បុគ្គលិក ណាហ្គា វើលដ៍ តវ៉ា​មុខ​ក្រសួង​ការងារ​ទាមទារ​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ

ដោយ សុជីវី
2020.06.16
Naga World Casino Employees 061620 បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) ប្រមាណ ២០០នាក់ ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ក្នុង​ពេល​ ព្យួរ​ការងារ។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រុម​បុគ្គលិក​ផ្នែក​ល្បែង (Gaming Department) របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​សុំ​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ដុល្លារ​របស់ រដ្ឋាភិបាល ខណៈ​ពួក​គេ​កំពុង​រង​គ្រោះ​ព្យួរ​ការងារ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ ស្រាយ​តាម​ការ​ស្នើសុំ​របស់​ពួក​គេ។

បន្ទាប់​ពី​ក្រុម​កម្មករ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ប្រមាណ​ជិត ៣រយ​នាក់ ឈរ​តវ៉ា​មួយ​សន្ទុះ​នៅ​ខាង​មុខ ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មិថុនា ខាង​តំណាង​ក្រសួង​ការងារ បាន​អនុញ្ញាត​ឲ្យ​តំណាង កម្មករ ៥នាក់​ចូល​ជួប​ដាក់​ញត្តិ និង​ពិភាក្សា​រយៈ​ពេល ៥នាទី។

ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា ក្នុង​ជំនួប​ដ៏​ខ្លី​នោះ គឺ​តំណាង​កម្មករ បាន​ត្រឹម​តែ​រៀបរាប់​ប្រាប់​អំពី​គោល​បំណង​នៃ​ការ​ដាក់​ញត្តិ និង​ទុក្ខ​លំបាក​របស់​កម្មករ​កាស៊ីណូ ជូន​តំណាង​ក្រសួង​ការងារ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ។ តំណាង​កម្មករ​រូប​នេះ រៀបរាប់​ថា ប្រសិន​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន មិន​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​កាស៊ីណូ ដែល​កំពុង​ព្យួរ​ការងារ​ទេ គឺ​ពួក​គេ​មិន​អាច​រស់​បាន​ទេ ដោយសារ​គ្មាន​លុយ​ទិញ​អាហារ​ហូបចុក និង​គ្មាន​លុយ​សង​បំណុល​ធនាគារ៖ «ក្រុមហ៊ុន​ណាហ្គា វើលដ៍ ជា​ក្រុមហ៊ុន​អ្នក​មាន គួរ​តែ​ចែក​រំលែក​អម្រែក​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​នេះ ជា​គំរូ​នៃ​ថៅកែ ដែល​មាន​ក្រម​សីលធម៌ និង​គុណធម៌ ចំពោះ​បុគ្គលិក​ខ្លួន និង​ភាព​អំណោយ​ផល​ដែល​រដ្ឋាភិបាល​បាន​ជួយ​គាត់​កន្លង​មក ។សម្រាប់​រាជ​រដ្ឋាភិបាល ពួក​យើង​នៅ​តែ​សង្ឃឹម​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​បាន​បង់​ពន្ធ​កន្លង​មក​នេះ ក្នុង​ពេល មាន​វិបត្តិ​នេះ សង្ឃឹម​ថា រដ្ឋាភិបាល​មិន​ផាត់​ពួក​យើង​ចោល ខណៈ​ពួក​យើង​បាន​ព្យួរ​ការងារ​ប៉ះពាល់​ដោយ​វិបត្តិ​នេះ​ដូច​កម្មករ​នៅ​ក្នុង​វិស័យ​រោងចក្រ និង​វិស័យ​សណ្ឋាគារ​ដែរ។ បើ​ក្រឡេក​មើល ទៅ​លើ​ថវិកា ដែល​សម្រេច​មាន​ប្រសាសន៍​អំពី​ការ​ត្រៀម​ដោះ​ស្រាយ​វិបត្តិ​នេះ យើង​គិត​ថា រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ឧបត្ថម្ភ​ឲ្យ​បុគ្គលិក​ផ្នែក​កាស៊ីណូ​ទាំង​អស់​មិន​ថា តែ​ណាហ្គា​នោះ​ទេ»

