Opens in new windowមុខរបរដើរបេះឃ្មុំលក់របស់ប្រជាពលរដ្ឋនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងត្រូវប៉ាន់ដែលអាចជួយជំរុញស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ក្រៅពីមុខរបរធ្វើស្រែចម្ការ។ ទោះបីជាបែបនេះក្តី ពលរដ្ឋទាំងនោះ ក៏កំពុងព្រួយបារម្ភការបាត់បង់មុខរបរលក់ឃ្មុំព្រៃធម្មជាតិនេះនាពេលខាងមុខ ដោយសារដីព្រៃកំពុងហិនហោច។
នៅពេលយើងធ្វើដំណើរឆ្លងកាត់ភូមិសាមគ្គី ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង នោះ យើងប្រទះឃើញដបទឹកឃ្មុំ និងសម្បុកឃ្មុំជាច្រើនបង្គង ត្រូវបានដាក់តម្រៀបគ្នាលើថាស ឬកញ្ច្រែងក្រាលស្លឹកចេកនៅក្រោម និងគ្របពីលើដោយស្បៃហូរហែជាច្រើនកន្លែង នៅតាមចិញ្ចើមផ្លូវជាតិជាប់មុខផ្ទះរបស់អ្នកភូមិ។
កំពុងអង្គុយបក់ដៃឲ្យអ្នកដំណើរជួយទិញឃ្មុំបណ្ដើរនោះ អ្នកស្រី ជា លី និយាយថា អ្នកភូមិរបស់គាត់មានច្រើនគ្រួសារដែលដើររកបេះឃ្មុំយកមកលក់នោះ។ អ្នកស្រីរៀបរាប់ទាំងទឹកមុខស្រស់ស្រាយថា ការជ្រើសយកមុខរបរដើរបេះឃ្មុំយកមកលក់នេះ គឺមិនទៀងទេ ថ្ងៃខ្លះជួនបានច្រើន ជួនទៅបានតិច តែយ៉ាងណាក៏ដោយ មុខរបរបន្ទាប់បន្សំមួយនេះ បានធ្វើឲ្យជីវភាពធូរធារមានលុយចាយមិនសូវដាច់ទេ៖ «មានគេរកច្រើន ហើយចំណូលក្នុងមួយថ្ងៃគេអាចរកបានបីម៉ឺន អាហ្នឹងសម្រាប់អ្នករកបានតិចផង ហើយសម្រាប់អ្នកច្រើនវិញ ជួនណាបានដប់ម៉ឺន តែជាទូទៅ បើរកឃ្មុំបានច្រើន បានលុយច្រើនទៅ វាមិនទៀង»។
ជាមួយគ្នានេះ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នមុខរបរលក់ទឹកឃ្មុំនេះ គឺកំពុងត្រូវប៉ាន់ ដោយមានការគាំទ្រច្រើន ព្រោះទឹករបស់ពួកគាត់ល្អសុទ្ធមិនមែនក្លែងក្លាយ៖ «កន្លែងនេះវាសុទ្ធល្អ គេមិនខ្លាចទិញទេ ព្រោះគេស្គាល់កន្លែងផ្ទះយើងអ៊ីចឹង ហើយម្យ៉ាងទៀត មិនដូចអ្នកដើរលក់ទេ។ អ្នកភ្នំពេញទិញយកទៅ ៥លីត្រ ឬ ១០លីត្រ តែយើងក៏មិនដឹងថា គេយកទៅធ្វើអ្វីដែរ»។
ចំណែកប្ដីអ្នកស្រីដែលស្លៀកក្រមា ហើយកំពុងបីកូននៅក្រោមផ្ទះវិញនោះ លោក សុខ ជា រៀបរាប់ថា ជាទូទៅគាត់រកពុំសូវបានឃ្មុំធំ ឃ្មុំចង្អេរនោះទេ ដោយភាគច្រើនរកបានតែឃ្មុំត្រចៀកដំរី ឃ្មុំបូកគោ ឃ្មុំខ្យង និងឃ្មុំផ្លិត។ លោកតែងតែស្វែងរកឃ្មុំនៅតំបន់ព្រៃសហគមន៍នៅឃុំក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ពេលខ្លះក៏ហួសទៅដល់ស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែរ។
ទន្ទឹមគ្នានេះដែរ លោក សុខ ជា ក៏ចាប់ផ្ដើមព្រួយបារម្ភពីអវសាននៃមុខរបរមួយនេះនៅពេលឆាប់ៗខាងមុខ ដោយសារឃ្មុំក្នុងព្រៃធម្មជាតិបានថយចុះ ព្រោះដីព្រៃសហគមន៍នៅស្រុករមាសហែក ជាដើម កំពុងតែរងការកាប់បំផ្លាញឈូសឆាយទន្ទ្រានយកដោយក្រុមនាយទុន និងអ្នកមានអំណាច៖ «ខ្ញុំចង់ឲ្យគេរក្សាព្រៃទាំងអស់ទុក ដើម្បីឲ្យប្រជាពលរដ្ឋយើងងាយស្រួលរកស៊ី ដូចជាអ្នកខ្លះពឹងលើព្រៃឈើហ្នឹង ដើម្បីរកឃ្មុំ ហើយលក់ឃ្មុំទៅបានជីវភាពយើងល្អដែរ តែបើធ្វើស្រែតែមួយមុខ ពិបាកចិញ្ចឹមជីវភាពយើងរាល់ថ្ងៃណាស់»។
វិទ្យុអាស៊ីសេរី មិនទាក់ទងសុំការបំភ្លឺពីអភិបាលស្រុករមាសហែក បានទេនៅថ្ងៃទី៤ ខែកញ្ញា ទាក់ទងនឹងដីព្រៃសហគមន៍នោះ។
អ្នកភូមិដដែលបញ្ជាក់ថា រដូវដែលពួកគាត់អាចរកចំណូលបានច្រើនពីមុខរបរយកឃ្មុំលក់នោះ គឺនៅរដូវប្រាំង ហើយបន្តថយចុះវិញនៅរដូវវស្សា។
មិនខុសគ្នាប៉ុន្មានឡើយ អ្នកប្រកបរបរលក់ឃ្មុំម្នាក់ទៀត គឺអ្នកស្រី យាន យាង លើកឡើងថា ការចូលឈូសឆាយបំផ្លាញព្រៃឈើពីសំណាក់នាយទុន និងអ្នកមានអំណាចនាបច្ចុប្បន្ននេះ គឺកំពុងតែបំផ្លាញមុខរបរដែលជាឆ្នាំងបាយរបស់ពួកគាត់។
អ្នកស្រីបញ្ជាក់ថា ប្រសិនបើអស់ព្រៃរកឃ្មុំទៅ នោះគឺជម្រើសពួកគាត់គ្មានអ្វីក្រៅពីផ្សងព្រេងទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ នោះទេ ព្រោះមុខរបរធ្វើស្រែចម្ការសព្វថ្ងៃមិនអាចធានាឲ្យពួកគាត់មានជីវភាពធូរធារឡើយ៖ «អស់ព្រៃទៅ ប្រហែលជាយើងទៅដល់ស្រុកថៃ អស់ហើយ ពិបាកណាស់សព្វថ្ងៃនេះ ព្រោះនាយទុនកំពុងទន្ទ្រានឈូសឆាយ ប្រហែលឆ្នាំក្រោយអស់ហើយមើលទៅព្រៃនោះ»។
ទាក់ទិនបញ្ហានេះ ជំនួយការគម្រោងហិរញ្ញវត្ថុផ្នែកសហគ្រាសទឹកឃ្មុំ នៃអង្គការផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើ ប្រចាំភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ អ្នកស្រី ហាក់ ឡាអង មានប្រសាសន៍ថា យោងតាមការតាមដានស្ថានការណ៍ជាក់ស្តែង គឺការប្រមូលឃ្មុំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់តំបន់ទាំងអស់មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះបរិមាណឃ្មុំនេះ អ្នកស្រីពន្យល់ថា ដោយសារការប្រែប្រួលអាកាសធាតុផង និងការបាត់បង់ព្រៃឈើផង៖ «យើងមានការព្រួយបារម្ភច្រើន ហើយយើងធ្វើការជាមួយពលរដ្ឋ គឺជួបករណីឈឺក្បាលមែនទែន ព្រោះយើងអត់ចង់ឲ្យមានការបាត់បង់ព្រៃឈើទេ ដោយសារកាលណាអស់ព្រៃទៅ នោះការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺថយចុះច្រើន ហើយធ្វើឲ្យពួកគាត់ចំណាកស្រុកទៅថៃ ទៅអីអ៊ីចឹងទៅ តែបើនៅព្រៃឈើអ៊ីចឹង គឺគាត់អាចចូលព្រៃរកឃ្មុំនៅរដូវឃ្មុំ ហើយអាចប្រមូលអនុផលព្រៃឈើ»។
ជាមួយគ្នានេះ អ្នកស្រី ហាក់ ឡាអង ក៏បានផ្តល់គំរូល្អពីការរក្សាឃ្មុំព្រៃ ដើម្បីអាចបន្តមុខរបរនេះជានិរន្តដែរនោះ គឺពលរដ្ឋមិនត្រូវប្រើថ្នាំគីមី ដូចជាថ្នាំបាញ់មូសជាដើម សម្រាប់ជាមធ្យោបាយយកឃ្មុំនោះទេ។ មធ្យោបាយល្អនោះ គឺផ្សែងបារី ឬគប់ផ្សែងភ្លើង៖ «ដើម្បីឲ្យមាននិរន្តរភាព គឺគាត់យក ៨០ភាគរយនៃក្បាលទឹក មានន័យថា គាត់អត់កាត់ទាំងអស់ទេក្នុងសម្បុកមួយហ្នឹង អ៊ីចឹងសល់ ២០ភាគរយនៃក្បាលទឹកនោះ គឺកូនឃ្មុំ និងមេឃ្មុំ នឹងបង្កើតសម្បុកម្តងទៀតបាន ដោយអាចមួយសម្បុកនោះវាអាចនៅពីរដង ឬក៏បីដង»។
កន្លងមក កម្ពុជា គឺជាប្រទេសដែលគេឲ្យតម្លៃថា មានទឹកឃ្មុំព្រៃល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារអាកាសធាតុ និងស្ថានភាពភូមិសាស្ត្រ។ ទឹកឃ្មុំ និងកូនឃ្មុំ នៅតែមានតម្លៃលើទីផ្សារ ដោយគេយកវាទៅធ្វើឱសថផ្សេងៗប្រកបដោយប្រសិទ្ធភាព និងជាអាហារប្រកបដោយឱជារសទៀតផង។
ស្របពេលនិន្នាការឃ្មុំក្នុងព្រៃធម្មជាតិថយចុះនោះ ប្រជាពលរដ្ឋមួយចំនួនក៏បានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមឃ្មុំវិញ។ យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋដែលប្រកបមុខរបបេះឃ្មុំព្រៃធម្មជាតិនេះ នៅតែទទូចឲ្យអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល ទប់ស្កាត់ពួកនាយទុនដែលចូលទៅកាប់បំផ្លាញ និងឈូសឆាយដីព្រៃសហគមន៍ ព្រៃរនាម ដើម្បីផ្តល់ឱកាសឲ្យពួកគាត់បន្តមុខរបរបេះឃ្មុំលក់ ដើម្បីដោះស្រាយជីវភាពក្រៅពីរបរធ្វើស្រែចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
