បក្ស​ប្រឆាំង​ ​និង​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​មាន​វិបត្តិ​ថវិកា ទើប​ឧកញ៉ា​ធំ​ៗ​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​តម្លាភាពជឿ​ថា នៅ​ពេល​អ្នកជំនួញ​ម្នាក់ៗ​ហ៊ាន​បរិច្ចាគ​ទឹកប្រាក់​ខ្ទង់​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ជំងឺ​កូវីដ១៩ ញឹកញាប់​បែប​នេះ​ ​ពួកគេ​ ​ប្រាកដ​ជា​រំពឹង​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មក​វិញ ជាមិនខាន។ ការ​លើកឡើង​នេះ ដោយសារតែ​ពួក​ឧកញ៉ា​មហាសេដ្ឋី​ធំ​ៗ​ ​បន្ត​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្តង​ទៀត។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា​ចុងក្រោយ​នេះ ក្រុម​ឈ្មួញ​ឧកញ៉ា​មហាសេដ្ឋី​ធំ​ៗ​ ​បាន​ចាប់ផ្តើម​ផ្តល់​លុយ​រាប់​លាន​ដុល្លារ​ជាថ្មី​ម្តង​ទៀត ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បើ​ទោះបីជា​លោក​ ​ហ៊ុន សែន មិន​បាន​ប្រកាស​កៀរគរ​ជា​ចំហរ​ក៏ដោយ។ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិលោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រមូល​ថវិកា​ពី​ក្រុម​ឧកញ៉ា​ទាំងនេះ​ម្តង​រួចហើយ ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង ប៉ុន្តែ​មក​ទល់​ពេល​នេះ​ថវិកា​ទាំង​នោះ​បាត់​ដំណឹង​សូន្យ​ឈឹង។ លោក​យល់​ថា ការ​ចូលរួម​បរិច្ចាគ​ថវិកា​ពី​ក្រុម​ឧកញ៉ា​មុខ​ដដែល​ៗ​ជាថ្មី​ម្តងទៀត ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុននេះ​ ​ប្រហែល​ដើម្បី​ជួយ​ដល់​របប​ក្រុងភ្នំពេញ ដែល​កំពុង​ប្រឈម​វិបត្តិ​ខ្វះ​ថវិកា​ធ្ងន់ធ្ងរ៖ «វគ្គ ​ ទី ​ ១ ដែល ​ លុយ ​ ដែល ​ ប្រមូល ​ មក ​ ដើម្បី ​ ទិញ ​ វ៉ាក់សាំង អត់ ​ ទាន់ ​ ឃើញ ​ ទិញ ​ ផង ​ ទេ ​ ​ ហើយ ​ ថ្មីៗ ​ នេះ ​ ក្រសួង​សេដ្ឋកិច្ច ​ ​ និយាយ ​ ថា រដ្ឋាភិបាល ​ ​ បាន ​ ប្រើប្រាស់ ​ ថវិកាជាតិ ​ ជាង ១ ​ ពាន់ ​ លាន ( ដុល្លារ ) ជិត ​ អស់ហើយ ​ សម្រាប់ ​ ឆ្នាំ ​ ២០២០ ហើយ ​ ឆ្នាំ ​ ២០២១ នឹង ​ ចំណាយ ​ ជាង ​ ១ ​ ពាន់ ​ លាន ​ ដុល្លារ ​ ទៀត តែ ​ យើង ​ ឃើញ ​ ជាក់ស្តែង ​ មិន ​ ដឹង ​ ថា ​ ​ ចំណាយ ​ ទៅលើ ​ អី ​ ទេ ព្រោះ ​ សូម្បីតែ ​ ទិញ ​ វ៉ាក់សាំង ​ ១ ​ ដូ ស មិន​ទាន់ ​ បាន ​ ទិញ ​ ផង ​ ​ ហើយ ​ មិន​បាន ​ ជួយ ​ ប្រជាពលរដ្ឋ ​ រឿង ​ ជំពាក់ ​ លុយ ​ ធនាគារ ​ ទេ ។ ដូច្នេះ ​ យើង ​ សង្ស័យ ​ ពី ​ អំពើពុករលួយ ​ ​ ដែល ​ លុយ ​ ទាំងនោះ ​ ធ្លាក់ ​ ចូលក្នុង ​ ហោប៉ៅ ​ មន្ត្រី ​ ធំ ​ ៗ»។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​បន្ត​ថាមូលហេតុ​ដែល​ក្រុម​ឧកញ៉ា​ទាំងនេះ​ ​ហ៊ាន​បរិច្ចាគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ម្នាក់ៗ​នេះ ព្រោះ​ពួកគេ​ ​ធ្លាប់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​សម្បើម​ពី​របរ​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ រកស៊ី​មិន​បង់ពន្ធ​ ​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​ជាដើម​ ​ដោយមាន​ខ្នង​បង្អែក​ជា​ប្រមុខ​រដ្ឋាភិបាល៖ «ប្រទេស ​ គេ ​ ដទៃទៀត ​ ​ រដ្ឋាភិបាល ​ គេ ​ មាន ​ កញ្ចប់ ​ ថវិកា ​ ខ្លួនឯង ដើម្បី ​ ទិញ ​ វ៉ាក់សាំង ​ និង ​ ទប់ ​ ស្កាត់ ​ ជំងឺ ​ កូ វីដ គេ ​ មិនដែល ​ រៃ​លុយ ​ ពី ​ ពលរដ្ឋ ពី ​ ឧកញ៉ា ​ ​ ដូច ​ យើង ​ ទេ ​ ។ យើង ​ ដឹង ​ ហើយ ​ ថា អ្នក ​ រ ក​ ស៊ី ​ គេ ​ បរិច្ចាគ ​ លុយ គេ ​ មិនដែល ​ គិត ​ ផល ​ ខាត ​ ទេ តែងតែ ​ គិត ​ ផល ​ ចំណេញ ​ ​ ដូច្នេះ ​ ជួយ ​ រដ្ឋាភិបាល ៣ ​ លាន ​ ​ បាន ​ មកវិញ ​ យ៉ាងហោច ​ ក៏ ​ ១០លាន ​ ដែរ។ នេះ ​ គឺ ​ របៀប ​ ឯង ​ ជួយ ​ អញ ​ ​ អញ ​ ជួយ ​ ឯង។ ពេលនេះ ​ ​ រដ្ឋាភិបាល ​ លោក ហ៊ុន សែន ​ ​ ត្រូវការ ​ ​ ខាង ​ លោក ​ ឧកញ៉ា ​ ជួយ ​ ​ ប៉ុន្តែ ​ នៅ ​ ពេល ​ ថ្ងៃក្រោយ ​ ​ គាត់ ​ ចង់​បាន ​ ​ ដីសម្បទាន ​ សេដ្ឋកិច្ច ​ ​ គាត់ ​ ចង់ ​ លុប ​ បឹង ​ ​ ចង់ ​ នាំ ​ ទំនិញ ​ ចូល ​ ដោយ ​ មិន ​ បង់ពន្ធ ចង់ ​ កាប់ព្រៃ ​ ឈើ ​ ​ ដូច្នេះ ​ រដ្ឋាភិបាល ​ ​ លោក ហ៊ុន សែន ក៏ ​ អនុគ្រោះ ​ ដល់ ​ ឧកញ៉ា ​ ទាំងអស់ ​ ​ នោះ»។

ការ​លើកឡើង​នេះ​ ​គឺ​បន្ទាប់ពី​ក្រុម​ឧកញ៉ា​ជាច្រើន​រូប​ ​ដែល​រង​ការចោទប្រកាន់​ថា ធ្វើ​ ​ជំនួញ​មិន​សុចរិត រំលោភ​សិទ្ធិមនុស្ស​ ​អំពើពុករលួយ​ ​រឹបអូស​ដីធ្លី អំពើ​ឃាតកម្ម និង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម​ ​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុន​ៗ​ទៀត ដោយ​ភាគច្រើន​មាន​ទឹកប្រាក់​ចាប់ពី ៣​លាន​ដុល្លារ។ នេះ​គឺជា​ការ​បរិច្ចាគ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​ពួកគេ​ ​ទើប​តែ​ចូលរួម​បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ ​កាលពី​ខែ​តុលា​ ​និង​ចូលរួម​បរិច្ចាគ​ថវិកា​ ​ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០​។ ឧកញ៉ា​ទាំងនេះ​ ​មាន​ដូចជា​៖ លោក គិត ម៉េង និង​លោក លី យ៉ុ​ងផាត់ គឺជា​ម្ចាស់​បនល្បែង​ ​ជា​ម្ចាស់ ក្រុមហ៊ុន​ទូរទស្សន៍​ ​និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​លោក​ ហ៊ុន សែន ធ្វើឱ្យ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះសម្បែង​ដោយសារ​ការ​បណ្តេញ​ចេញ​ដោយបង្ខំ និង​ការ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ។ ក្រៅពី​នេះ​លោក ពុង ឃាវសែ លោក សុខ គង់ លោក ហុង ពីវ ក្រុមហ៊ុន​ប៉េង ហួត ក្រុមហ៊ុន ជីបម៉ុងគ្រុប និង​ឧកញ៉ា​ ​ជាន់​ថ្មី​វ័យក្មេង ឡេង ​ណាវ៉ាត្រា ជាដើម​ ​រង​ការ​ចោទ​ថា ជា​តួអង្គ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា​ភ្នំ​បឹង​ទន្លេ តាមរយៈ​គម្រោង​វិនិយោគ​របស់​ពួកគេ និង​រង​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​រួម​ទាំង​ក្តោបក្តាប់ មុខ​ជំនួញ​ខុសច្បាប់​ជាច្រើន។ដោយឡែក​លោក ថោង សារ៉ាត់​វិញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​ឃាតកម្ម​លើ​លោក អ៊ឹង ម៉េងជឺ ថៅកែ​ហាង​ពេជ្រ កាលពី​ឆ្នាំ​២០១៤ ហើយ​ជាប់ពន្ធនាគារ​រយៈពេល​ខ្លី​បំផុត។

រីឯ​មហាសេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី​លោក តាន់ ស្រ៊ី ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ណាហ្គាខប (NagaCorp) បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ​ដោយ​ម្តងៗ​រហូត​ដល់ ៥​លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​បនល្បែង​ដ៏​ធំ​ជាង​នៅ​ស្រុកខ្មែរ​មួយ​នេះ រង​ការ​ចោទ​ថា រំលោភ​សិទ្ធិ​ការងារ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​បុគ្គលិក។ លោក តាន់ស្រ៊ី ទើប​ទទួល​បាន​ ​សញ្ជាតិ​ខ្មែរ​ ​និង​ទើប​ទទួល​បាន​សិទ្ធិ​វិនិយោគ​ខ្នាត​ធំ​ពី​របប​ក្រុងភ្នំពេញ​ ​នៅក្បែរ​ឧទ្យាន​ជាតិ​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​គម្រោង​នេះ​កំពុង​ទទួល​ ​រង​ការរិះគន់​ថា អាច​ប៉ះពាល់​ដល់​ប្រាសាទ​អង្គរវត្ត​ដែល​ជា​តំបន់​ទេសចរណ៍​ប្រវតិ្តសាស្ត្រ​ដ៏​សំខាន់​នៅ​កម្ពុជា។

នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក អ៊ឹម នរិន្ទ ថ្លែង​ថា​ ​ប្រសិនបើ​ការ​បរិច្ចាគ​ ​ក្នុង​ចេតនា​ល្អ ឬ​ជួយគ្នា​ក្នុង​គ្រាអាសន្ន​គឺជា​រឿង​ល្អ ប៉ុន្តែ​លោក​ ​ក៏មាន​ចម្ងល់​ចំពោះ​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​ទទួល​បាន​ពី​សប្បុរស​ជន​កន្លងមក ពុំបាន​បង្ហាញ​ព័ត៌មាន​ច្បាស់លាស់​អំពី​ការ​ចំណាយ​ទៅ​លើ​អ្វីខ្លះ​នោះ​ទេ។ លោក​ ​ព្រួយបារម្ភ​ថា ក្រុម​ឈ្មួញ​ធំ​ៗ​បរិច្ចាគ​ប្រាក់​រាប់​លាន​ដុល្លារ​ជាបន្តបន្ទាប់​បែប​នេះ​ ​អាច​ពួកគេ​ ​រំពឹង​ចង់បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មកវិញ​ដែរ ដែល​នាំឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ ​ហើយ​គម្រោង​វិនិយោគ​ផ្សេងៗ​គ្មាន​តម្លាភាព។ លើស​ពី​នេះ​ ​លោក​ ​បារម្ភ​ថា​ ​ក្រុមហ៊ុន​ទាំងនេះ​ ​អាច​នឹង​មិន​សូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ផ្សេងៗ​ដូចជា​ការ​បង់ពន្ធដារ​ជាដើម​ដោយសារ​មាន​ ​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក​៖ «បញ្ហា ​ ការ ​ បរិច្ចាគ ​ ពី ​ ឧកញ៉ា ​ ធំ ​ ៗ ​ នេះ ​ ​ ក៏ ​ ពាក់ព័ន្ធ ​ នឹង ​ បញ្ហា ​ ដែល ​ យើង ​ លើកឡើង ​​ គឺ ​ វប្បធម៌ ​ ជួយគ្នា​ទៅវិញទៅមក ​ មានន័យ ​ ថា អ្នក ​ រក ​ ស៊ី ​ ជួយ ​ អ្នក ​ ​ នយោបាយ ​ ​ ហើយ ​ អ្នក​នយោបាយ ​ ​ ជួយ ​ អ្នករក ​ ស៊ី ព្រោះ ​ យើង ​ អត់ ​ ដឹង ​ ថា បន្ទាប់​ពី ​ ការ ​​ បរិច្ចាគ ​ ហើយ ​​ នេះ ​ ទៅ ​ ​ រដ្ឋាភិបាល នឹង ​ ផ្ដល់ ​ នូវ ​ ការ ​ តបស្នង ឬ ​ អនុគ្រោះ ​ អ្វី ​ ផ្សេង ​ ​ ទៀត ​ ​ ដូច្នេះ ​ យើង ​ ព្រួយបារម្ភ ​ ពាក់ព័ន្ធ ​ នឹង ​ បញ្ហា ​ ទំនាស់ ​ ផលប្រយោជន៍ ​ ជាបន្តបន្ទាប់ ​ ទៀត ​ ដែរ ព្រោះ ​ ធម្មតា ​ ទេ មិន ​ មាន ​ នរណា ​ ម្នាក់ ​ ដែល ​ មាន ​ សណ្តាន ចិ ត្ត ​ បរិច្ចាគ ​ ​ ម្តង ៣ ​ លាន ម្តង ​ ៥ ​ លាន ​ ហើយ ​ ច្រើនដង ​ ដោយ ​ មិន ​ សង្ឃឹម ​ ថា នឹង ​ ទទួល ​ បានការ ​ តបស្នង ​ ត្រឡប់​មក​វិញ ​ ទេ ហើយ ​ បញ្ហា ​ ទាក់ទង ​ នឹង ​ ការ ​ តបស្នង ​ នេះ ក៏ ​ យើង ​ អត់​មាន ​ ​ ព័ត៌មាន ​ ដែរ»។

ទាក់ទង​បញ្ហា​នេះ​ ​អាស៊ី​សេរី​ ​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ​ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ទោះ​ជា​ ​យ៉ាងណា លោក មាស សុខសេនសាន ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា កញ្ចប់​ថវិកាជាតិ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ ​ត្រៀម​សម្រាប់​ដោះស្រាយ​វិបត្តិ​កូវីដ​នេះ គឺ​ចំណាយ​អស់​ជាង​១​ពាន់​លាន​ដុល្លារ​ហើយ ចាប់​ពី​ឆ្នាំ​២០២០មក។ ក្នុង​នោះ​ចំណាយ​ទៅលើ​ការ​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ក្រីក្រ និង​ចំណាយ​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក ការ​ធ្វើ​តេ​ស្ត​រក​ជំងឺ​កូវីដ និង​ការ​ព្យាបាល​ជំងឺ​កូវីដ​ជាដើម។ លោក​ ​អះអាង​ថា​ ​រដ្ឋាភិបាល​ ​គ្រោង​នឹង​បញ្ចេញ​ថវិកាជាតិ ១​ពាន់​លាន​ដុល្លារ​ថែម​ទៀត​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ក្នុង​ឆ្នាំ​២០២១។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​តម្លា​ភាព​ ​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ថា មាន​ថវិកាជាតិ​គ្រប់គ្រាន់​ហើយ​នោះ​ ​គួរតែ​ប្រើប្រាស់​ថវិកា​ជាតិ​នោះ​ ​ទប់​ស្កាត់​ជំងឺ​កូវីដ ពោល​គឺ​មិន​ត្រូវ​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​ជាមួយ​ថវិកា​របស់​អ្នកជំនួញ​នោះ​ទេ។ ពួកគេ​ ​ជឿ​ថា​ ​ឈ្មួញ​មួយ​ចំនួន​ ​ផ្តល់​ជំនួយ​បែប​ហុត​ទឹក​សំឡឹង​កាក ឬ​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មកវិញ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ជាតិនិង​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។