ចាប់តាំងពីគណៈកម្មការអឺរ៉ុប បានដាក់ចេញនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ភាពមិនប្រាកដប្រជា និងហានិភ័យនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា បានក្លាយជាប្រធានបទសំខាន់នៃការពិភាក្សា និងសិក្សាស្រាវជ្រាវនានា។ តើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ព្យាករណ៍យ៉ាងដូចម្តេចខ្លះចំពោះផលប៉ះពាល់នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធដ៏មានឥទ្ធិពលរបស់អឺរ៉ុបនេះ?
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅលើពិភពលោក រួមមានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថាធ្លាក់មកនៅក្រោម ៧ភាគរយ ក្នុងឆ្នាំ២០២០នេះ ដោយសារតែឥទ្ធិពល និងភាពមិនប្រាកដប្រជានៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ទោះបីរបបលោក ហ៊ុន សែន ធ្លាប់អួតអាងពីការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ទៅ ៧,៥% កាលពីបណ្ដាឆ្នាំកន្លងទៅ។ ការព្យាករណ៍របស់ស្ថាប័នធំៗទាំងនេះ បានធ្វើឡើងនៅមុនការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងបង្កផលប៉ះពាល់ឥតរំពឹងទុក ដល់សេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចពិភពលោក។
របាយការណ៍បច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ ផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះពី ៧% ក្នុងឆ្នាំ២០១៩ មកនៅ ៦,៨% ក្នុងឆ្នាំ២០២០។ ធនាគារនេះ ហៅការណ៍ដែលសហភាពអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយផ្នែក ឬទាំងស្រុង ជាហានិភ័យពីខាងក្រៅ ដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លី។ រីឯ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក៏បានព្យាករណ៍ស្រដៀងគ្នានេះដែរ ដោយបានទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅ ៦,៨% នៅឆ្នាំ២០២០ ដោយសារតែបញ្ហា EBA នេះ។
ការសិក្សាពីសេណារីយ៉ូនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ធ្វើឡើងដោយអ្នកជំនាញ IMF ចេញផ្សាយក្នុង របាយការណ៍ប្រចាំឆ្នាំ២០១៩ របស់អង្គការនេះ ប៉ាន់ស្មានថា ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធនេះ អាចបណ្ដាលឱ្យធ្លាក់ចុះខ្លាំងនៃការនាំចេញរបស់កម្ពុជា និងធ្លាក់ចុះកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) GDP ការកាត់បន្ថយការងារ និងការកើនឡើងនៃភាពក្រីក្រនៅកម្ពុជា។ បើទោះជាការប៉ាន់ស្មាននេះ មិនទាន់មានភាពប្រាកដប្រជាក៏ដោយ អ្នកជំនាញ IMF គូសបញ្ជាក់ថា ហានិភ័យ បណ្ដាលមកពីភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក ក៏អាចនឹងរួមចំណែកធ្វើឱ្យផលប៉ះពាល់នេះកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀតដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញ IMF ថា ផលប៉ះពាល់នេះ អាចនឹងកាត់បន្ថយខ្លះ ប្រសិនបើមានការព្យួរដោយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
ដោយឡែក ការសិក្សាស្រដៀងគ្នានេះដែរ អំពីផលប៉ះពាល់នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ចេញផ្សាយដាច់ដោយឡែកដោយ ធនាគារពិភពលោក កាលពីខែឧសភា ឆ្នាំ២០១៩ រកឃើញថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនេះ គឺជាហានិភ័យចម្បងមួយ ក្នុងចំណោមហានិភ័យនានា ដែលអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ បើតាមធនាគារពិភពលោក ក្រៅពី EBA ហានិភ័យផ្សេងទៀត រួមមានលំហូរវិនិយោគដោយផ្ទាល់ ៛FDI មានប្រភពប្រមូលផ្តុំចេញមកពីតែពីប្រទេសចិនពេក ហើយផ្ដោតតែលើវិស័យមួយចំនួន។
បើតាមធនាគារពិភពលោក មុខទំនិញសំខាន់ៗរបស់កម្ពុជានាំចេញទៅទីផ្សារអឺរ៉ុប រួមមាន សំលៀកបំពាក់ ស្បែកជើង កង់ និងអង្ករ។ ធនាគារពិភពលោក ថា ជារួម អត្រាគិតពន្ធរបស់សហភាពអឺរ៉ុបលើផលិតផលសំលៀកបំពាក់ គឺ ១២% ស្បែកជើង ១៦% និងកង់ ១០%។ សម្រាប់ផលិតផលអង្ករកម្ពុជា កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៩ សហភាពអឺរ៉ុប បានដាក់ចេញវិធានការណ៍ការពារ ដោយចាប់ផ្ដើមយកពន្ធលើអង្ករកម្ពុជាជិត ២០០ដុល្លារ ក្នុងមួយតោន សម្រាប់ឆ្នាំដំបូង២០១៩ ហើយធ្លាក់មកនៅជាង ១៧០ដុល្លារក្នុងឆ្នាំ២០២០ និងជាង ១៤០ដុល្លារ ក្នុងឆ្នាំ២០២១ សម្រាប់អង្ករមួយតោន។
ធនាគារពិភពលោក ព្យាករណ៍ថា ប្រសិនបើមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងបណ្ដាលឱ្យតម្លៃផលិតផលកម្ពុជានាំចេញទៅលក់នៅទីផ្សារអឺរ៉ុប ត្រូវឡើងថ្លៃ ខណៈផលិតផលកាត់ដេរតំណាងឱ្យប្រមាណ ៨០% នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។ការណ៍នេះ គឺនៅមិនទាន់គិតពីកត្តាដទៃទៀត ដែលអាចបណ្ដាលឱ្យមានការកាត់បន្ថយខ្លាំងដល់បរិមាណនាំចេញរបស់កម្ពុជា និងមានផលប៉ះពាល់ជាអវិជ្ជមានទៅលើឧស្សាហកម្មកាត់ដេរ។
អ្នកជំនាញធនាគារពិភពលោក ប៉ាន់ស្មានថា ប្រសិនបើព្យួរ EBA មែន នោះផលិតផលកាត់ដេរកម្ពុជា នាំចេញទៅទីផ្សារអឺរ៉ុប នឹងធ្លាក់ចុះក្នុងរង្វង់ពី ៨,៧% ដល់ ១០,៤%។ ជារួម សម្រាប់តែវិស័យកាត់ដេរ ការធ្លាក់ចុះការនាំចេញនេះ គឺមានតម្លៃចន្លោះពី ៣២០ ទៅជាង ៣៨១លានដុល្លារអាមេរិក។ ដូចគ្នានេះដែរ ការធ្លាក់ចុះនៃផលិតផលស្បែកជើងវិញ គឺមានប្រមាណ ២៥,២% ស្មើនឹងប្រមាណ ១២៨,៥ លានដុល្លារអាមេរិក។ ដោយមិនគិតពីការធ្លាក់ចុះការនាំចេញអង្ករ ដែលមានតម្លៃរវាងពី ៦៥,១លានដុល្លារអាមេរិក ទៅ ១៤៤,១ លានដុល្លារអាមេរិក ការធ្លាក់ចុះការនាំចេញជារួមទាំងផលិតផលសំលៀកបំពាក់ និងស្បែកជើង មានតម្លៃប្រមាណ ៥១០ លានដុល្លារអាមេរិក។ នេះ ធនាគារពិភពលោក នៅមិនទាន់បានសិក្សាអំពីផលប៉ះពាល់ចំពោះការយកពន្ធលើផលិតផលកង់របស់កម្ពុជានៅឡើយទេ។
កម្ពុជា ទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដែលមិនយកពន្ធលើទំនិញកម្ពុជាស្ទើរតែគ្រប់មុខ លើកលែងតែអាវុធ ចាប់តាំងពីឆ្នាំ២០០១មក។ ផលិតផលនាំចេញរបស់កម្ពុជាភាគច្រើន ជាផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ និងកង់ជាដើម។ ដោយសារតែការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ វិស័យកាត់ដេរនៅកម្ពុជាបានពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស ដែលបានចូលរួមចំណែកជួយឱ្យពលរដ្ឋកម្ពុជាងើបផុតពីភាពក្រីក្រ។ ឧស្សាហកម្មកាត់ដេរ បច្ចុប្បន្ន ផ្ដល់ការងារធ្វើឱ្យពលរដ្ឋខ្មែរប្រមាណ ៧សែន៥ម៉ឺននាក់ (៧៥០.០០០) ខណៈ ៨០% នៃពួកគេជាស្ត្រី ហើយពលរដ្ឋកម្ពុជា ប្រមាណ ៣លាននាក់ផ្សេងទៀត ត្រូវគេប៉ាន់ស្មានថា ទទួលបានចំណូលពីវិស័យនេះ ដោយប្រយោល។ តួលេខរបស់គណៈកម្មការអឺរ៉ុប ឱ្យដឹងថា ក្នុងឆ្នាំ២០១៨ កម្ពុជា នាំចេញផលិតផលទៅដាក់លក់នៅទីផ្សារអឺរ៉ុប សរុបទាំងអស់ក្នុងតម្លៃ ៥,៧៩ ពាន់លានដុល្លារ (ឬជាង ៥,៣ ពាន់លានយូរ៉ូ) ខណៈ៩៥%នៃផលិតផលទាំងនេះ ទទួលបានការមិនគិតពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA។ ក្នុងនោះ គ្រាន់តែផលិតផលសំលៀកបំពាក់ និងស្បែកជើង មានតម្លៃប្រមាណ ៤,៣៧ ពាន់លានដុល្លារអាមេរិក (ឬ ៤ពាន់លានយូរ៉ូ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។