ប៉ូលិស​សង្កាត់​ស្ទឹងមានជ័យ១ឃាត់ខ្លួន​យុវជន ៦នាក់​ រឿងប្រមូល​ស្នាមមេដៃពលរដ្ឋដាក់​ញ្ញត្តិសុំដំណោះស្រាយ​វិបត្តិ​​កូវីដ១៩

ដោយ សុជីវី
2021.03.25
ប៉ូលិស​សង្កាត់​ស្ទឹងមានជ័យ១ឃាត់ខ្លួន​យុវជន ៦នាក់​ រឿងប្រមូល​ស្នាមមេដៃពលរដ្ឋដាក់​ញ្ញត្តិសុំដំណោះស្រាយ​វិបត្តិ​​កូវីដ១៩ សមាគមស្ត្រីដើម្បីសង្គមត្រូវបានអាជ្ញាធររដ្ឋបាលខ័ណ្ឌស្ទឹងមានជ័យ១ ហៅទៅធ្វើកិច្ចសន្យា ក្រោយពីចុះប្រមូលស្នាមមេដៃធ្វើយុទ្ធនាការ ៤សុំ។
រូប៖ ហ្វេសប៊ុក សមាគមស្ត្រីដើម្បីសង្គម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

យុវជន​ទាំង ៦នាក់ដែល​ត្រូវ​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ១ ឃាត់​ខ្លួន​នោះ ​រួម​មាន ​ប្រធាន​សមាគម​ស្រ្តីដើម្បី​សង្គម កញ្ញា កែវ ទិត្យលីដា និង​សមាជិក ៥នាក់​ទៀត​ នៃ​សមាគម​នេះ។

ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ស្រ្តី ដើម្បី​សង្គម លោក យាន រក្សា ប្រាប់​អាស៊ីសេរី​នៅ​យប់​ថ្ងៃទី២៤ ខែ​មីនា​ ថា ខាង​អាជ្ញាធរ​ឃាត់ខ្លួន​យុវជន​ ៣​នាក់ ​នៅ​ពេល​ពួកគេ​ចុះប្រមូលស្នាមមេដៃពលរដ្ឋកាលពីរសៀលថ្ងៃដដែល។ បន្ទាប់​មក​យុវជន ​២​នាក់​ ទៀត និង​ប្រធាន​សមាគម​បាន​ទៅ​ជួយ​ចរចាដោះស្រាយ​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​បែរជាត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ទាំង​អស់។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ដោះលែង​ពួកគេ​មកវិញ ព្រោះ​គេ​មិន​បាន​ធ្វើ​អ្វី​ល្មើស​ច្បាប់​ឡើយ៖ «គាត់គ្រាន់តែយកគំរូញ្ញតិគាំទ្ររបស់​ពលរដ្ឋ ដើម្បី​ស្នើអោយ​មាន​ការលើលលែងទឹកភ្លើង រយៈពេល ៣ខែ នោះ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ខ្ញុំជឿជាក់​ថា ចង់មិនចង់​ក្មេងៗដែលជាយុវជន​​ហើយ​មិន​មាន​ប្រាក់បៀរវត្សរ៍ទៀត​​នៅ​ក្នុង​សមាគម​នេះ​ខ្ញុំជឿជាក់ថា ​ពួកគាត់​ប្រាកដជារអា​ចំពោះ​ការជួយ​សង្គម​ទៅថ្ងៃក្រោយ​ហើយ។​ នេះ​ជាអ្វី​ដែលខ្ញុំបារម្ភ​ថា តើ​ធនធានសង្គម​កម្ពុជា​ទៅថ្ងៃក្រោយ ​វាទៅជា​យ៉ាងណា​ប្រសិន​បើពួកគាត់ពន្លកម៉ោមិនទាន់បានអីផង​ទទួល​បាន​ការគំរាមកំហែង​ទទួល​បាន​គំនាប​គាបសង្កត់​ពី​ទម្រង់ច្បាប់ផ្សេងៗ។ សំនួរ​ដែលចោទ​នោះ​ ថាតើកន្លែងច្បាប់កន្លែង​ណាថាពួកគាត់ខុស? អត់មាន ប៉ុន្តែ​បែរជាបង្ខាំង​ពួកគាត់​មិន​អោយ​មកផ្ទះ»។

លោក រក្សា ឱ្យដឹង​ទៀត​ថា ប៉ូលីស​សង្កាត់​បាន​សាកសួរ​អ្នកទាំង ៦នាក់​ នោះ និង​បាន​ឱ្យពួកគេ​ធ្វើ​កិច្ចសន្យា​ទទួល​កំហុស​ថា បាន​ចុះ​ប្រមូល​ស្នាមមេដៃ​ពលរដ្ឋ ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ជាថ្នូរ​ថា នឹងការ​ដោះលែង​ពួកគេវិញ។ ប៉ុន្តែ​ក្រោយ​ពីប្រធានសមាគម​ស្រ្ដី​​ដើម្បី​សង្គម គឺ​កញ្ញា កែវ ទិត្យលីដា បាន​ចុះហត្ថលេខា​ទទួល​កំហុស​នោះ​ ក៏​ប៉ូលីស​មិនទាន់​ដោះលែង​ពួកគេ​ដដែល គឺតម្រូវអោយពួគេស្នាក់នៅ​ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១យប់សិន។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ស្នងការនគរបាល​រាជធានីភ្នំពេញលោក សានសុខសីហា ដើម្បី​សាកសួរ​ពី​ការឃាត់ខ្លួន​ក្រុមយុវជន​នេះ ប៉ុន្តែ​ទូរស័ព្ទ​គ្មានអ្នកទទួល។

ក្រុមយុវជន​ធ្វើយុទ្ធនាការ​ ៤សុំ កាលពីថ្ងៃទី២៤ ខែមីនា បាន​បង្ខំចិត្តបញ្ឈប់គម្រោង​ហែក្បួនដាក់​ញ្ញតិ​ទៅ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារ​សាលាក្រុង​ហាមឃាត់​ក្រោម​ហេតុផល​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ-១៩។ ក្រុមនេះ​សម្រេច​ថា ​នឹង​មាន​មនុស្ស​តែ​ម្នាក់​យក​ញ្ញតិ​ទៅដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ថ្ងៃទី២៦ ខែមីនា ​ខាងមុខនេះវិញ។ ញត្តិនោះ​មាន​សំណូមពរ និង​ស្នាម​មេដៃ​ពលរដ្ឋ​ជិត​២០០នាក់ ដែលអះអាងថា ពួកគេ​ជួប​ការលំបាក​ក្នុង​ជីវភាព​ដោយសារ​វិបត្តិជំងឺកូវីដ-១៩។ ពួកគេ​ស្នើសុំ ៤ ចំណុចទៅលោក ហ៊ុន សែន គឺសុំ​អន្តរគមន៍​លើកលែង​ថ្លៃទឹកភ្លើង​ចំនួ​៣ខែ រក្សាតម្លៃ​ប្រេងសាំងឱ្យ​នៅ​ក្រោម​៣០០០​រៀល​ក្នុង​១លីត្រ លើកលែង​ការសងប្រាក់​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​បញ្ចុះតម្លៃបន្ទប់ជួល​ពាក់កណ្តាល​ក្នុង​រយៈពេល ៣ខែ។

ទាក់ទង​នឹង​យុទ្ធនាការ​ ៤សុំ និង​គម្រោង​ការដាក់ញ្ញតិ​ដោយក្រុមយុវជន​នេះ អ្នកនាំ​ពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន​ ធ្លាប់បាន​ប្រាប់សារព័ត៌មាន​ក្នុង​ស្រុកថា​ទង្វើ​របស់​យុវជន​នេះ​ជាសកម្មភាពខុសច្បាប់ និង​ស្នើ​ឱ្យបញ្ឈប់សកម្មភាព​នេះវិញ។

តែទោះជាយ៉ាងណា ​អ្នកសម្របសម្រួល​ផ្នែក​តស៊ូមតិនៃអង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស មើលឃើញ​ថា​ អាជ្ញាធរ​គួរតែពិចារណាដោះលែង​ពួកគេវិញ ព្រោះ​ពុំមានច្បាប់​ណាមួយ រួមទាំង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​តម្រូវ​ឱ្យសមាគម​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ទៅសុំ​ការអនុញ្ញាតិ​ពី​ក្រសួងមហាផ្ទៃ នៅ​ពេល​ចុះ​អនុវត្ត​ការងារ​នៅ​តាម​មូលដ្ឋាន​ឡើយ។ លោក​ថា​ ចំពោះ​ការស្នើសុំ​របស់​ពលរដ្ឋ​ឱ្យរដ្ឋាភិបាល​ជួយដោះស្រាយ​បញ្ហា​ការលំបាក​ក្នុង​ជីវភាព​ទៀតសោត ​ក៏​ជាសិទ្ធិសេរីភាព​របស់​ពលរដ្ឋ ដូចមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ៖ «កាលណាទៅបង្ខំអោយគាត់ធ្វើកិច្ចសន្យាឈប់ធ្វើហ្នឹង​ទៀត​អាហ្នឹង​វាហួសសម័យ​ហើយ។ វាមិនមែន​ជាសម័យ​មួយដែល​យើង​និយាយ​ថា​ជាអង្គការ​ដៃគូ​ជួយគ្នា​ទេអាហ្នឹង។ ​ធ្វើ​អ៊ីញ្ចឹង​វាទៅជាសេរីភាព​មួយដែល​វាបាត់ទៅហើយ។ យើង​ថាអនុវត្តតាមច្បាប់សមាគម ឬ​អង្គការ សមាគម ម៉េចបាន? បើយើង​ថាទាល់តែមាន​ការអនុញ្ញាត​អ៊ីចឹង ហើយអាជ្ញាធរ​អត់​គោរពទៅតាមច្បាប់ហ្នឹង​ចឹង ហើយក្រសួងមហាផ្ទៃលោកចេះតែលើកឡើង​ថា​អត់មាន​បញ្ហាហ្នឹងទេ។ អ៊ីញ្ចឹង​វាទៅ​ជារឿង​បញ្រ្ចាស់គ្នា។ ខ្ញុំសង្ឃឹមថា​អាជ្ញាធរ​នឹង​ពិនិត្យ​បញ្ហា​ហ្បឲនឹង​ឡើងវិញ ដើម្បី​អោយ​យើង​គោរព​តាម​គោលការណ៍​ច្បាប់ ហើយ​បើមាន​ខុសឆ្គង​ធ្ងន់ធ្ងរ​គួរតែ​គ្រាន់តែណែនាំ​ទៅ ឬ​ក៏​រក​វិធីសាស្រ្ត ដោះស្រាយ​ស្ថានភាព​ហ្នឹង»។

ក្រុមយុវជន​បាន​ចាប់ផ្ដើម​យុទ្ធនាការ ៤សុំ​ រយៈពេល​ជាង ​១០ថ្ងៃ មកហើយ ដោយ​សម្ភាស​អ្នកដែល​បាត់បង់​ការងារធ្វើ និង​អ្នកមានចំណូលធ្លាក់ចុះ​នៅ​ក្នុង​ពេល​វិបត្តជំងឺកូវីដ-១៩​កាន់តែធ្ងន់ធ្ងរ​ក្រោយ​មាន​ករណី​ឆ្លងចូលសហគមន៍​ជាលើកទី៣​ថ្ងៃ​ទី២០​កុម្ភៈ ផលិតជាវីដេអូ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក។ លើសពីនេះ​ពួកគេ​ប្រមូល​ស្នាមមេដៃពលរដ្ឋ ដែល​ចូលរួមយុទ្ធនាការនេះ ដើម្បី​ដាក់សំណើ​សុំ​អន្តរាគមន៍​ផ្ដល់ដំណោះស្រាយ​ពី​លោក ហ៊ុន សែន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។