អ្នកនាំចេញអង្ករកម្ពុជា ហាក់កំពុងជួបបញ្ហាលំបាកដោយសារតែនៅប្រទេសជិតខាងកើតមានវិបត្តិដូចជាវិបត្តិនយោបាយ ដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃ។ បញ្ហាធំចំនួនពីររបស់ថៃ បានប៉ះពាល់ដល់ការវិស័យស្រូវអង្ករកម្ពុជា។ ទីមួយ ភាពតានតឹងលើផ្នែកនយោបាយដែលបន្ថយការនាំចូលស្រូវក្រៅផ្លូវការពីកម្ពុជា និងកត្តាទីពីរ គឺការបន្ថយតម្លៃនាំចេញអង្ករដើម្បីបញ្ចេញស្តុកស្រូវរបស់ថៃ ដែលមានបរិមាណច្រើនសន្ធឹកសន្ធាប់។
វិស័យស្រូវអង្ករកម្ពុជា ហាក់ពឹងខ្លាំងលើទីផ្សារប្រទេសថៃ និងវៀតណាម។ ការពឹងអាស្រ័យខ្លាំងលើទីផ្សាររបស់ប្រទេសជិតខាងបែបនេះ ដោយសារតែតម្រូវការរោងម៉ាស៊ីនកែច្នៃស្រូវកម្ពុជា មានបរិមាណតិចតួចដែលមិនអាចស្រូបយកបរិមាណស្រូវដែលកម្ពុជា ផលិតបានទាំងស្រុងឡើយ និងទុនប្រមូលទិញស្រូវដើម្បីកែច្នៃក៏នៅមានកម្រិតទាប។
តាមការប៉ាន់ស្មានដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា កម្ពុជាអាចផលិតស្រូវប្រមាណជាង ៨លានតោននៅក្នុងឆ្នាំ២០១៤។ ក្នុងចំណោមបរិមាណស្រូវទាំងអស់នេះ ត្រូវបែកចែកទៅប្រទេសជិតខាង តម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវដើម្បីកែច្នៃនាំចេញនៅលើទីផ្សារអន្តរជាតិ។
តាមការប៉ាន់ស្មានប្រជាពលរដ្ឋកម្ពុជា សរុបត្រូវការស្រូវបរិភោគប្រចាំឆ្នាំប្រមាណជាង ៤លានតោន និងរោងម៉ាស៊ីនកែច្នៃវិញត្រូវការស្រូវប្រមាណ ១លាន ដើម្បីកែច្នៃនាំចេញនៅក្នុងឆ្នាំ២០១៤នេះ និងជាង ៣លានតោនផ្សេងទៀត ជាបរិមាណស្រូវដែលហូរចេញទៅប្រទេសជិតខាងក្រៅផ្លូវការ។ ប៉ុន្តែតម្រូវការស្រូវកែច្នៃរបស់ម្ចាស់រោងម៉ាស៊ីនទាំងនោះ អាចថយចុះ នាពេលបច្ចុប្បន្ន ដោយសារតែ ប្រទេសថៃ កំពុងកើតមានវិបត្តិនយោបាយ។
អ្នកនាំចេញអង្ករកម្ពុជា បានអះអាងថា គម្រោងនាំចេញអង្ករ ៦០ម៉ឺនតោននៅក្នុងឆ្នាំ២០១៤ របស់ខ្លួន នឹងត្រូវបរាជ័យដោយសារតែប្រទេសថៃ បានបញ្ចេញបរិមាណអង្ករជាង ១០លានតោន ហើយលក់ថ្លៃទាបជាងទីផ្សារប្រមាណ ២០% នៅលើទីផ្សារអន្តរជាតិ។ ម៉្យាងវិញទៀត ម្ចាស់រោងម៉ាស៊ីនកិនស្រូវជាច្រើននៅកម្ពុជាវិញ ក៏កំពុងជួបបញ្ហាមានស្តុកស្រូវច្រើន តែមិនអាចបញ្ចេញលក់នៅលើទីផ្សារអន្តរជាតិ។
ប្រធានក្រុមហ៊ុននាំចេញអង្ករមេគង្គ អូរីហ្សា (Mekong Oriza) លោកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា តម្លៃនាំចេញអង្ករកម្ពុជា គឺអាស្រ័យលើទីផ្សារអន្តរជាតិ ជាពិសេសតាមប្រទេសថៃ ដោយសារតែប្រទេសនេះ ជាប្រទេសនាំចេញអង្ករខ្ពស់បំផុតលើពិភពលោក។ ការបញ្ចុះតម្លៃអង្ករនាំចេញរបស់ថៃ បានប៉ះពាល់ដល់វិស័យនាំចេញអង្កររបស់កម្ពុជាដែរ តាមរយៈបាត់បង់ចំណែកទីផ្សារមួយចំនួននៅទីផ្សារអង្ករពិភពលោក ដោយអ្នកបញ្ជាទិញបង្វែរទៅទិញអង្ករពីប្រទេសថៃ ត្រង់តម្លៃមួយទាប។
ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ទៀត អ្វីដែលកំពុងកើតឡើងនេះ នឹងប៉ះពាល់ដល់វិស័យស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
«សំឡេង»
លោក ហ៊ុន ឡាក់ មានប្រសាសន៍បន្ថែមថា មូលហេតុដែលប្រទេសថៃ បញ្ចេញបរិមាណស្តុកអង្ករលក់នៅលើទីផ្សារអន្តរជាតិ បណ្ដាលមកពីគោលនយោបាយទិញស្រូវពីកសិករខ្ពស់ជាងទីផ្សារពីរដង ដែលបានចាប់អនុវត្តតាំងពីឆ្នាំ២០១១។ ស្របពេលដែលប្រទេសថៃ មានជម្លោះទាក់ទងនឹងរឿងនយោបាយ ក៏បានប៉ះពាល់បន្តដល់គោលនយោបាយស្រូវអង្កររបស់ថៃ ដែលរដ្ឋាភិបាលថៃ ត្រូវតែបញ្ចេញស្ដុកស្រូវអង្ករនេះលក់នៅលើទីផ្សារអន្តរជាតិដើម្បីចំណូលថវិកាជាតិ។
បន្ថែមលើនេះ អគ្គលេខាធិការរងនៃសម្ព័ន្ធអ្នកផលិតស្រូវនិងនាំចេញអង្ករកម្ពុជា លោក វ៉ាន់ ដេវីដ វិចិត្រ មានប្រសាសន៍ថា ឥទ្ធិពលរបស់ថៃ បានប៉ះពាល់ដល់ទីផ្សារអង្ករនៅលើពិភពលោក និងប៉ះពាល់បន្តដល់ការនាំចេញអង្កររបស់កម្ពុជា ស្ទើរតែទាំងស្រុង។ ការរងឥទ្ធិពលពីថៃ មិនបានធ្វើតម្លៃស្រូវនៅកម្ពុជា ធ្លាក់ថ្លៃគំហុកឡើយ ដោយសារតែការហូរចេញស្រូវក្រៅផ្លូវការទៅប្រទេសជិតខាងនៅតែមានសកម្មភាពដដែល ជាពិសេសទៅប្រទេសវៀតណាម។ តាមការប៉ាន់ស្មាន ការចេញស្រូវទៅប្រទេសជិតខាងមានប្រមាណ ៣លានតោន។
«សំឡេង»
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ មានប្រសាសន៍ថា ស្ថានភាពធ្វើអាជីវកម្មលើវិស័យស្រូវអង្កររបស់កម្ពុជា នៅពេលបច្ចុប្បន្ន ជួបប្រទះនឹងការប្រជែងផ្នែកតម្លៃនៅលើទីផ្សារអន្តរជាតិ និងម្ចាស់រោងម៉ាស៊ីនភាគច្រើន ក៏ប្រឈមមុខនឹងការបង់អត្រាការប្រាក់ទៅស្ថាប័នហិរញ្ញវត្ថុ ស្របពេលសកម្មភាពផលិតរបស់ខ្លួនមានតិចតួច។
លោកបញ្ជាក់ទៀតថា តាមបទពិសោធន៍នាំចេញអង្ករកើនឡើងខ្ពស់កាលពីឆ្នាំ២០១៣ កន្លងទៅ បានជំរុញអ្នករកស៊ីអង្ករមួយចំនួនបានខ្ចីលុយពីធនាគារដើម្បីពង្រីកការនាំចេញ ប៉ុន្តែការបង្កើតដើមទុនវិនិយោគបន្ថែមនោះ ក៏បានក្លាយជាហានិភ័យធំដែរនៅក្នុងឆ្នាំ២០១៤នេះ។
«សំឡេង»
ទោះជាយ៉ាងណា ក្រៅពីបញ្ហានយោបាយនិងការបញ្ចេញលក់អង្កររបស់ថៃ យ៉ាងគំហុកនៅឆ្នាំ២០១៤ នេះ កម្ពុជាក៏ប្រឈមនឹងការប្រកួតប្រជែងដោយផ្ទាល់លើការនាំចូលអង្ករនៅក្នុងទីផ្សារអឺរ៉ុបដែរ ដោយសារតែអឺរ៉ុបកំពុងពិចារណា លុបបំបាត់ការរួចពន្ធនាំចូលអង្ករពីកម្ពុជា តាមរយៈការស្នើសុំរបស់ប្រទេសអ៊ីតាលី។
បញ្ហាទាំងអស់បានក្លាយជាក្ដីបារម្ភរបស់អ្នកនាំចេញអង្ករនិងរដ្ឋាភិបាលកម្ពុជា ដែលអាចប៉ះពាល់ដល់គោលដៅនាំចេញ អង្ករកម្ពុជាដែលត្រូវសម្រេចឲ្យបាននៅឆ្នាំ២០១៥។ របាយការណ៍របស់ច្រកចេញចូលតែមួយនៃការនាំចេញអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០១៣ សម្រេចបាន ៤០ម៉ឺនតោន ប៉ុន្តែនៅរយៈពេល ៥ខែ ដើមឆ្នាំ២០១៤ សម្រេចបាន ១៥ម៉ឺនតោនប៉ុណ្ណោះ ដែលសហព័ន្ធស្រូវអង្ករកម្ពុជា ជឿជាក់ថា ការនាំចេញអង្ករមួយលានតោននៅឆ្នាំក្រោយនេះ ស្ថិតនៅក្នុងភាពស្រពេចស្រពិល ឬអាចបរាជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។