ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ឬហៅថា ក្រុមការងារចំណាត់ការហិរញ្ញវត្ថុ FATF ជាថ្មីម្ដងទៀត បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសចំនួន ១២ នៅលើពិភពលោក ដែលមានកង្វះខាតជាយុទ្ធសាស្ត្រ ខាងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។ ស្ថាប័ន FATF ផ្ដល់ហេតុផលថា ចំណាត់ការនេះ គឺដោយសារតែកម្ពុជាបានបរាជ័យក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះទៅនឹងការលាក់បាំងហិរញ្ញវត្ថុបានមកពីប្រភពខុសច្បាប់នានា។ ការដាក់បញ្ចូលជាថ្មីម្តងទៀតនេះ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងបញ្ជីនៃការឃ្លាំមើលពិសេសពីសំណាក់ស្ថាប័ន FATF។
អ្នកជំនាញខាងវិស័យធនាគារឯកជន បណ្ឌិត អ៊ិន ចាន់នី យល់ថា នេះមិនមែនជារឿងថ្មីថ្មោងទេ សម្រាប់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «ប្រផេះ» របស់ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់របស់ពិភពលោកដ៏មានឥទ្ធិពលមួយនេះ។ បណ្ឌិត អ៊ិន ចាន់នី មិនយល់ស្របទៅនឹងកង្វល់មួយចំនួន ដែលថា ហេតុការណ៍នេះ អាចបណ្ដាលឱ្យកម្ពុជាទទួលរងនូវការបាត់បង់ទំនុកចិត្ត ការកាត់បន្ថយលំហូរហិរញ្ញវត្ថុ វិនិយោគទុន និងពាណិជ្ជកម្មអន្តរជាតិ ជាដើមនោះទេ ដោយសារប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ឆ្លងកាត់យន្តការត្រួតពិនិត្យតាមដានពីច្បាប់ជាតិ និងអន្តរជាតិយ៉ាងហ្មត់ចត់បំផុត។ លោកថា វិស័យឯកជននឹងមិនបណ្ដែតបណ្ដោយឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជី «ខ្មៅ» របស់ស្ថាប័ននេះឡើយ ព្រោះថាវិស័យឯកជនត្រូវការការរីកចម្រើនជានិច្ច និងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធច្បាប់ ដើម្បីឱ្យរួចផុតពីចំណាត់ថ្នាក់មិនល្អនេះ។
នេះជាបទសម្ភាសន៍ភាគទី ១ រវាងលោក មាន ឫទ្ធិ និងបណ្ឌិត អ៊ិន ចាន់នី អភិបាល និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA BANK PLC) ជុំវិញការយល់ឃើញរបស់លោក លើករណីស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ដាក់បញ្ចូលកម្ពុជាក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសងាយរងគ្រោះនឹងអំពើលាងលុយកខ្វក់នេះ ដូចតទៅ៖
មាន ឫទ្ធិ៖ ការដាក់ក្នុងបញ្ជីឃ្លាំមើលពិសេស ក្នុងចំណោម ១២ ប្រទេសនេះ មានន័យដូចម្តេចដែរសម្រាប់ប្រទេសខ្មែរយើង ព្រោះមានការលើកឡើងថា កម្ពុជាពុំទាន់បានចាត់វិធានការណ៍ ឬក៏មានកង្វះខាតផ្នែកយុទ្ធសាស្ត្រខាងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់? តើបញ្ហានេះ ធ្វើឱ្យប៉ះពាល់អ្វីខ្លះ?
អ៊ិន ចាន់នី៖ តាមពិតទៅវាមិនដូច្នោះទេ លោក! បើយើងគិតទៅ ថាតើមានអ្វីដែលអាចចោទថា ប្រទេសយើងជាប្រទេសលាងលុយនោះ វាមិនពិតដូច្នោះទេ។ យើងមើលការណ៍ដែលសម្រាប់សេវា International Remittance ឬគេហៅការផ្ញើប្រាក់ជាអន្តរជាតិ គឺមានតែធ្វើទៅតាមប្រព័ន្ធធនាគារទេ។ ហើយធនាគារទាំងអស់ហ្នឹង តែងមាន filter ដូចតម្រងនៃច្បាប់អ៊ីចឹង។ បើប្រទេសយើងគេហៅថា អង្គភាពប្រឆាំងនឹងការសម្អាតប្រាក់ ដែលជាអាជ្ញាធររបស់ធនាគារជាតិនៃកម្ពុជា។ យើងមានច្បាប់មួយយ៉ាងហ្មត់ចត់ តឹងតែងជាទីបំផុត នេះទីមួយ។ ហើយទីពីរ គ្រប់ស្ថាប័នធនាគារទាំងអស់ដែលមានដៃគូ ហៅថា International Corresponding Bank ដៃគូសម្រាប់ធ្វើប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ។
