សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ក្រោយ​ពី​បាន​ចូល​រួម​តវ៉ា​ឱ្យ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ

ហេង រស្មី
2020.12.24
សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ក្រោយ​ពី​បាន​ចូល​រួម​តវ៉ា​ឱ្យ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ លោក​ ប៉ែន ច័ន្ទ​សង្គ្រាម​ សកម្មជន​គណបក្ស​នៅ​ខណ្ឌ​ដូន​ពេញ​ ក្រុង​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ថ្ងៃ​ទី​ ២៤​​ធ្នូ​ ២០២០។
រូបថត៖​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក​ ហូ​ វ៉ាន់​ មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចាប់​ខ្លួន​ លោក​ ប៉ែន ច័ន្ទ​សង្គ្រាម​ សកម្មជន​គណបក្ស​នៅ​ខណ្ឌ​ដូន​ពេញ​ ក្រុង​ភ្នំពេញ​ ដោយ​គ្មាន​ដីកា​។​

លោក​ ហូ វ៉ាន់​ សង្ស័យ​ថា​ ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អាច​ជាប់​ទាក់​ទង​ការ​រិះ​គន់​របស់​លោក​កន្លង​មក​ចំពោះ​ការ​ដឹក​នាំ​របស់​របប​ក្រុង​ភ្នំពេញ​ និង​ ​ការ​ចូល​រួម​តវ៉ា​ដើម្បី​ឱ្យ​ តុលាការ​ដោះ​លែង​សកម្មជន​គណបក្ស​ និង​សកម្មជន​ព្រំ​ដែន​ ចេញ​ពី​ពន្ធនាគារ៖​«ពី​ព្រោះ​មុខ​សញ្ញា​គាត់​ហ្នឹង​ពី​មុន​គេ​អត់​ចាប់​ទេ​។ គេ​ឱ្យ​គាត់​ចូល​ខ្លួន​ទៅ​បំភ្លឺ​ ហើយ​យើង​ទាំង​អស់​គ្នា​យល់​ហើយ​ថា​ ទៅ​បំភ្លឺ​គេ​ចាប់​ហើយ​ ដោយ​សារ​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ​ ដល់​អញ្ចឹង​រឿង​ហ្នឹង​ក៏​គេច​ខ្លួន​ទៅ​បន្ទាយ​មាន​ជ័យ​ខ្ញុំ​ស្មាន​តែ​គាត់​ទៅ​ថៃ​។​ដល់​សួរ​ជនភៀសខ្លួន​នៅ​ថៃ​ ថា​ អត់​ឃើញ​គាត់​ទៅ​ទេ។»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អគ្គស្នងការ​រង​ និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​ ដើម្បី​សុំ​បំភ្លឺ​អំពី​រឿង​នេះ​ តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ។​

​​លោក​ ប៉ែន ច័ន្ទសង្គ្រាម​ សកម្មជន​គណបក្ស​នៅ​ខណ្ឌ​ដូន​ពេញ​ ក្រុង​ភ្នំពេញ​ កាល​ពី​ពេល​ថ្មី​ៗ​ នេះ​បាន​រិះ​គន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​អយុត្តិធម៌​ក្នុង​សង្គម​ វត្តមាន​ជនជាតិ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ និង​ ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​។

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក អាជ្ញាធរ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម អ្នកសារព័ត៌មាន អ្នកឃ្លាំមើល​ព្រំដែន អ្នកចម្រៀង​រិះគន់​សង្គម​ជិត​ហាសិប (៥០)​នាក់​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ថា ពួកគេ​ជេរប្រមាថ​រដ្ឋាភិបាល រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។