រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន កោតសរសើរថា កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរបានថែរក្សារឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមអំឡុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
លោក ស ខេង បានបង្ហោះនៅលើហ៊្វេសប៊ុក (Facebook) ផេក របស់លោកកាលពីថ្ងៃទី២៩ ខែកញ្ញាថា លោកបានចុះហត្ថលេខាលើផែនការការងារស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនលោក ចាវ ឃើជឺ (Zhao Kezhi) ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃអង្គារ ទី២៨ ខែកញ្ញា តាមប្រព័ន្ធវីឌីអូ។
ភាគីទាំងពីរបានឯកភាពគ្នាបន្តផ្ដោតការយកចិត្តទុកដាក់លើការងារមួយចំនួន ដូចជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់។ បន្តកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឲ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក។ ក្នុងនោះរួមមាន ការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ការប្រកួតកីឡារដូវរងារ ទីក្រុងប៉េកាំង ឆ្នាំ ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមស៍ (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ ព្រមទាំងព្រឹត្តិការណ៍ជាតិសំខាន់ៗ ដទៃទៀត ដែលប្រារព្ធធ្វើនៅប្រទេសកម្ពុជា និងប្រទេសចិន។
ក្រោយជំនួបនេះ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញលទ្ធផលរយៈពេលជាង ២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ផ្ដើមដំណើរការអនុវត្ត ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ កាលពីខែមេសា ឆ្នាំ២០១៩។
ភាគីទាំងពីរ បានចែករំលែក និងផ្លាស់ប្ដូរទៅវិញទៅមក នូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្ដូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេស កិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។