អគ្គលេខាធិការរងនៃ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា លោក និន វណ្ណៈ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ញត្តិ​របស់​កម្មករ ណាហ្គា វើលដ៍ ​រួច​ហើយ និង​កំពុង​ពិនិត្យ​មើល ប៉ុន្តែ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​​ឡើយ​ទេ៖ «ព្រឹក​មិញ​នេះ បង​ប្អូន​យក​ញត្តិ​មក​ដាក់ ដូច​លោក​បាន​ជ្រាប​អ៊ីចឹង ហើយ​ក្រុម​ការងារ​កំពុង​ធ្វើការ។ អត់​ទាន់​សម្រេច​នៅ​ឡើយ​ទេ ហើយ​យ៉ាង​ណាៗ យើង​នឹង​ជម្រាប​ជូន»

រដ្ឋាភិបាល បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទូទាំង​ប្រទេស​ផ្អាក​ដំណើរ​ការ​បណ្ដោះអាសន្ន ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មេសា​មក ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​រដ្ឋាភិបាល មិន​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​កាស៊ីណូ​នោះ​ទេ។ ចំណែក​ក្រុមហ៊ុន ណាហ្គា វើលដ៍ បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៥០ភាគ​នៃ​ប្រាក់​ខែ​គោល​ជូន​កម្មករ​ចំនួន ២ខែ​ពី​ខែ​មេសា និង​ខែ​ឧសភា ប៉ុន្តែ​ក្រុមហ៊ុន បាន​ប្រកាស​ឈប់​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចាប់​ពី​ខែ​មិថុនា​នេះ ដោយ​អះអាង​ថា គ្មាន​លទ្ធភាព។ ក្រុម​កម្មករ ក៏​បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន ជួយ​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដែរ តែ​ក្រុមហ៊ុន​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែដល់ពេលបញ្ចេញកញ្ចប់ថវិកា បម្រុង និងពង្រីកវិសាលភាពផ្តល់ប្រាក់ឧបតម្ថដល់កម្មករក្នុងវិស័យផ្សេងទៀត ដូចជាកម្មករផ្នែក កាស៊ីណូ និងវិស័យសំណង់ជាដើម ព្រោះពួកគេ ត្រូវបានព្យួរការងារ និងគ្មានចំណូលដូចគ្នា៖ «តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការងារ​លោក ហេង សួរ នោះ គឺ​រដ្ឋាភិបាល​ត្រៀម​នឹង​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០លាន​ទៅ ១០០លាន​ដុល្លារ ដូច្នេះ​ថវិកា នេះ​ខ្ញុំថា វា​នឹង​អាច​យក​មក​ប្រើប្រាស់​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​ជា​សេចក្ដី​ត្រូវ​ការ សេចក្ដី​ស្នើសុំ​របស់​កម្មករ​និយោជិត តែ​គ្រាន់​តែ​ថា វិធានការ​នេះ​យើង​ស្នើ​ឡើង​កុំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ និង​មាន​ការ​ពន្យារ​ពេល​ដូច​ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក»

ក្រុមហ៊ុន ណាហ្គា មាន​បុគ្គលិក​សរុប​ទាំង​អស់ ទាំង​ផ្នែក​កាស៊ីណូ និង​សណ្ឋាគារ ជិត ៩​ពាន់​នាក់ រួម​ទាំង​បុគ្គលិក​បរទេស​ផង ដែល​មាន ម្ចាស់​ជា​ជនជាតិ​ម៉ាឡេស៊ី​។ បុគ្គលិកផ្នែកល្បែងត្រូវបានព្យួរ ការងារទាំងស្រុង ចំណែកបុគ្គលិកផ្នែកសណ្ឋាគារ គឺមានត្រឹម២០ភាគរយដែល នៅអាចធ្វើការងារ បានខ្លះ។

ក្រុមកម្មករក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ប្រកាស​ថា ពួក​គេ​នឹង​បន្ត​តវ៉ា​ទៀត ប្រសិន​បើ​រដ្ឋាភិ បាល មិន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​ពួក​គេ ៤០ដុល្លារ​តាម​ការ​ស្នើសុំ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។