មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​កីឡាករ​វាយសី​ដែល​ត្រូវ​គេ​បុក​ស្លាប់

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឡើង​ដោយ​កូនប្រុស​របស់​មេធាវី ព្រហ្ម វិចិត្រសុភា បាន​បើកឡាន​ទំនើប ម៉ាក Jeep បុក​កីឡាករ​វាយសី​ដ៏​ឆ្នើម​ម្នាក់​គឺ​លោក សៀង គីមហុង កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​លើកឡើង​របស់​មន្ត្រី​សិទ្ធិមនុសុ្ស​នេះ នៅ​ស្រប​ពេល​ម្ដាយ​របស់​ជន​បង្ក​បាន​ប្ដឹង​ភរិយា និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ពី​បទ​បរិហារកេរ្តិ៍​ទៅ​វិញ។

មន្ត្រី​សិទ្ធិ​មនុស្ស សម្ដែង​ការ​សោកស្ដាយ ដែល​ម្ដាយ​ជន​បង្ក​បើកឡាន​បុក លោក សៀង គីមហុង ស្លាប់ បាន​ដាក់​ពាក្យ​ប្ដឹង​ភរិយា និង​ក្រុម​គ្រួសារ​របស់​លោក​ថែមទៀត។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​ថា ករណី​នេះ​ក្រុម​គ្រួសារ​ជន​បង្ក​ប្ដឹង​គ្រួសារ​ជនរងគ្រោះ​ជា​សិទ្ធិ ក៏ប៉ុន្តែ តុលាការ​គួរ​តែ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់។

លោក អំ សំអាត៖ «ការ​ប្ដឹង​ជា​សិទ្ធិ​មួយ ប៉ុន្តែ​តុលាការ និង​អាជ្ញាធរ​គួរតែ​ពិនិត្យ​ពិចារណា​ដែរ ថា តើ​ជា​កំហុស​របស់​អ្នកណា​?បើសិនជា​យើង​នាំគ្នា​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ គ្មាន​ការយោគយល់ គ្មាន​បក្ខពួក​និយម ។ អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ស្មើភាព​គ្នា ពលរដ្ឋ​ជនរងគ្រោះ ទទួល​បាន​យុត្តិធម៌ ហើយ​អ្នក​ដែល​បង្ក​ត្រូវ​ទទួលទោស​តាមផ្លូវ​ច្បាប់»។

ការ​លើកឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​នៅ​ក្រោយ​ពេល ភរិយា​ជនរងគ្រោះ អ្នកស្រី គ្រុយ ឈិញលាំង បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក ឈ្មោះ Juppy កាល​ពី​ថ្ងៃ​ទី១៦ មករា បង្ហោះ​ដីកា​កោះហៅ​របស់​តុលាការ​សរសេរ​ថា ពី “​ជនរងគ្រោះ ក្លាយ​ទៅជា​ជនសង្ស័យ​” ។

អ្នកស្រី​បាន​សរសេរ​រៀបរាប់​ទៀត​ថា «ឃើញ​ដីកា​កោះ​ហៅ ខ្ញុំ​ហួសចិត្ត​មិន​ដឹង​និយាយ​យ៉ាងណា​ឱ្យ​សម​!ជន​បង្ក​ប្តឹង គ្រួសារ​ជនរងគ្រោះ​ដែល​ព្យាយាម​ស្ងប់ស្ងាត់​ចាំ​ការ​កោះហៅ​ក្នុង​ការ​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​?ហេតុអ្វី​មិន​ដោះស្រាយ​រឿង​បុក​ប្តី​ខ្ញុំ​ស្លាប់ ដើម្បី​ឱ្យ​ខ្ញុំ និង​កូន​ព្រមទាំង​គ្រួសារ​សាច់ញាតិ​បាន​ស្ងប់ចិត្ត បែរ​ជា​មក​ប្តឹង​ខ្ញុំ​ជា​ប្រពន្ធ ព្រមទាំង​ឪពុកធំ​របស់​ប្តី​ខ្ញុំ និង​ប្អូនថ្លៃ​ខ្ញុំ ២​នាក់​ទៀត ដែល​ជា​ប្អូនស្រី​បង្កើត​របស់​ប្តី​ខ្ញុំ?ក្រុម​គ្រួសារ​យើង​បាន​សំងំ​ស្ងប់ រង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវ​តុលាការ និង​រង់ចាំ​មើល​ឆន្ទៈ​របស់​អ្នក តែ​អ្នក​បែរ​ជា​ធ្វើ​បែប​នេះ?»។

ភរិយា​ជនរងគ្រោះ​បាន​សរសេរ​រៀបរាប់​ដូច្នេះ នៅ​ក្រោយពី​ពួកគាត់​បាន​ទទួល​ដីកា​កោះហៅ​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង ម៉េងស្រ៊ុន ចុះ​ថ្ងៃទី​១៣​មករា។ ដីកា​កោះហៅ​ឲ្យ​អ្នកស្រី គ្រុយ ឈិញលាំង និង​ក្រុម​គ្រួសារ​របស់​អ្នកស្រី ចូលខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃទី​២៤ មករា តាម​បណ្ដឹង​របស់​ម្ដាយ​ជន​បង្ក គឺ​អ្នកស្រី សុខលីណា ប្ដឹង​ពី​បទ​ចោទ​ដូចៗ​គ្នា គឺ​បទ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន និង​បទ​ជេរប្រមាថ​ជា​សាធារណៈ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកស្រី គ្រុយ ឈិញលាំង ដែល​ជា​ភរិយា​ជនរងគ្រោះ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ កាល​ពី​ថ្ងៃទី​១៧ មករា។ រីឯ​ដើម​បណ្ដឹង អ្នកស្រី សុខ លីណា ក៏​វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​សួរ​បន្ថែម​អំពី​ករណី​អ្នកស្រី​ប្ដឹង​ភរិយា និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​នេះ បាន​នៅ​ឡើយ​ដែរ។ ប៉ុន្តែ លោកស្រី សុខ លីណា បាន​និយាយ​តាម​បណ្ដាញ​សង្គម (Facebook)​ថា ការ​ចោទ​ប្រកាន់​ថា លោកប្រុស​លោកស្រី​ប្រណាំង​ឡាន និង​ស្រវឹងស្រា មិន​ត្រឹមត្រូវ​នោះ​ទេ។ លោកស្រី​ថា មាន​តែ​តុលាការ​ជា​អ្នក​សម្រេច។

កូនប្រុស​អ្នកស្រី សុខ លីណា គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា បាន​បើកឡាន​ទំនើប​ម៉ាក (Jeep) បាន​បុក​លោក សៀង គីមហុង ដែល​ជា​កីឡាករ​វាយសី​ឆ្នើម​របស់​កម្ពុជា នៅ​សង្កាត់​បឹងកក់​២ បណ្ដាល​ឱ្យ​ស្លាប់ នៅ​កន្លែង​កើតហេតុ កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ។ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​លោក ព្រហ្ម វិចិត្តសុសក្ដា បាន​រត់គេច​អស់​រយៈពេល​ជាង ១​សប្ដាហ៍ ទើប​ជន​បង្ក​រូប​នោះ ចូល​ខ្លួន​សារភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយពី​មាន​ការ​អំពាវនាវ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជាដើម។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បន្ថែម​ថា តុលាការ​នៅ​មិន​ទាន់​កាត់ទោស​ឲ្យ​ជន​បង្ក​ជាប់ទោស​នៅ​ឡើយ មក​ទល់​ពេល​នេះ។ លោក​ជំរុញ​ឲ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់ ជាពិសេស​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​គួរតែ​ជៀស​ផុត​ការចោទប្រកាន់​នានា​ពី​តុលាការ។

លោក អំ សំអាត៖ «ពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ហើយ ហើយ​គេច​ពី​ការ​ទទួលខុសត្រូវ គឺ​ច្បាប់​ត្រូវ​ទម្ងន់ទោស​បន្ថែម​ទៀត​។ មិនមែន​ទុក​ឲ្យ​មាន​កា​រិះគន់​ពី​មហាជន និង​មាន​ប្រតិកម្ម​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ទើប​មាន​ការ​អនុវត្ត​ច្បាប់​លើ​ករណី​នេះ​។ អីចឹង​ករណី​នេះ​វា​មាន​ភាព​មិន​ប្រក្រតី​រួច​ទៅ​ហើយ អ៊ីចឹង​ហើយ​ទើប​មាន​កា​រិះគន់​ជាពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ​ជាដើម»។

ទោះជា​យ៉ាងណា ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ម៉េងស្រ៊ុន កោះហៅ ភរិយា​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​នេះ មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុអ្វី​ពិតប្រាកដ​ឡើយ គ្រាន់តែ​ឲ្យ​ទៅ​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍​តាម​បណ្ដឹង​របស់​ម្ដាយ​ជន​បង្ក អ្នកស្រី សុខ លីណា តែប៉ុណ្ណោះ។

ភរិយា​ជនរងគ្រោះ អ្នកស្រី គ្រុយ ឈិញលាំង បាន​ឲ្យ​កាសែត​ក្នុងស្រុក​ដឹង​កាលពី​ថ្ងៃទី​១៦ មករា ថា អ្នកស្រី​មិនទាន់​អាច​បញ្ជាក់​ថា អ្នកស្រី​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​នេះ ឬ​យ៉ាង​ណា​ទេ ដោយសារ​នៅ​ជាប់​រវល់​ពេក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។