតិ មួយក្រុម ដែលបានព្យាយាមចូលទៅជួបជាមួយជនចំណាកស្រុកខ្មែរនៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត៖ «សំឡេង»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានដឹកនាំសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ជាង ២០នាក់នោះ ថ្លែងកាលពីព្រឹកថ្ងៃទី១៩ មិថុនា ថា មន្ត្រីគណបក្សសង្គ្រោះជាតិ បានជួបជាមួយពលករខ្មែរបានបន្តិចប៉ុណ្ណោះ ក៏ត្រូវអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចរារាំង៖ «យើងចង់ដឹងសុខទុក្ខ ប៉ុន្តែយើងមិនបានប្រាស្រ័យទាក់ទងឲ្យបានល្អប្រសើរទេ ដោយមានភាពរញ៉េរញ៉ៃ ការវាយតម្លៃរបស់ខ្ញុំ គឺសមត្ថកិច្ចនៅទីនោះគ្មានសមត្ថភាពក្នុងរៀបរយសណ្ដាប់ធ្នាប់ គ្រាន់តែពួកយើងខ្ញុំចុះមកទីនេះដើម្បីបង្ហាញថា ទោះបីយើងនៅគណបក្សណាក៏ដោយ ពេលណាខ្មែរមានទុក្ខ ខ្មែរមានលំបាក យើងត្រូវសាមគ្គីគ្នាដើម្បីជួយ ទោះបីគណបក្សសង្គ្រោះជាតិ មិនមែនជាគណបក្សដឹកនាំរដ្ឋាភិបាលក៏ដោយ ក៏យើងអាចចូលរួមចំណែកក្នុងការសួរសុខទុក្ខ»។
លោកបញ្ជាក់បន្ថែមថា តំណាងរាស្ត្រជាប់ឆ្នោត និងសមាជិកព្រឹទ្ធសភាជាង ២០រូបរបស់គណបក្សសង្គ្រោះជាតិ មានបំណងចុះសួរសុខទុក្ខនៃការវិលត្រឡប់មកវិញរបស់ពលករខ្មែរពីប្រទេសថៃ ចង់ពិនិត្យមើលពីស្ថានភាពនៃការចាប់បញ្ជូនពលករខ្មែរមកកម្ពុជា វិញរបស់អាជ្ញាធរថៃ និងការដឹកជញ្ជូនពលករខ្មែរទៅស្រុកកំណើតវិញរបស់រដ្ឋាភិបាលកម្ពុជា។
ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បាននាំទៅជាមួយនូវជំនួយមនុស្សធម៌ និងថ្នាំសង្កូវ ដើម្បីចែកជូនទៅឲ្យពលករខ្មែរ ប៉ុន្តែបំណងនេះត្រូវបានក្រុមអាជ្ញាធរចោទថា គណបក្សសង្គ្រោះជាតិ ព្យាយាមកេងចំណេញខាងផ្នែកនយោបាយពីក្រុមពលករខ្មែរ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា អាជ្ញាធរខេត្តស្នើឲ្យក្រុមការងារគណបក្សសង្គ្រោះជាតិ អាចធ្វើដំណើរតាមរថយន្តចូលទៅមើលទិដ្ឋភាពខាងក្នុងបាន ប៉ុន្តែមិនអនុញ្ញាតឲ្យចុះសួរសុខទុក្ខនោះឡើយ។ មូលហេតុដោយសារនៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះ ក្រុមអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័ន កំពុងមានសកម្មភាពមមាញឹកជួយពលករខ្មែរដែលគេចាប់បញ្ជូនមកពីប្រទេសថៃ។
គិតត្រឹមថ្ងៃទី១៨ មិថុនា ចំនួនពលករខ្មែរដែលថៃ ចាប់បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កើនឡើងរហូតទៅដល់ជាង ២០ម៉ឺននាក់។ លោក គោ ស៊ុំសារឿត បន្ថែមថា គណបក្សសង្គ្រោះជាតិ ពួកគេធ្វើជាមិនយល់ពីស្ថានភាពនេះឡើយ ប៉ុន្តែបែរជាចេតនាចង់កេងចំណេញផលប្រយោជន៍នយោបាយពីពលករខ្មែរទៅវិញ៖ «ខ្ញុំគិតថា គាត់ចង់ចំណេញនយោបាយពលករមករាប់ម៉ឺនរាប់សែននាក់ អ៊ីចឹងអ្នកណាខ្លះជួយពលករ ព្រោះគេឃើញជាក់ស្ដែងមានតែអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ដូចជា កងរាជអាវុធហត្ថ ប៉ូលិស ទាហាន ជួយធ្វើទាំងអស់»។
លោកអភិបាលខេត្តយល់ថា មន្ត្រីគណបក្សសង្គ្រោះជាតិ គួរនាំគ្នាធ្វើសកម្មភាពមនុស្សធម៌នេះនៅតាមខេត្តក្រុងគោលដៅ ដែលមានការដឹកជញ្ជូនពលករទៅកាន់ស្រុកកំណើត ប៉ុន្តែមិនគួរមកកេងចំណេញខាងផ្នែកនយោបាយពីពលករខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះឡើយ។
ទោះយ៉ាងនេះក្តី លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា ក្រុមការងារគណបក្សសង្គ្រោះជាតិ នឹងព្យាយាមចូលទៅជួបពលករខ្មែរឲ្យបាននៅខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែនៅប៉ុន្មាននាទីក្រោយមក លោក កឹម សុខា បានប្ដូរឥរិយាបថដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ ដកថយទៅកាន់ទីរួមខេត្តបន្ទាយមានជ័យ វិញ។
ទាក់ទិនបញ្ហានេះ អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី បានប្រៀបប្រដូចរដ្ឋាភិបាល និងគណបក្សប្រឆាំង ក្លាយខ្លួនទៅជាអ្នករត់តាក់ស៊ីនៅផ្សារថ្មី។ ភាគីទាំងពីរនាំគ្នាដណ្ដើមម៉ូយគ្នា ដែលបណ្ដាលឲ្យមានការបាត់បង់របស់របរ រងគ្រោះដល់ពលករខ្មែរ៖ «តាមពិតប្រទេសដែលអាសន្នមានបញ្ហាធំអ៊ីចឹង នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រឆាំង ប្រធានបណ្ដេញ អ៊ិន.ជី.អូ (Ngo) ត្រូវតែអង្គុយជាមួយគ្នា ជជែកគ្នា ហើយរកយុត្តិសាស្ត្រជួយឲ្យមាននិរន្តរភាព អាហ្នឹងជាគោលការណ៍។ ទី២ រកយុទ្ធសាស្ត្រហ្នឹងមិនមែនដណ្ដើមគ្នាដូចអ្នករត់តាក់ស៊ីនៅផ្សារថ្មីអ៊ីចឹងទេ គឺត្រូវរៀបចំថវិកាយកធនធានពីណាមក»។
លោកបន្តថា រដ្ឋាភិបាលបានចំណាយថវិកាច្រើនសន្ធឹកសន្ធាប់នៅគ្រាខ្លួនមានអាសន្ន។ ជំនួយនេះពលករខ្មែរទទួលបានផលប្រយោជន៍តិចតួចបំផុត ប៉ុន្តែផលប្រយោជន៍ច្រើនបានទៅលើអ្នកជួយ ដូចជា មន្ត្រីគ្រោះមហន្តរាយ និងមន្ត្រីកាកបាទក្រហម។ លោក កែម ឡី សង្កត់ធ្ងន់ថា៖ «យើងត្រូវគិតធ្វើម៉េចឲ្យមានតម្លាភាពក្នុងការជួយ ហើយចៀសវាងការកេងចំណេញនយោបាយពីគ្នាទៅវិញទៅមក»។
ផ្អែកលើស្ថានភាពជាក់ស្តែង គេសង្កេតឃើញថា ពលករខ្មែរទាំងនោះបានអំពាវនាវរកការជួយសង្គ្រោះបឋម នូវអ្វីដែលពួកគាត់បាត់បង់ និងការប្រឈមនឹងគ្រោះថ្នាក់ រួមទាំងបញ្ហាលំបាកផ្សេងទៀត ដោយពុំបានគិតពីរឿងនយោបាយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
