កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ក្នុងឆ្នាំ២០១៤ លឿនពេក បណ្ដាលឲ្យសិស្សជិត ៧ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
បញ្ហានេះ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន លើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២ ទាំងអស់ ដែលប្រឡងជាប់ និងធ្លាក់ ត្រូវតែបន្តរៀនយកជំនាញកុំបោះបង់ការរៀនសូត្រ។ ក្នុងការរៀនមុខជំនាញនោះ សុំកុំរៀនតាមគ្នាលើមុខវិជ្ជាតែមួយ ពីព្រោះទីផ្សារការងារមានកំណត់។
សិស្សជាប់ និងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៤ ប្រមាណ ២០០នាក់ ជួបជុំគ្នានៅថ្ងៃទី២ ខែកញ្ញា ដើម្បីស្តាប់អ្នកមានបទពិសោធន៍ការងារ ណែនាំឲ្យចេះរៀបចំជីវិត បន្ទាប់ពីបានប្រឡងបញ្ចប់ការសិក្សានៅវិទ្យាល័យ។
នាយកគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន លោក កឹម អឿន មានប្រសាសន៍ថា អ្នកជាប់ និងធ្លាក់សញ្ញាបត្របាក់ឌុប ត្រូវតែចេះរើសយកជំនាញតាមសមត្ថភាពពីកំណើត ដើម្បីរៀនបន្តយកជាអាជីព នោះវាអាចឲ្យយុវជនឈានទៅរកការប្រកបការងារមានប្រសិទ្ធភាព៖ «នៅពេលដែលគាត់ចាប់មុខវិជ្ជាជំនាញមួយណាហើយ គាត់ហាក់បីដូចមានការងាករេ នៅពេលដែលទៅមុខទៀត។ ហេតុហ្នឹងហើយ ដែលនាំឲ្យគាត់បោះចោល ហើយមានការចែករំលែកដែរថា មិនមានការជ្រើសរើសណាមួយដែលខុស ឬក៏ត្រូវទេ ពីព្រោះយើងថានៅបច្ចុប្បន្ននេះ អ្នកដែលរៀនមិនពូកែ ក៏ក្លាយទៅជាអ្នកដែលដឹកនាំក្រុមហ៊ុន អ្នករើសមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា ក៏ក្លាយទៅជារដ្ឋមន្ត្រី ឬក៏អ្នកមុខអ្នកការដែរ»។
ថ្លែងលើកទឹកចិត្តសិស្សដែលមិនបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប លោក ឌិន សុមេធារិទ្ធ អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ហ្វ្រាំងជីផានី វីឡា ហូតែល (Frangipani villa Hotel) ថ្លែងថា សិស្សប្រឡងធ្លាក់ទាំងអស់កុំបាក់ទឹកចិត្ត សូមទៅប្រឡងលើកទី២ឲ្យបានជាប់ទាំងអស់គ្នា។ ប្រសិនបើមិនជាប់ ក៏អាចបន្តរៀននៅមហាវិទ្យាល័យបានដែរ ហើយត្រូវចេះជ្រើសរើសយកជំនាញដែលត្រូវចំណង់ចំណូលចិត្ត។ លោកថា អ្នកកំពុងមានឋានៈក្នុងការងារ មានអ្នកខ្លះមិនមានសញ្ញាបត្របាក់ឌុបទេ តែគេមានជំនាញធ្វើការច្បាស់លាស់ គេអាចរកចំណូលបានច្រើនក្លាយជាឧកញ៉ា ឬថៅកែ។ លោកលួងលោមសិស្សបន្តថា បន្ទាប់ពីមានមុខរបរចិញ្ចឹមជីវិត ហើយអ្នកនោះចាំបាច់ត្រូវតែទៅប្រឡងយកសញ្ញាបត្របាក់ឌុបឲ្យបាន ដើម្បីទទួលបានប្រាក់ខែខ្ពស់៖ «ប៉ុន្តែខាងខ្ញុំ ភាគច្រើនខ្ញុំទទួលអ្នកជំនាញ អ៊ីចឹងយើងអត់ទៅលើសញ្ញាបត្រជាធំទេ គឺទៅលើជំនាញដែលមានឱកាស ក៏ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំ អ្នកដែលអត់មានសញ្ញាបត្របាក់ឌុប គាត់ទៅធ្វើការ ក៏គាត់មិនសូវជាឡើងឋានៈ»។
ពួកគាត់ថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខសិស្សច្រើននាក់ដែលប្រឡងជាប់ និងធ្លាក់សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០១៤ នៅក្នុងសិក្ខាសាលាស្ដីពីយុវជន ការអប់រំ និងការងារ ក្រោមប្រធានបទ «ការរៀបចំជីវិត បន្ទាប់ពីប្រឡងសញ្ញាបត្រទុតិយភូមិ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ដែលរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តវិទ្យាល័យទួលទំពូង។
សិស្សជាប់និទ្ទេសប៊ី (B) រៀននៅវិទ្យាល័យទួលទំពូង ឈ្មោះ អាន ម៉េងហុង ឲ្យដឹងថា គាត់ជាប់នេះដោយសារគាត់ចេះវិទ្យាសាស្ត្រពិត។ យុវជនថា គាត់រំពឹងពីតូចមកថា នឹងបានធ្វើមន្ត្រីសុខាភិបាល។ ឥឡូវ គាត់ប្រឡងជាប់ហើយ គាត់នឹងចាប់រៀនមុខវិជ្ជាវេជ្ជសាស្ត្រនៅសកលវិទ្យាល័យ៖ «មូលហេតុទី១ គឺសមត្ថភាពពីកំណើតរបស់ខ្ញុំ ខ្ញុំពូកែទៅលើមុខវិជ្ជាដែលត្រូវនឹងថ្នាក់វេជ្ជសាស្ត្រ។ ទី២ គឺខ្ញុំមើលទៅលើទីផ្សារការងារ ដែលវិស័យវេជ្ជសាស្ត្រនៅប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងក្លា ពីព្រោះតែកំណើនប្រជាជនមានការកើនឡើងឥតឈប់ឈរ»។
សិស្សជាប់និទ្ទេសស៊ី (C) រៀននៅវិទ្យាល័យឥន្ទ្រទេវី កញ្ញា ហ៊ាង សុជាតា ឲ្យដឹងថា ការបង្ហាញរបស់អ្នកមានបទពិសោធន៍ការងារ ទាំងអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន សុទ្ធតែបង្ហាញពីទីផ្សារដែលកំពុងខ្វះធនធានមនុស្សទាំងស្រុង ដើម្បីឲ្យអ្នកប្រឡងបាក់ឌុបឆ្នាំនេះ គួរចាប់មុខវិជ្ជារៀន។ កញ្ញាបន្តថា គោលបំណងគាត់ផ្ទាល់ដែលចង់រៀនបន្តនៅមហាវិទ្យាល័យ គឺយកជំនាញផ្នែករចនាម៉ូដសម្លៀកបំពាក់៖ «ខ្ញុំចង់ឲ្យនៅស្រុកខ្មែរយើង វាដុះដាលលើគ្រប់វិស័យ មិនមែនតែផ្នែកអ្វីមួយ ឬក៏ផ្នែកតូចតាចណាមួយ គឺខ្ញុំចង់បានឲ្យគ្រប់វិស័យ អ៊ីចឹងខ្ញុំគិតថា ខ្ញុំខំរៀនរចនាម៉ូដសម្លៀកបំពាក់ហ្នឹង ដើម្បីអភិវឌ្ឍជាតិ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៤ និងទី៥ ខែសីហា កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងបាក់ឌុប ធ្វើឲ្យសិស្សជាង ៧៤% បានធ្លាក់។
ក្រោយការប្រកាសលទ្ធផលថ្ងៃទី២៩ និងថ្ងៃ៣០ ខែសីហា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុញ្ញាតឲ្យសិស្សប្រឡងធ្លាក់ជិត ៧ម៉ឺននាក់ អាចប្រឡងលើកទី២ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
