កម្មករ​​​​​ក្រុមហ៊ុន​​ស៊ិនទ្រី​​​​ជាង​​មួយ​​ពាន់​​នាក់​​​ស្នើសុំ​​ដំណោះ​​ស្រាយ​​ ក្រោយពេល​​ក្រុមហ៊ុន​​​​បញ្ឈប់​​​ការងារ​​​

ដោយ ហេង រស្មី
2021-07-06
Share
កម្មករ​​​​​ក្រុមហ៊ុន​​ស៊ិនទ្រី​​​​ជាង​​មួយ​​ពាន់​​នាក់​​​ស្នើសុំ​​ដំណោះ​​ស្រាយ​​ ក្រោយពេល​​ក្រុមហ៊ុន​​​​បញ្ឈប់​​​ការងារ​​​ កម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ីនទ្រីតវ៉ានាពេលកន្លងមក។
រូប៖ គេ​ផ្ដល់​ឱ្យ

កម្មករ​ប្រមូល​​សំរាម​​ជាច្រើន​នាក់​​ មិន​ទាន់​រក​បាន​ការងារ​​ថ្មី​ធ្វើ​ទេ។ តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន ស៊ីនទ្រី លោក កៅ សុខវ៉ាត ​​មិន​រំពឹង​​ថា​ អាជ្ញាធរ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ដោយសារ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​​ក្រុង​? កាល​ពី​ថ្ងៃ​ទី​២​ ខែកក្កដា អាជ្ញាធរ​ជំរុញ​ឲ្យ​កម្មករ​ទៅ​ដាក់​ពាក្យ​រក​ការងារ​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ក្រុមហ៊ុន​ថ្មី​វិញ។

​លោក​បន្ត​ថា ​​ក្រុមហ៊ុន​ថ្មី​ដែល​​​ទទួល​បាន​សិទ្ធិ​ប្រមូល​សំរាម​បន្ត​ពី​ក្រុម​ហ៊ុន​ស៊ីនទ្រី​អះអាង​ថា ​​​មាន​កម្មករ​គ្រប់​គ្រាន់​ហើយ​។​​ លើស​ពី​នេះ​លោក​ថា ​ក្រុមហ៊ុន​ខ្លះ​មិន​ហ៊ាន​​ទទួល​យក​​កម្មករ​ជា​សហជីព​ទេ​ ដោយសារ​ខ្លាច​​មាន​ការ​ប្រមូល​គ្នា​បង្កើត​សហជីព​​ថ្មី​នៅ​ក្រុម​ហ៊ុន​របស់​គេ៖ «គេ​ប្រជុំ​តាម​ ZOOM​ដែរ ហើយ​គេ​ថា​ ឲ្យ​យើង​ទៅ​ដាក់​ពាក្យ​កន្លែង​ថ្មី​ទៅ​ គេ​និយាយ​អ៊ីចឹង​ ហើយ​ទៅ​ដាក់​ពាក្យ​កន្លែង​ថ្មី​គេ​អត់​ទទួល​យើង​ផង។ មាន​ទទួល​ខ្លះ​ដែរ ទទួល​យក​ហ្នឹង​តែ​៣០ ទៅ​៤០​ភាគរយ​ទេ ហើយ​គេ​ឆ្លើយ​ថា​ពេញ​»។

កាល​ពី​​ឆ្នាំ​២០១៩ ​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​​អាជ្ញាធរ​ដក​ហូត​សិទ្ធិ​ប្រតិបត្តិការ​ប្រមូល​​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​មក​​ឲ្យ​រដ្ឋ​គ្រប់​គ្រង​​​ដោយ​លោក​យល់​​ថា​​ សេវាកម្ម​​​​​​​របស់​ក្រុមហ៊ុន​នេះ ​​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​។ ​លោក​អះអាង​ថា ​​​រាជធានី​ភ្នំពេញ​មាន​សំរាម​ជាង​​បី​ពាន់​ (៣.០០០)​ តោន ក្នុង​មួយ​ថ្ងៃ ដូច្នេះ​លោក​​​​ចង់​ឲ្យ​​​សេវាកម្ម​សម្អាត ​និង​ប្រមូល​សំរាម​​ក្នុង​ទីក្រុង​មាន​ភាព​​ល្អ​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​បែងចែក​សិទ្ធិ​ប្រមូល​សំរាម​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​៖​ «អ៊ីចឹង​បើ​ទុក​ឲ្យ​ស៊ីនទ្រី​គ្រប់គ្រង​តែ​ឯង​អត់​ទៅ​រួច​ទេ ដាច់​ខាត​ទៅ​មិន​រួច​ទេ វាយ​ងាប់​ក៏​ទៅ​មិន​រួច​ដែរ​។ ខ្ញុំ​ចុះ​ហត្ថលេខា​យល់​ព្រម​ឲ្យ​បង្កើត​នូវ​កន្លែង​ចាក់​សំរាម​៣​ផ្សេង​ទៀត អត់​ទាន់​ចេញ​សូម្បី​តែ​បន្តិច​។ អា​នៅ​កៀន​ស្វាយ​ក៏​អត់​ទាន់​ចេញ»។​​

​កាល​ពី​ចុង​ខែ​មិថុនា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ថា ​​​ក្រុមហ៊ុន​ថ្មី​​ចំនួន​​​​ក្រុមហ៊ុន​មីហ៊្សូដា (Mizuda) និង​ ក្រុមហ៊ុន​ប្រាំបី​រយ ស៊ុបភើរ (800 Super)​ ដេញ​ថ្លៃ​ទទួល​បាន​សិទ្ធិ​ប្រមូល​សំរាម​នៅ​​ខណ្ឌ​ចំនួន​១០។ ក្រុមហ៊ុន​ទាំង​២​នេះ​ ក៏​បាន​ទទួល​យក​កម្មករ​​​​ពី​​ក្រុម​ហ៊ុន​ស៊ីនទ្រី​មួយ​ចំនួន​ដែរ​។

កម្មការិនី​​ផ្នែក​បោស​សំអាត​ថ្នល់​ម្នាក់​​ ​សុំ​មិន​បញ្ចេញ​​ព្រោះ​មិន​ទាន់​បាន​បើក​លុយ​ឈ្នួល​​​ខែ​ចុង​ក្រោយ​​ និង​លុយ​អត្ថ​ប្រយោជន៍​ពី​ក្រុមហ៊ុន​ស៊ីនទ្រី ឲ្យ​ដឹង​ថា​​ក្រុម​ហ៊ុន ​Mizuda​​ ផ្ដល់​ប្រាក់​ឈ្នួល​គោល​និង​​អត្ថប្រយោជន៍​ឲ្យ​លោកស្រី​បាន​ច្រើន​ជាង​ក្រុមហ៊ុន​​ស៊ីនទ្រី៖ «ខណ្ឌ​ដែល​គេ​ដេញ​បាន​គេ​ទៅ​សឹង​តែ​ទាំង​អស់​ដែរ​ហ្នឹង​​ តែ​អ្នក​ខ្លះ​គេ​អត់​ទៅ​ គេ​នៅ​ស៊ីនទ្រី​អ៊ីចឹង​ណា។ តែ​ឥឡូវ​ស៊ីនទ្រី​បញ្ឈប់​គេ​ទៀត អ្នក​ដែល​នៅ​ហ្នឹង ព្រោះ​គាត់​ដេញ​ថ្លៃ​អត់​បាន គាត់​បាន​តែ​៥​ខណ្ឌ​ដែរ​ហ្នឹង​»។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា​លោក ទូច កុសល សោកស្ដាយ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​​ធ្លាប់​សន្យា​ក្នុង​​ពេល​កម្មករ​​តវ៉ា​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០​ថា ​នឹង​ធានា​ផ្ទេរ​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ទៅ​ឱ្យ​ក្រុមហ៊ុន​ថ្មី ដោយ​មិន​ទុក​​​ឲ្យ​កម្មករ​​​ណា​ម្នាក់​បាត់​បង់​ការងារ​ឡើយ​។

លោក​បន្ត​ថា​​​​ក្រុម​កម្មករ​នាំ​គ្នា​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​​ភ្នំពេញ​ជួយ​អន្តរាគមន៍​​បញ្ហា​​បាត់​បង់​ការងារ​ធ្វើ និង​ការ​បញ្ឈប់​សហជីព​​។ ប៉ុន្តែ​​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​០២​កក្កដា អាជ្ញាធរ​​ណែនាំ​ដដែល​​ឲ្យ​កម្មករ​ដាក់​ពាក្យ​សុំ​ធ្វើការ​ ​​​ទៅ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​​ថ្មី​​​ ហើយ​ចំពោះ​​ការ​បញ្ឈប់​សហជីព​វិញ ​​​អាជ្ញាធរ​​​ជំរុញ​ឲ្យ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​ការងារ​៖ «សហជីព​មិន​ត្រូវ​អាច​គេ​បញ្ឈប់​បាន​ទេ បើ​ទោះ​ជា​ក្រុមហ៊ុន​​នេះ​បាន​ទូទាត់​​ឲ្យ​កម្មករ​ទាំង​អស់​ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​អត់​បាន​បិទ​ទ្វារ​ឬ​ផ្អាក​ធ្វើ​អាជីវកម្ម​ទេ នៅ​ដំណើរ​ការ​​ដដែល​ទេ ហើយ​ឈ្មោះ​ក្រុមហ៊ុន​ទៀត​សោត​​គឺ​អត់​បាន​ដូរ​ដែរ។​ អ៊ីចឹង​រឿង​អ្វី​ដែល​គាត់​រំលាយ​សហជីព​រឿង​អ្វី​ដែល​គាត់​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​​។​ អា​ហ្នឹង​គឺ​បញ្ឈប់​អត់​បាន​ ហើយ​មួយ​ទៀត ទាក់ទង​នឹង​កិច្ចសន្យា​ យើង​មាន​​លាយលក្ខណ៍​អក្សរ មាន​កំណត់​ហេតុ​ យើង​អាច​យក​អា​ហ្នឹង​ជា​ទឡ្ហីករណ៍​ប្ដឹង​ផ្ដល់​ទៅ​ក្រសួង​ការងារ​បាន​»។​​​

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េត មាស​ភក្ដី និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ​ បាន​ទេ នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា។

ក្រុម​ហ៊ុន​ស៊ីនទ្រី​​​បាន​ចាប់​ផ្ដើម​ប្រមូល​សំរាម​នៅ​ភ្នំពេញ​តាំង​ពី​ឆ្នាំ​២០០២។ ក្រុមហ៊ុន​នេះ​​មាន​កម្មករ​សរុប​ជាង​ពីរ​ពាន់​(២.១៥០)​នាក់​​​​ និង​​​​សាខា​នៅ​តាម​ខេត្ត​ចំនួន​៣​ទៀត​។ ជារឿយៗ​កម្មករ​ក្រុមហ៊ុន​នេះ​តែងតែ​​ធ្វើ​កូដកម្ម​​​​មិន​ចេញ​ប្រមូល​សំរាម​​នៅ​ក្រុង​ភ្នំពេញ​​ដើម្បី​ទាមទារ​អត្ថ​ប្រយោជន៍​ការងារ​មួយ​ចំនួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល