ស្ត្រី​ម្នាក់​​​​​​​​នៅ​ភ្នំពេញ​ប្រើ​ជីវិត​ចុង​ក្រោយ​​ដើម្បី​ចូល​រួម​សម្ដែង​មតិ​ឱ្យ​មាន​យុត្តិធម៌​សង្គម

ដោយ វ៉ែន សុមេធ
2020-10-28
Share
សាត ផា 102320 អ្នកស្រី សាត ផា កាន់មីក្រូ ស្រែកតវ៉ានៅ​មុខ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ប្រឆាំងមូលដ្ឋានយោធា​ចិននៅ​កម្ពុជា។
រូប៖ ពលរដ្ឋ

ស្ត្រី​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​​បាន​ប្រើ​ជីវិត​ចុង​ក្រោយ​​របស់​ខ្លួន​ចូល​រួម​តស៊ូ​មតិ​ ​សុំ​ឱ្យ​តុលា​ដោះលែង​សកម្មជន​សង្គម​ ​ព្រះសង្ឃ​ និង​សកម្មជន​នយោបាយ​  ជា​បន្តបន្ទាប់​។​ ​នៅ​​ឆ្នាំ​​២០២០​នេះ​ ស្ត្រី​​រូប​នេះ​តែងតែ​រង​ការ​វាយដំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ចូលរួម​​តវ៉ា​បណ្ដាល​ឱ្យ​របួស​​ធ្ងន់ធ្ងរ​ជា​ច្រើន​លើក។ ​កាល​ពី​ថ្ងៃ​ទី២៣​ តុលា លោកស្រី​ត្រូវ​កង​សន្តិសុខ​បាន​វាយ​​ធ្វើ​បាប​ និង​​ចាប់​សែង​​ដូច​សត្វ​ជ្រូក​​ក្នុង​ពេល ​​​ដែល​លោក​ស្រី​ចូល​រួម​ដាក់​ញត្តិ​​ជា​មួយ​ក្រុម​ក្រុម​ស្ត្រី​​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មុខ​ស្ថានទូត​ចិន​​​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​។ ​លោក​ស្រី​ សាត ផា​ ​ថ្លែង​ថា​ បើ​ទោះ​ជា​លោក​ស្រី​​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ក្ដី​ ក៏​លោក​ស្រី​​នៅ​តែ​ប្រកាន់​ជំហរ​ចូល​រួម​តស៊ូ​មតិ​​​ត​ទៅ​មុខ​ទៀត​ដោយ​មិន​មាន​ការ​រាថយ​ឡើយ។

តើ​ហេតុ​អ្វី​បាន​ជា​ស្ត្រី​រូប​នេះ​ប្ដូរ​ជីវិត​ចូល​រួម​តស៊ូ​មតិ​​យ៉ាង​សកម្ម​បែប​នេះ?

លោក​ស្រី សាត ផា សម្បុរ​ជ្រះ និង​មាឌ​រាង​ដំបង មាន​ស្រុក​កំណើត​​​នៅ​ខេត្ត​កំពង់ចាម រៀប​រាប់​ឱ្យ​អាស៊ី​សេរី​ដឹង​ថា​ ​លោក​ស្រី​បាន​មក​រស់​នៅ​រាជធានី​ភ្នំពេញ​ជាង ២០​ឆ្នាំ​ហើយ​ ដោយ​ដំបូង​ឡើយ​​ជា​អ្នក​លក់​ចេក​ចៀន​តាម​ចិញ្ចើម​​ផ្លូវ​​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។ ស្ត្រី​វ័យ ​៤៧​ឆ្នាំ​រូប​នេះ​​បន្ថែម​ថា​ ​ក្រោយ​មក​​អំឡុង​ឆ្នាំ២០០៧ លោក​ស្រី​បាន​ក្លាយ​ជា​ពលរដ្ឋ​ម្នាក់​​​នៅ​ក្រុង​ភ្នំពេញ​ នៅ​តំបន់​បឹងកក់ ហើយ​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​​ ដើម្បី​​ការពារ​ដី​របស់​ខ្លួន។ លោក​​ស្រី​និយាយ​ទាំង​អួល​ដើម​ក​ទៀត​​​ថា ​​​​ដោយសារ​​មាន​ប្រវត្តិ​ឈឺ​ចាប់​ពី​មុន​មក​ ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​​​ដីធ្លី​​តំបន់​បឹង​កក់​នោះ​ ​​​​​បាន​ជំរុញ​​ឱ្យ​លោក​ស្រី​​មាន​ចិត្ត​ស្រឡាញ់​​ប្រទេស​ជាតិ​កាន់​តែ​ខ្លាំង។ លោក​ស្រី​​ប្រាប់​ថា​ ការ​តស៊ូ​​របស់​លោក​ស្រី​​​​​អំឡុង​ពេល​នេះ​​ គឺ​​ចង់​ឱ្យ​​​ប្រទេស​កំណើត​​​ដ៏​តូច​មួយ​នេះ​មាន​យុត្តិធម៌​សង្គម​ និង​មាន​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​មាន​សុខ​សន្តិភាព​យ៉ាង​ពិតប្រាកដ ដោយ​មិន​មាន​ការ​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃ​ទៀត៖ «ខ្ញុំ​ចង់​បាន​ប្រទេស​របស់​ខ្ញុំ​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​​កុំ​ឱ្យ​ពលរដ្ឋ​យើង​ទៅ​នៅ​ប្រទេស​គេ​រង​ទុក្ខ​​លំបាក​ណាស់​ អ្នក​ខ្លះ​បាត់បង់​ជីវិត​ចោល​កូន​ ចោល​ក្រុម​គ្រួសារ​។​អីចឹង​ខ្ញុំ​ផ្ដាំ​ឱ្យ​ពុក ម៉ែ​បងប្អូន​​ហ៊ាន​ងើប​ឈរ​ឡើង​​ដូច​ខ្ញុំ​កុំ​ខ្លាច​ មុន​នឹង​ក្រោយ​គង់​តែ​គេ​សម្លាប់​យើង​ទេ​ ​ជំនាន់​អា​ពត​ ឆ្អែត​ហើយ​ ខ្ញុំ​កើត​មក​ទាន់​ក៥​ គេ​សម្លាប់​ឪពុក​ខ្ញុំ​ រស់​នៅ​វេទនា​ណាស់​។​ម៉ែ​ខ្ញុំ​ចិញ្ចឹម​ខ្ញុំ​វេទនា​ណាស់​គាត់​បាន​ប្រាប់​ខ្ញុំ​​ពី​ថ្ងៃ​មុន​គាត់​ថា​ គាត់​មិន​ដែល​ឱ្យ​ស្រមោច​ខាំ​កូន​​មួយ​ទេ​ ស្រណោះ​​ដែល​គេ​វាយ​កូន»

ចាប់​តាំង​ពី​​​ដើម​ឆ្នាំ​២០២០​មក​​លោក​ស្រី​​សាត ផា តែង​ចូល​រួម​យ៉ាង​សកម្ម​​ជាមួយក្រុម​ស្ត្រី ​​ដែល​ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ ​តវ៉ា​ទាមទារ​ឱ្យ​​តុលាការ​ដោះលែង​​សកម្មជន​នយោបាយ​ទាំង​នោះ​វិញ​។ លោក​ស្រី​​​ចាត់​ទុក​ការ​ចាប់​ខ្លួន​ ​សកម្ម​ជន​នយោបាយ​ ព្រះសង្ឃ​ សកម្មជន​សង្គម​ និង​អ្នក​ចំរៀង​រែប​​សរុប​ជិត​៤០​នាក់​​កន្លង​មក​នេះ​ គឺ​​ជា​រឿង​អយុត្តិធម៌​​បំផុត​ ពីព្រោះ​​លោក​ស្រី​ជឿជាក់​ថា ពួកគាត់​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ​។ កន្លង​មក​លោក​ស្រី​​​តែង​តែ​ចូល​រួម​សម្ដែង​មតិ​​ជា​មួយ​ប្រពន្ធ​​សកម្មជន​​គណបក្ស​ប្រឆាំង​ យុវជន​​ខ្មែរ​ថាវរៈ​ និង​ព្រះសង្ឃ​​ដើម្បី​​​ឱ្យ​មាន​យុត្តិធម៌​សង្គម​ ជា​បន្តបន្ទាប់​។ ការ​តវ៉ា​កន្លង​​ទៅ​​លោក​ស្រី​តែង​តែ​រង​ការ​វាយ​ដំ​ពី​សំណាក់​​កង​សន្តិសុខ​ ខណ្ឌ​៧​មករា ខណ្ឌ​ដូន​ពេញ​ និង​សន្តិសុខ​ខណ្ឌ​ចំការ​មន​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឱ្យ​លោក​ស្រី​របួស​ធ្ងន់​ចំនួន​៣លើក​រួច​​មក​ហើយ៖ «នៅ​ស្ថានទូត​ចិន​ដាក់​រាប់រាយ​​មក​បង្ក្រាប​ពួក​នាង​ខ្ញុំ​ ហើយ​ចាប់​ពួក​ខ្ញុំ​៣នាក់​ឡើង​លើ​ឡាន រហូត​គេ​ចាប់​ខ្ញុំ​បោក​​គេ​រុញ​ខ្ញុំ​ប្រតាយប្រតប់​ខ្ញុំ​ ឱ្យ​ខ្ញុំ​ដោល​ហើយ​គេ​ជាន់​ខ្ញុំ គេ​សែង​ខ្ញុំ​បោះ​ដូច​​ជា​ខ្ញុំ​អ្នក​ទោស​ឧក្រិដ្ឋ។​និយាយ​ទៅ​ពួកគាត់​​សាហាវ​ចំពោះ​ខ្ញុំ​ណាស់​ខាង​រដ្ឋាភិបាល​ហ្នឹង​សាហាវ​មែនទែន​។​និយាយ​ទៅ​របប​គាត់​ផ្ដាច់​ការ​យក​មែនទែន​​គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ​គ្រាន់​តែ​មាន​ម្រាមដៃ​១០​អត់​មាន​​អាវុធ​នៅ​លើ​ដៃ​ទេ​ គឺ​សាហាវ​មែនទែន​គាត់​ធ្វើ​បាប​ពួក​ខ្ញុំ​នេះ»

លោក​ស្រី​​ សាត ផា មាន​កូន​​ស្រី​​ម្នាក់​ប្រុស​ម្នាក់​​ ប៉ុន្តែ​​ពួកគេ​មាន​គ្រួសារ​​​ ហើយ​បាន​បែក​ផ្ទះ​ទៅ​រស់​នៅ​តាម​ខេត្ត​អស់​ហើយ​​ ។​សព្វ​ថ្ងៃ​លោក​ស្រី​គឺ​ជា​ស្ត្រី​មេម៉ាយ​​រស់​នៅ​រាជធានី​ភ្នំពេញ​​ម្នាក់​ឯង​។ ​ស្ត្រី​រូប​នេះ​​​សង្ឃឹម​ថា ​​ការ​តវ៉ា​របស់​លោក​ស្រី​ នៅ​ថ្ងៃ​ខាង​មុខ​ ​​កម្ពុជា​នឹង​​ទទួល​បាន​យុត្តិធម៌​ពេញលេញ​។

​​​ចំណែក​ប្រពន្ធ​​សមាជិក​ក្រុម​ប្រឹក្សា​ជាប់ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ​លោក​ កាក់​ កុម្ភារ​ គឺលោក​ស្រី​ ព្រុំ ចាន់ថា​ ថ្លែង​ថា ​​​​លោក​ស្រី​ សាត ផា ​គឺ​ជា​ស្ត្រី​ខ្មែរ​ម្នាក់​​ដែល​មាន​មនសិការ​ជាតិ​​ និង​ស្រលាញ់​យុត្តិធម៌​ដែល​​​ពិបាក​រក​​។​លោក​ស្រី​ឱ្យ​ដឹង​ថា ​ក្នុង​ពេល​ចូល​រួម​តវ៉ា​ជា​មួយ​ពួក​លោក​ស្រី​ម្ដងៗ ​​លោក​ស្រី​ជា​មនុស្ស​​ក្លាហាន​​ជាង​គេ​ និង​និយាយ​តមាត់​ជាមួយ​​អាជ្ញាធរ​មិន​​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​នោះ​ឡើយ៖ «ខ្ញុំ​បាន​ទៅ​ពេទ្យ​ទៅ​មើល​គាត់​ខ្ញុំ​សួរ​គាត់​ថា​ បង​ចុះ​បើ​ជើង​បង​ពិការ​ត្រូវ​វះ​យ៉ាង​ម៉េច​ទៅ​ គាត់​ថា​គាត់​ប្ដូរ​ជីវិត​ហើយ​​ បាក់ជើង​អី​គាត់​ហ្នឹង​ទៅ​ គាត់​ថា​ប្រសិន​បើ​ដល់​ដំណាក់​ហ្នឹង​មែន​ គាត់​ឈឺ​ចាប់​គាត់​ទិញ​សាំង​ដុត​ខ្លួន​ឯង។ ខ្ញុំ​ថា​បង​កុំ​ដល់​ថ្នាក់​ហ្នឹង​ពេក​ ខ្ញុំ​ស្ងើចសរសើរ​គាត់​ព្រោះ​ខ្ញុំ​​​​ធ្វើ​អត់​បាន​ដូច​គាត់​ទេ​ ព្រោះ​ខ្ញុំ​អត់​ដែល​ធ្លាប់​​ទើប​តែ​លើក​ទី​មួយ​របស់​ខ្ញុំ​ ហើយ​ខ្លួន​គាត់​តែ​មួយ​គាត់​អត់​ខ្វល់​ទេ​ហើយ​ខ្ញុំ​មិន​ដែល​បាន​ហៅ​គាត់​ទេ​ គាត់​មក​ជួយ​តវ៉ា​ដោយ​ខ្លួន​ឯង»

កាល​ពី​ថ្ងៃ​ទី​២៣​តុលា​ លោក​ស្រី​សាត ផា ​​ត្រូវ​បាន​ប៉ូលិស​និង​កង​សន្តិសុខ​​នៅ​ខណ្ឌ​ចំការ​មន​ វាយ​ដោយ​​ដៃ​ផង​ អុក​នឹង​ក្បាល​ជង្គង់​​ផង​​រហូត​​លោក​ស្រី​ដួល​សន្លប់ ។ បន្ថែម​ពី​នេះ​ អាជ្ញាធរ​​បាន​ចាប់​ដៃ​ចាប់​ជើង​​លោក​ស្រី​សែង​​​ក្នុង​ពេល​ដែល​លោក​ស្រី​​ចូល​រួម​ដាក់​ញត្តិ​​ជាមួយក្រុម​ស្ត្រី​​​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​ ២០​នាក់​នៅ​មុខ​ស្ថានទូត​ចិន​​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ ​គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឲ្យបាន​ត្រឹមត្រូវ។

លោក​ស្រី ​សាត ផា ​​ត្រូវ​បាន​​កង​សន្តិសុខ​​នៅ​ខណ្ឌ​ចំការ​មន​ វាយ​ដោយ​​ដៃ​ផង​ អុក​នឹង​ក្បាល​ជង្គង់​​ផង​​រហូត​​លោក​ស្រី​ដួល ហើយ​កង​សន្តិសុខ​ចាប់​ដៃ​ចាប់​ជើង​​លោក​ស្រី​សែង​​ចេញ​ពី​កន្លែង​តវ៉ា នៅ​មុខ​ស្ថានទូត​ចិន កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០។
លោក​ស្រី ​សាត ផា ​​ត្រូវ​បាន​​កង​សន្តិសុខ​​នៅ​ខណ្ឌ​ចំការ​មន​ វាយ​ដោយ​​ដៃ​ផង​ អុក​នឹង​ក្បាល​ជង្គង់​​ផង​​រហូត​​លោក​ស្រី​ដួល ហើយ​កង​សន្តិសុខ​ចាប់​ដៃ​ចាប់​ជើង​​លោក​ស្រី​សែង​​ចេញ​ពី​កន្លែង​តវ៉ា នៅ​មុខ​ស្ថានទូត​ចិន កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​

លោកស្រី​​សាត ផា ​ត្រូវ​បាន​ក្រុម​ស្ត្រី​អ្នក​ចូល​រួម​តវ៉ា​​​ជា​មួយ​លោក​ស្រី​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​ក្រុង​ភ្នំពេញ​​​តាំង​ពី​រសៀល​ថ្ងៃ​ទី២៣ តុលា មក​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ។ ​លោក​ស្រី​ឱ្យ​ដឹង​ថា ​​​​​គិត​ត្រឹម​ថ្ងៃ​ទី២៥ តុលា​លោក​ស្រី​​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន​ ជា​ពិសេស​​របួស​ចាស់​ត្រង់​ក្បាល​ជង្គង់​ដែល​កង​សន្តិសុខ​​ខណ្ឌ​ ៧មករា ​ចាប់​រុញ​បញ្ចូល​ឡាន​​ក្នុង​ពេល​តវ៉ា​​កាល​ពី​ខែសីហា​កន្លង​ទៅ។​​​​​​

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ សាន​ សុខ​សីហា ​មាន​ប្រសាសន៍​ថា ​​ការ​បង្ក្រាប​ពលរដ្ឋ​ទាំង​នោះ​ ដោយសារ​ពួកគាត់​តវ៉ា​ដោយ​គ្មាន​ការ​ជូន​ណឹង​ ឬ​ការ​អនុញ្ញាត​ពីអាជ្ញាធរ​ក្រុង​ភ្នំពេញឡើយ។ លោក បន្ថែម​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវតែ​ចាត់វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន ស្ថានទូត​បរទេស​នៅ​កម្ពុជា។

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក​ នី សុខា​ កត់​សំគាល់​ថា ​ការ​តវ៉ា​របស់​​​ក្រុម​ស្ត្រី​ប្រពន្ធ​​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នោះ​ ជា​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​លោក​ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​​កង​សន្តិសុខ​​​ក្រុង​ភ្នំពេញ​នោះ គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​ និង​ជា​ការ​ដើរ​ចាក​ឆ្ងាយ​ពី​​គន្លង​ប្រជាធិបតេយ្យ៖ «ខ្ញុំ​គិត​ថា​មិន​មែន​ជា​គោល​ការណ៍​ប្រជាធិបតេយ្យ​ទេ​ ពីព្រោះ​គោលការណ៍​ប្រជាធិបតេយ្យ​មិន​មាន​សុទ្ធតែ​មតិ​ស្រប​ទេ​​ គឺ​វា​មាន​មតិ​ស្រប​និង​មតិ​ផ្ទុយ​។​ហើយ​មតិ​ផ្ទុយ​មិន​មែន​សុទ្ធតែ​ជា​ខ្មាំង​សត្រូវ​​របស់​អាជ្ញាធរ​នោះ​ទេ​ មតិ​ផ្ទុយ​ហ្នឹង​​ក៏​ត្រូវ​អាជ្ញាធរ​យក​ទៅ​ពិចារណា​ទៅ​ ត្រង់​ថា​ដោះស្រាយ​យ៉ាង​ម៉េច​ត្រូវ​តែ​មាន​ការ​ពន្យល់​ ត្រូវ​តែ​មាន​ហេតុ​ផល​សម​សម្រប​ ត្រូវ​តែ​មាន​ការ​ដោះស្រាយ​​បញ្ហា​ឱ្យ​បាន​សមស្រប​​ដូច​រដ្ឋធម្មនុញ្ញ​បាន​និយាយ​ហើយ​ និយាយ​អំពី​សំណើ​និយាយ​អំពី​កង្វល់​របស់​​ប្រជាពលរដ្ឋ​ត្រូវ​តែ​បាន​ទទួល​យក​ទៅ​ដោះ​ស្រាយ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​សំណាក់​អង្គការ​រដ្ឋ»

​​កន្លង​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​បាន​​ថ្កោលទោស​ចំពោះ​ក្រុម​ប៉ូលិស និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​ចាប់​អូស​ស្ត្រី អ្នក​តវ៉ា​តាម​ដង​ផ្លូវ និង​ចាប់​បោះ​ពួកគេ​ចូល​ក្នុង​ឡាន ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​។ អង្គការ​នេះ​​ទទូច​​ឱ្យ​អាជ្ញាធរ​កម្ពុជា​​បញ្ឈប់​ទង្វើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជាបន្ទាន់ និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ស្រី សាត ផា ឱ្យ​ដឹង​ថា ​​លោក​ស្រី​បាន​បូជា​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​​ដែល​នៅ​សេស​​សល់ ដើម្បី​​​បំពេញ​ប្រយោជន៍​ជាតិ។ លោកស្រី​ថា ​នៅ​ពេល​ដែល​​ព្យាបាល​ជំងឺ​ជា​សះ​ស្បើយ​​លោកស្រី​នឹង​បន្ត​ចូល​រួម​​សម្ដែង​មតិ​​ជា​មួយ​​ក្រុម​ស្ត្រី​​​​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ទៀត​ ដើម្បី​ទាមទារ​ឱ្យ​រក​យុត្តិធម៌ ​​​រហូត​មាន​ដំណោះស្រាយ៕

លោក​ស្រី ​សាត ផា ពេល​សម្ដែងមតិនៅ​មុខ​ស្ថានទូត​ចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ​ប្រឆាំង​មូលដ្ឋានទ័ព​ចិន នៅ​រាម ខេត្ត​ព្រះសីហនុ និង​​ទាមទារ​​​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ ​ឱ្យ​គោរព​ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឲ្យបាន​ត្រឹមត្រូវ។
លោក​ស្រី ​សាត ផា ពេល​សម្ដែងមតិនៅ​មុខ​ស្ថានទូត​ចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ​ប្រឆាំង​មូលដ្ឋានទ័ព​ចិន នៅ​រាម ខេត្ត​ព្រះសីហនុ និង​​ទាមទារ​​​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ ​ឱ្យ​គោរព​ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឲ្យបាន​ត្រឹមត្រូវ។
រូប៖ ពលរដ្ឋ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។