ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីលោក ដួង តារា បានត្អួញត្អែរថា ខ្លួនមានការលំបាកខ្លាំងជាងពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ទៅទៀត។ សារត្អួញត្អែរនេះ ត្រូវបានលោក ដួង តារា ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីវេលាម៉ោងជិត ១០ ព្រឹក ថ្ងៃទី២៦ ខែមេសា។
លោក ដួង តារា បានផ្សាយសារនេះដោយភ្ជាប់រូបថតពាក់អាវធំចំហឡេវនិងពាក់ម៉ាស់ផង។ លោកសរសេរផ្ដើមដោយឃ្លាថា«អ្នកភ្នំពេញរស់នៅក្នុងផ្ទះក្នុងតំបន់បិទខ្ទប់ល្អប្រសើរជាងខ្ញុំខ្លាំង»។ លោកបន្តថាស្ថានភាពពលរដ្ឋប្រសើរជាងលោកព្រោះពលរដ្ឋបានជុំគ្នាក្នុងផ្ទះខណៈដែលលោកត្រូវធ្វើចត្តាឡីស័កមិនបានជួបកូនស្រីក្នុងថ្ងៃខួបកំណើតរបស់នាង។ លោកសរសេរក្នុងន័យដើមថា៖ « បងប្អូនអ្នកនៅរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងភ្នំពេញពិតជាសំណាងជាងខ្ញុំខ្លាំងណាស់ ក្នុងកំឡុងពេលនេះ ព្រោះបងប្អូននៅមានសេរីភាពដើរហើរក្នុងផ្ទះជួបសមាជិកក្រុមគ្រួសារណាក៏បាន […..] ។ ចំណែកខ្ញុំក្រោយពីវិលត្រឡប់ពីឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៤ ខែ មេសា គឺបានយក សំណាកពិនិត្យកូវីដ - ១៩ សារជាថ្មី ហើយត្រូវនៅធ្វើចត្តាឡីស័កក្នុងបន្ទប់ម្នាក់ឯង មិនបានជួបក្រុមគ្រួសារ ជាពិសេសកូនស្រីដែលនឹងគម្រប់ ២ខួប នៅថ្ងៃទី ២៨ ខែ មេសា ខាងមុខនេះ ។
លោក ដូង តារា ជាមន្ត្រីម្នាក់ដែលនៅកៀកនឹងលោក ហ៊ុន សែន។ លោកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភពាក់នាឡិកាតម្លៃរាប់ពាន់ដុល្លារចិញ្ចៀនពេជ្រនិងរស់នៅក្នុងវីឡាដ៏ធំស្កឹមស្កៃជាមួយក្រុមគ្រួសាររបស់លោកនៅរាជធានីភ្នំពេញ។
តាមរយៈសារនេះលោក ដួង តារា លំបាកចិត្តព្រោះមិនបានជួបកូនស្រីជាទីស្រលាញ់របស់លោក។ ពលរដ្ឋរាប់ម៉ឺននាក់រស់នៅតំបន់បិទខ្ទប់វិញ ពួកគេកំពុងស្វែករកអាហារហូបចុក ទឹកដោះគោឱ្យកូនបៅ ខ្វះទឹកស្អាតប្រើប្រាស់ខ្វះទាំងថាមពល ហ្គាស ឬ ធ្យូងសម្រាប់ចំអិនម្ហូបផង។ល។
នៅម៉ោងប្រមាណ ១០ព្រឹកដំណាលគ្នានឹងពេលដែលលោក ដូង តារា ផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះ ក្នុងគ្រុបតេឡាក្រាម (Telegram) របស់គណៈកម្មាការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ គឺមានពលរដ្ឋជាច្រើននាក់ផ្ញើសារសុំជំនួយស្បៀងអាហារ។
ពលរដ្ឋម្នាក់ឈ្មោះ ផុន រតនា បានផ្ញើសារសុំជំនួយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ឈ្មោះ ផុន រតនា អាយុ ២៩ឆ្នាំ ជាកម្មកររោងចក្រ ពេលនេះរោង ចក្រត្រូវផ្អាក។ ពេលនេះនាងខ្ញុំ ពិបាកខ្លាំងដោយសារខ្វះ ស្បៀង និងថវិកា ព្រោះកំពុងមានផ្ទៃពោះ ហើយរស់នៅបន្ទប់ជួលតែម្នាកឯង គ្មានអីហូប។ ដូច្នេះសូម ស្នើ ដល់លោកប្រធានមេត្តាជួយដល់ខ្ញុំផង » ។
យ៉ាងហោចណាស់មានសារសុំជំនួយជាស្បៀងអាហារ ប្រមាណជាង ៤ម៉ឺនសារ ដែលត្រូវបានប្រជាពលរដ្ឋសរសេរនៅក្នុងគ្រុបតេឡេក្រាមរបស់គណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់។ នៅថ្ងៃទី២៦ខែមេសានេះស្ទើរជារៀងរាល់នាទីមានពលរដ្ឋម្នាក់ផ្ញើសារចូលក្រុមតេឡេក្រាមរបស់អាជ្ញាធរហើយប្រាប់ថាខ្លួនដាច់ស្បៀងនិងសុំជំនួយជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។