មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​បារម្ភ​ពី​ការ​បន្ត​បាត់បង់ EBA ខណៈ​មាន​ការ​រក​ឃើញ​ពី​ភាព​ប្រក្រតី​នៃ​ការ​បោះឆ្នោត

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា កម្ពុជា​បន្ត​ប្រឈម​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​អឺរ៉ុប​បន្ថែម​ទៀត​ខណៈ​មាន​ការ​រក​ឃើញ​ពី​ភាព​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្មីៗ នេះ។ ពួកគេ​ជំរុញ​មាន​ការ​កែលំអ​ឡើង​វិញ ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ជាតិ និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​ភាព​សេរី​ត្រឹមត្រូវ ​និង​យុត្តិធម៌។ ទោះ​យ៉ាងណា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នៅតែ​អះអាង​ដដែលៗ ថា ការ​សម្រេច​បែប​ណា​របស់​អឺរ៉ុប ជា​សិទ្ធិ​របស់​គេ ចំណែក​ការបោះឆ្នោត គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៃ​ដែន​សមត្ថកិច្ច​របស់​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ស្ថាប័នរក​ឃើញ​​ថា​​​បោះឆ្នោត​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ​នេះ​ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ ហើយ​បញ្ហា​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ និង​កង​កម្លាំង​ប្រដាប់​អាវុធ។​

របាយការណ៍​អង្គការ​សង្គម​ស៊ីវិល ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា កន្លង​ទៅ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី៥ មិថុនា​កន្លង​ទៅ ​​​អាជ្ញាធរ​មូលដ្ឋាន មេភូមិ មេឃុំ មន្ត្រី​នគរបាល​មាន​វត្តមាន​នៅ​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត​ រង់​ចាំ​​កត់​ឈ្មោះ​អ្នក​បោះឆ្នោត​។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​មិន​អាច​ទៅ​បោះឆ្នោត​បាន​ព្រោះ​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​ក្នុង​បញ្ជី​បោះឆ្នោត​ជាដើម។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត ដំណើរការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ធ្វើ​ឡើង​ដោយ​បិទបាំង​ ខ្វះ​តម្លាភាព​ដោយ​ការិយាល័យ​ខ្លះ​បិទ​ទ្វារ​បិទ​បង្អួច។ ក្រៅ​ពី​នេះ​​​មាន​ការ​រារាំង​មិន​ឲ្យ​អ្នក​សង្កេត​ការណ៍​ចូល​រួម​សង្កេត​ មិន​ឲ្យ​មាន​ការ​ថត​ដំណើរ​រាប់​សន្លឹក​ឆ្នោត និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​តាមដាន​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​ដើម។ ក្រៅ​ពី​នេះ​ការិយាល័យ​ខ្លះ​ទៀត​មិន​បាន​បំពេញ​ព័ត៌មាន ដែល​កំណត់​ដោយ​ច្បាប់​ បទបញ្ជា នីតិវិធី​អំពី​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​​​​តាម​ទម្រង់ ១១០២ ដែល​បាន​បិទ​នៅ​មុខ​ការិយាល័យ​បោះឆ្នោត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ព្រួយបារម្ភ​ថា​ សហភាព​អឺរ៉ុប អាច​នឹង​ចាត់​វិធានការ ឬ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ព្រោះ​មុន​ការ​បោះឆ្នោត​ សភា​សហភាព​អឺរ៉ុប បាន​ព្រមាន​រួច​ហើយ​ថា បើ​ការ​បោះឆ្នោត​នេះ​មិន​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិធម៌​ទេ សភា​អឺរ៉ុប​នឹង​​នឹង​ស្នើ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ស្ថាប័ន​បោះឆ្នោត (គ.ជ.ប) ការ​កែលំអ​ការងារ​របស់​ខ្លួន​ឡើង​វិញ៖ «យើង​មាន​ការ​ព្រួយបារម្ភ​ថា អំពី​ចំណាត់​ការ​ផ្សេងៗ ពី​បណ្ដា​ប្រទេស​លោក​សេរី​ទាំង​អស់​ហ្នឹង​មក​លើ​កម្ពុជា​គប្បី​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​​ពលរដ្ឋ​ក្ដី​ អ្នក​នយោបាយ​ក្ដី​ គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​ឬ​មិន​ទាន់​ប្រកួត​ប្រជែង​ហ្នឹង​គួរ​គិតគូរ​រៀបចំ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​បញ្ចប់​ការ​បោះឆ្នោត​ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​មាន​ប្រព័ន្ធ​មិន​ត្រឹមត្រូវ​ ហើយ​ធ្វើ​ឲ្យ​រង់​ការ​រិះគន់​បន្ត​ទៀត »។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា។ ទោះ​យ៉ាងណា​ក្ដី លោក​ ហង្ស ពុទ្ធា ធ្លាប់​ឲ្យ​ដឹង​ថា​ បើ​ភាគី​ណាមួយ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នេះ​ការ​បោះ​ឆ្នោត​នេះ ដាក់​ប្ដឹង​មក​គ.ជ.ប។

ចំណែក​ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយតប​ថា បើ​ភាគី​ណាមួយ​មិន​ពេញ​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត ឬ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ ពួកគេ​អាច​ប្ដឹង​ទៅ​ គ.ជ.ប និង​ក្រុមប្រឹក្សា​​ធម្មនុញ្ញ​ដើម្បី​ដោះ​ស្រាយ។ លោក​បន្ត​ទៀត ចំពោះ​សហគមន៍​អន្តរជាតិ​ ឬ​សហភាព​អឺរ៉ុប មាន​វិធាន​ការ​យ៉ាង​ណា គឺ​សិទ្ធិ​របស់​គេ​ ប៉ុន្តែ​​ការ​បោះឆ្នោត​របស់​កម្ពុជា​គឺ​ស្ថិត​ក្នុង​គ្រប់គ្រង​របស់ គ.ជ.ប និង​ក្រុមប្រឹក្សា​​ធម្មនុញ្ញ៖ «អ្វី​ដែល​ស្ថិត​​ក្នុង​ការ​គ្រប់គ្រង​​នៃ​ការបោះឆ្នោត​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ .ជ .ប លោក​ជា​អ្នក​សម្រេច ទី២ អ្នក​ចូលរួម​បោះឆ្នោត​ហើយ​លោក​មិន​ពេញ​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ »។

ទាក់ទង​ការ​លើក​ឡើង​បែប​នេះ​របស់​មន្ត្រី​រដ្ឋាភិបាល អ្នក​នាំ​ពាក្យ និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា​ យល់ថា​ បើ​រដ្ឋាភិបាល​ ឬ គ.ជ.ប មិន​បាន​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ទេ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រយោជន៍​ជាតិ​យ៉ាង​ធំ។ លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ដែរ​ថា គណបក្ស​របស់​លោក​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នេះ​ជាង ៤០ករណី និង​បាន​ដាក់​ប្ដឹង​ទៅ​ស្ថាប័ន​បោះ​ឆ្នោត​រួច​ហើយ៖ «អ៊ីចឹង​ហើយ បើ​យើង​នៅតែ​រក្សា​បែប​សព្វ​ថ្ងៃ​នេះ យើង​មិន​ស្ដាប់​អ្នកណា​ទាំង​អស់​​អាច​ប៉ះពាល់ ហើយ​ដល់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​ជាតិ​ទាំង​មូល មិនមែន​តែ គ .ជ .ប ទេ គ .ជ .ប ខួច​ឈ្មោះ​ទៅ​ហើយ ក៏​ប៉ុន្តែ​ខូច​ប្រយោជន៍​ជាក់ស្ដែង គឺ​ទៅ​ដល់​កម្មករ​ទៅ​ដល់​ប្រជាពលរដ្ឋ។ អ៊ីចឹង​ហើយ គួរ​គិត​ពិចារណា ដើម្បី​ចរចា​គ្នា​ទៅ​អ្វី ដែល​ខ្វះ​ចន្លោះ​យើង​ត្រូវ​កែសម្រួល​ឲ្យ​បាន​ល្អ​ប្រសើរ »។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ទៀត​ថា ប្រសិន គ.ជ.ប មិន​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​គណបក្ស​របស់​លោក​ទេ គណបក្ស​ភ្លើង​ទៀន នឹង​បន្ត​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត។

មុន​មួយ​ខែ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ សភា​អឺរ៉ុប ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប ឃ្លាំមើល​ស្ថានភាព​នៅ​កម្ពុជា ជា​ពិសេស ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ដើម្បី​ធានា​ថា គ្មាន​ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន ហើយ ប្រសិន​បើ​មាន​រក​ឃើញ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ មាន​ភាព​អយុត្តិធម៌ ត្រូវ​ប្រើ​វិធានការ ដែល​មាន​ដូចជា ការ​ព្យួរ​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ជា​ដើម។

ក្រោយ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រុម​អង្គារ​សង្គម​ស៊ីវិល​ ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ ពិនិត្យ​មើល​ការ​បំពេញ​នូវ​លក្ខខណ្ឌ​ទាំង ៦ចំណុច​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង ដើម្បី​ពង្រឹង​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ អព្យាក្រឹត្យ​ភាព​របស់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​សមត្ថភាព​គ្រប់គ្រង និង​ចាត់ចែង​របស់​ស្ថាប័ន ​គ.ជ.ប និង​ការ​លើក​កម្ពស់​សិទ្ធិ តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ដំណើរការ​បោះ​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។