"រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​គិតគូរ​ពី​បញ្ហា​ចំណាយ​ច្រើន​របស់​ពលករ​ចំណាកស្រុក"

ដោយ ម៉ៅ សុធានី
2020-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ខេត្ត​ស្រះកែវ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។
ពលករ​ខ្មែរ​ ៧នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ ខេត្ត​ស្រះកែវ ចាប់​ខ្លួន​ពេល​ធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា ឆ្នា​២០២០។
photo courtesy

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ទេសន្តរប្រវេសក៍ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​នាំ​ពលករ​ចេញ ទៅ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គិតគូរ​ពី​ការ​ជំពាក់​បំណុល​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម លើ​ពលករ​ចំណាក​ស្រុក។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍ នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​សុក្រ​ថា ភាគច្រើន​ពលករ​ចំណាកស្រុក ជំពាក់​បំណុល​វ័ណ្ឌក ដោយសារ​តម្រូវ​ការ​ចំណាយ​បង់​ប្រាក់​ច្រើន ដើម្បី​អាច​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បាន​។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រួល​ការ​ចំណាយ​នានា រួមមាន​កំណត់​តម្លៃ​ថោក​សម្រាប់​ការ​ធ្វើ​ប័ណ្ណ​ការងារ ដើម្បី​កាត់​បន្ថយ​បំណុល​របស់​ពលករ​ចំណាកស្រុក៖ «កាលណា​ទៅ​ដោយ​សារ​ចំណាយ​ច្រើន ពួកគាត់​គ្មាន​លុយ​ផ្ទាល់ខ្លួន​ទេ គឺ​គាត់​ត្រូវ​ខ្ចី​គេ ឬ​ក្រុមហ៊ុន​បង់​មុន ដូចនេះ​ត្រូវ​បង់​គិត​ការ​ប្រាក់ ម្ល៉ោះហើយ​ត្រូវ​បង់​សង​វិញ​នៅ​ប្រទេស​ទៅ​ធ្វើ​ការ​។ ដូចនេះ​វា​ក្លាយ​ជា​ការ​ចំណាកស្រុក​ជំពាក់​បំណុល ដែល​នេះ​មាន​ន័យ​ថា ទាសករ​នៅ​សម័យ​ទំនើប គាត់​អត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ឲ្យ​គេ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ»

ការ​លើកឡើង​របស់​មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នេះ បន្ទាប់ពី​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក​ជាង ១៣​ម៉ឺន​នាក់ រួម​មាន​ខ្មែរ ភូមា និង​ឡាវ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ អាច​បន្ត​ប័ណ្ណ​ការងារ​បាន ២​ឆ្នាំ​បន្ថែម​ទៀត ដែល​នឹង​ផុត​កំណត់​នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ លោក ស៊ូឆាត ជុំលីន (Suchat Chomklin) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ថា ការ​ពន្យារ​ប័ណ្ណ​ការងារ ២​ឆ្នាំ​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម និង​សម្រួល​ការងារ​ដល់​ពលករ​ចំណាកស្រុក​ជាង ១៣​ម៉ឺន​នាក់​នោះ មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ ក្រោម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​នៃ​ប្រទេស​ទាំងនោះ។

ប្រទេស​ថៃ​មាន​ពលករ​បរទេស​ចុះឈ្មោះ​ស្រប​ច្បាប់ ជាង ២​លាន​៨​សែន​នាក់ មក​ពី​ប្រទេស​កម្ពុជា ភូមា និង​ឡាវ ដែល​បម្រើ​ការងារ​ផ្នែក​សំណង់ កសិកម្ម និង​នេសាទ។

របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រមាណ​មួយ​លាន​នាក់​។ លោក ឌី ថេហូយ៉ា ឲ្យ​ដឹង​ថា ស្ថានភាព​ជាក់ស្ដែង ពលករ​ខ្មែរ​ធ្វើការ​ទាំង​មាន​ច្បាប់ និង​ខុសច្បាប់ នៅ​ប្រទេស​ថៃ មាន​ខ្ទង់​ពីរ​លាន​នាក់​។ លោក​បន្ត​ថា តាំង​ពី​ប្រទេស​ថៃ បិទ​ព្រំដែន ចាប់ពី​ខែ​មីនា​មក ពលករ​ខ្មែរ ជាង​មួយ​ម៉ឺន​នាក់ បាន​លួច​ឆ្លងដែន ចូល​ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើជា​បន្តបន្ទាប់ តែ​ភាគច្រើន ត្រូវ​ថៃ​ចាប់​បាន​ហើយ​បញ្ជូន​ត្រឡប់​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល