សហរដ្ឋ​អាមេរិក​ខក​ចិត្ត ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​វាយ​កម្ទេច​អគារ​​មួយ​ទៀត​នៅ​កំពង់​ផែ​រាម

ហេង រស្មី
2020-11-10
Share
Ream 111020 គណៈកម្មាធិការជាតិ​សន្តិសុខលំហសមុទ្របានបង្ហាញរូបភាព អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។
រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ថា សហរដ្ឋ​អាមេរិក​មាន​ការ​ខក​ចិត្ត ដែល​អាជ្ញាធរ​យោធា​កម្ពុជា បាន​វាយ​កម្ទេច​ចោល​អគារ​សន្តិសុខ​លំហ​រ​សមុទ្រ​មួយ​ផ្សេង​ទៀត ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ឲ្យ ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់។ លោក​​រំឭក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ផ្ដាច់​មុខ ឬ​អចិន្ត្រៃយ៍​នៅ​តំបន់​ណា​មួយ​ក្នុង​ទឹក​ដី​កម្ពុជា​ឡើយ ហើយ​ថា កម្ពុជា​ស្វាគមន៍​នាវា​មក​ពី​គ្រប់​បណ្តា​ប្រទេស​នានា នៅ​លើ​ពិភពលោក ដែល​ចង់​ចូល​ចត​នៅ​កំពង់​ផែ​រាម។ អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​ជំហរ​មួយ​នេះ។

លោក ទៀ បាញ់ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ថា ក្រសួង​ការពារ​ជាតិ​ពិត​ជា​បាន​វាយ​កម្ទេច​​អគារ​ជា​ជំនួយ​របស់​អាមេរិក​មែន។ លោក​ថា កម្ពុជា​ត្រូវ​ការ​សាងសង់​ទីតាំង​ថ្មី ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន។

លោក​ថា កន្លែង​ថ្មី​ដែល​កម្ពុជា​សាង​សង់​នោះ គឺ​នៅ​កោះ​ព្រាប ដែល​មាន​លក្ខណៈ​ទំនើប និង​ធំ​ជាង​មុន ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន៖ «រោង​ជាង​សម្រាប់​ចត​កូន​ទូក ដូច្នេះ​វា​ពាក់ព័ន្ធ​នឹង​ទីបញ្ជាការ​មុខ​របស់​សន្តិសុខ​លំហ​សមុទ្រ យើង​រើ​ចោល​ទាំង​អស់ ត្រូវ​រៀបចំ​កន្លែង​ថ្មី គ្មាន​អ្វី​ចម្លែក​ទេ។ យើង​រើ​ថ្មី​ទាំង​អស់។ ដូច​ខ្ញុំ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត តំបន់​នោះ​យើង​ដាក់​ទីបញ្ជាការ សន្តិសុខ​លំហសមុទ្រ​ហ្នឹង គឺ​នៅ​កន្លែង​ហ្នឹង។ ដូច្នេះ គឺ​យើង​រើ​ទៅ​កន្លែង​ថ្មី គឺ​ត្រូវ​ធ្វើ​ថ្មី​ទាំង​អស់ វា​គ្មាន​អ្វី​ចម្លែក​ទេ។»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (ASIA MARITIME TRANSPARENCY INITIATIVE) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បង្ហាញ​លទ្ធផល​ថត​តាម​ប្រព័ន្ធ​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា​ថា អាគារ​មួយ​ទៀត ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​វាយ​កម្ទេច​ចោល។

ការ​វាយ​កម្ទេច​អាគារ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្វើ​ឡើង​ជា​លើក​ទី​ពីរ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ខែកញ្ញា អគារ​មួយ​ក្នុង​ចំណោម​អគារ​ជា​ច្រើន នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ២០១២ ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​កម្ទេច​ចោល។ អគារ ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺ​ជា​​បញ្ជា​ការដ្ឋាន​យុទ្ធសាស្ត្រ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ។

រូបភាព​ផ្កាយរណប​បង្ហាញ​អំពី​ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។
រូបភាព​ផ្កាយរណប​បង្ហាញ​អំពី​ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។
រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific

នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ប្រាប់​អាស៊ីសេរី​ថា ការ​វាយ​កម្ទេច​ចោល​អគារ​ទី​ពីរ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ឲ្យ ហើយ​ដែល​អគារ​នោះ ស្ថិត​នៅ​ក្បែរ​អគារ​ដែល​កម្ពុជា​ទើប​តែ​បាន​វាយ​កម្ទេច​ចោល កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ នឹង​រឹត​តែ​​បញ្ឆេះ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង ជុំវិញ​រឿងរ៉ាវ​ដែល​ថា មាន​ហេតុការណ៍​មួយ​ចំនួន​កំពុង​តែ​កើត​មាន​ឡើង​នៅ​កំពង់​ផែ​រាម៖ «យើង​មាន​ភស្តុតាង​បន្តិច​ម្តង​ៗ មាន​រឿងរ៉ាវ​បែក​ធ្លាយ ទទួល​បាន​មក​ពី​អាជ្ញាធរ​កម្ពុជា ដែល​បាន​កែប្រែ​សាច់​រឿង ជុំវិញ​ការ​សង្ស័យ​ថា នឹង​មាន​ការ​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​កំពង់​ផែ​នេះ ហើយ​កាន់​តែ​ច្បាស់​ទៅ​ៗ វា​ហាក់​បី​ដូច​ជា​ថា នេះ​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង។ មាន​ការ​ពន្យល់​ឲ្យ​បាន​សម​ហេតុផល​តិចតួច​ណាស់​ជុំវិញ​ថា តើ ហេតុ​អ្វី​បាន​ជា​អាគារ​ទាំង​នេះ ត្រូវ​បាន​គេ​បំផ្លាញ​ចោល។ ដំបូង​ឡើយ យើង​បាន​ឮ​អំពី​ការ​បដិសេធ តែ​ពេល​បន្ទាប់​មក​កម្ពុជា​អះអាង​ថា ជា​ការ​ផ្លាស់ប្ដូរ​ទីតាំង។ តាម​ការ​ពិត​ទៅ គឺ​ថា កម្ពុជា​ទើប​តែ​ស្នើសុំ​ឲ្យ​មន្ត្រី​សហរដ្ឋ​អាមេរិក ជួយ​កែ​លម្អ​ទីតាំង​អគារ ដែល​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​កាល​ពី​ខែ​មុន​នេះ ដែល​ការ​ស្នើសុំ​នេះ បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​តែ​ប៉ុណ្ណោះ​ឯង។ ហើយ​ឥឡូវនេះ បែរ​ជា​អគារ​ទាំង​នេះ ត្រូវ​កម្ពុជា​វាយ​កម្ទេច​ចោល​ទាំង​ស្រុង​ទៅ​វិញ។»

ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។
ទីតាំង​អគារ​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទី២ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម មុន និង​ក្រោយ​ពេល​វាយ​កម្ទេច​ចោល។
រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific

អ្នក​ជំនាញ​រូប​នេះ​វាយ​តម្លៃ​ថា អ្វីៗ ទាំង​អស់ ហាក់​បី​ដូច​ជា​កំពុង​ចង្អុល​បង្ហាញ​ចំ​ទិសដៅ​តែ​មួយ ដែល​នោះ​គឺ ប្រទេស​ចិន​កំពុង​ទទួល​បាន​នូវ​លទ្ធភាព​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​កំពង់​ផែ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ។ យ៉ាង​ណា​ក្ដី លោក​ថា ស្ថាប័ន​លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​លទ្ធភាព​ឲ្យ​ចិន​ប្រើប្រាស់​កំពង់​ផែ​នេះ កើត​មាន​ឡើង​ជា​អចិន្ត្រៃយ៍ ជា​ការ​ផ្លាស់​វេន ឬ​ក៏​ជា​ការ​អនុគ្រោះ​កម្រិត​ណា​មួយ​ពី​កម្ពុជា​នោះ​ទេ ទើប​បាន​ជា​កម្ពុជា​លែង​ត្រូវ​ការ​គាំទ្រ ឬ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ទី​កន្លែង​នោះ។

កាលពីថ្ងៃទី២ តុលា មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក​សំដែង​ក្ដី​បារម្ភ​ពី​របាយការណ៍ ដែល​ភាគី​កម្ពុជា​កម្ទេច​អគារ​ផ្ដល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ជុំវិញ​បញ្ហា​នេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​មន្ទីរ (Pentagon) យោធា​អាមេរិក​បញ្ជាក់​ថា ការ​កម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​វត្តមាន​យោធា​ចិន ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល