អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​បិទ​ខ្ទប់​ដង​ទន្លេ​ជាប់​ព្រំដែន​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ចូល​ប្រទេស​វៀតណាម

ដោយ មាន ឫទ្ធិ
2021-07-02
Share
អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​បិទ​ខ្ទប់​ដង​ទន្លេ​ជាប់​ព្រំដែន​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​ចូល​ប្រទេស​វៀតណាម ទិដ្ឋភាពអាជ្ញាធរ​វៀតណាមយក​ទូក​កាត់​ទន្លេ រារាំង​ផ្ទះបណ្ដែត​ទឹក​របស់​ពលរដ្ឋ​វៀតណាម វិលទៅស្រុកខ្លួន កាលពីដើម​ខែ​មិថុនា ២០២១។
Photo Provided

អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​បិទ​ខ្ទប់​គ្រប់​ច្រក នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ​មិន​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ចូល​ទឹកដី​វៀតណាម រយៈពេល ៣​សប្តាហ៍​មក​ហើយ បើ​ទោះ​បី​ជា អាជ្ញាធរ​កម្ពុជា​បាន​ស្នើ​ឱ្យ វៀតណាម​ទទួល​យក​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ជម្រក​បណ្តែត​ទឹក ក្នុង​រាជធានី​ភ្នំពេញ​ក្ដី។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ហៅ​ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម​ថា ជា​ការ​រំលោភ​សិទ្ធិពល​រដ្ឋ​របស់​ខ្លួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ទង្វើ​របស់​វៀតណាម​ថា គ្មាន​ចេតនា​ស្មោះត្រង់​ជួយ​សម្រួល​ពលរដ្ឋ​របស់​ខ្លួន ឱ្យ​វិល​ទៅ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ដោយ​សុខ​សុវត្ថិភាព​នោះ​ទេ​។ ប្រការ​នេះ គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ពួកគេ​សង្ស័យ​ថា រដ្ឋាភិបាល​វៀតណាម​មាន​ល្បិចកល​ផ្សេង ដើម្បី​ពង្រាយ​ជនជាតិ​របស់​ខ្លួន​ឱ្យ​បន្ត​រស់នៅ​ដោយ​ខុសច្បាប់​លើទឹក​ដី​កម្ពុជា ដើម្បី​បង្កើន​កូន​ពួន​ជា​ចៅ​នៅ​ក្នុង​ថ្ងៃ​អនាគត។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច លោក ទត គឹមស្រូយ ថ្លែង​ថា ជនជាតិ​វៀតណាម​ខ្លះ បាន​រាយការណ៍​មក​លោក​ថា មាន​ជនជាតិ​វៀតណាម​ជិត ១​រយ​គ្រួសារ ត្រូវ​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឱ្យ​ចូល​ប្រទេស​វៀតណាម​ជាង ២សប្តាហ៍​មក​ហើយ​នៅ​ដង​ទន្លេមេគង្គ​ក្រោម​ក្នុង​ខេត្ត​កណ្តាល​។ លោក​ថា មក​ទល់​ពេល​នេះ មាន​ជម្រក​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​ទូក ជាច្រើន​គ្រឿង​កំពុង​កកស្ទះ​នៅ​ដង​ទន្លេបាសាក់​ជាប់​ព្រំដែន​វៀតណាម ៖ «មិន​ឱ្យ​ប្រជាជន​ខ្លួន​ចូល​ទៅ​ទឹកដី និង​ប្រទេស​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​កូវីដ​១៩ ខ្ញុំ​ថា គ្រាន់តែ​ជា​លេស​របស់​អាជ្ញាធរ​។ ប្រទេស​វៀតណាម តែប៉ុណ្ណោះ​ឯង មិន​ចង់​ទទួល គឺ​ចង់ឱ្យ​ប្រជាជន​របស់​គេ រស់នៅ​រាយប៉ាយ លើ​ទឹកដី​កម្ពុជា​ហ្នឹងឯង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម​យក​លេស ទប់ស្កាត់​ជំងឺ​កូវីដ​១៩ បិទ​ខ្ទប់​ពលរដ្ឋ​របស់​ខ្លួន មិន​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។ លោក​បញ្ជាក់​ថា អង្គការ​លោក នៅ​មិនទាន់​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់ ពី​ចំនួន​ជនជាតិ​វៀតណាម ដែល​កំពង់​កកស្ទះ​នៅ​ដង​ទន្លេបាសាក់ ជាប់​ព្រំដែន​កម្ពុជា និង​វៀតណាម ឋិត​ក្នុងស្រុក​កោះធំ​នោះ​ទេ ខណៈ​អាជ្ញាធរ​ព្យាយាម​បិទបាំង​រឿង​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​តាមដាន​រឿង​នេះ អះអាង​ថា បែ​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​មួយចំនួន​បាន​អណ្ដែត​ពី​រាជធានី​ភ្នំពេញ ពង្រាយ​តាម​ដង​ទន្លេមេគង្គ​ឋិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តព្រៃវែង ចាប់តាំងពី​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​ចេញពី​ដង​ទន្លេសាប ក្នុង​ភ្នំពេញ។

ជាមួយ​គ្នា​នេះ ហ្វេសប៊ុក (facebook) របស់​រដ្ឋបាល​ខេត្ត​កណ្ដាល ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ មិថុនា ថា អាជ្ញាធរ​ស្រុក​នៅ​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​៣ (​ល្វាឯម កៀនស្វាយ លើកដែក​) កំពុង​យាមកាម​នៅ​តាម​មាត់ទន្លេ​យ៉ាង​តឹងរ៉ឹង និង​មិន​អនុញ្ញាត​ឲ្យ​បែ​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​អែម​ខាង​ចូល​ច្រាំង​ឡើយ។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​ស្ថិតិ​បែ​ត្រី និង​ផ្ទះ​បណ្ដែត​ទឹក​ទាំង​ចាស់​ទាំង​ថ្មី ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​ឡើងវិញ សម្រួល​ដល់​ផ្លូវ​នាវាចរ ប្រព័ន្ធ​អេកូឡូស៊ី ការ​បំពុល​បរិស្ថាន ប៉ះពាល់​សោភ័ណភាព​ដង​ទន្លេ និង​សុខភាព​ពលរដ្ឋ។

អាស៊ីសេរី​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ និង​អភិបាល​ស្រុក​លើកដែក ចាប ច័ន្ទវិទ្យា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ កក្កដា។

រីឯ​អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ លោក សាន សុខសីហា អាស៊ីសេរី​ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរ​សព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​លោក ចាប ច័ន្ទវិទ្យា ប្រាប់​កាសែត​ក្នុងស្រុក (​ខេមបូចា) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា (៣០ មិថុនា ២០២១) មក​ទល់​ពេល​នេះ មានផ្ទះ​បណ្តែត​ទឹក​ប្រមាណ ៨៣​ខ្នង និង​មាន​មនុស្ស​ជាង ៤​រយ​នាក់ (៤៣៦) បាន​មក​ដល់​កោះ​មួយ នៅ​ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ​ក្រោម កៀក​ព្រំដែន​កម្ពុជា និង​វៀតណាម ។ ពួកគេ​ទាំងនោះ ភ្ជាប់​ជាមួយ​នៅ បែ​ចិញ្ចឹម​ត្រូវ​ជាង ១​រយ​បែ(១១៩)

រីឯ​នៅ​ខេត្ត​ព្រៃវែង មាន​ជម្រក​បណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី ១៧០​គ្រួសារ និង​បែ​ត្រី ៣២​កន្លែង បាន​ចុះចត​នៅ​ទន្លេ​មេគង្គ​ក្រោម ក្នុង​ស្រុក​ពាមជរ។

មន្ត្រី​នាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ហួសចិត្ត​នៅ​គ្រា​ដែល​ពលរដ្ឋ​វៀតណាម​ខុសច្បាប់ ដែល​អាជ្ញាធរ​ខ្មែរ​បណ្តេញ​ចេញ​ពី​កម្ពុជា បែរជា​ត្រូវ​រង​ទុក្ខ​នៅ​ប្រទេស​សាមី​របស់​ខ្លួន​ទៅ​វិញ​។ លោក​ថា ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួលខុសត្រូវ​ទៅលើ​ជោគវាសនា​របស់​ពលរដ្ឋ​របស់​ខ្លួន​។ លោក​សង្ស័យ​ថា អាជ្ញាធរ​វៀតណាម​ធ្វើ​បែប​នេះ ហាក់​មាន​ចេតនា​ផ្សេង ពុំ​មែន​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នោះ​ទេ៖ «បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ត្រូវ​ជា​រង​ទុក្ខ​ក្នុង​ប្រទេស​សាមី​របស់​ខ្លួន​ដែល។ រដ្ឋាភិបាល​របស់​ខ្លួន​មិន​ទទួលខុសត្រូវ​លើ​វាសនា​របស់​ពួកគាត់ ហើយ​ធ្វើការ​រំលោភ​លើ​សិទ្ធិ​របស់​ពួកគាត់​ទៅវិញ​។ ចំណុច​ទាំងអស់​នេះ អាច​ធ្វើ​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ»

ជាមួយគ្នានេះ អភិបាលខណ្ឌ​ច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា សំណង់​មិន​រៀបរយ បែ​ត្រី​និង​ផ្ទះ​បណ្ដែត​ទឹក​ជាង​បួន​រយ (៤០០) បាន​រុះរើ​ចេញពី​ខណ្ឌ​ច្បារអំពៅ​របស់​លោក​។ បច្ចុប្បន្ន​នៅ​សល់​បែ​ត្រី​តែ​៤៦​ប៉ុណ្ណោះ ដោយសារ​ម្ចាស់​បែ​ស្នើសុំ​ពន្យារពេល​ដើម្បី​ដួស​ត្រី និង​សន្យា​ស្ម័គ្រចិត្ត​ចល័ត​ចេញ​ពី​ខណ្ឌ​ច្បារអំពៅ។

កាលពី​ថ្ងៃទី​១៣ មិថុនា​កន្លង​ទៅ សមាគម​វៀតណាម នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ហាម​មិន​ឲ្យ​ជនជាតិ​វៀតណាម វិលត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ជនជាតិ​វៀតណាម​រាប់ពាន់​គ្រួសារ ស្នាក់​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក និង​ក្បូន ក្នុង​ខណ្ឌ​ចំនួន ៦ ក្រុងភ្នំពេញ បាន​ត្រៀមខ្លួន​បន្លាស់​ទី​ទៅ​ប្រទេស​វៀតណាម​វិញ​។ សមាគម​ថា អាជ្ញាធរ​វៀតណាម បាន​បិទ​ខ្ទប់​ច្រកទ្វារ​ព្រំដែន​វៀតណាម មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញចូល​ឡើយ ដោយ​លើក​សេចក្ដី​សំអាង​ថា ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ។ លើស​ពី​នេះ សមាគម​វៀតណាម​ស្នើ​ឱ្យ​ប្រជាជន​វៀតណាម គួរតែ​ផ្លាស់​ទីជម្រក​បណ្តែត​ទឹក​ទៅ​ចត​នៅ​ទីតាំង​ថ្មី ដោយ​គោរព​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ៕

សូមទស្សនា​លម្អិតទៀត​ថា ហេតុអ្វីវៀតណាម មិនព្រមទទួលពលរដ្ឋខ្លួនឯងចូលស្រុកវិញ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល