លោក សម រង្សី គាំទ្រ​សំណើ​របស់​លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ មិន​ឲ្យ​សង​ប្រាក់​កម្ចី​ខុសច្បាប់

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី អំពាវនាវ​ឲ្យ​ពលរដ្ឋ ឈប់​បង់ប្រាក់​សង​ត្រឡប់​ទៅកាន់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​សង​ប្រាក់​ទៅ​កម្ចី​ខុស​ច្បាប់​តាម​អនឡាញ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី នៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក គាំទ្រ​ចំពោះ​សំណើ​របស់ លោក ស សុខា ដែល​ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​សង​ប្រាក់​ត្រឡប់​ទៅ​ក្រុម​កម្ចី​អនឡាញ (Online) ខុស​ច្បាប់ ។ បន្ថែម​ពី​នេះ លោក ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​សង​ប្រាក់ «កម្ចី​មីក្រូហិរញ្ញវត្ថុ និង​ប្រាក់​កម្ចី ដែល​ខុស​ច្បាប់​ទាំង​អស់»។

លោក សម រង្សី ថា ប្រាក់​កម្ចី​ភាគ​ច្រើន​នៅ​កម្ពុជា​ជា​កម្ចី​ខុស​ច្បាប់ ជាពិសេស​កម្ចី​មីក្រូហិរញ្ញវត្ថុ ។ លោក​ចោទ​ថា ធនាគារ​ទាំង​នោះ បាន​បញ្ជោត​ឲ្យ​ពលរដ្ឋ​ដាក់​បញ្ចាំ​នូវ​ដីធ្លី និង​ទ្រព្យ​សម្បត្តិ ជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់ រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ ជាប់​បំណុល​វ័ណ្ឌក។ លោក​បន្ត​ថា មាន​ករណី​ខ្លះ ពលរដ្ឋ​ខ្ចី​លុយ​ពី​ធនាគារ ហើយ​ត្រូវ​ចាញ់​បោក​ក្រុម​ឧកញ៉ា​មួយ​ចំនួន ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ផ្ទះ​នៅ ហើយ​ត្រូវ​ជំពាក់​បំណុល​ថែម​ទៀត។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និង​លើក​ទិសដៅ​បន្ត​របស់​ក្រសួងមហាផ្ទៃ និង​បូក​សរុប​លទ្ធផល​ប្រឡង​ប្រណាំង​ចលនា « ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព » កាល​ពី​ថ្ងៃទី១៣ កុម្ភៈ​ថា មិន​ឲ្យ​សង​ប្រាក់​ទៅ​ក្រុម​កម្ចី​អនឡាញ​ខុស​ច្បាប់ ហើយ​បើ​ក្នុង​ករណី​មាន​ការ​គំរាមកំហែង​ពី​ក្រុម​កម្ចី​ខុសច្បាប់ លោក លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ច្បាប់។

អត្ថបទដែលទាក់ទង៖

វិបត្តិ​បំណុល អំពើ​ឆបោក ជួញដូរ​មនុស្ស​នៅ​ឆ្នាំ២០២៥ តើ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​របៀប​ណា?Opens in new window ]

អ្នក​ឃ្លាំមើល​ស្នើ​ដល់​ក្រសួង​មហាផ្ទៃឱ្យ​ត្រួតពិនិត្យ​ល្បែង​អនឡាញ ក្រោយមាន​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារOpens in new window ]

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​ថា ពលរដ្ឋ​កម្ពុជា​ត្រូវកាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​ដើម្បី​សង​បំណុល​ធនាគារOpens in new window ]

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក កាំង តុងងី ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​ការ​អំពាវនាវ​របស់​លោក សម រង្សី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៦ ខែ​កុម្ភៈ។

«មិនសំដៅ​ដល់​កម្ចី​ទាំងអស់ ត្រូវតែ​មិន​សង​នោះទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ថ្លែង​នៅ​ក្នុង​វីដេអូ ដែល​មាន ​រយៈពេល​ជាង​៤នាទីនៅ​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី១៦ កុម្ភៈ​ថា ការ​លើកឡើង​របស់​លោក ស សុខា គឺ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ពលរដ្ឋ ដែល​អាច​ធ្លាក់​ខ្លួន​ក្នុង​អន្ទាក់​របស់​ក្រុម​កម្ចី​អនឡាញ តែ​មិន​សំដៅ​ដល់​កម្ចី​ទាំងអស់ ត្រូវ​តែ​មិន​សង​នោះ​ទេ។ ទោះជាយ៉ាងណា លោក បញ្ជាក់​ថា «ការ​ខ្ចី​បុល​ពី​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដែល​ស្របច្បាប់​ត្រឹមត្រូវ កូន​បំណុល​មាន​កាតព្វកិច្ច​សង​គេ»។

លោក ទូច សុឃៈ៖«លោក​លើកឡើង​នេះ មិនមែន​មាន​ន័យ​ថា រាល់​ការ​ខ្ចី​បុល​ទាំង​អស់​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​បងប្អូន​ប្រជាពលរដ្ឋ​មិន​ចាំបាច់​សង​ទេ ការ​ខ្ចីបុល ដែល​ធ្វើ​ឡើង​ដោយ​អង្គ​អនុញ្ញាត​ដោយ​ច្បាប់​មាន ធនាគារ​ស្របច្បាប់ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​អង្គ​ណា​ផ្សេងទៀត ដែល​ទទួល​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ប្រតិបត្តិការ​ឥណទាន ឬ​ផ្ដល់​ប្រាក់​កម្ចី​នេះ ឬ​បុគ្គល​នៅ​តាម​មូលដ្ឋាន​រកស៊ី​ជា​ប្រក្រតី​តាំង​ពី​ដូន​ពី​តា​មក ឬ​ក៏​រកស៊ី​នៅ​មូលដ្ឋាន​ជា​ប្រពៃណី ដែល​នេះ​ត្រូវ​តែ​មាន​កាតព្វកិច្ច​ត្រូវ​បំពេញ ឬ​សង​ត្រឡប់​ទៅ​គេ​វិញ»។

ទាក់ទិន​នឹង​បញ្ហា​នេះ ដែរ អគ្គទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា អ្នកស្រី ជា សិរី កាលពី​ថ្ងៃទី១៥ ខែ​កុម្ភៈ បាន​រំលឹក​ដល់​ពលរដ្ឋ​ថា បើ​ពុំ​ចាំបាច់ ពុំ​គួរ​ខ្ចី​បុល​គេ​ឡើយ ហើយ​បើ​ចង់​ខ្ចី​បុល គួរតែ​ខ្ចី​ពី​គ្រឹះស្ថាន ដែល​មាន​អាជ្ញាប័ណ្ណ ពី​ធនាគារជាតិ នៃ​កម្ពុជា ព្រោះ​នៅ​ពេល​មាន​បញ្ហា គឺ​អាច​កំណត់​មុខ​សញ្ញា និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ អ្នកស្រី បន្តថា «សូម​ពលរដ្ឋ​ប្រើប្រាស់​លុយ​កាក់​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ» និង«សូម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ផ្តល់​កម្ចី​ដោយ​ទទួលខុសត្រូវ ដោយ​យកចិត្តទុកដាក់​លើ​ផល​ប្រយោជន៍​របស់​អតិថិជន ព្រោះ​ថា​ពេល អតិថិជន​រុងរឿង គ្រឹះស្ថាន​ក៏​រុងរឿង​ដែរ»។

កម្ចី​អនឡាញ​ខុស​ច្បាប់ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​របស់​កម្ពុជា ដែល​បញ្ហា​នេះ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ផុង​ខ្លួន​ជ្រៅ​ចូល​ក្នុង​អន្ទាក់​នៃ​បំណុល ដោយសារ​តែ​កម្ចី​ទាំង​នេះ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី ប៉ុន្តែ​ភ្ជាប់​មក​ជាមួយ​នូវ​អត្រា​ការប្រាក់​ខ្ពស់ ការ​ដក​ប្រាក់ដើម​មួយ​ចំនួន សម្រាប់​ទូទាត់​ការប្រាក់ និង​ការ​គំរាមកំហែង​ជា​ច្រើន​រូបភាព​ផ្សេងទៀត​ជាដើម។ លើស​ពី​នេះ មាន​ជនរងគ្រោះ​ខ្លះ​ទៀត បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយសារ​បំណុល។ ជាក់ស្ដែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២៤ នាយក​សាលាបឋមសិក្សា​សិរី​ជ័យ​មង្គល នៅ​ខេត្ត​កណ្ដាល បាន​សម្លាប់​ប្រពន្ធ និង​កូន​ចំនួន២នាក់ ហើយ​បាន​ចងក​សម្លាប់​ខ្លួន ដោយសារ​តែ​បញ្ហា​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ រួម​ទាំង​ប្រាក់​កម្ចី​អនឡាញ និង​ចាញ់​ល្បែង​ភ្នាល់​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។