អនុប្រធានសហជីពសេរីកម្មករកម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវសុំឲ្យរបបលោក ហ៊ុន សែន បន្តអនុវត្តដោះស្រាយបញ្ហាកម្មករជាប្រចាំ ដែលរងគ្រោះដោយសារថៅកែរោងចក្ររត់ចោលមិនបានបើកប្រាក់ខែអោយ។
លោក ម៉ាន់ សេង ហាក់ លើកឡើងថា លោកចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយផ្ដល់ប្រាក់ទូទាត់ជំនួសម្ចាស់រោងចក្រ ដល់កម្មករទាំងនេះ ឲ្យបានទៀងទាត់ ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ៖ «សម្រាប់ទស្សនៈរបស់ខាងខ្ញុំ បើសិនជាគាត់មានគោលដៅដូចជាម្ចាស់រោងចក្ររត់ចោលអ៊ីចឹង តាំងពីដើមមក គឺជាការប្រសើរហើយ។ ដោយសារបច្ចុប្បន្ននេះ គាត់បានចុះជួបកម្មករជារៀងរាល់អាទិត្យ ហើយគាត់ដឹងរោងចក្រមួយចំនួនរត់ចោល។ ប៉ុន្តែឲ្យគាត់ធ្វើអ៊ីចឹងរហូត។ លុយបុរេប្រទាន គឹជាលុយរដ្ឋាភិបាល មិនមែនលុយផ្ទាល់ខ្លួនគាត់ទេ...»។
នៅមុនការបោះឆ្នោតសកលឆ្នាំ ២០១៨ខាងមុខនេះ លោក ហ៊ុន សែន បានសំដែងការយកចិត្តទុកដាក់លើកម្មករជាជាងពេលក្រោយការបោះឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន បានដកស្រង់សម្ដី អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ឲ្យដឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈថា លោក ហ៊ុន សែន បានផ្តល់ថវិកាបុរេប្រទានរបស់រដ្ឋ ចំនួន ៤លាន៦សែនដុល្លារ ដើម្បីទូទាត់ប្រាក់បៀវត្ស ដល់កម្មករជាង ៤ពាន់នាក់ ដែលម្ចាស់រោងចក្រចំនួន៩ បានរត់ចោល។ លោកបន្តថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានណែនាំមន្ត្រីពាក់ព័ន្ធ ឲ្យចុះត្រួតពិនិត្យទ្រព្យសម្បត្តិ និងត្រៀមទូទាត់ថវិកាជូនកម្មករ ចាប់ពីសប្ដាហ៍ក្រោយនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
