សហជីព​គាំទ្រ​រដ្ឋាភិបាល តវ៉ា​ប្រឆាំង​អង្គការ​សង់ត្រាល់​រឿង​ចេញ​របាយការណ៍​សេរីភាព​សហជីព

ដោយ ថា ថៃ
2024.06.14

សហជីព​គាំទ្រ​រដ្ឋាភិបាល ដឹកនាំ​មនុស្ស​ប្រមាណ ១០០នាក់ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា សង់ត្រាល់ (Central) ដែល​ទើប​ចេញ​របាយការណ៍​មួយ​ស្តី​អំពី​ការ​រារាំង​សេរីភាព​របស់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ការ​តវ៉ា​របស់​សហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា​នេះ  ឡើង​នៅ​ខាងមុខ​អង្គការ​សង់ត្រាល់ ស្ថិតនៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​រសៀល ​ថ្ងៃ​ទី១៤ ខែមិថុនា។

ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា​ លោក ហង្ស រ៉ាវី និង​ថ្នាក់ដឹកនាំ សហជីព​នេះ សុទ្ធតែ​ជា​មនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​អ្នក​តវ៉ា​ទាំងនេះ ចោទ​ថា របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ថា មាន​ចរិត​អុជអាល ចង់​បំផ្លាញ​សន្តិភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត។

ទោះជាយ៉ាងណាក្ដី ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែង​ថា ការ​តវ៉ា​ គឺជា​សិទ្ធិ ប៉ុន្តែ​លោក លើក​ទឹកចិត្ត​ឲ្យ​សហជីព​ដែល​តវ៉ា អាន​របាយ​ការណ៍​ស្រាវ​ជ្រាវ​នោះ ឲ្យបាន​ច្បាស់​ដើម្បី​ជៀស​វាង​ការ​ភ័ន្តច្រឡំ។ លោក បញ្ជាក់​ថា របាយ​ការណ៍​នេះ គ្មាន​បំណង​វាយប្រហារ​ភាគី​ពាក់ព័ន្ធ​ណាមួយ​​នោះ​ទេ គឺ​គ្រាន់តែ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្ដែង​ដែល​កម្មករ​បាន​ជួប​ប្រទះ​បញ្ហា​ប្រឈម​នៅ​កន្លែង​ការងារ និង​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ​។

លោក ឃុន ថារ៉ូ៖ «របាយ​ការណ៍​របស់​យើង​នេះ គឺ​បាន​បង្ហាញ​ច្រើន ណាស់​ពាក់ព័ន្ធ​នឹង​តួអង្គ​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឧបសគ្គ​រារាំង ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សហជីព​នេះ រួម​ទាំង​អនុសាសន៍​ទៅកាន់​ក្រុមហ៊ុន​អ្នក បញ្ជា​ទិញ រួម​ទាំង​អនុសាសន៍​ទៅ​កាន់​រាជរដ្ឋាភិបាល និង​អនុសាសន៍​ទៅកាន់ អង្គការ​ពលកម្ម​អន្តរជាតិ ដើម្បី​ចូលរួម​ធ្វើឲ្យ​ស្ថានភាព​នេះ​ប្រសើរ​ឡើង។ ដោយសារ​យើង​មើល​ឃើញ​ថា ទិន្នន័យ​ដែល​យើង​ប្រមូល​មក​បាន​នេះ​ពី ១៥រោងចក្រ​នេះ គឺ​វា​បង្ហាញ​អំពី​បញ្ហា​ប្រឈម​ទាំង​អស់ហ្នឹង ហើយ​សហជីព ដែល​គាត់​ចូលរួម​ផ្តល់​សម្ភាសន៍ គឺ​គាត់​មាន​បទពិសោធន៍​ផ្ទាល់»

ចំពោះ​ការ​ចេញ​មុខ​តវ៉ា​ពី​សំណាក់​សហជីព​គាំទ្រ​រដ្ឋាភិបាល​វិញ អ្នក​ឃ្លាំមើល យល់​ថា ពួក​គេ​កំពុង​ធ្វើ​ឡើង​តាម​ខ្សែ​ញាក់​របស់​គណបក្ស​កាន់អំណាច។ វិធី​ដែល​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន និយម​ប្រើ​ប្រាស់​សព្វថ្ងៃ​នេះ គឺ​យក​សកម្មជន​បក្ស​ប្រឆាំង ឲ្យ​វាយ​ប្រហារ​បក្ស​ប្រឆាំង យក​សហជីព​ក្លែងក្លាយ​ឲ្យ​វាយប្រហារ​សហជីព​ឯករាជ្យ និង​ការ​ប្រើប្រាស់​យុវជន ឬ​សង្គម​ស៊ីវិល​ក្លែងក្លាយ​ឲ្យ​វាយប្រហារ​យុវជន និង​សង្គម​ស៊ីវិល​ឯករាជ្យ ដែល​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​សាធារណៈ​ពិត​ប្រាកដ។

កាល​ពី​ថ្ងៃ​ទី៤ ខែមិថុនា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់»​បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​ឧបសគ្គ​រារាំង​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ​សង់ត្រាល់ បញ្ជាក់​ថា របាយការណ៍​នេះ ធ្វើ​ឡើង​ដោយ​បាន​អង្កេត និង​សម្ភាសន៍​កម្មករ និង​ថ្នាក់​ដឹកនាំ​សហជីព​ក្នុង​រោង​ចក្រ​ចំនួន ១៤ ដែល​ស្ថិត​ក្រោម​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់ ILO។ អង្គការ​នេះ​រក​ឃើញ​ថា ក្នុងចំណោម សហជីព​ចំនួន១៤ មាន​សហជីព​ចំនួន១០ រង​ការ​បំភិតបំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាម​កំហែង ការ​បៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួកគេ។ អង្គការ​សង់ត្រាល់  ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល និង​ដោះស្រាយ​​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់ កម្មករ​និយោជិត និង​សហជីព៕



អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។