ពលរដ្ឋចំនួន៥ឃុំ នៅខេត្តបាត់ដំបងនៅតែជម្នះទាមទារឱ្យក្រសួងមហាផ្ទៃ ដកតំណែងអភិបាលស្រុកឯកភ្នំ
2024.06.07
ប្រជាពលរដ្ឋចំនួន ៥ឃុំ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្តទាមទារឱ្យក្រសួងមហាផ្ទៃ ដកអភិបាលស្រុកឯកភ្នំ ចេញពីតំណែង ដោយពួកគាត់អះអាងថា អភិបាលស្រុករូបនេះ ដឹកនាំឱ្យមានអំពើពុករលួយ គាបសង្កត់ពលរដ្ឋ និងលក់សម្បត្តិសាធារណៈ។ សំណើនេះ ធ្វើឡើងបន្ទាប់ពី ពលរដ្ឋ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ កាលពីដើមខែមេសា រួចទៅហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
ប្រជាពលរដ្ឋចំនួន ៥ឃុំ ស្ថិតនៅស្រុកឯកភ្នំ មានទាំងកសិករ ប្រជានេសាទ និងអ្នករកស៊ីជំនួញ ជួញដូរផងនោះ កើតទុក្ខ មិនសុខចិត្ត ដ្បិតពួកគាត់ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ទាមទារឱ្យដកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ចេញពីតំណែង។ ប៉ុន្តែសំណើរបស់ពួកគាត់មិនបានសម្រេចឡើយ ហើយបែរជាត្រូវអភិបាលស្រុករូបនេះ ធ្វើការសងសឹក តាមរយៈការគំរាមកំហែង ប្ដឹងទៅតុលាការបង្ខំឱ្យដកពាក្យបណ្ដឹង និងសុំទោសទៅវិញ។
ពលរដ្ឋនៅឃុំព្រៃចាស់ស្នើឱ្យដកអភិបាលស្រុកឯកភ្នំ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព រៀបរាប់ថា មូលហេតុដែលនាំឱ្យមានការទាមទារ ដកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ចេញពីតំណែង ដោយសារអភិបាលស្រុករូបនេះ បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោម យកថ្នាំបាញ់សម្លាប់ស្រូវរបស់ពួកគាត់ អស់ជាច្រើនហិកតារ កាលពីខែកុម្ភៈ ដោយអាជ្ញាធរចោទថា ធ្វើស្រែលើដីតំបន់៣។ លោកស្រីបន្តថា ចំណាត់ការរបស់អភិបាលស្រុកឯកភ្នំ នៅពេលនោះ គ្មានមនុស្សធម៌នោះទេ ទោះបីពលរដ្ឋលុតជង្គង់ និងលើកដៃសំពះអង្វរ សុំពន្យារពេល ចាំដល់ប្រមូលផលហើយ យ៉ាងណាក៏ដោយ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «មេភូមិ មេឃុំអី គេអត់កាន់ជើងប្រជាពលរដ្ឋទេ គេឱ្យប្រជាពលរដ្ឋឡើងមកតែប៉ុន្មាននាក់ហ្នឹង។ ខ្ញុំមើលទៅ សកម្មភាពគាត់ធ្វើអ៊ីចឹង ហាក់ដូចជាការសងសឹកមកលើប្រជាពលរដ្ឋ។ បើពលរដ្ឋរាយមងសន្ទូច មិនឱ្យពង្រាយផង តើគ្នាបានកន្លែងណាពង្រាយ? អ៊ីចឹងឱ្យពលរដ្ឋនៅខាងទន្លេហ្នឹង រកស៊ីអីវិញ»។
លោកស្រីបន្តថា បន្ទាប់ពីបាញ់សម្លាប់ស្រូវរបស់កសិករហើយ អភិបាលស្រុកឯកភ្នំ ក៏មានទំនាក់ទំនងជាមួយមន្ត្រីជលផល និងបញ្ជាឱ្យចុះទៅទារលុយពីប្រជានេសាទផងដែរ ហើយបើប្រជានេសាទ មិនព្រមបង់លុយនោះទេ ពួកគេនឹងត្រូវរងការចោទប្រកាន់ថា នេសាទខុសច្បាប់។
ពលរដ្ឋម្នាក់ទៀត នៅតំបន់អាងភាស ក្នុងឃុំពាមឯកទាមទារដកតំណែងអភិបាលស្រុក សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ប្រាប់ថា ចាប់តាំងពី លោក ម៉ិល សុផល មកកាន់តំណែង ជាអភិបាលស្រុកឯកភ្នំ ជិត ១០ឆ្នាំកន្លងមកនេះ កសិករនៅតំបន់អាងភាស បានរងទុក្ខវេទនា ដោយសារអភិបាលស្រុក បានបញ្ជាឱ្យបិទទ្វារទំនប់ទឹក នៅពេលដែលកសិករខ្វះទឹកធ្វើស្រែ និងបើកទ្វារទឹក ពន្លិចស្រូវរបស់ពលរដ្ឋ នៅពេលជិតដល់ពេលច្រូតកាត់ ដែលធ្វើឱ្យកសិករ ទឹកភ្នែករាល់ឆ្នាំ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «រឿងនេះ បើនិយាយទៅ មិនមែនជារឿងគណបក្សនយោបាយអ្វីនោះទេ នេះគឺជារឿងក្ដៅក្រហាយ ដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើស្រែមិនកើត។ យើងដើរផ្ដិតមេដៃ សុទ្ធតែលួចលាក់ មិនមែនចេះតែផ្ដិតបាននោះទេ។ នៅក្នុងអាងហ្នឹង មានរឿងរ៉ាវច្រើនណាស់។ គំរាមសព្វបែបសព្វយ៉ាង ហៅទៅធ្វើកិច្ចសន្យា ឈប់ឱ្យតវ៉ារឿងការរស់នៅទីហ្នឹង។ បើភាគីក្រសួងមិនដោះស្រាយឱ្យ យើងមានតែឡាយវីដេអូ ព្រោះវាស្ងាត់ អ៊ីចឹងមានតែស្នើសុំតាមការឡាយវីដេអូនេះឯង»។
កសិកររូបនេះ បន្តថា អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល មិនយកចិត្តទុកដាក់ ចំពោះសុខទុក្ខពលរដ្ឋនោះទេ ដោយលោកខ្វល់ខ្វាយតែទៅលើអាជីវកម្ម កាយដីបឹងអាងភាស និងបឹងរលួស ដែលជាសម្បត្តិរបស់រដ្ឋ លក់ឱ្យក្រុមហ៊ុនដីឡូត៍តែប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ ខែមេសា ពលរដ្ឋទាំង៥ឃុំ រួមមាន មាន ឃុំពាមឯក ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ឃុំព្រែកខ្ពប និងឃុំព្រៃចាស់ បានប្រមូលស្នាមមេដៃ និងដាក់ពាក្យបណ្ដឹង ទៅក្រសួងមហាផ្ទៃ ឱ្យដកលោក ម៉ិល សុផល ចេញពីតំណែងអភិបាលស្រុកឯកភ្នំ។ លុះក្រោយមក មន្ត្រីអធិការកិច្ច របស់ក្រសួងមហាផ្ទៃ បានចុះមកជួបពលរដ្ឋ កាលពីថ្ងៃទី៧ ខែឧសភា ដោយបាននិយាយបញ្ចុះបញ្ចូលពលរដ្ឋ កុំឱ្យប្ដឹងដកតំណែងអភិបាលស្រុកឯកភ្នំ និងទុកឱកាសឱ្យអភិបាលស្រុករូបនេះកែខ្លួន។
ទោះជាបែបនេះក្ដី ពលរដ្ឋឃុំទាំង៥ មិនទទួលបានដំណឹងស្ដីពីការសម្រេចរបស់ក្រសួងមហាផ្ទៃ នោះឡើយ ហើយប៉ុន្មានថ្ងៃក្រោយមក អាជ្ញាធរមូលដ្ឋាន បានប្រកាសដាក់មេក្រូតាមកាណូត និងហៅប្រជាពលរដ្ឋដល់ផ្ទះ ឱ្យទៅជួបអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ដើម្បីសុំទោស និងដកពាក្យបណ្ដឹង បើមិនដូច្នេះទេ លោក នឹងប្ដឹងពលរដ្ឋទៅតុលាការវិញ។ តែយ៉ាងណា ពលរដ្ឋដែលមានឈ្មោះនៅក្នុងពាក្យបណ្ដឹង នៅតែប្រកាន់គោលជំហរ មិនទៅជួបលោក ម៉ិល សុផល ដើម្បីសុំទោសតាមការបង្ខំរបស់អាជ្ញាធរឡើយ។
មិនបង្អង់យូរនោះទេ លោក ម៉ិល សុផល បានប្ដឹងពលរដ្ឋចំនួន ១៧គ្រួសារ នៅស្រុកឯកភ្នំ ដែលមានឈ្មោះប្ដឹងលោក ពីបទចូលនេសាទក្នុងដែនអភិរក្សអតីតនេសាទឡូត៍លេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ដោយខុសច្បាប់។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី៦ ខែមិថុនា។
យ៉ាងណាក៏ដោយចុះ មន្ត្រីរដ្ឋបាលឃុំព្រែកហ្លួង ម្នាក់ ថ្លែងក្នុងលក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ និងសំឡេង ទទួលស្គាល់ថា អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ពិតជាបានប្រព្រឹត្តិអំពើពុករលួយ និងបើកឱ្យបក្ខពួករបស់លោក រកស៊ីកាយដីបឹងលក់ពិតប្រាកដមែន។ មន្ត្រីរូបនេះ ទម្លាយប្រាប់ថា ក្រសួងមហាផ្ទៃបានសម្រេចរក្សាទុកតួនាទីជាអភិបាលស្រុក របស់លោក ម៉ិល សុផល ឱ្យនៅដដែល ហើយមូលហេតុ នៅពីក្រោយ នៃសម្រេចនេះ គឺដោយសារមានការចរចាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដោយមាននាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក សេង ទៀង បានចេញមុខនិយាយការពារ លោក ម៉ិល សុផល ដោយលើកហេតុផលថា អភិបាលស្រុករូបនេះ បានកាន់តំណែងជិត ១០ឆ្នាំមកហើយ គឺនៅសល់តែ ២ឆ្នាំទៀតប៉ុណ្ណោះ លោកនឹងត្រូវផុតអាណត្តិ ហើយបើសិនជាមានការដកតំណែង តាមការទាមទាររបស់ពលរដ្ឋមែននោះ នឹងធ្វើឱ្យប៉ះពាល់ដល់ផ្ទៃក្នុងគណបក្សជាមិនខាន។
ផ្ទុយពីការបកស្រាយរបស់មន្ត្រីបក្សកាន់អំណាចបែបនេះ ប្រជាពលរដ្ឋទាំង ៥ឃុំ លើកឡើងថា ការសម្រេចរបស់មន្ត្រីក្រសួងមហាផ្ទៃ បែបនេះ គឺជាភាពអាត្មានិយមរបស់មន្ត្រីរដ្ឋាភិបាល ដែលគិតតែពីផលប្រយោជន៍បក្ស ជាងទុក្ខវេទនាពលរដ្ឋ និងជាបើកផ្លូវឱ្យអភិបាលស្រុកឯកភ្នំ រូបនេះ ប្រើអំណាចជិះជាន់ គាបសង្កត់ និងសងសឹកមកលើពួកគាត់។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋ ដើម្បីប្រឆាំងភាពអយុត្តិធម៌សង្គម គឺមិនខុសច្បាប់នោះទេ។ លោកបន្តថា ការស្នើឱ្យដកតំណែងអភិបាលស្រុករូបនេះ គឺជាការបង្ហាញពីគំរូភាពនៃការសាមគ្គីរបស់ពលរដ្ឋ នៅពេលពួកគាត់លែងមានជំនឿ និងអស់សង្ឃឹមលើការដឹកនាំរបស់មន្ត្រីរដ្ឋាភិបាល។
លោក អ៊ិន គង់ជិត៖ «សុំស្នើឱ្យមន្ត្រីអធិការកិច្ចហ្នឹងត្រូវប្រកាន់ខ្ជាប់នូវជំហរអព្យាក្រឹត្យ មិនលម្អៀង ហើយត្រូវយកគោលការណ៍ច្បាប់ជាធំ បទបញ្ជាផ្ទៃក្នុងជាធំ ត្រូវតែធ្វើការស៊ើបអង្កេតស្រាវជ្រាវសំណុំរឿងដែលប្រជាពលរដ្ឋបានលើកឡើងឱ្យបានគ្រប់ជ្រុងជ្រោយ ហើយស្វែងរកភស្តុតាងដទៃៗទៀត ដើម្បីឱ្យមានជាព័ត៌មានពេញលេញ ហើយរំលេចឱ្យឃើញថា តើគាត់(អភិបាលស្រុកឯកភ្នំ) មានកំហុស ឬក៏អត់មានកំហុស។ ហើយបើមានកំហុសហើយ ថ្នាក់លើត្រូវតែហ៊ានវះកាត់»។
ពលរដ្ឋលើកឡើងថា ពួកគាត់មានការសោកស្ដាយ ដែលបានបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានបេក្ខជនដូចលោក ម៉ិល សុផល មកដឹកនាំសហគមន៍របស់ពួកគាត់។ ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ដល់ដំណាក់កាលនេះទៅហើយ ទោះបីអាជ្ញាធរមូលដ្ឋានមិនជួយការពារពួកគាត់ក៏ដោយ ក៏ពួកគាត់នឹងមិនចុះញ៉មឡើយ ហើយពួកគាត់នឹងលើកគ្នាតវ៉ា ដល់ស្ថាប័នដឹកនាំកំពូល ឱ្យដកតំណែងអភិបាលស្រុកនេះឱ្យទាល់តែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។