ជនបរទេស​ជិត ៦០នាក់​នាំ​គ្នា​រត់​ចេញ​ពី​អគារ​អនឡាញ​របស់​លោក លី យ៉ុងផាត់ ក្នុង​ខេត្ត ឧត្តរមានជ័យ

ដោយ ហ៊ុំ ចំរើន
2025.01.07
ជនបរទេស​ជិត ៦០នាក់​នាំ​គ្នា​រត់​ចេញ​ពី​អគារ​អនឡាញ​របស់​លោក លី យ៉ុងផាត់ ក្នុង​ខេត្ត ឧត្តរមានជ័យ ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៧នាក់ ត្រូវសមត្ថកិច្ចខ្លួន បន្ទាប់​ពី​បានបាន​នាំ​គ្នា​សម្រុក​ចេញ​ពី​តំបន់​អគារ​អនឡាញ (Online) ក្នុង​រមណីយដ្ឋាន​អូរស្មាច់ កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២៥។
រូប៖ ​ពីហ្វេសប៊ុក

អានអត្ថបទជាភាសាអង់គ្លេស  |  ទស្សនាវីដេអូ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ​បាន​ឡោមព័ទ្ធ​ ឃាត់​ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៥៧នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែ​មករា ដើម្បី​បញ្ជូន​ពួកគេ​ទៅ​សួរ​នាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាប់​ពី​ជនបរទេស​ទាំង​នោះ បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​តំបន់​អគារ​អនឡាញ (Online) ក្នុង​រមណីយដ្ឋាន​អូរស្មាច់​របស់​មហាសេដ្ឋី​បន​ល្បែង​គឺ​លោក លី យ៉ុងផាត់។ មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​បន្ត​ចុះ​ស៊ើបអង្កេត​បន្ថែម​នៅ​រមណីយដ្ឋាន​អូរស្មាច់ និង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រសិន​បើ​ទីតាំង​នេះ​ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​ឧត្ដរមានជ័យ​បញ្ជាក់​ថា ជនបរទេស​ចំនួន ៥៧​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​ប៉ាគីស្ថាន (Pakistan) និង​នេប៉ាល់ (Nepal) កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កំពុង​សួរ​នាំ​ពួកគេ​ពាក់ព័ន្ធ​ការ​នាំ​គ្នា​សម្រុក​ចេញ​ពី​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា។

នាយ​សេនាធិការ​រង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ប្រចាំ​ទិសដៅ​អូរស្មាច់​លោក ប៊ូ បូរ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ ខែ​មករា ថា ភ្លាមៗ​ក្រោយ​ពេល​ដែល​ជនបរទេស​មួយ​ក្រុម​បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អូរស្មាច់ កម្លាំង​សមត្ថកិច្ច​បាន​ពង្រាយ​កម្លាំង ដើម្បី​ឃាត់​ខ្លួន​ពួកគេ​វិញ​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់។ លោក​អះអាង​ថា ក្រោយ​សាកសួរ​ដោយ​កម្លាំង​ជំនាញ​ក្រុម​ជនបរទេស​ទាំង​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ពួកគាត់​នាំ​គ្នា​រត់​ចេញ​ពី​អគារ​នោះ​ទេ​គឺ​គ្រាន់តែ​បញ្ជាក់​ថា ពួកគេ​ចង់​ផ្លាស់ប្ដូរ​កន្លែង​ធ្វើ​ការ។

លោក ប៊ូ បូរ៉ាន់៖ «នៅ​ពេល​នោះ​យើង​គ្រាន់​តែ​បាន​ឃាត់​ពួកគាត់​ឱ្យ​ប្រមូលផ្ដុំ​នៅ​មួយ​កន្លែង​សិន ដើម្បី​ធ្វើ​ការ​រង់ចាំ​ដោះស្រាយ ព្រោះ​ខ្ញុំ​អត់​បាន​សួរ​ពី​មូលហេតុ​អី​ទេ។ ខ្ញុំ​បាន​គ្រាន់​តែ​ថា ទៅ​បាន​សួរ​នាំ​គាត់​ថា មាន​បញ្ហា​អី​ហើយ​គាត់​ថា ចង់​ទៅ​ធ្វើ​ការ​នៅ​ខាង​ប៉ោយប៉ែត។ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​បាន​សហការ​ជាមួយ​ប៉ូលិស ខាង​ប៉ូលិស​ខេត្ត​ក៏​គេ​សហការ​គ្នា​យក​ឡាន​មក​ដឹក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ រីឯ​រឿង​លម្អិត​បញ្ហា​អី​ផ្សេងៗ​ទល់​តែ​ខាង​ប៉ូលិស»

កាល​ពី​ល្ងាច​ថ្ងៃទី៥ ខែ​មករា ជនជាតិ​ប៉ាគីស្ថាន (Pakistan) និង​នេប៉ាល់ (Nepal) ចំនួន ៥៧នាក់ ក្នុង​នោះ​មាន​ស្ត្រី ២នាក់ ដោយ​ពួកគេ​មួយ​ចំនួន​ប្រដាប់​ដោយ​ដំបង​ក្នុង​ដៃ​បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ ដែល​ជា​ទី​កន្លែង​រង​ការ​ចោទ​ប្រកាន់​ថា ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​បង្ខាំង​ជនបរទេស​រាប់​រយ​នាក់ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​ការ​ឆបោក​តាម​អនឡាញ។ ក្នុង​ហេតុការណ៍​នោះ សន្តិសុខ​ចំនួន ២នាក់​ដែល​យាម​ខាង​មុខ​ខ្លោង​ទ្វារ​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ ក៏​បាន​រង​របួស​ស្រាល ដោយសារ​តែ​ព្យាយាម​រារាំង​ជនបរទេស​ទាំង​នោះ​មិន​ឱ្យ​រត់​ចេញ​ពី​អគារ។

បន្ទាប់​ពី​រត់​ចេញ​ពី​អគារ​បាន​សម្រេច ជនបរទេស​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អូរស្មាច់​បាន​ជាង ៥គីឡូ​ម៉ែត្រ ប៉ុន្តែ​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ​ឡោមព័ទ្ធ​ឃាត់​ខ្លួន​វិញ​នៅ​ចំណុច​ភូមិ​រួត​ចំប៉ី ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ដើម្បី​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ក៏​បាន​ព្រមាន​អ្នក​កាសែត​អនឡាញ​មួយ​ចំនួន​ឱ្យ​លុប​វីដេអូ​ចំពោះ​សកម្មភាព​ដែល​ជនបរទេស​សម្រុក​ចេញ​ពី​អគារ ដោយ​ពុំ​បញ្ជាក់​អំពី​ហេតុផល​ច្បាស់លាស់​ឡើយ។

ចំណែក ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជនបរទេស​ទាំង​នោះ​បាន​ប្រើប្រាស់​ដំបង​វាយ​ក្រុម​សន្តិសុខ​ដែល​នៅ​យាម​ខាង​មុខ​ខ្លោងទ្វារ​តំបន់​រមណីយដ្ឋាន​អូរស្មាច់ ដើម្បី​នាំ​គ្នា​សម្រុក​ចេញ។ ប្រភព​ដដែល​សង្ស័យ​ថា មូលហេតុ​ដែល​ជនបរទេស​ទាំង​នោះ​សម្រេច​ចិត្ត​នាំ​គ្នា​សម្រុក​ចេញ​ទាំង​កម្រោល​បែប​នេះ អាច​ដោយសារ​តែ​ពួកគេ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «មួយ​ក្រុម​នេះ​គឺ​ជា​ជនជាតិ​នេប៉ាល់ និង​ជនជាតិ​ប៉ាគីស្ថាន ព្រោះ​ថា ឃុំ​ខ្លួន​គ្នា​ធ្វើ​ទារុណកម្ម​ខ្លាំង​ពេក។ ដែក​គ្រែ​ដែក​គេ​រៀប​ជា​ថ្នាក់ៗ​ជា​ជាន់ៗ តែ​ពួក​ជនជាតិ​ហ្នឹង​គាត់​បំបែក​ជា​ដុំៗ​កាន់​ម្នាក់​មួយ។ សន្តិសុខ​រង​របួស ២នាក់ មក​បុក​ទប់​អត់​ឈ្នះ​វាយ​សន្តិសុខ​បើក​ទ្វារ​ហ្មង»

នាយសេនាធិការ​រង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ប្រចាំ​ទិសដៅ​អូរស្មាច់​លោក ប៊ូ បូរ៉ាន់ ឱ្យ​ដឹង​ទៀត​ថា ជនបរទេស​ចំនួន ៥៧នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​សមត្ថកិច្ច​ក៏​កំពុង​រៀបចំ​នីតិវិធី និង​គ្រោង​ជូន​ដំណឹង​ទៅ​ស្ថានទូត​នៃ​ប្រទេស​ពួកគាត់​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក ខូវ លី និង​ស្ថាន​ទូត​ប៉ាគីស្ថាន​ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៦ ខែមករា។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ស្នើ​ដល់​អាជ្ញាធរ​ចុះ​ស៊ើបអង្កេត​បន្ថែម​នៅ​រមណីយដ្ឋាន​អូរស្មាច់ និង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ប្រសិនបើ​ទីតាំង​ដែល​ក្រុម​ជនបរទេស​រត់​ចេញ​នោះ​ជា​សម្បុក​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ លោក​បញ្ជាក់​ថា តំបន់​ជាយដែន ជាពិសេស​នៅ​តំបន់​អូរស្មាច់​ជាប់​ព្រំដែន​ថៃ​នេះ មិន​ត្រឹមតែ​មាន​ជនជាតិ​នេប៉ាល់ និង​ប៉ាគីស្ថាន​នោះ​ទេ ក៏​មាន​ជនបរទេស​ជាច្រើន​ជាតិ​សាសន៍​ទៀត​រងគ្រោះ​ជា​ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ដែរ ប៉ុន្តែ​លោក​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​មាន​ចំណាត់​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ។

លោក ឌី ថេហូយ៉ា៖ «យើង​ចង់​ឃើញ​តម្លាភាព សុចរិត​ភាព​ទាំងអស់​ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប៉ូលិស​អាំងទែប៉ូល (Police Interpole) ព្រោះ​ជា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​វា​មិនមែន​តែ​ជា​រឿង​របស់​កម្ពុជា​ទេ ហើយ​កាល​ណា​យើង​ធ្វើ​រឿង​ហ្នឹង​អស់​ច្បាស់លាស់​ផល​ប៉ះពាល់ ប្រយោជន៍​បាន​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន ប៉ុន្តែ​ការ​ខាតបង់​ប្រយោជន៍ ខូច​មុខមាត់​ជា​ធំធេង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​យើង»

អគារ​បនល្បែង​កាស៊ីណូ​របស់​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន គឺ​លោក លី យ៉ុងផាត់ ស្ថិត​នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​អូរស្មាច់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​រង​ការ​ចោទ​ប្រកាន់​ថា ជា​សំបុក​ក្រុម​ឧក្រិដ្ឋជន​ចិន​ចាប់​បង្ខាំង​ជនបរទេស​ជា​ច្រើន​នាក់ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ។ ពលរដ្ឋ​ក្បែរ​តំបន់​នោះ​ឱ្យ​ដឹង​ថា ជារឿយៗ​បុគ្គលិក​ជនជាតិ​ចិន វៀតណាម និង​ថៃ តែងតែ​សម្រុក​ចេញ​មក​ខាង​ក្រៅ​ដើម្បី​មាន​សេរីភាព ប៉ុន្តែ​ត្រូវ​សន្តិសុខ​ថៅកែ​ចិន​ដេញ​ចាប់ និង​ធ្វើ​ទារុណកម្ម​ពួកគេ​ជា​បន្តបន្ទាប់។ លោក លី យ៉ុងផាត់ និង​រមណីយដ្ឋាន​អូរស្មាច់ រួម​ទាំង​សម្ពន្ធ​ក្រុមហ៊ុន​របស់​លោក​ចំនួន ៤ផ្សេង​ទៀត​បាន​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​កាល​ពី​ខែកញ្ញា ឆ្នាំ២០២៤ ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​អាជីវកម្ម​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។