កម្មករនៅសង្កាត់ចោមចៅជិត១០០នាក់ធ្វើកូដកម្ម
2014.04.30

កម្មករជិត ១០០នាក់ នៅរោងចក្រ ភើមៀរ (Pemir) ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ បានឈរធ្វើបាតុកម្មយ៉ាងស្ងប់ស្ងាត់ ឈានចូលថ្ងៃទី៨ ហើយ គិតត្រឹមថ្ងៃទី៣០ ខែមេសា ដើម្បីទាមទារឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករដោយគ្មានកំហុស និងផ្ដល់លុយថ្លៃបាយថ្ងៃត្រង់ចំនួន ២ពាន់រៀល។
តំណាងកម្មករដែលឈរតវ៉ានៅមុខរោងចក្រ លោក ថុន រ៉ន ឲ្យដឹងថា មូលហេតុដែលកម្មករធ្វើបាតុកម្ម ដោយសារតែកម្មករ ៤០នាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ បន្ទាប់ពីពួកគេមកចូលធ្វើការយឺតមួយថ្ងៃ ក្រោយការកំណត់របស់រោងចក្រ ដែលតម្រូវឲ្យចូលធ្វើការវិញនៅថ្ងៃទី១៨ មេសា គឺក្រោយពីក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាកបុណ្យចូលឆ្នាំខ្មែររួច។
លោក ថុន រ៉ន៖ «ខាងរោងចក្រគេគ្មានដំណោះស្រាយឲ្យយើងទេ គេគ្រាន់តែជួលក្មេងស្ទាវឲ្យមករករឿងយើង គំរាមយើង ឲ្យយើងចូលធ្វើការ និងជួលសមត្ថកិច្ចជាទាហានកាន់កាំភ្លើងគំរាមយើងឲ្យចូលធ្វើការ តែយើងអត់យល់ព្រមទេ»។
តំណាងកម្មករបន្តថា កម្មករស្នើសុំ ៤ចំណុចទៅក្រុមហ៊ុន គឺទី១ សុំឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករដោយគ្មានកំហុស និងទទួលយកកម្មករ ៤០នាក់នោះចូលធ្វើការវិញ។ ទី២ សុំឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ ២ពាន់រៀល សុំឲ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងប្រាប់រង្វាន់ក្នុងរយៈពេលកម្មករធ្វើកូដកម្ម និងទី៤ ស្នើសុំឲ្យក្រុមហ៊ុនកុំបង្ខំកម្មករឲ្យធ្វើការថែមម៉ោង។ ភាគីរោងចក្រនិងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ចរចាសម្របសម្រួលខាងជាមួយកម្មករម្ដងរួចហើយ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ មេសា ដោយខាងក្រុមហ៊ុនយល់ព្រមទទួលយកសំណើ ២ចំណុចក្នុងចំណោម ៤ចំណុចដែលកម្មករទាមទារ។ ប៉ុន្តែខាងកម្មករបដិសេធមិនទទួលយក និងបន្តធ្វើកូដកម្មដោយឈរនៅមុខរោងចក្រយ៉ាងស្ងៀមស្ងាត់ រហូតដល់ខាងក្រុមហ៊ុនទទួលយកសំណើទាំង ៤ចំណុចនោះ៕