តុលាការ​បាន​​កាត់ទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​មួយ​ឆ្នាំ​​ពី​បទ​ប្រឆាំង​​​នឹង​​​ការ​​អនុវត្ត​​ការងារ​​សាធារណៈ​

ដោយ អាស៊ីសេរី
2021-04-18
Share
តុលាការ​បាន​​កាត់ទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈពេល​មួយ​ឆ្នាំ​​ពី​បទ​ប្រឆាំង​​​នឹង​​​ការ​​អនុវត្ត​​ការងារ​​សាធារណៈ​ យុវជនឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានតុលាការ​កាត់ទោស​ដាក់ពន្ធនាគារ​​រយៈពេល​មួយ​ឆ្នាំ​​ពី​បទ​ប្រឆាំង​​​នឹង​​​ការ​​អនុវត្ត​​ការងារ​​សាធារណៈ​។
រូប៖ ហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ។

​បុរសម្នាក់​នៅ​ខណ្ឌទួលគោក ក្រុងភ្នំពេញ ឈ្មោះ ដារ៉ា​ រ័ត្នសុគន្ធ អាយុ ២៧ឆ្នាំ ត្រូវ​សារព័ត៌មាន​ហ្រ្វេសញូចុះផ្សាយ​កាលពីថ្ងៃទី១៨​ ខែមេសា​ថា ​​តុលាការ​បាន​​កាត់ទោស​គាត់​​ភ្លាមៗ ឲ្យជាប់​ពន្ធនាគារ​​មួយឆ្នាំពី​បទ​ប្រឆាំង​​នឹង​​ការ​អនុវត្ត​ការងារ​​សាធារណៈ ក្រោយពី​​បុរសរូបនេះរងការ​ចោទ​ប្រកាន់​ថា បាន​យក​កូន​កាំបិទ​កាត់ខ្សែ​​របាំង ​​ដែល​អាជ្ញាធរ​ឃាំងការ​ធ្វើដំណើរ​របស់​ពលរដ្ឋក្នុង​មូលដ្ឋាន​របស់គាត់។

អាស៊ីសេរី​មិន​ទាន់អាច​សុំការ​បំភ្លឺពី​​អគ្គស្នងការ​រង ​និង​​ជា​​អ្នកនាំពាក្យ​​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិលោក ឆាយ គឹមខឿន ឬ​តុលាការ​ជុំវិញរឿងនេះ​បាននៅ​ឡើយ​ទេ មក​ដល់​ត្រឹម​ម៉ោង​ផ្សាយនេះ។

នៅ​ថ្ងៃម្សិលមិញ​នេះដែរ​ អាជ្ញាធរក្រុង​ភ្នំពេញ​ បាន​ចាប់​ផ្តើម​ពិន័យ​ធ្ងន់កដល់អ្នក​ដែល​ល្មើសបម្រាម​ពេល​បិទខ្ទប់ទីក្រុង។ នៅ​ក្នុង​សេចក្តីសម្រេច​ដែល​មាន​កម្រាស់​បី​ទំព័រ និង​​មាន ៧ ប្រការ ចេញកាលពីថ្ងៃទី១៨ ខែមេសា និង​ចូលជាធរមាន​ភ្លាម អាជ្ញាធរក្រុង​នឹង​​ពិន័យ​បុគ្គល​ទាំង​ឡាយ​ណា ដែល​មិន​គោរព​​វិធាន​ការ​​រដ្ឋាភិបាល និង​វិធានការ​រដ្ឋបាល​ក្រុងភ្នំពេញ ដែលបានដាក់ចេញ​កន្លងមក ជុំវិញការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ និង​​ក្រុង​តាខ្មៅ​នោះ។

អ្នកដែល​បំពាន​វិធានការ​ទាំងនេះគឺ នឹង​​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី ២លាន៥សែនរៀល (ឬ ៦២៥ដុល្លារ) ដល់ ៥លានរៀល (ឬ ១.២៥០ដុល្លារ)។ បម្រាមទាំងនោះរួមមាន​ ដូចជា ​រឹតត្បិត​ការ​ធ្វើដំណើរ​ចេញ​ពី​ផ្ទះ ហាមការ​ជួបជុំ ឬប្រមូលផ្តុំ ហាមឃាត់​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម ហាមឃាត់ការ​ធ្វើដំណើរ​ចេញ​ចូលតំបន់​ផ្ទុះ​ជំងឺ​កូវីដ-១៩ និងបម្រា​ម​គោចរ ដែលមិនអ​នុញ្ញា​ត​ឲ្យ​ធ្វើដំណើរ​ពី​ម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺជាដើម។ សាលា​ក្រុង​ទុក​ពេល​ឲ្យ ៣០ថ្ងៃ សម្រាប់​បង់ប្រាក់​ពិន័យនេះ។ បើហួសរយៈពេលនេះ ជនប្រព្រឹត្តមិន​បាន​បង់ប្រាក់​តាមកាលកំណត់ នគរបាល​យុត្តិធម៌ ត្រូវ​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ។

សេចក្តីសម្រេច​បន្ថែមថា ក្នុងករ​ណី​ដែល​អំពើល្មើសនេះ ធ្វើឲ្យឆ្លង​ជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬ​បង្កឲ្យមាន​បញ្ហា​សុខភាព​សាធារណៈ​ បុគ្គលល្មើស​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​​ថែម​ទៀត​ផង។

ទោះជាយ៉ាង​នេះក្ដី អាជ្ញាធរមាន​សមត្ថកិច្ច ហាក់ដូចជា​កំពុងបន្ថែម​ពិន័យ​លើ​ប្រជាពលរដ្ឋ ដែលកំពុង​ទាល់ច្រក និង​​ស្វះស្វែងរក​ចំណីអាហារ និង​​បំពេញ​​កិច្ចការបន្ទាន់​ផ្សេងទៀត ក្នុងស្ថានភាព​ដែលរដ្ឋាភិបាល​​ប្រកាស​បិទទី​ក្រុង​ទាំង​ស្រុង យ៉ាង​តក់ក្រហល់​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល