ទិដ្ឋភាព​ទូទៅ​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប

ដោយ មាន ឫទ្ធិ
2024.04.16
ទិដ្ឋភាព​ទូទៅ​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប ​ទិដ្ឋភាព​យុវជន​លេង​បាញ់​ទឹក លាប​ម្សៅ ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ នៅ​ក្រុង​សៀមរាប ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុករដ្ឋបាល​ខេត្តសៀមរាប

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឈាន​ចូល​ថ្ងៃ​ទី៣ គឺ​ថ្ងៃ​ទី១៥ ខែមេសា នៅ​ខេត្ត​សៀមរាប​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុន ពុំសូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​រហូត​ដល់​កក​ស្ទះ​ចរាចរ​ណ៍តាម​ដង​ផ្លូវ​នោះ​ទេ។

រីឯ​ពលរដ្ឋ​ខ្លះ​មិនសូវ​ចាប់​អារម្មណ៍​សប្បាយ​រីករាយ​នឹង​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​ទេ ​ដោយ​ពួកគាត់​មាន​កង្វល់​វិបត្តិ​សេដ្ឋកិច្ចគ្រួសារ និង​ជំពាក់​លុយ​ធនាគារ។

នៅ​ថ្ងៃ​ទី៣​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ បើ​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ទៀត សម្រុក​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប​ក្តី​ ក៏​នៅតែ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ ដែរ ខណៈ​អ្នកស្រុក​សៀមរាប​វិញ ហាក់​មិន​សូវ​សប្បាយ​ចេញ​ពី​ចិត្ត​ប៉ុន្មាន​ឡើយ​ ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប លោក ម៉ាលី សានី សង្កេត​ឃើញ​ថា ព្រឹត្តិការណ៍​ចូលឆ្នាំ នៅ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ភាគច្រើន​មក​ពី​ខេត្ត​ឆ្ងាយៗ និង​រាជ​ធានី​ភ្នំពេញ ដោយ​ពួកគេ​ដើរ​ទស្សនា​កម្សាន្ត នៅ​តាម​តំបន់​ប្រាសាទ​បុរាណ​នានា និង​ដើរ​កម្សាន្ត​​ពេល​រាត្រី​ក្នុង​ក្រុង​សៀមរាប។

រីឯ​ពលរដ្ឋ​ខ្លះ​ទៀត ជួប​ជុំ​គ្នា​ទទួលទាន អាហារ​តាម​ផ្ទះ​លក្ខណៈ​គ្រួសារ និង​ខ្លះ ទៀតទៅ​វត្ត​អារាម ដើម្បី​រៀបចំ​ពិធី​បុណ្យ​បង្សុកូល​និង​យក​ចង្ហាន់​ទៅ​វត្ត។

លោក​ថា ការ​លេង​ល្បែង​ប្រជាប្រិយ​វិញ ពលរដ្ឋ​ភាគច្រើន​ពុំសូវ​ចាប់​អារម្មណ៍​នោះ​ទេ ដោយ​ពួកគាត់​លេង​បាញ់​ទឹក ប៉ាត​ម្សៅ និង រាំ​ធុងបាស៖

លោក ម៉ាលី សានី៖ «សៀមរាប​នៅតែ​មាន​ចំនួន​អ្នក​មក​លេង​ច្រើន​ជាង​ខេត្ត​ផ្សេងៗ ។ ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មិន​សូវ​កក​ស្ទះ​ដូច​ឆ្នាំ​មុនៗ អាជ្ញាធរ​សម្រួល​ចរាចរ»

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​រៀបចំ ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​រយៈ​ពេល​៤ថ្ងៃ​ ដោយ​មាន​ចាក់​ធុង​បាស​រាំ​កម្សាន្ត​ លេង​កាំភ្លើង​ជ័រ​បាញ់​ទឹក​ លាបម្សៅ និង លេង​ល្បែង​ប្រជាប្រិយ នៅ​សួន​ច្បារ​ខាង​មុខ​រូប​សំណាក់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម។

អាជ្ញាធរ​បាន​រៀបចំ​ពិធី​តុបតែង​ភ្លើងពណ៌ និង​ប្រគំ​តន្ត្រី​សម័យ និង​ជិះ​ទូក​កម្សាន្ត នៅ​តាម​ដងស្ទឹង​សៀមរាប។

យុវតី​រស់​នៅ​ស្រុក​ស្រីស្នំ​ខេត្ត​សៀមរាប​កញ្ញា ឡូត សៅដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពិធី​បុណ្យ​ជាតិ​ឆ្នាំ​នេះ ថ្វី​ដ្បិត​តែ​អាជ្ញាធរ​រៀបចំ​ពិធី​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ដោយមាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​យ៉ាង​ណា​ក្ដី ក៏​ពលរដ្ឋ​មួយ​ចំនួន​ពុំ​សូវ​មាន​សេដ្ឋកិច្ច​ធូរធារ​ចាយ​វាយ​នោះ​ទេ ដោយ​ពួក​គាត់​ភាគ​ច្រើន​ជំពាក់​បំណុល​ធនាគារ។

កញ្ញា​បន្ថែម​ថា ពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង​ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​សោហុយ​ ធ្វើ​ដំណើរ​មក​លេង​ស្រុក​កំណើត៖

កញ្ញា ឡូត សៅដា៖ «អ្នក​ខ្លះ​រអ៊ូ​ជំពាក់​បំណុល​ធនាគារ​ និង​ខ្លះ​ទៀត​ខ្វះ​សោហ៊ុយ​មក​ផ្ទះ និង​ខ្វះ​ថវិកា​ផ្សេងៗ ធ្វើ​ពិធី​បុណ្យ​ទាន រដូវ​កាល​ចូល​ឆ្នាំ។

អភិបាលខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​ចូលរួម​បើក​ព្រឹត្តិការណ៍ «សៀមរាប​សង្ក្រាន្ត» ដោយ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​ថា ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ជា​ព្រឹត្តិការណ៍​បន្ត​វេន​ពី​មហា​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ដើម្បី​រឹត​ចំណង​មិត្តភាព​សាមគ្គីភាព​រវាង​ប្រជា​ជាតិ​ខ្មែរ និង​ប្រជា​ជាតិ​លើ​សកល​លោក​ តាម​រយៈ​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ ដើម្បី​ពង្រីក​កិត្យានុភាព​ជាតិ​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

យុវជន​ម្នាក់ទៀត​រស់​នៅ​ក្រុង​សៀមរាប លោក ប៊ុន សាវង្ស សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ពុំសូវ​ចាយ​វាយ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​នោះ​ទេ ហើយ​ការ​លក់​ដូរ​តាម​ដង​ផ្លូវ​ក៏​ពុំ​សូវ​លក់ដាច់​ដែរ។ រីឯ​តាម​វត្ត​អារាម​នានា​ភាគ​ច្រើន​ក៏​ពុំសូវ​មាន​មនុស្ស​ទៅ​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​ដែរ ដោយ​ពលរដ្ឋ​ច្រើនតែ​ចួប​ជុំ​គ្នា​ជប់​លៀង​តាម​ផ្ទះ​ និង​រាំង​ធុងបាស៖

លោក ប៊ុន សាវង្ស៖ «អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ នៅ​សៀមរាប មាន​តែ​បាញ់​ទឹក និង​លាប​ម្សៅ ។ ពលរដ្ឋ​ខ្លះ​មិន​សូវ​ចាប់​អារម្មណ៍​ចូល​ឆ្នាំ​ទេ ដោយ​កន្លែង​ក្រុមហ៊ុន​គាត់​ផ្តល់​ប្រាក់​កម្រៃ​ឱ្យ​គាត់ គុណ​នឹង ២»

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​កំណត់​ទីតាំង ៣ កន្លែង ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​នៅ​តំបន់​សួនច្បារ​ព្រះរាជ​ដំណាក់ ដោយ​មាន​ពិធី​បួងសួង ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ដង្ហែ​ព្រះពុទ្ធ​បដិមា​ ស្រង់​ព្រះ ពិធី​សម្ដែង​សិល្បៈ​បុរាណ លែង​ល្បែង​ប្រជាប្រិយ តាំង​ពិព័រណ៍ បង្ហោះ​ខ្លែង​ឯក​ខ្មែរ និង​បង្រៀន​ធ្វើ​ខ្លែង​ជា​ដើម។

រីឯ ២ទីតាំង​ទៀត ស្ថិត​នៅ​តាម​ដងស្ទឹង​សៀមរាប​មាន​ពិធី​ជិះ​ទូក​កម្សាន្ត ដង្ហែក្បួន ស្តង់​ពិព័រណ៍​ម្ហូប​អាហារ ការ​ប្រគំ​តន្ត្រី​ស្គរដៃ កម្ម​វិធី​ពូន​ភ្នំខ្សាច់ និង​កម្មវិធី​បង្ហាញ​យន្តហោះ​ដ្រូន (Drone) ៥០០គ្រឿង​នា​ពេល​រាត្រី។

ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ ពលរដ្ឋ​បាន​តុបតែង​លំអ​ផ្ទះ​សម្បែង ដើម្បី​អបអរសាទរ​ទេវតា​ឆ្នាំ​ថ្មី​រយៈ​ពេល ៤ថ្ងៃ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ខែមេសា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។