សហរដ្ឋអាមេរិក និងកម្ពុជា ប្រារព្ធខួប ៧០ឆ្នាំ នៅដើមឆ្នាំ២០២០នេះ នៃការបង្កើតចំណងទំនាក់ទំនងការទូត ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឆ្លងកាត់នូវភាពរកាំរកូស និងធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិ មើលឃើញថា ប្រទេសទាំងពីរ ទំនងជាចង់កែសម្រួលទំនាក់ទំនងនេះឱ្យបានល្អប្រសើរឡើងវិញ។
សហរដ្ឋអាមេរិក និងកម្ពុជា ចាប់ផ្ដើមទំព័រទសវត្សថ្មី ក្នុងឆ្នាំ២០២០ នេះ ជាមួយនឹងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតដ៏យូរលង់ ជិតមួយសតវត្សរបស់ខ្លួន។ ព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៧០ឆ្នាំនេះ មិនមែនធ្វើឡើងតែមួយថ្ងៃ ឬមួយខែ នោះទេ ក៏ប៉ុន្តែពេញមួយឆ្នាំ២០២០នេះតែម្ដង ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សាធារណៈជាច្រើន តាមប្រធានបទផ្សេងៗគ្នាតាមខែនីមួយៗ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍លើការចូលរួមចំណែករបស់អាមេរិក ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា និងភាពជាដៃគូមិនអាចខ្វះបានលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
ដោយចាប់ផ្ដើមជាមួយនឹងព្រឹត្តិការណ៍ហែក្បួនរ៉ឺម៉កកង់បីជាច្រើនគ្រឿង តាមវិថីនានាក្នុងក្រុងភ្នំពេញ ស្ថានទូតអាមេរិក ក៏គ្រោងរៀបចំសកម្មភាពសំខាន់ៗ ផ្តោតលើប្រធានបទនៃទំនាក់ទំនងក្នុងវិស័យកសិកម្ម អប់រំ បច្ចេកវិទ្យា ស្ត្រី និងយេនឌ័រ បរិស្ថាន សុខភាពសាធារណៈ ពាណិជ្ជកម្ម វប្បធម៌ ជំនួយមនុស្សធម៌ ប្រជាជន និងប្រជាជនជាដើម។ នេះគេនៅមិនទាន់រាប់បញ្ចូលពីប្រធានបទរសើបនានាក្នុងក្រសែភ្នែកមន្ត្រីបក្សកាន់អំណាច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងនោះ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា កាលពីថ្ងៃទី០៨ មករា រំឮកឡើងវិញអំពីការចងក្រងបង្កើតទំនាក់ទំនងការទូតជាលើកដំបូងក្នុងឆ្នាំ១៩៥០។ លោកសង្កត់ធ្ងន់ៗថា ព្រឹត្តិការណ៍នេះ គឺកើតមានឡើង ៣ ឆ្នាំនៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង។ លោកថា គឺការទទួលស្គាល់កម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះហើយ ដែលជាចំណុចផ្ដើមនាំឱ្យកម្ពុជាឈានទៅសម្រេចបានឯករាជ្យពីអាណានិគមបារាំង ហើយសហរដ្ឋអាមេរិកពិតជាមានមោទនភាពចំពោះរឿងនេះណាស់។ លោក ផាទ្រីក ម័រហ្វី គូសបញ្ជាក់ថា ខួបលើកទី៧០ឆ្នាំនេះ សបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាពលរដ្ឋកម្ពុជា បុគ្គល ស្ថាប័ន និងអង្គការនានា ដែលមានការប្ដេជ្ញាចិត្តរួម និងសេចក្ដីប្រាថ្នាចង់ឃើញប្រទេសកម្ពុជាមួយ ប្រកបដោយប្រជាធិបតេយ្យរឹងមាំ៖ «កម្ពុជាបានឆ្លងកាត់ដំណាក់កាលដ៏វែងឆ្ងាយមួយ ជាពិសេសចាប់តាំងពីក្រោយដំណើរការកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១។ វាគឺជាដំណើរការរយៈពេល ៣ទសវត្សរ៍នៃកិច្ចសហការរវាងប្រទេសយើងទាំងពីរ។ សហរដ្ឋអាមេរិក ជឿជាក់ថា វាអាស្រ័យទៅលើប្រជាពលរដ្ឋកម្ពុជា ក្នុងការធ្វើឱ្យមានវិវឌ្ឍនភាពគួរឱ្យកត់សម្គាល់ វិបុលភាព សន្តិភាព និងរដ្ឋធម្មនុញ្ញ ដែលផ្ដោតលើនីតិរដ្ឋ សិទ្ធិមនុស្ស និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស»។
ឆ្លើយតបនឹងប្រសាសន៍របស់លោក ផាទ្រីក ម័រហ្វី ប្រមុខទូតកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានកោតសរសើរពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារអាមេរិក និងជំនួយនានារបស់សហរដ្ឋអាមេរិកដល់កម្ពុជា ជាពិសេសក្នុងការជួសជុលប្រាសាទបុរាណ។ លោក ប្រាក់ សុខុន បញ្ជាក់ជំហរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើឱ្យប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្វែងរកចំណុចសក្ដានុពល ដើម្បីជាប្រយោជន៍រួមនៃប្រជាជនទាំងពីរ ឈរលើការយោគយល់ និងការគោរពគ្នាទៅវិញទៅមក។
មួយថ្ងៃមុនការចាប់ផ្តើមផ្លូវការនៃព្រឹត្តិការណ៍នេះ ដែលគឺជាពេលវេលាដែលរបបក្រុងភ្នំពេញមិនដែលបំភ្លេចប្រារព្ធខួបនៃទិវាអ្វីមួយដែលរបបនេះហៅថា ជា «ថ្ងៃកំណើតទីពីរ» ឬ «ទិវាជ័យជម្នះ៧មករា» នោះ ស្ថានទូតសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់ឯកអគ្គរដ្ឋទូតថ្មីនេះ បានបញ្ចេញសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សរសើរថា ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញនូវ «ភាពរឹងមាំ» អស់ជាច្រើនទសវត្ស ចាប់តាំងពីសម័យខ្មៅងងឹត និងការខិតខំប្ដេជ្ញាចិត្ត នាំប្រទេសមួយនេះមកដល់សព្វថ្ងៃ។ សារដដែលសង្កត់ធ្ងន់ៗថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ពលរដ្ឋកម្ពុជា និងសេចក្ដីប៉ងប្រាថ្នារបស់ពលរដ្ឋកម្ពុជា ក្នុងការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យ ក្នុងគោលដៅដើម្បីធានាថា នឹងមិនមានសោកនាដកម្មបែបនេះ កើតមានឡើងវិញនោះទេ។
រីឯមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ នៅចំថ្ងៃទិវា៧មករានោះដែរ ក៏ហាក់បង្ហាញតម្រុយចង់រក្សាទំនាក់ទំនងល្អជាមួយក្រុមប្រទេសលោកខាងលិច ដែលលោកថា ធ្លាប់មានទស្សនៈមិនល្អចំពោះកម្ពុជា៖ «ខ្ញុំក៏សង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឱ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រឡើយ»។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Naresuan នៃប្រទេសថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) វាយតម្លៃដំណើរវិវឌ្ឍននេះថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ទំនងជាស្ថិតក្នុងដំណាក់កាល «កែសម្រួល» ជាពិសេសចាប់តាំងពីពេលដែលមានការតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក និងអ្វីមួយដែលទំនងជាថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ងធានាទៅក្រុងវ៉ាស៊ីនតុនថា ក្រុងភ្នំពេញមិនមែនគ្រាន់តែទោរទន់ទៅរកក្រុងប៉េកាំងតែមួយនោះទេ។ យ៉ាងណាក៏ដោយ លោកថា បញ្ហាប្រឈមសម្រាប់សហរដ្ឋអាមេរិក គឺធ្វើយ៉ាងណារក្សាកម្ពុជាមិនឱ្យផ្អៀងខ្លាំងពេកទៅរកប្រទេសចិន ដោយបង្ហាញថាខ្លួនមិនបានធ្វើមិនដឹងមិនឮចំពោះការបន្តរំលោភសិទ្ធិមនុស្សរបស់របបលោក ហ៊ុន សែន។ លោកវិភាគថា ក្រោយកម្ពុជាបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» កាលពីឆ្នាំ២០១៨មក សហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មខ្លាំងមកប្រទេសនេះបាន ដោយប្រើច្បាប់ប្រជាធិបតេយ្យកម្ពុជា ដែលទទួលបានការគាំទ្រច្រើនពីតំណាងរាស្ត្រអាមេរិកាំង។ ក៏ប៉ុន្តែ លោកថា ការធ្វើដូច្នេះ នឹងរុញច្រានលោក ហ៊ុន សែន ឱ្យខិតទៅរកចិនកាន់តែខ្លាំង។ រីឯបញ្ហាប្រឈមសម្រាប់កម្ពុជាវិញ បណ្ឌិត ប៉ូល ឆែមប៊័រ ថា នោះគឺការធ្វើចំណាត់ការឱ្យបានច្រើន ដើម្បីឱ្យមានតុល្យភាពរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងនាមភាពជាដៃគូភូមិសាស្ត្រនយោបាយ។ លោកថា កម្ពុជា មិនចង់ឱ្យសហរដ្ឋអាមេរិក គិតថា ខ្លួនកំពុងពឹងផ្អែកលើចិនខ្លាំងនោះទេ។
ជុំវិញបញ្ហាប្រឈមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី វាយតម្លៃថា ក្រៅពីបានបង្ហាញនូវជំហរសូមឱ្យកម្ពុជារក្សាអព្យាក្រឹត្យ និងឯករាជ្យរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមួយនឹងប្រទេសចិន និងព្រមានកម្ពុជាឱ្យគោរពឱ្យខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ លោកថា សហរដ្ឋអាមេរិកទំនងជាមិនចង់យកបញ្ហាប្រឈមនេះ ទៅដោះស្រាយនឹងបញ្ហាទំនាក់ទំនងជាមួយកម្ពុជានោះទេ៖ «សហរដ្ឋអាមេរិកក៏ហាក់ដូចជា កំពុងតែបំពេញ ឬប្រើនូវរបៀបធ្វើការមួយដែលស្រដៀងគ្នានឹងសហគមន៍អឺរ៉ុបដែរ គឺ គេធ្វើអីគឺគេមិនចង់យកបញ្ហាប្រឈម ដើម្បីទៅដោះស្រាយបញ្ហាទំនាក់ទំនងរវាងប្រទេសនោះទេ។ យើងដឹងហើយថា សូម្បីតែនៅក្នុងតំណែងថ្មីរបស់លោក ផាទ្រីក ម័រហ្វី នេះ ក៏គាត់ព្យាយាមបង្ហាញនូវសារវិជ្ជមានច្រើនដែរ។ ក៏ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់របស់យើង គឺសហរដ្ឋអាមេរិកហាក់ដូចជាឈរនៅលើជំហររឹងមាំមួយ គឺការពារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
ជុំវិញការបោះដៃឈានទៅកែលម្អ ឬស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើងវិញនោះ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត ប៉ូល ឆែមប៊័រ ផ្ដល់អនុសាសន៍ថា ប្រទេសទាំងពីរ អាចរៀបចំឱ្យមានឡើងវិញនូវការធ្វើសមយុទ្ធយោធារួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយជាការឆ្លើយតប សហរដ្ឋអាមេរិកអាចលុបចោលការដាក់ទណ្ឌកម្មនានា និងបញ្ចៀសនៅការដាក់ទណ្ឌកម្មបន្ថែមទៀត។ រីឯកម្ពុជាវិញ លោកថា មិនត្រូវបង្ហាញឱ្យឃើញថា ខ្លួនធ្វើការជិតស្និទ្ធជាមួយនឹងយោធាចិននោះឡើយ។
យ៉ាងណាក៏ដោយ អ្នកជំនាញកិច្ចការអន្តរជាតិដដែល វាយតម្លៃថា លោកពុំឃើញមានមនោសញ្ចេតនាប្រឆាំងអាមេរិកនៅកម្ពុជាក្នុងចំណោមពលរដ្ឋខ្មែរសព្វថ្ងៃនេះទេ។ លោកថា សហរដ្ឋអាមេរិក គួរព្យាយាមបង្កើតនូវមិត្តភាពកាន់តែប្រសើរជាងមុនជាមួយពលរដ្ឋកម្ពុជា ហើយវិធីមួយក្នុងការធ្វើដូច្នេះ គឺតាមរយៈការវិនិយោគក្នុងវិស័យរចនាសម្ព័ន្ធវប្បធម៌នៅកម្ពុជា ដូចជាការបង្កើតសារមន្ទីរ ហើយបង្ហាញប្រាប់ពលរដ្ឋកម្ពុជា ថា ការវិនិយោគរបស់អាមេរិកមានវឌ្ឍនភាពទៅមុខតាមរយៈការប្ដេជ្ញាចិត្តនេះ។ ទន្ទឹមគ្នានេះ លោកថា មន្ត្រីការទូតអាមេរិកាំង គួរតែចូលរួមពាក់ព័ន្ធឱ្យបានច្រើនក្នុងការជំរុញឱ្យមានទំនាក់ទំនងការទូតសាធារណៈរវាងប្រជាជន និងប្រជាជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។