អ្នក​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ​ធម្មជាតិ​នៅ​ស្រុក​កំចាយ​មារ​ខេត្ត​ព្រៃវែង​បារម្ភ​ខ្លាច​បាត់បង់​មុខ​របរ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មុខ​របរ​ដើរ​បេះ​ឃ្មុំ​លក់​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កំពុង​ត្រូវ​ប៉ាន់​ដែល​អាច​ជួយ​ជំរុញ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ។ ទោះ​បី​ជា​បែប​នេះ​ក្តី ពលរដ្ឋ​ទាំង​នោះ ក៏​កំពុង​ព្រួយ​បារម្ភ​ការ​បាត់បង់​មុខ​របរ​លក់​ឃ្មុំ​ព្រៃ​ធម្មជាតិ​នេះ​នា​ពេល​ខាង​មុខ ដោយសារ​ដី​ព្រៃ​កំពុង​ហិនហោច។

នៅ​ពេល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ភូមិ​សាមគ្គី ស្ថិត​នៅ​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នោះ យើង​ប្រទះ​ឃើញ​ដប​ទឹក​ឃ្មុំ និង​សម្បុក​ឃ្មុំ​ជាច្រើន​បង្គង ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​លើ​ថាស ឬ​កញ្ច្រែង​ក្រាល​ស្លឹក​ចេក​នៅ​ក្រោម និង​គ្រប​ពី​លើ​ដោយ​ស្បៃ​ហូរហែ​ជាច្រើន​កន្លែង នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​ជាប់​មុខ​ផ្ទះ​របស់​អ្នក​ភូមិ។

កំពុង​អង្គុយ​បក់​ដៃ​ឲ្យ​អ្នក​ដំណើរ​ជួយ​ទិញ​ឃ្មុំ​បណ្ដើរ​នោះ អ្នកស្រី ជា លី និយាយ​ថា អ្នក​ភូមិ​របស់​គាត់​មាន​ច្រើន​គ្រួសារ​ដែល​ដើរ​រក​បេះ​ឃ្មុំ​យក​មក​លក់​នោះ។ អ្នកស្រី​រៀបរាប់​ទាំង​ទឹក​មុខ​ស្រស់ស្រាយ​ថា ការ​ជ្រើស​យក​មុខ​របរ​ដើរ​បេះ​ឃ្មុំ​យក​មក​លក់​នេះ គឺ​មិន​ទៀង​ទេ ថ្ងៃ​ខ្លះ​ជួន​បាន​ច្រើន ជួន​ទៅ​បាន​តិច តែ​យ៉ាង​ណា​ក៏ដោយ មុខ​របរ​បន្ទាប់​បន្សំ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​មាន​លុយ​ចាយ​មិន​សូវ​ដាច់​ទេ៖ «មាន​គេ​រក​ច្រើន ហើយ​ចំណូល​ក្នុង​មួយ​ថ្ងៃ​គេ​អាច​រក​បាន​បី​ម៉ឺន អា​ហ្នឹង​សម្រាប់​អ្នក​រក​បាន​តិច​ផង ហើយ​សម្រាប់​អ្នក​ច្រើន​វិញ ជួន​ណា​បាន​ដប់​ម៉ឺន តែ​ជាទូទៅ បើ​រក​ឃ្មុំ​បាន​ច្រើន បាន​លុយ​ច្រើន​ទៅ វា​មិន​ទៀង»

ជាមួយ​គ្នា​នេះ អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន​មុខ​របរ​លក់​ទឹក​ឃ្មុំ​នេះ គឺ​កំពុង​ត្រូវ​ប៉ាន់ ដោយ​មាន​ការ​គាំទ្រ​ច្រើន ព្រោះ​ទឹក​របស់​ពួក​គាត់​ល្អ​សុទ្ធ​មិន​មែន​ក្លែងក្លាយ៖ «កន្លែង​នេះ​វា​សុទ្ធ​ល្អ គេ​មិន​ខ្លាច​ទិញ​ទេ ព្រោះ​គេ​ស្គាល់​កន្លែង​ផ្ទះ​យើង​អ៊ីចឹង ហើយ​ម្យ៉ាង​ទៀត មិន​ដូច​អ្នក​ដើរ​លក់​ទេ។ អ្នក​ភ្នំពេញ​ទិញ​យក​ទៅ ៥​លីត្រ ឬ ១០​លីត្រ តែ​យើង​ក៏​មិន​ដឹង​ថា គេ​យក​ទៅ​ធ្វើ​អ្វី​ដែរ»

ចំណែក​ប្ដី​អ្នកស្រី​ដែល​ស្លៀក​ក្រមា ហើយ​កំពុង​បី​កូន​នៅ​ក្រោម​ផ្ទះ​វិញ​នោះ លោក សុខ ជា រៀបរាប់​ថា ជាទូទៅ​គាត់​រក​ពុំ​សូវ​បាន​ឃ្មុំ​ធំ ឃ្មុំ​ចង្អេរ​នោះ​ទេ ដោយ​ភាគ​ច្រើន​រក​បាន​តែ​ឃ្មុំ​ត្រចៀកដំរី ឃ្មុំ​បូក​គោ ឃ្មុំ​ខ្យង និង​ឃ្មុំ​ផ្លិត។ លោក​តែង​តែ​ស្វែងរក​ឃ្មុំ​នៅ​តំបន់​ព្រៃ​សហគមន៍​នៅ​ឃុំ​ក្រសាំង ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ពេល​ខ្លះ​ក៏​ហួស​ទៅ​ដល់​ស្រុក​តំបែរ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែរ។

ទន្ទឹម​គ្នា​នេះ​ដែរ លោក សុខ ជា ក៏​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពី​អវសាន​នៃ​មុខ​របរ​មួយ​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដោយសារ​ឃ្មុំ​ក្នុង​ព្រៃ​ធម្មជាតិ​បាន​ថយ​ចុះ ព្រោះ​ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​រមាសហែក ជាដើម កំពុង​តែ​រង​ការ​កាប់​បំផ្លាញ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដោយ​ក្រុម​នាយ​ទុន និង​អ្នក​មាន​អំណាច៖ «ខ្ញុំ​ចង់​ឲ្យ​គេ​រក្សា​ព្រៃ​ទាំងអស់​ទុក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ងាយ​ស្រួល​រក​ស៊ី ដូចជា​អ្នក​ខ្លះ​ពឹង​លើ​ព្រៃ​ឈើ​ហ្នឹង ដើម្បី​រក​ឃ្មុំ ហើយ​លក់​ឃ្មុំ​ទៅ​បាន​ជីវភាព​យើង​ល្អ​ដែរ តែ​បើ​ធ្វើ​ស្រែ​តែ​មួយ​មុខ ពិបាក​ចិញ្ចឹម​ជីវភាព​យើង​រាល់​ថ្ងៃ​ណាស់»

វិទ្យុ​អាស៊ីសេរី មិន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​រមាសហែក បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ទាក់ទង​នឹង​ដី​ព្រៃ​សហគមន៍​នោះ។

អ្នក​ភូមិ​ដដែល​បញ្ជាក់​ថា រដូវ​ដែល​ពួក​គាត់​អាច​រក​ចំណូល​បាន​ច្រើន​ពី​មុខ​របរ​យក​ឃ្មុំ​លក់​នោះ គឺ​នៅ​រដូវ​ប្រាំង ហើយ​បន្ត​ថយ​ចុះ​វិញ​នៅ​រដូវ​វស្សា។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ អ្នក​ប្រកប​របរ​លក់​ឃ្មុំ​ម្នាក់​ទៀត គឺ​អ្នកស្រី យាន យាង លើក​ឡើង​ថា ការ​ចូល​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​ឈើ​ពី​សំណាក់​នាយ​ទុន និង​អ្នក​មាន​អំណាច​នា​បច្ចុប្បន្ន​នេះ គឺ​កំពុង​តែ​បំផ្លាញ​មុខ​របរ​ដែល​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់។

អ្នកស្រី​បញ្ជាក់​ថា ប្រសិន​បើ​អស់​ព្រៃ​រក​ឃ្មុំ​ទៅ នោះ​គឺ​ជម្រើស​ពួក​គាត់​គ្មាន​អ្វី​ក្រៅ​ពី​ផ្សងព្រេង​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ នោះ​ទេ ព្រោះ​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សព្វថ្ងៃ​មិន​អាច​ធានា​ឲ្យ​ពួក​គាត់​មាន​ជីវភាព​ធូរធារ​ឡើយ៖ «អស់​ព្រៃ​ទៅ ប្រហែល​ជា​យើង​ទៅ​ដល់​ស្រុក​ថៃ អស់​ហើយ ពិបាក​ណាស់​សព្វថ្ងៃ​នេះ ព្រោះ​នាយ​ទុន​កំពុង​ទន្ទ្រាន​ឈូស​ឆាយ ប្រហែល​ឆ្នាំ​ក្រោយ​អស់​ហើយ​មើល​ទៅ​ព្រៃ​នោះ»

ទាក់ទិន​បញ្ហា​នេះ ជំនួយ​ការ​គម្រោង​ហិរញ្ញវត្ថុ​ផ្នែក​សហគ្រាស​ទឹក​ឃ្មុំ នៃ​អង្គការ​ផ្លាស់ប្ដូរ​បទពិសោធន៍​អនុផល​ព្រៃ​ឈើ ប្រចាំ​ភាគ​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ អ្នកស្រី ហាក់ ឡាអង មាន​ប្រសាសន៍​ថា យោង​តាម​ការ​តាម​ដាន​ស្ថានការណ៍​ជាក់ស្តែង គឺ​ការ​ប្រមូល​ឃ្មុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់​ទាំងអស់​មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ការ​ធ្លាក់​ចុះ​បរិមាណ​ឃ្មុំ​នេះ អ្នកស្រី​ពន្យល់​ថា ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ផង និង​ការ​បាត់បង់​ព្រៃ​ឈើ​ផង៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ហើយ​យើង​ធ្វើ​ការ​ជាមួយ​ពលរដ្ឋ គឺ​ជួប​ករណី​ឈឺ​ក្បាល​មែន​ទែន ព្រោះ​យើង​អត់​ចង់​ឲ្យ​មាន​ការ​បាត់បង់​ព្រៃ​ឈើ​ទេ ដោយសារ​កាល​ណា​អស់​ព្រៃ​ទៅ នោះ​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ គឺ​ថយ​ចុះ​ច្រើន ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​ចំណាក​ស្រុក​ទៅ​ថៃ ទៅ​អី​អ៊ីចឹង​ទៅ តែ​បើ​នៅ​ព្រៃ​ឈើ​អ៊ីចឹង គឺ​គាត់​អាច​ចូល​ព្រៃ​រក​ឃ្មុំ​នៅ​រដូវ​ឃ្មុំ ហើយ​អាច​ប្រមូល​អនុផល​ព្រៃ​ឈើ»

ជាមួយ​គ្នា​នេះ អ្នកស្រី ហាក់ ឡាអង ក៏​បាន​ផ្តល់​គំរូ​ល្អ​ពី​ការ​រក្សា​ឃ្មុំ​ព្រៃ ដើម្បី​អាច​បន្ត​មុខ​របរ​នេះ​ជា​និរន្ត​ដែរ​នោះ គឺ​ពលរដ្ឋ​មិន​ត្រូវ​ប្រើ​ថ្នាំ​គីមី ដូចជា​ថ្នាំ​បាញ់​មូស​ជាដើម សម្រាប់​ជា​មធ្យោបាយ​យក​ឃ្មុំ​នោះ​ទេ។ មធ្យោបាយ​ល្អ​នោះ គឺ​ផ្សែង​បារី ឬ​គប់​ផ្សែង​ភ្លើង៖ «ដើម្បី​ឲ្យ​មាន​និរន្តរភាព គឺ​គាត់​យក ៨០​ភាគរយ​នៃ​ក្បាល​ទឹក មាន​ន័យ​ថា គាត់​អត់​កាត់​ទាំងអស់​ទេ​ក្នុង​សម្បុក​មួយ​ហ្នឹង អ៊ីចឹង​សល់ ២០​ភាគរយ​នៃ​ក្បាល​ទឹក​នោះ គឺ​កូន​ឃ្មុំ និង​មេ​ឃ្មុំ នឹង​បង្កើត​សម្បុក​ម្តង​ទៀត​បាន ដោយ​អាច​មួយ​សម្បុក​នោះ​វា​អាច​នៅ​ពីរ​ដង ឬ​ក៏​បី​ដង»

កន្លង​មក កម្ពុជា គឺ​ជា​ប្រទេស​ដែល​គេ​ឲ្យ​តម្លៃ​ថា មាន​ទឹក​ឃ្មុំ​ព្រៃ​ល្អ​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​អាកាសធាតុ និង​ស្ថានភាព​ភូមិសាស្ត្រ។ ទឹក​ឃ្មុំ និង​កូន​ឃ្មុំ នៅ​តែ​មាន​តម្លៃ​លើ​ទីផ្សារ ដោយ​គេ​យក​វា​ទៅ​ធ្វើ​ឱសថ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជា​អាហារ​ប្រកប​ដោយ​ឱជារស​ទៀត​ផង។

ស្រប​ពេល​និន្នាការ​ឃ្មុំ​ក្នុង​ព្រៃ​ធម្មជាតិ​ថយ​ចុះ​នោះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​ចាប់​ផ្ដើម​ប្រកប​មុខ​របរ​ចិញ្ចឹម​ឃ្មុំ​វិញ។ យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខ​រប​បេះ​ឃ្មុំ​ព្រៃ​ធម្មជាតិ​នេះ នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល ទប់ស្កាត់​ពួក​នាយ​ទុន​ដែល​ចូល​ទៅ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ព្រៃ​រនាម ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បន្ត​មុខ​របរ​បេះ​ឃ្មុំ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។