ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ចំនួន ៣ឃុំ នៅស្រុកថ្មបាំង បានធ្វើដំណើរដោយមធ្យោបាយម៉ូតូ ឆ្ពោះទៅដាក់ញត្តិជូនអាជ្ញាធរខេត្តកោះកុង ដើម្បីស្នើឲ្យផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង របស់ក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយត្រូ (Sino hydro)។
មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា គម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង នាំឲ្យប៉ះពាល់ផ្ទះ និងការរស់នៅរបស់ប្រជាពលរដ្ឋជាង ៦០០គ្រួសារនៅជុំវិញតំបន់នោះ។
តំណាងជនជាតិដើមភាគតិចជង លោក វ៉ែន វ៉ន បានឲ្យដឹងថា មានពលរដ្ឋជនជាតិដើមភាគតិចជង ជិត ២០០គ្រួសារ បានមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដាក់ញត្តិជូនអាជ្ញាធរខេត្តស្នើឲ្យរដ្ឋាភិបាលផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង ដែលរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយត្រូ។
តំណាងរូបនេះបានអះអាងថា បើសិនជាសំណង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង កើតមានជារូបរាងមែននោះ នោះនឹងប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមភាគតិចជង ពួកគាត់ជាង ៦០០គ្រួសារ ដែលធ្លាប់រស់នៅតំបន់នេះតាំងពីដូនតាមក ជាពិសេសនឹងបំផ្លាញនូវបរិស្ថាន ធនធានធម្មជាតិ មានសត្វព្រៃ និងព្រៃឈើជាដើម៖ «ខ្ញុំជាជនជាតិដើមភាគតិចជង រស់នៅតំបន់នោះតាំងពីយូរមកហើយ ហើយឪពុកម្តាយខ្ញុំក៏ស្រុកកំណើតរបស់គាត់នៅទីហ្នឹងដែរ។ ទាក់ទងទំនប់វារីអគ្គិសនីហ្នឹង ទី១ គាត់ចង់បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីហ្នឹង និងទី២ គាត់មិនចង់ឲ្យមានការសិក្សាស្រាវជ្រាវរ៉ែ សត្វព្រៃ និងព្រៃឈើផ្សេងៗ»។
មន្ត្រីសិទ្ធិមនុស្ស និងតំណាងពលរដ្ឋបានឲ្យដឹងថា មកដល់ម៉ោងជាង ២រសៀល ថ្ងៃច័ន្ទ ទី៣១ ខែមីនា មន្ត្រីសាលាខេត្តកោះកុង បានចេញមកទទួលយកញត្តិរបស់ជនជាតិដើមភាគតិចជង ដែលបានមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង។ មន្ត្រីខេត្តកោះកុងបានសន្យាថា នឹងយកញត្តិរបស់ប្រជាពលរដ្ឋដាក់ជូនប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យពិចារណា។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ដែលតាមឃ្លាំមើលសកម្មភាពហែញត្តិរបស់ជនជាតិដើមភាគតិចជង។ លោកបានឲ្យដឹងថា ការធ្វើដំណើររបស់ជនជាតិដើមជង មានចំនួនជិត ២នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមីនា បានមកដល់មុខសាលាកោះកុង ដោយមិនមានសមត្ថកិច្ចរារាំងទេ។
លោក អ៊ិន គង់ជិត បានឲ្យដឹងទៀតថា បើសិនគម្រោងសាង់សង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង ក្លាយជាការពិត នឹងនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះជាង ៦០០គ្រួសារ៖ «ករណីនេះអាជ្ញាធរខេត្តគួរតែយកញត្តិរបស់គាត់ដាក់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យពិចារណា និងគិតគូរឡើងវិញអំពីគម្រោងទំបន់វារីអគ្គិសនីអារ៉ែង។ ព្រោះពេលនេះសហគមន៍ពួកគាត់ ៦០០គ្រួសារហ្នឹង គឺមិនត្រូវការទំនប់វារីអគ្គិសនីទេ បើកាលណាតំបន់ហ្នឹងធ្វើទំនប់ គឺពួកគាត់នឹងត្រូវបានគេជម្លៀសចេញ ហើយធនធានធម្មជាតិនៅតំបន់នោះ នឹងត្រូវបាត់បង់ ឬខូចខាតទាំងស្រុង។ មានដូចជាព្រៃឈើ មានតំបន់ព្រៃអភិរក្ស មានសត្វព្រៃ ដូចជាក្រពើភ្នំ ត្រីនាគ និងសត្វផ្សេងៗទៀត ដែលកំពុងត្រូវបានអភិរក្សកន្លងមកជាយូរឆ្នាំមកហើយ»។
គម្រោងសង់ទំនប់វារីអគ្គិសនីនេះ បានឈានដល់ប្រជាពលរដ្ឋនៅស្រុកថ្មបាំង ចំនួន ៣ឃុំ បានតវ៉ានិងឈានដល់បិទផ្លូវចេញចូលទៅតំបន់អារ៉ែង មិនឲ្យគ្រឿងចក្ររបស់ក្រុមហ៊ុនចិន ចេញចូលក្នុងតំបន់នោះ អស់រយៈពេល ២សប្តាហ៍មកហើយ។
មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តកោះកុង បានឲ្យដឹងបន្តទៀតថា ទំនបន់វារីអគ្គិសនីស្ទឹងអារ៉ែង បានប៉ះពាល់ឃុំចំនួនបី គឺឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ហើយមានប្រជាពលរដ្ឋរងផលប៉ះពាល់ប្រមាណជាង ៦០០គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។