សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​សប្បុរសជន​ឆ្លៀត​ឱកាស​ប្រើ​ឥទ្ធិពល​អំណាច និង​ទឹក​ប្រាក់ ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្នុង​គ្រា​ពលរដ្ឋ​កំពុង​រងគ្រោះ ​ដោយ​ទឹក​ជំនន់

ដោយ ខែ សុណង
2020-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចែក​ទឹក​សុទ្ធ និង​មី ទៅ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០២០។
សកម្មភាព​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចែក​ទឹក​សុទ្ធ និង​មី ទៅ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០២០។
រូប៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

អង្គការ​សង្គម​ស៊ីវិល ផ្នែក​តម្លាភាព និង​គណនេយ្យ​ភាព​សង្គម សំដែង​ក្ដី​បារម្ភ​ថា ប្រាក់​អំណោយ​គ្រោះ​ទឹកជំនន់ ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ក្រុម​មនុស្ស​ពាក់ព័ន្ធ នឹង​ការ​រំលោភ​សិទ្ធិ​ដីធ្លី និង​កាប់​បំផ្លាញ​ព្រៃឈើ នឹង​អាច​ក្លាយ​ជា​ថ្នូរ​ឲ្យ​ពួកគេ​ទាំង​នោះ បន្ត​សកម្មភាព​ល្មើស​ច្បាប់​ទៅ​ថ្ងៃ​មុន​បន្ត​ទៀត។ ក្តី​បារម្ភ​នេះ កើត​ឡើង​ក្រោយ​ពេល​ឈ្មួញ​រកស៊ី​ធំៗ សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ឃាតកម្ម បាន​ផ្តល់​ថវិកា​ជាង ៦លាន​ដុល្លារ​ទៅ​ឲ្យ​លោក ហ៊ុន សែន ដោយ​អះអាង​ថា ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់។ លោក ហ៊ុន សែន ថា ជំនួយ​ទាំង​នោះ ជា​មោទនភាព​របស់​កម្ពុជា។

សង្គម​ស៊ីវិល​មិន​ចង់​ឃើញ សប្បុរសជន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ឥទ្ធិពល​អំណាច និង​ទឹកប្រាក់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ក្នុង​គ្រា​ពលរដ្ឋ​កំពុង​រងគ្រោះ ​ដោយ​ទឹកជំនន់។

នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​ថវិកា​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​សប្បុរសជន​ដែល​ផ្ដល់​ឲ្យ​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព គ្មាន​ការ​រើសអើង និង​ដល់​ដៃ​ជនរងគ្រោះ​ពិតប្រាកដ។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​បារម្ភ​ថា សប្បុរសជន​អាច​ប្រើប្រាស់​ឥទ្ធិពល​អំណាច និង​ទឹកប្រាក់ ដែល​មាន​ការ​ស៊ុមគ្រលុំ​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ទាញ​ស្រូប​យក​ផលប្រយោជន៍​សាធារណៈ​មក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្នុង​គ្រា​ដែល​កម្ពុជា​ជា​ប្រទេស​មួយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នៅ​ទន់ខ្សោយ៖ «នៅ​ប្រទេស​កម្ពុជា​យើង​ឃើញ​ថា បញ្ហា​នេះ​មិន​លើកលែង​ទេ យើង​ឃើញ​មាន​ករណី​ហ្នឹង​ច្រើន​ដែរ ការ​ធ្វើការ​ជា​ប្រព័ន្ធ​អាច​ធ្វើ​ឲ្យ​បង្ក​ការ​ទាញ​យក​ផល​ប្រយោជន៍​សាធារណ​មក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ៊ីចឹង​ការ​ធ្វើការ​ប្រទាក់​ក្រឡា​គ្នា​រវាង​មន្ត្រី​ធំៗ​ និង​ឧកញ៉ា​ច្រើន​ដែល​យើង​ឃើញ​ថា​ដោះដូរ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មាន​ការ​លំបាក​ខ្លាំង នៅ​ក្នុង​ប្រទេស​យើង​មាន​បញ្ហា​ហ្នឹង​ហើយ​បញ្ហា​ហ្នឹង​នៅ​តែ​បន្ត​យាយី​ធ្វើ​ឲ្យ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​មាន​ភាព​ខ្សោយ​លើស​ហ្នឹង​ទៀត​បើ​សិន​ជា​ប្រព័ន្ធ​ហ្នឹង​រីកធំ​ឡើង»

ក្ដី​បារម្ភ​នេះ នៅ​គ្រា​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ នៅ​យប់​ថ្ងៃ​ទី១៥ ខែតុលា ថ្លែង​ដោយ​មោទនភាព​ថា ក្នុង​រយៈពេល​តែ ២៤ម៉ោង​សោះ បាន​ទទួល​បាន​ជំនួយ​សប្បុរសធម៌​ជាង ៦លាន​ដុល្លារ ក្នុង​នោះ​លោក​ទើប​តែ​ប្រើប្រាស់​អស់ ៨០ម៉ឺន​ដុល្លារ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គេ​ដឹង​ថា រដ្ឋាភិបាល​បាន​ទទួល​ជំនួយ​សប្បុរសធម៌​ពី​គ្រប់​ប្រភព និង​អ្នក​ផ្តល់​ជំនួយ​មួយ​ចំនួន មាន​ពាក់ព័ន្ធ​រឿង​អាស្រូវ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​រំលោភ​យ​ដីធ្លី​ពលរដ្ឋ​ដោយ​បំពាន និង​ខ្លះ​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋ។ ជាឧទាហរណ៍​លោក ទ្រី ភាព ជា​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ ហើយ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​លើ​ធនធាន​ធម្មជាតិ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ ចំណែក លោក លី យ៉ុងផាត់ លោក ពុង ឃាវសែ អ្នកស្រី ស៊ុយ សុផាន ក្រុមហ៊ុន​ដែល​ខុម (Delcom) និង​ក្រុមហ៊ុន​សេវិនអេនជី (7NG) ជាដើម សុទ្ធតែ​ជា​តួអង្គ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ​តាម​រយៈ​គម្រោង​វិនិយោគ​របស់​ពួក​គេ។ ដោយ​ឡែក​លោក ថោង សារ៉ាត់ វិញ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ឃាតកម្ម​លើ លោក អ៊ឹង ម៉េងជឺ ថៅកែ​ហាង​ពេជ្រ កាល​ពី​ឆ្នាំ២០១៤។

រីឯលោក គន់ គីម ដែល​ជា​អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​វិញ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​អំពើ​ពុក​រលួយ រំលោភ​អំណាច និង​កិប​កេង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែរ រហូត​ដល់​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​រូប​លោក និង​សមាជិក​គ្រួសារ​បី​នាក់​ទៀត តាម​រយៈ​ច្បាប់ Global Magnitsky Act

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ត្រូវ​អបអរសាទរ​នោះ​ទេ នៅ​ពេល​បុគ្គល ឬ​ក្រុមហ៊ុន​ ដែល​មាន​ប្រវត្តិ​មិន​ល្អ​ ផ្តល់​ជំនួយ​សប្បុរសធម៌​ឆ្លើយតប​នឹង​គ្រោះ​ទឹក​ជំនន់​នេះ។ លោក​ថា ជំនួយ​សប្បុរសធម៌​មិន​អាច​បិទបាំង ឬ​ធ្វើ​ឱ្យ​ពួក​គេ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ «ទោះបី​ជា​មាន​អ្នក​ណា​ចេញលុយ​ចំណាយ​ច្រើន​​ជួយ​ពលរដ្ឋ​នៅ​គ្រា​មាន​អាសន្ន​ក៏ដោយ យើង​មិន​ចង់​ឱ្យ​មាន​ការ​យក​រឿង​នេះ​ទៅ​ពាក់ព័ន្ធ​ជាមួយ​ការ​ផ្តល់​ឱកាស​ដល់​ការ​រកស៊ី​ណាមួយ​ដែល​ធ្វើ​ឱ្យ​ខូច​ខាត​ប្រយោជន៍​សាធារណៈ»

លោក សន ជ័យ បន្ថែម​ថា ​​គ្រោះ​ទឹក​ជំនន់​លើក​នេះ​ផ្តល់​មេរៀន​ដល់​រដ្ឋាភិបាល​ត្រូវ​​តែ​គិតគូរ​ឡើង​វិញ​អំពី​គម្រោង​វិនិយោគ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដូច​ជា ការ​លុប​បឹងបួរ​ធម្មជាតិ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជាដើម ព្រោះ​ទាំងអស់​នេះ​ក៏​ជាហេតុ​ផល​រួម​ចំណែក​ឱ្យ​មាន​គ្រោះធម្មជាតិ​នៅ​កម្ពុជា​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ ត្រូវ​បាន​ប្រើប្រាស់​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​ត្រូវ​ផ្តល់​អាទិភាព​សម្រាប់​ការ​ដោះស្រាយ​ជា​បន្ទាន់​ទៅ​លើ​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​នឹង​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ជួសជុល​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ផ្លូវ​ជាច្រើន ព្រម​ទាំង​ដំណាំ​កសិកម្ម​ជាច្រើន​ប្រភេទ​ទៀត ដែល​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់ ដើម្បី​ស្ដារ​ឡើង​វិញ​សេដ្ឋកិច្ច​របស់​ប្រជាជន​ជាដើម។

មន្ត្រី​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី១៥ តុលា​គ្រោះ​ទឹកជំនន់​បង្ក​ប៉ះពាល់​ពលរដ្ឋ​ចំនួន ១៩ខេត្ត​ក្រុង​ក្នុង​នោះ​មាន​ខេត្ត​ពោធិ៍សាត់​បាត់​ដំបង​ប៉ៃលិន​បន្ទាយ​មានជ័យ និង​ខណ្ឌ​ដង្កោ​ក្នុង​រាជ​ធានី​ភ្នំពេញ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​លោក​ ​ឃុន​ ​សុខា​ ​ថ្លែង​ថា​   ​ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅឋាន​ពលរដ្ឋ​ ​៤​ម៉ឺន​ខ្នង ​(​៤​០.​០​០​០​) ​សាលារៀន​ ​៤​រយ​ខ្នង​ (​៤​០​០​) ​លិច​ស្រូវ​ជាង​ ​១​សែន​ ​៣​ម៉ឺន​ហិកតារ​ (​១​៣​១​.​៣​០​០​)  ​និង​ខូចខាត​ផលដំណាំ​ជាង​ ​៦​ពាន់​ហិកតារ (.៣០០)។ លោក​ថា លើស​ពី​នេះ​ទៀត ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ខូចខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ដូចជា ទំនប់ទឹក​ស្ពាន​ផ្លូវថ្នល់ និង​ផ្លូវលំ​តាម​ជនបទ​ជាច្រើន​កន្លែង​ទៀត​។

លោក​ថា គ្រោះ​ធម្មជាតិ​លើក​នេះ​បណ្ដាល​ឱ្យ​ពលរដ្ឋ ១៣នាក់​ស្លាប់ ក្នុង​នោះ​មាន​កុមារ ៥នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក។ ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹកភ្លៀង​នៅតែ​បន្ត​វាយ​លុក​បង្កើត​ឱ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ទៀត អម​ដោយ​ព្យុះ​ផ្ទួនៗគ្នា​រហូតដល់​ថ្ងៃ​ទី២០ ខែ​តុលា​ខាង​មុខ​នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល