​បាតុករ​​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​៣​ថ្ងៃទាមទារ​ឲ្យ​វៀតណាម​សុំទោស

0:00 / 0:00

បាតុកម្ម​លើក​ទី​៣ ទាមទារ​អោយ​មន្ត្រី​ស្ថានទូត​វៀតណាម សុំទោស​ជា​សាធារណៈ​ចំពោះ​សម្ដី​ដែល​លើក​ឡើង​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម ជា​យូរយារ​ណាស់​មក​ហើយ​នោះ មិន​ទាន់​សម្រេច​លទ្ធផល​ជា​ផ្លែផ្កា​ឡើយ។ ក្រុម​បាតុករ​គ្រោង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ឲ្យ​គ្រប់​៣​ថ្ងៃ និង​គំរាម​ថា បាតុកម្ម​លើក​ក្រោយ​កាន់​តែ​ធំ មាន​រូបភាព​កាន់តែ​ប្លែក ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​វៀតណាម ថែម​ទៀត​ផង។

បន្ទាប់​ពី​ធ្វើ​បាតុកម្ម​រយៈពេល​១​ថ្ងៃ ចំនួន​ពីរ​លើក​មិន​បាន​ជោគជ័យ ក្រុម​បាតុករ​ស្រុះស្រួល​គ្នា​ស្រែក​បំពង​​សំឡេង​ដាក់​ទូត​វៀតណាម​ថា បើ​សិន​មិន​ព្រម​ទទួល​ស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ទេ​នោះ បាតុករ​ទាំង​អស់​នឹង​ធ្វើ​ចលនា​បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើ​ទំនិញ សេវាកម្ម និង​ផលិតផល​​​វៀតណាម និង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា ព្យួរ​ទំនាក់ទំនង​ការទូត​បណ្ដោះអាសន្ន​ជាមួយ​វៀតណាម៖ «សំឡេង»។

នៅ​ពេល​បញ្ចប់​ការ​ប្ដេជ្ញា​ចិត្ត​នេះ បាតុករ​ពីរ​បី​នាក់​បាន​យក​កាហ្វេ​ទឹកកក​ដែល​ទិញ​ពី​អ្នក​លក់​វៀតណាម មួយ​ថង់ យក​គ្រវែង​លើ​ដី ហើយ​ជាន់​ចោល​ថែម​ទៀត។

តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១១ ខែ​សីហា បណ្ដាញ​និស្សិត​បញ្ញវន្ត​ខ្មែរ សហគមន៍​ខ្មែរ​កម្ពុជា និង​ពលរដ្ឋ​រាប់​រយ​នាក់ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ការ​ជួបជុំ​មុន​ដំបូង​មាន​សភាព​រប៉ាត់រប៉ាយ អ្នក​ខ្លះ​ប្រជុំ​គ្នា​ថត​រូប អ្នក​ខ្លះ​ពិភាក្សា​ពី​រឿង​ផ្សេងៗ រឿង​នយោបាយ និង​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម ជាដើម។ ប៉ុន្តែ​ពេល​ដើរ​ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​ប្រទេស​មីយ៉ាន់ម៉ា ស្ថានទូត​ឡាវ និង​វៀតណាម ក្រុម​បាតុករ​ស្រុះស្រួល​គ្នា​ណាស់ អ្នក​ខ្លះ​ស្រែក​ដាក់​មេក្រូ អ្នក​ខ្លះ​កាន់​បដា ដើម្បី​ទាមទារ​ឲ្យ​វៀតណាម សូម​អភ័យទោស​ជា​សាធារណៈ។

តំណាង​ក្រុម​បាតុករ និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់​​ជំហរ​ថា បាតុកម្ម​ប្រឆាំង​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត​វៀតណាម នឹង​នៅ​តែ​មាន​ជីវិត ដរាប​ណា​​វៀតណាម នៅ​តែ​បំភ្លៃ​ប្រវត្តិសាស្ត្រ។ លោក​បញ្ជាក់​ថា បាតុករ​ទាំង​អស់​ធ្វើ​បាតុកម្ម​ដើម្បី​បញ្ជាក់​​ឲ្យ​វៀតណាម ឃើញ​ពី​ទឹក​ចិត្ត​ស្នេហា​ជាតិ និង​ជា​សារ​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​ជាតិ​ទាំង​មូល៖ «សំឡេង»។

​ទាក់ទង​នឹង​ចំណាត់​ការ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​វិញ រដ្ឋមន្ត្រី​ស្ដីទី លោក ឡុង វិសាលោ ថ្លែង​នៅ​ពេល​ចេញ​មក​ទទួល​ញត្តិ​របស់​បាតុករ​ថា ហេតុ​អ្វី​បានជា​លោក ថាច់ សេដ្ឋា ចាំបាច់​ដឹកនាំ​បាតុកម្ម? ព្រោះ​ថា រឿង​នេះ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ។ លោក​ក៏​មិន​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ពី​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​ជុំវិញ​សំដី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នេះ​ទេ៖ «សំឡេង»។

មុន​នឹង​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​ចេញ​មុខ​មក​ទទួល​ញត្តិ​បាតុករ​មន្ត្រី​ក្រសួង​ការបរទេស​​បាន​បង្គាប់​បាតុករ ឲ្យ​យក​ញត្តិ​ដាក់​តាម​របង​ទ្វារ​តូច​ក្រសួង​ការបរទេស។ ព្រះសង្ឃ​និង​ពលរដ្ឋ​ជា​ច្រើន​បាន​ស្រែក​រិះគន់ មន្ត្រី​ក្រសួង​ការបរទេស​ក៏​អនុញ្ញាត​ឲ្យ​ដាក់​ញត្តិ​តាម​ខ្លោង​ទ្វារ​ធំ​ផ្លូវការ​វិញ។ ទោះ​បី​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស ចេញ​មក​ទទួល​ញត្តិ​ក៏ដោយ ក៏​បាតុករ​ភាគ​ច្រើន​​ទិតៀន​ទង្វើ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែរ៖ «សំឡេង»។

ទាក់ទង​នឹង​ការ​គំរាម​ឈប់​ប្រើ​ទំនិញ សេវាកម្ម និង​ផលិតផល​វៀតណាម​វិញ បាតុករ​មិន​ទាន់​​កំណត់​កាលបរិច្ឆេទ​ចាប់​ផ្ដើម​យុទ្ធសាស្ត្រ​នេះ​នៅ​ឡើយ។ តែ​បើ​យុទ្ធសាស្ត្រ​នេះ​ចាប់​ផ្ដើម​អនុវត្ត​មាន​ប្រសិទ្ធភាព​មែន​នោះ អ្នក​ដែល​ខាត​ខ្លាំង​គឺ​ភាគី​វៀតណាម។

របាយការណ៍​របស់​ក្រសួង​​ពាណិជ្ជកម្ម​វៀតណាម បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម មាន​ទឹក​ប្រាក់​ប្រមាណ​​ជាង ៣.៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទំនិញ​ដែល​វៀតណាម នាំ​ចូល​កម្ពុជា មាន​ទឹក​​ប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ទំនិញ​ពី​កម្ពុជា ទៅ​វៀតណាម មាន​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទោះ​ជា​បែប​ណា​ក្តី កសិករ​ភាគ​ច្រើន​បាន​លក់​ផលិតផល វត្ថុធាតុ​ដើម​ឲ្យ​វៀតណាម ហើយ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជឿ​ថា បើ​ទំនាក់ទំនង​រវាង​ប្រទេស​​​ទាំង​ពីរ​មាន​បញ្ហា​នោះ​កសិផល​របស់​កសិករ​កម្ពុជា ក៏​អាច​ជួប​វិបត្តិ​ទីផ្សារ​ដែរ។

បាតុកម្ម​ប្រឆាំង​នឹង​សម្ដី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម កើត​ឡើង​ពីរ​លើក​មក​ហើយ។ លើក​ទី​​១ មន្ត្រី​វៀតណាម បដិសេធ​មិន​ទទួល​ញត្តិ លើក​ទី​២ វៀតណាម​ទទួល​ញត្តិ​ពី​ក្រសួង​ការបរទេស​​កម្ពុជា តាម​រយៈ​សាលាក្រុង​ភ្នំពេញ តែ​មិន​ឆ្លើយ ហើយ​ញត្តិ​ទី​៣​នេះ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​កម្ពុជា លោក ឡុង វិសាលោ សន្យា​ថា នឹង​យក​ឲ្យ​ក្រសួង​ការបរទេស​វៀតណាម ជា​ថ្មី​ទៀត។ ប៉ុន្តែ​បាតុករ​នឹង​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា វេលា​ម៉ោង ៧ និង ៣០​នាទី​ព្រឹក ដើម្បី​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​មុខ​ស្ថានទូត​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។