ពលរដ្ឋ​តាម​ព្រំដែន​ខ្មែរ-ថៃ​បារម្ភ​ខ្លាច​បាត់​បង់​ទឹកដី​ទៅ​ថៃ

ប្រជាពលរដ្ឋ​ខ្មែរ​មាន​លំនៅឋាន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា ប្រទេស​ថៃ កំពុង​មាន​មហិច្ឆតា​រំលោភ​យក​ទឹកដី​កម្ពុជា តាំង​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន។ ពួក​គេ​អះអាង​ថា សព្វថ្ងៃ​នេះ​សកម្មភាព​ទាហាន​ថៃ បាន​រំកិល​ចូល​ឈរ​ជើង​ក្នុង​ទឹកដី​កម្ពុជា តាម​តំបន់​ខ្លះ​នៃ​ជួរ​ភ្នំ​ដងរែក។ ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍ ឬ​ក៏​ដឹង​ឮ​ដែរ តែ​មិន​ហ៊ាន​ប្រតិកម្ម​ជាមួយ​ថៃ ឡើយ។
ដោយ ដែន អយុធ្យា
2013.03.02
Share on WhatsApp
Share on WhatsApp
បង្គោល​លេខ​១៧ ព្រំដែន​ខ្មែរ​ថៃ ៣០៥ ២០-កុម្ភៈ-២០១៣៖ បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ង់ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ ត្រូវ​គេ​រំកិល​ចូល​ដី​ខ្មែរ​ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ចាស់ ក្នុង​សម័យ​អាណានិគម​និយម​បារាំង ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា។
RFA/Morm Moniroth

ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កងទ័ព​ថៃ ត្រូវ​គេ​ដាក់​ពង្រាយ និង​ឈរ​ជើង​នៅ​តាម​ព្រំប្រទល់​ដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា។

អតីត​ទាហាន​តស៊ូ​ជាយ​ដែន​កម្ពុជា-ថៃ គាំទ្រ​ដោយ​ព្រះ​មហា​វីរក្សត្រ សម្ដេច នរោត្តម សីហនុ បាន​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត ទឹកដី​កម្ពុជា តាម​ព្រំដែន អាច​នឹង​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​ថៃ ដូច​ជា​បាត់​បង់​ទៅ​ឲ្យ​ប្រទេស​វៀតណាម ដែរ។

មាន​ទឹក​មុខ​ក្រៀមក្រំ លោក ដួង សារិ ដែល​មាន​រូប​កាយ​ស្គមស្គាំង កំពុង​អង្គុយ​លើ​គ្រែ​រនាប​ឫស្សី ក្រោម​ដំបូល​ផ្ទះ​ប្រក់​ស្បូវ មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម ស្ថិត​ក្នុង​ឃុំ​ជប់គគីរ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ។ បុរស​សម្បុរ​ខ្មៅ មាន​វ័យ​ជិត ៧០​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ថា ក្នុង​រយៈពេល ៣ ឬ ៤​ឆ្នាំ​ចុង​ក្រោយ​នេះ កងទ័ព​ថៃ បាន​បង្ក​ការ​លំបាក​ពលរដ្ឋ​ខ្មែរ និង​ហាម​ពលរដ្ឋ​រស់​តាម​ព្រំដែន​មិន​ឲ្យ​សង់​ផ្ទះ ឬ​ដាំ​ដំណាំ​ផ្សេងៗ។ លោក​អះអាង​ថា សកម្មភាព​នេះ​បាន​រីក​រាល​ដាល​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក​ដល់​ពេល​នេះ។

លោក​ថា ទង្វើ​កងទ័ព​ថៃ គំរាម​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន មន្ត្រី​រដ្ឋាភិបាល​បាន​ដឹង​ឮ ប៉ុន្តែ​មិន​ហ៊ាន​ប្រតិកម្ម​តប​ភាគី​ថៃ ទេ គឺ​បាន​ត្រឹម​តែ​មក​ហាម​ពលរដ្ឋ​ខ្លួន​ឯង តាម​ការ​ទាមទារ​របស់​ថៃ ទៅ​វិញ។

ផ្ដើម​ពី​បញ្ហា​នេះ ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ គ្មាន​ជំនឿ​ថា​ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន អាច​ការពារ​បូរណភាព​ទឹកដី និង​អធិបតីភាព​កម្ពុជា ឲ្យ​គង់វង្ស​ទេ។ ពលរដ្ឋ​អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​តាម​ជួរ​ភ្នំ​ដងរែក មួយ​ផ្នែក ដែល​ធ្លាប់​កម្ពុជា គ្រប់គ្រង ត្រូវ​កងទ័ព​ថៃ ពង្រាយ​កម្លាំង​ឈរ​ជើង ពិសេស​តាម​តំបន់​ព្រៃ​ភ្នំ​គ្មាន​ពលរដ្ឋ ឬ​សមត្ថកិច្ច​ប្រចាំ​ការ​អចិន្ត្រៃយ៍។

ពលរដ្ឋ​មាន​កង្វល់​ថា ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ នា​ថ្ងៃ​អនាគត អាច​នឹង​ត្រូវ​បាត់​បង់​ទឹកដី​ទៅ​ឲ្យ​ថៃ ដូច​បាន​បាត់​បង់​ឲ្យ​ប្រទេស​វៀតណាម ដូច​គ្នា​ដែរ ព្រោះ​រដ្ឋាភិបាល​ហាក់​មិន​សូវ​ខ្វល់ខ្វាយ​ពី​ការ​បាត់​បង់​ទឹកដី​នេះ​ទេ។

បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ចោទ​រដ្ឋាភិបាល​ថា ហាក់​មាន​ចេតនា​មិន​ចង់​ឲ្យ​ពួក​គាត់​សង់​លំនៅឋាន​រស់នៅ​តាម​ព្រំដែន​ទេ ព្រោះ​កន្លង​មក ឃើញ​រដ្ឋាភិបាល​តែង​បាន​វិនិយោគ​ដីធ្លី​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ឈ្មួញ ឬ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សង់​លំនៅឋាន​តាម​ព្រំដែន​ទេ។

ពលរដ្ឋ​ឃុំ​ជប់គគីរ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រៅ​ពី​ត្រូវ​កងទ័ព​ថៃ គំរាម​មិន​ឲ្យ​ដាំ​ដំណាំ ពួក​គាត់​ក៏​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ពួក​គេ​ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ពី​ទី​កន្លែង​កំពុង​រស់​តាម​ព្រំដែន​ថៃ ក្នុង​មូលដ្ឋាន​នេះ​ថែម​ទៀត។

ពលរដ្ឋ​ឃុំ​ជប់គគីរ អះអាង​ថា បើ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​ពី​តំបន់​នេះ ថៃ អាច​នឹង​រុល​ចូល​ក្នុង​ទឹកដី​កម្ពុជា កាន់​តែ​ជ្រៅ ព្រោះ​គ្មាន​របាំង​ពលរដ្ឋ​ការពារ។

បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ជប់គគីរ ក៏​បាន​ដឹង​ឮ និង​ឃើញ​ទាហាន​ថៃ ដើរ​ល្បាត​រុល​ចូល​ទឹកដី​កម្ពុជា តាម​ព្រំដែន និង​មក​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ដាំ​ដំណាំ​លើ​ដី​ចម្ការ​ធ្លាប់​បង្កបង្កើន​ផល​នេះ​ដែរ ប៉ុន្តែ​បែរ​ជា​គិត​ថា ជា​ការងារ​ថ្នាក់​លើ ឬ​មិន​ហ៊ាន​ផ្តល់​ព័ត៌មាន ព្រោះ​ខ្លាច​ការ​ស្តី​បន្ទោស និង​ដក​តួនាទី​ជាដើម។

ពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​ម្តុំ​ច្រក​ទ្វារ​ព្រំដែន​ជប់គគីរ កងទ័ព​ថៃ បាន​ដើរ​ល្បាត​ចូល​ទឹកដី​កម្ពុជា ស្ទើរ​ដល់​សសរ​ផ្ទះ​របស់​កសិករ និង​ឃើញ​លេណដ្ឋាន​កងទ័ព​ក្នុង​តំបន់​នោះ​ថែម​ទៀត។

លោក ឡេង ខ្លី ជា​អនុប្រធាន​ភូមិ​ជប់គគីរ​ខាង​លិច ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក​ទទួល​ស្គាល់​ថា ទាហាន​ថៃ ពិត​ជា​បាន​ហាម​ពលរដ្ឋ​តាម​ព្រំដែន​មិន​ឲ្យ​ដាំ​ដំណាំ​ពិត​មែន។ លោក​អះអាង​ថា គ្រួសារ​គាត់​ក៏​ត្រូវ​ទាហាន​ថៃ គំរាម​មិន​ឲ្យ​ដាំ​ដំណាំ​ដំឡូង​លើ​ដី​ចម្ការ​របស់​ខ្លួន​ដែរ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក​ដល់​ពេល​នេះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល បាន​ត្រឹម​សម្របសម្រួល​តាម​ការ​ទាមទារ​របស់​ថៃ និង​ហាម​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ដាំដុះ។

បញ្ហា​នេះ ពលរដ្ឋ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ក៏​បាន​បង្ហាញ​អារម្មណ៍​តូច​ចិត្ត​នៅ​គ្រា​ឃើញ​សកម្មភាព​កងទ័ព​ថៃ រុល​ចូល​ឈរ​ជើង​តាម​ព្រំដែន​នៃ​តំបន់​ខ្លះ​ក្នុង​ទឹកដី​កម្ពុជា ធ្លាប់​កាន់​កាប់។

ពលរដ្ឋ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​ឧត្តរមានជ័យ មាន​ច្រក​ទ្វារ​ព្រំដែន​ជប់គគីរ ច្រក​អូស្មាច់ ច្រក​ជាំសាងុំា និង​ចក្រ​មួយ​ចំនួន​ទៀត ត្រូវ​ទាហាន​ថៃ បាន​វាទ​យក​ដី​ជុំវិញ​បរិវេណ​ច្រក​ទ្វារ​ស្ទើរ​ទាំង​ស្រុង។ សូម្បី​តែ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ខ្មែរ ក៏​មាន​ទម្រង់​ដូច​ខ្ទម​ចាំ​ចាប តែ​បើ​ប៉ុស្តិ៍​ថៃ វិញ ជា​សំណង់​ថ្ម​ដ៏​រឹងមាំ។ ការ​ដែល​ប៉ូលិស​ខ្មែរ​គ្មាន​ប៉ុស្តិ៍​ធ្វើ​ការ​ល្អ​ដូច​ថៃ មិន​មែន​ខ្វះ​លុយ​សង់​ទេ គឺ​ថៃ គំរាម​មិន​ឲ្យ​សាងសង់ ហើយ​ខ្លាច​គេ មិន​ហ៊ាន​តវ៉ា។

ពលរដ្ឋ ឲ្យ​ដឹង​ថា អាជ្ញាធរ​ខ្មែរ ឬ​រដ្ឋាភិបាល ហាក់​រណប​ថៃ ដោយ​ថៃ គំរាម​បិទ​ច្រក ឬ​ក៏​កងទ័ព​ថៃ ដើរ​ល្បាត​រំលោភ​ចូល​ព្រំដែន ថៃ ហាម​មិន​ឲ្យ​សង់​ប៉ុស្តិ៍ ឬ​សង់​ផ្ទះ និង​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ទឹកដី​របស់​ខ្លួន ចំណែក​មន្ត្រី​រដ្ឋាភិបាល​តែង​សម្របសម្រួល​តាម​ការ​ទាមទារ​របស់​ថៃ ជានិច្ច។ ត្រង់​ចំណុច​នេះ អ្នក​វិភាគ​បញ្ហា​សង្គម យល់​ថា អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋាភិបាល​មិន​គួរ​ចេះ​តែ​ស្រប ឬ​ព្រម​តាម​ការ​ទាមទារ​របស់​ភាគី​ថៃ នោះ​ទេ ព្រោះ​នាំ​ឲ្យ​ថៃ បាន​ចិត្ត និង​បន្ត​ធ្វើ​សកម្មភាព​រំលោភ​ខុស​ប្រក្រតី​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

ទោះ​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ថ្លែង​ថា របង​ការពារ​ព្រំដែន​ដែល​រឹងមាំ និង​មាន​ប្រសិទ្ធភាព គឺ​របង​ស្ថាបនា​ឡើង​ពី​មនុស្ស និង​កន្លែង​រស់នៅ​របស់​ពួក​គេ។ ដូច្នេះ លោក​យល់​ថា វិធានការ​ការពារ និង​ទប់ស្កាត់​មិន​ឲ្យ​បរទេស​លួច​រំកិល​បង្គោល​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព គឺ​រដ្ឋាភិបាល​គប្បី​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ទៅ​សង់​លំនៅឋាន​រស់នៅ​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។

លោក កែម ឡី បន្ត​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ មាន​ប្រព័ន្ធ​ទឹក ភ្លើង សាលា​រៀន ឬ​មន្ទីរពេទ្យ​ជាដើម​នៅ​តាម​បន្ទាត់​ព្រំដែន និង​កៀងគរ​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​បាន​ច្រើន មាន​សេដ្ឋកិច្ច​ដំណើរ​ការ គឺ​ពិត​ជា​អាច​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​មាន​ប្រសិទ្ធភាព​ជាង​ការ​បោះ​បង្គោល​ថ្ម។

បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន ពិត​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​រក្សា​អធិបតីភាព បូរណភាព​ទឹកដី​កម្ពុជា មិន​ឲ្យ​បរទេស​លួច​រំកិល​ព្រំដែន​ពិត​មែន។ ក្នុង​នោះ យុទ្ធសាស្ត្រ​សាងសង់​កាស៊ីណូ​តាម​ព្រំដែន ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​ចូល​ទឹកដី​កម្ពុជា ផង​ដែរ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ក៏​ធ្លាប់​ប្រតិកម្ម​ការពារ​រដ្ឋាភិបាល​ថា កម្ពុជា មិន​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់​បង់​ទឹកដី​ខ្លួន​នោះ​ទេ។ លោក វ៉ា គឹមហុង បាន​ធានា​ថា ការ​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ នា​ថ្ងៃ​ខាង​មុខ រដ្ឋាភិបាល​ប្រទេស​ទាំង​២ បាន​ព្រមព្រៀង និង​អនុវត្ត​តាម​បង្គោល​ព្រំដែន​អន្តរជាតិ​ចំនួន ៧៣​បង្គោល ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤។

ទោះ​ជា​បែប​នេះ​ក្តី លោក លឺ ឡាយស្រេង ព្រឹទ្ធបុរស និង​ជា​ប្រធាន​កិត្តិយស​គណបក្សហ៊្វុនស៊ិនប៉ិច បាន​ទទួល​ស្គាល់​ថា ទីតាំង​របស់​អតីត​ទាហាន​តស៊ូ​ជាយ​ដែន ស្ថិត​ក្នុង​ទឹកដី​ខ្មែរ ត្រូវ​ថៃ ទន្ទ្រាន​កាន់​កាប់​ស្ទើរ​ទាំង​ស្រុង។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ថា ផែនការ​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ នា​ថ្ងៃ​ខាង​មុខ ទំនង​ជា​រដ្ឋាភិបាល​មិន​អាច​ការពារ​ទឹកដី​បាន​ទេ។ ដូច​ករណី​កសិករ​តាម​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​អះអាង​ពី​ការ​បាត់​បង់​ដី​កសិកម្ម​ទៅ​ឲ្យ​វៀតណាម ទោះ​បី​មាន​ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ។ ពលរដ្ឋ បាន​អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​តាម​ព្រំដែន​នៃ​ជួរ​ភ្នំ​ដងរែក មួយ​ភាគ​ធំ ត្រូវ​កងទ័ព​ថៃ ពង្រាយ​កម្លាំង​ឈរ​ជើង និង​កំពុង​គ្រប់គ្រង​ដោយ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។