អ្នកការពារ​សិទ្ធិមនុស្ស​សោកស្ដាយ ដែល​ក្រសួង​កិច្ចការនារីថា ​ស្រ្តី​បំបៅដោះ​កូន​ត្រូវ​ប្រយ័ត្ន​​ចៀសវាង​ការរិះគន់​ថា​ធ្វើ​អោយប៉ះពាល់​សេចក្ដី​ថ្លៃថ្នូ​របស់​ស្រ្តី

ដោយ សុជីវី
2021-03-10
Share
អ្នកការពារ​សិទ្ធិមនុស្ស​សោកស្ដាយ ដែល​ក្រសួង​កិច្ចការនារីថា ​ស្រ្តី​បំបៅដោះ​កូន​ត្រូវ​ប្រយ័ត្ន​​ចៀសវាង​ការរិះគន់​ថា​ធ្វើ​អោយប៉ះពាល់​សេចក្ដី​ថ្លៃថ្នូ​របស់​ស្រ្តី (ឆ្វេង) នាយ​ឧត្តមសេនីយ៍​ ហ៊ី​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និងស្ត្រីនគរបាល អ្នកស្រី ស៊ីថុង សុខា ដែលកំពុងបំបៅកូនក្នុងពេលបំពេញការងារ។
រូប៖ ហ្វេសប៊ុក

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ខកចិត្ត​នៅ​ពេលដែល​ក្រសួង​កិច្ចការនារី​មិន​បាន​ទាមទារឱ្យអធិការ​ស្រុកសៀមប៉ាង​សុំទោស​មន្រ្តី​នគរបាល​ក្រោម​បង្គាប់ខ្លួន តែ​បែរ​ជាដាស់តឿន​ឱ្យ​ស្រ្តី​ជា​ម្ដាយ​ត្រូវ​បិទបាំង​ពេល​បំបៅដោះកូន ដើម្បី​ការពារ​សេចក្ដីថ្លៃថ្នូរ​របស់​ស្រ្តី​ខ្មែរ​ទៅវិញ។

ប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព ថ្លែងថា ក្រសួង​កិច្ចការនារី​គួរតែ​ជំរុញ​ថា ​ការបំបៅដោះកូនដោយទឹកដោះម្ដាយ​ គឺ​ជារឿង​អស្ចារ្យ ជារឿង​កោតសរសើរ​ព្រោះ​ទឹកដោះដែល​ម្ដាយ​ផ្ដល់ឱ្យកូន​បាន​ទ្រទ្រង់ជីវិត​កូន។ អ្នកស្រី​ថា ​គ្មាន​អ្វីដែល​ត្រូវ​ខ្មាស់ ឬ​ប៉ះពាល់​ដល់​កិត្តិយស​ស្រ្តី​នោះទេ៖ «យើងឃើញហើយការបំបៅដោះកូន​នៅតាមភូមិ​នៅ​តាម​អី​ហ្នឹង​តែគាត់​ត្រូវ​បំបៅ​គាត់​បំបៅ​ហើយ អត់​ចាំបាច់​ទៅ​គិតគូ​រឿង​ទីតាំង​រឿង​អីទេ។ ខ្ញុំមិនយល់ថា តើខាងក្រសួង ឬ​ខាងតួអង្គដែល​គាត់លើកថា ការបំបៅដោះកូន​នៅ​ទីសាធារណៈ ហើយ​ការបង្ហាញ​ដោះ​នៅពេល​បំបៅកូនហ្នឹង​វាទៅជារឿងដែល​សង្គម​វាយតម្លៃ​ថា មិនសមរម្យ តើ​យើង​យោងតាមអី? ខ្ញុំថាអំណះអំណាង​នេះ​ គឺ​តែងតែត្រូវ​យក​មក​ប្រើប្រាស់​ចំពោះស្រ្តី ដាក់​បន្ទុក​ស្រ្តី ហើយ​ដាក់​ជា​ចំណោទ​បន្ទោស​បង្អាប់​ស្រ្តី​ថែមទៀត ហើយដែលខ្ញុំគិតថា​ យើង​គួរតែ​ធ្វើការ​ផ្លាស់​ប្ដូរ​ ហើយ​ការ​ផ្លាស់ប្ដូរ​នេះគួរតែ​ចាប់ផ្ដើម​ចេញ​​ពី​​ក្រសួង​​ពាក់ព័ន្ធ​​ជា​ពិសេស​​ក្រសួង​​កិច្ចការនារី»

ក្រសួង​កិច្ចការ​នារី ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មីនា​បាន​ចេញ​មុខ​កោត​សរសើ​មន្រ្តី​នគរបាលអ្នកស្រី ស៊ីថុង សុខា ដែល​បាន​បំពេញ​តួនាទី​ដោយការទទួលខុសត្រូវ​ទាំង​ក្នុង​ពេលបំពេញ​ការងារ និង​តួនាទី​ជា​ម្ដាយ​ដ៏ល្អ។ ក្រសួងកិច្ចការនារី​ក៏បាន​ណែនាំ​ទៅស្ថាប័ន​ អង្គភាព ដែល​មាន​ស្រ្តី​ជាមន្រ្តី​ក្រោមឱវាទ ឬជាបុគ្គលិក គួរបង្កើត​បរិស្ថាន​ការងារ​អំណោយផល ដូចជា ​ទីកន្លែង​បំបៅដោះកូន​ជា​ដើម។ តែទោះជាយ៉ាងណា​ ក្រសួង​កិច្ចការនារី បានក្រើនរំឮកថា ​ករណី​ស្ថាប័ន​មិនទាន់មាន​ទីកន្លែង​សមរម្យ​ស្រ្តីជាម្ដាយ​គួរមាន​ក្រម៉ា ឬកន្សែង ដើម្បី​ឱ្យ​ការបំបៅដោះកូន​នោះ​បាន​សមរម្យ ចៀសផុតពីការរិះគន់​ពីមហាជន​មួយ​ចំនួន ដែល​ថាបង្កឱ្យមានរូបភាព​មិនសមរម្យ​ប៉ះពាល់​ដល់តម្លៃ និង​កិត្តិយស​របស់​ស្រ្តីខ្មែរ។

ប្រតិកម្ម​របស់​ក្រសួង​កិច្ចការនារី​នេះ​ គឺ​បន្ទាប់​ពី​អធិការ​ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លោក ​ជឹម អេង បាន​បង្ខំឱ្យ​នគរបាល​ក្រោម​បង្គាប់​ គឺ​អ្នកស្រី ស៊ីថុង សុខា ធ្វើ​កិច្ចសន្យា​ឈប់​បង្ហោះ​រូបភាព បំបៅដោះ​កូនពេលធ្វើការក្រោម​ហេតុផ​លប៉ះពាល់​កិត្តិយស​នគរបាល និងស្ត្រីខ្មែរ។

ក្រុម​អ្នកសិទ្ធិមនុស្ស​រិះគន់​ថា ​ការបំបៅដោះកូន​ពេល​កំពុង​បំពេញ​ការងារ​នោះ មិន​មាន​អ្វី​ខុស​ឆ្គង​ឡើយ ហើយ​ការ​បង្ហោះរូបភាពបំបៅដោះកូន​តាម​បណ្តាញ​សង្គម​នោះ​ទៀត​សោត ក៏​ជា​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​របស់​គាត់។ អ្នកសិទ្ធិមនុស្សថា ​ចំណាត់ការ​បែប​នេះ​ជា​ការបំបាក់​ទឹកចិត្ត គំរាម​កំហែង និងជាការ​រើសអើងស្រ្តី​ធ្ងន់ធ្ងរ។ លើសពីនេះ​ក៏មាន​ការទាមទារ​អោយ​អធិការ​ស្រុក​សុំទោស​ចំពោះ​ទង្វើ​របស់​ខ្លួន។

អធិការស្រុកសៀមប៉ាង លោក ជឹម អេង បដិសេធ​ការសុំទោសជាសាធារណៈ។ លោក​បកស្រាយ​ថា ការណែនាំ និង​ការ​បង្គាប់ឱ្យធ្វើកិច្ចសន្យានេះ គឺដោយ​សារ​មន្ត្រីរបស់​លោក​រូបនេះ យក​រូបភាព​បំពេញ​ការងារ​ទៅ​បង្ហោះ​ជា​សាធារណៈ៖ «ខ្លួន​គាត់​បង្ហោះ​ខ្លួនឯង​ ​ហើយ​កិច្ចសន្យា​គាត់​ធ្វើខ្លួន​ឯង​បង្ហោះ​ខ្លួនឯង​ ​អ៊ីចឹង​មិន​ពាក់ព័ន្ធ​ខាង​ខ្ញុំ​ទៅ​សូមទោស​អី​ទេ​ ​បានន័យ​ថា​ ​មិនមែន​ខាង​ខ្ញុំ​តម្រូវ​ឱ្យ​គាត់​បង្ហោះ​ទេ​ ​ខ្ញុំ​មានតែ​ហាមឃាត់​ ​កុំ​ឱ្យ​គាត់​បង្ហោះ​ ​»​

ចំណែកស្នងការខេត្តស្ទឹងត្រែងលោក អូត ស៊ីវត្ថា វិញ លោក​ថ្លែង​ការពារ​មន្ត្រីក្រោម​បង្គាប់​របស់​លោក​ថា  ថ្នាក់លើពុំបានដាក់ពិន័យ​ចំពោះស្ត្រីជា​នគរបាល​នេះនោះ​ទេ​ ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ​​ឱ្យ​​រក​​កន្លែង​​សមរម្យបំបៅដោះកូន៖ «​ខាង​អធិការ​អត់មាន​ដាក់​ពិន័យ​ទេ​ ​ក្នុងនាម​ខ្ញុំ​ស្នងការ​ក៏​អត់មាន​ដាក់​ពិន័យ​គាត់​ដែរ​ ​គ្រាន់តែ​ហៅ​គាត់​យើង​បំបៅ​ដោះ​ទៅ​កន្លែង​ជញ្ជាំង​ ​និង​គ្រលុក​​គ្រ​លៀត​ផ្ទះ​ពលរដ្ឋ​ជាប់​ហ្នឹង​ទៅ​ ​កុំ​បំបៅ​កណ្តាលវាល​អ៊ីចឹង​។​ ​អធិការ​ក៏​លើកទឹកចិត្ត​គាត់​ដែរ​ ​តាមរយៈ​ខ្ញុំ​ថ្ងៃ​ទី​ ​០​៨ ​មិនា ​ហ្នឹង​ ​»​

អនុប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគមអាដហុក (ADHOC) អ្នកស្រី មាស សាអ៊ីម យល់ថា ទង្វើ​របស់​អធិការ​ស្រុកសៀមប៉ាង​មិន​ត្រឹម​តែ​ប៉ះពាល់​សិទ្ធិស្ត្រី​នោះទេ​ គឺ​ប៉ះពាល់​ដល់​សិទ្ធិកុមារ នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម៖ «ការ​មិន​គោរព​សិទ្ធិ​កុមារ​ ​និង​ការ​មិន​គោរព​សិទ្ធិ​ស្ត្រី​វា​ប៉ះពាល់​  ​ហើយ​ក្នុងនាម​គាត់​ជា​បុរស​មួយ​រូប​ដែល​ ​គាត់​កើត​ ​បាន​រស់រាន​មានជីវិត​ដោយសារ​ម្តាយ​ ​ដោយសារ​ស្ត្រី​ហ្នឹង​ដែល​ ​ជះ​ឥទ្ធិពល​អាក្រក់​ ​ដែល​កម្ពុជា​យើង​ ​មាន​រដ្ឋធម្មនុញ្ញ​ក៏​គាំទ្រ​ ​មានច្បាប់​ពាក់ព័ន្ធ​ក៏​គាំទ្រ​ទៀត​ ​បើសិនជា​បង្កើត​បទបញ្ជាផ្ទៃក្នុង​ ​វា​ផ្ទុយ​ហ្នឹង​រដ្ឋធម្មនុញ្ញ​ ​វា​ផ្ទុយ​ហ្នឹង​ ​កតិកាសញ្ញា​អន្តរជាតិ​ ​វា​ត្រូវ​លុបចោល​ ​ត្រូវ​ដកចេញ​ ​»​

រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ អ្នកស្រី  ជូ ប៊ុនអេង បាន​ចេញ​លិខិត​មួយ​ច្បាប់កាលពីថ្ងៃទី១០ មីនា ដោយសម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​អធិការ​ស្រុក​សៀមប៉ាង លោក ជឹម អេង។ អ្នកស្រី​ថា នេះ​ជា​ការ​មិនបាន​វែក​ញែកឱ្យ​ច្បាស់​អំពីកំហុស និងគុណសម្បត្តិ។ អ្នកស្រី​បន្ត​ថា​ស្ត្រី​មាន​កាពត្វកិច្ច​ទទួលខុសត្រូវ​ទ្វេដង ដោយ​បំពេញ​ការងារ​ស្នូល​ក្នុង​ស្ថាប័ន​ផង និង​ចិញ្ចឹម​កូន​ផង ហេតុនេះអាជ្ញាធរគួរតែលើកទឹកចិត្ត និង​រកមធ្យោបាយ​​ផ្តល់លទ្ធភាព​ឱ្យ​គាត់​ថែទាំ​កូន​របស់​គាត់​បាន។ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃរូបនេះ ​ទូន្មាន​អធិការ​ស្រុក​សៀមប៉ាង លោក ជឹម អេង ឱ្យ​កោត​សរសើរ លើក​ទឹកចិត្ត និង​អនុញ្ញាត​ឱ្យ​ស្ត្រី​នគរបាល​ក្រោម​បង្គាប់​មាន​ឱកាស​ថែទាំកូន​បាន​គ្រប់គ្រាន់ ដូច​អ្វី​ដែល​ «​ម្តាយ​លោក​​បាន​​ថែទាំ​លោក​កាល​ពីនៅទារក​»​ យ៉ាងដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Mar 12, 2021 08:05 AM

គួរឱ្យសrសើរនូវការលះបង់របស់ម្ដាយម្នាក់នេះ និងជាពិសេសដល់ម្ដាយគ្រប់រូបជាទូទៅ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល