អង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនិងសហព័ន្ធខ្មែរកម្ពុជាក្រោមស្នើឲ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ខ្មែរកម្ពុជាក្រោមដែលមករស់នៅកម្ពុជាជាខ្មែរ។ សំណើនេះធ្វើឡើងស្របពេលដែល ក្រសួងមហាផ្ទៃបានចេញប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា។ មន្រ្តីសិទ្ធិមនុស្សខ្មែរក្រោមថាខ្មែរក្រោមមិនត្រូវការប័ណ្ណនេះទេពីព្រោះពួកគេជាខ្មែរ។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍សំណួមពរឲ្យអាជ្ញាធរនៅតាមមូលដ្ឋានកុំចាត់ទុកខ្មែរកម្ពុជាក្រោម ជាជនអន្តោប្រវេសន្ត ប៉ុន្តែជាខ្មែរដែលអាចទទួលសិទ្ធិនិងផលប្រយោជន៍ដូចខ្មែរផ្សេងទៀតដែរ។
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ប្រាប់វិទ្យុអាស៊ីសេរីថាស្របពេលដែលក្រសួងមហាផ្ទៃបានចេញប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជាខ្មែរក្រោមមិនត្រូវការប័ណ្ណនេះទេពីព្រោះពួកគេជាខ្មែរ។ក្រសួងមហាផ្ទៃកាលពីចុងខែសីហាបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ឲ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា។ក្រសួងអះអាងថាការជូនដំណឹងនេះធ្វើឡើងឲ្យស្របទៅនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៤។ ប័ណ្ណនេះ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខាភាព ធនាគារ ទិញលក់ចលនវត្ថុការធ្វើអាជីវកម្មនិងការស្វែងរកការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងសកម្មភាពស្របច្បាប់ផ្សេងៗទៀត។ បច្ចុប្បន្នក្រសួងមហាផ្ទៃមិនទាន់បញ្ជាក់ពីចំនួននៃជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍មានប៉ុន្មាននាក់នៅឡើយទេប៉ុន្តែអះអាងថាមានជនបរទេសប្រមាណជិតមួយម៉ឺននាក់មិនទាន់មកធ្វើប័ណ្ណថ្មីនិងបរទេសខ្លះទៀតដែលមានអាយុ១៨ឆ្នាំ ក៏មិនទាន់មកធ្វើប័ណ្ណ។កាលពីឆ្នាំ២០២១សមត្ថកិច្ចបានបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់បានចំនួនជិត៧០០លើកឃាត់មនុស្សបានចំនួនជាង ៤ពាន់នាក់ ក្នុងនោះ មាន ៨ សញ្ជាតិ។ ក្រសួងក៏បានបណ្តេញជនបរទេសរស់នៅខុសច្បាប់តាមច្រកទ្វារព្រំដែនចំនួនជាង៤ពាន់នាក់និងចាប់ដាក់ពន្ធនាគារមួយចំនួន។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ លោក សឺន ជុំជួន ស្វាគមន៍ រដ្ឋាភិបាលដែលកំពុងពង្រឹងអនុវត្តច្បាប់ អន្តោប្រវេសន៍ ប៉ុន្តែស្នើសុំឲ្យក្រសួងយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជា។ លោកថា បច្ចុប្បន្នខ្មែរក្រោមមិនទាន់ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ថាជាខ្មែរដោយស្វ័យប្រវត្តិនោះទេហើយពួកគេកំពុងជួបឧបសគ្គជាច្រើនក្នុងការស្វែងរកលិខិតបទដ្ឋានផ្សេងៗដើម្បីអាចរស់នៅកម្ពុជាដោយស្របច្បាប់ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងប័ណ្ណស្នាក់នៅជាដើម៖ « យើងផ្អែកឯកសារមួយចំនួនសម្រាប់ឲ្យរដ្ឋាភិបាលទទួលស្គាល់ ដែលចាត់ទុកខ្មែរកម្ពុជាក្រោមមកពីកម្ពុជាក្រោម ជាខ្មែររស់នៅស្របច្បាប់ មិនមែនជាជនអន្តោប្រវេសន្តទេ យើងមានលិខិតច្បាស់លាស់ណាស់ ដូច្នោះរដ្ឋាភិបាលមិនត្រូវរឹតបន្តឹងដូចវៀតណាមទេ»។
លោក សឺន ជុំជួន មានប្រសាសន៍ថាអាជ្ញាធរមូលដ្ឋានហាក់មិនទាន់ដឹងគោលការណ៍ថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជាដែលធ្លាប់ប្រកាសជាសាធារណៈ រួចរាល់ហើយថាខ្មែរកម្ពុជាក្រោមជាខ្មែរ៖ « ថ្មីៗនេះ យើងទៅចុះលិខិតរៀបការទាមទារឲ្យមានឯកសារយើងចង់ឲ្យមានថា រដ្ឋាភិបាលទទួលស្គាល់រួចទៅហើយថា ពលរដ្ឋខ្មែរក្រោម ជាពលរដ្ឋខ្មែរ ពេលឡើងមករស់នៅកម្ពុជា»។
កាលពីឆ្នាំ ២០០៦ ក្រសួងការបរទេសកម្ពុជាធ្លាប់សរសេរលិខិតជាផ្លូវការប្រាប់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ( UNHCR)ប្រចាំនៅកម្ពុជាថាជំហររដ្ឋាភិបាលចាត់ទុកខ្មែរក្រោមថា «ពលរដ្ឋខ្មែរ» ហើយចាត់ទុកការសម្រេចរបស់តុលាការពេលនោះដែលចោទប្រកាន់ខ្មែរក្រោមម្នាក់ចូលកម្ពុជាដោយខុសច្បាប់ជារឿងមិនត្រឹមត្រូវ។ កាលពីឆ្នាំ១៩៩២ អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ក៏បានបញ្ជាក់ពីជំហររបស់ព្រះអង្គថា ខ្មែរក្រោម ជាខ្មែរពេញទីពេញលក្ខណៈច្បាប់ពេលដែលខ្មែរក្រោមឋិតនៅព្រំដែននៃកម្ពុជា។
ពាក់ព័ន្ធរឿងចេញប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជានេះមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាប័ណ្ណនេះសម្រាប់តែជនបរទេសគឺមិនមែនសម្រាប់ខ្មែរកម្ពុជាក្រោមឡើយ។ ទោះបីយ៉ាងណាលោកស្នើឲ្យខ្មែរក្រោមទាំងអស់ត្រូវទាក់ទងអាជ្ញាធរដើម្បីទទួលបានលិខិតស្នាមស្របច្បាប់ដើម្បីប្រើប្រាស់៖ « កុំប្រៀបធៀបនឹងវៀតណាម យើងប្រៀបធៀបនឹងខ្មែរយើង។ចង់បានអ្វីយើងសំណូមពរទៅតាមបែបបទតម្រូវការរបស់ក្រសួងមហាផ្ទៃ»។
បច្ចុប្បន្នខ្មែរក្រោមប្រមាណមួយ១លាននាក់កំពុងស្នាក់នៅកម្ពុជា។ ពួកគេបានចាកចេញពីស្រុកកំណើតដែលវៀតណាមកំពុងត្រួតត្រាដោយសារតែធើ្វទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្ស សាសនា ជាពិសេសសិទ្ធិជាជនជាតិដើម។ ខ្មែរក្រោមមិនត្រូវបានរដ្ឋាភិបាលវៀតណាម គិតគូរ និងផ្តល់ផលប្រយោជន៍ក្នុងសង្គមដូចពលរដ្ឋវៀតណាមដោយសារតែវៀតណាមគិតថាខ្មែរក្រោមជាខ្មែរ។ប៉ុន្តែពេលពួកគេមកដល់កម្ពុជាក៏ទទួលរងការអើសរើងជាថ្មីទៀតថាជាជនជាតិវៀតណាមទៅវិញហើយអាជ្ញាធរមូលដ្ឋានខ្លះបដិសេធមិនចេញលិខិតផ្លូវច្បាប់ឲ្យពួកគេទៀតផង។
ជុំវិញរឿងនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមបានអំពាវនាវឲ្យខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជាបន្តព្យាយាមធ្វើលិខិតស្នាមតាមការកំណត់របស់ច្បាប់អាចមានឯកសារគ្រប់គ្រាន់ដើម្បីអាចរស់នៅដោយស្របច្បាប់។ ព្រះអង្គក៏ស្នើឲ្យអាជ្ញាធរកម្ពុជាកុំរើសអើងនឹងខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