ដៃគូរបស់យើង ដូចយើងដឹងហើយថា ការផ្ទេរលុយអន្តរជាតិហ្នឹង ត្រូវតែឆ្លងកាត់តាមសហរដ្ឋអាមេរិក ទីក្រុងញ៉ូវយ៉ក ដែលប្រើរូបិយប័ណ្ណលុយ US ដុល្លារ។ យើងមានដៃគូបរទេសដែល ជា Bank របស់ដៃគូយើងនៅសហរដ្ឋអាមេរិកហ្នឹង សម្រាប់គាំទ្រទៅលើការផ្ទេរលុយជាអន្តរជាតិ។ ម្នាក់ៗហ្នឹង នៅក្រោមច្បាប់មួយ គេហៅថា KYC គឺស្គាល់អតិថិជនរបស់យើងឱ្យបានច្បាស់ និងស្គាល់អតិថិជនរបស់អតិថិជនរបស់យើង។ នេះ បានន័យថា ប្រព័ន្ធហ្នឹងគឺច្បាស់លាស់មែនទែន។ គឺថាមិនអាចនរណាម្នាក់ ធ្វើរំលងលើច្បាប់នេះបានទេ។ ព្រោះយើងកាន់អាជ្ញាប័ណ្ណដែលប្រគល់ដោយធនាគារជាតិនៃកម្ពុជាឱ្យយើងធ្វើប្រតិបត្តិការនេះ។ ប្រតិបត្តិការរបស់អាជីវកម្មធនាគារនេះ គេកំណត់បី គឺទីមួយយើងអាចប្រមូលប្រាក់សន្សំ។ ទីពីរគឺយើងអាចធ្វើឥណទាន ហើយទីបីគឺផ្ដល់មធ្យោបាយទូទាត់ ដែលមធ្យោបាយទូទាត់នេះ គឺមានការទូទាត់ជាអន្តរជាតិ។ បើមាននរណាម្នាក់រំលោភរឿងហ្នឹង គឺយើងត្រូវបាត់អាជីពហើយ។នេះ ចំពោះច្បាប់របស់ប្រទេសយើងទីមួយ។ ទីពីរ ដែលខ្ញុំនិយាយពីអង្គភាពសម្អាតសាច់ប្រាក់ហ្នឹង គឺមានវិធានការណ៍យ៉ាងហ្មត់ចត់ច្បាស់លាស់ណាស់ សម្រាប់ធ្វើអធិការកិច្ចទៅត្រួតពិនិត្យលើប្រតិបត្តិការរបស់ធនាគារហ្នឹង យ៉ាងទៀងទាត់ទៅទៀត។
ដៃគូបរទេសយើងទៀត មិនអនុញ្ញាតដាច់ខាត។ អ៊ីចឹងបានខ្ញុំប្រើពាក្យថា Impossible មិនអនុញ្ញាតដាច់ខាតឱ្យ Bank ធ្វើអាជីវកម្មផ្ទេរលុយដោយគ្មានឯកសារត្រឹមត្រូវ។ នេះមានន័យថា បើយើងផ្ទេរមិនត្រឹមត្រូវ ដៃគូយើងឯណោះ នៅសហរដ្ឋអាមេរិក នៅបរទេសហ្នឹង នឹងរងពិន័យ។ យើងដឹងហើយ ច្បាប់ពិន័យនៅសហរដ្ឋអាមេរិក មិនតិចជាង ៥០០ លានទេ មួយៗ សម្រាប់មួយ Case ៗ រហូតដល់រាប់ពាន់លានឯណោះ។ អ៊ីចឹងដៃគូអន្តរជាតិនេះ មិនអនុញ្ញាតឱ្យយើងធ្វើដាច់ខាត។ បើសិនជាយើងហ៊ានធ្វើ ទីមួយ គឺគេត្រូវទទួលទោសខ្លួនគេ។ ទីពីរគឺយើងខ្លួនឯង នៅក្នុងស្រុកនេះ គឺបាត់ ១ ភាគ ៣ នៃប្រតិបត្តិការដែលយើងអាចធ្វើបាន ដូចខ្ញុំរៀបរាប់មុននេះអ៊ីចឹង។ អាជ្ញាប័ណ្ណរបស់យើងឱ្យធ្វើរឿងបីហ្នឹង។ កាលណាអត់ឱ្យផ្ទេរលុយអន្តរជាតិ គឺយើងត្រូវបាត់ ១ ភាគ ៣ បាត់ទៅហើយ។ នេះចំពោះអន្តរជាត។ ចំពោះប្រទេសយើង ធនាគារជាតិ នឹងដកអាជ្ញាប័ណ្ណយើងដោយស្វ័យប្រវត្តិ បើយើងហ៊ានរំលោភករណីនេះ។ អ៊ីចឹង បានជាខ្ញុំចង់បញ្ជាក់ថា ព័ត៌មានដែលនិយាយអំពីបញ្ហាដាក់ចូលបញ្ជី ប្រផេះនេះ រឿងហ្នឹងបើនិយាយអំពីផែនការសកម្មភាព វាគឺជាសកម្មភាពដែលកំពុងតែធ្វើ។
មាន ឫទ្ធិ៖ មួយវិញទៀត យើងឃើញថា កាលពីឆ្នាំ២០១៥ ហ្នឹង ប្រទេសខ្មែរយើងក៏ធ្លាប់ជាប់ក្នុងចំណាត់ថ្នាក់ ប្រផេះ របស់ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់អន្តរជាតិ FATF នេះ។ ក៏ប៉ុន្តែ ក្រោយមកក៏មានការលើកលែងចោលវិញ មានន័យថា ដកចេញពីបញ្ជីប្រផេះនេះវិញ។ ក៏ប៉ុន្តែ ឥឡូវនេះ ២០១៩ នេះ កម្ពុជាយើងធ្លាក់ចូលក្នុងបញ្ជីឃ្លាំមើលដដែលវិញ។ តើនេះ មិនមែនមានន័យថា ជាការធាក់ថយក្រោយ ឬជំហានថយក្រោយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ដែរឬទេ?
អ៊ិន ចាន់នី៖ ក្នុងរឿងនេះ កាលពីឆ្នាំ ២០១៥ ហ្នឹង គេបាន Comments ឱ្យយើងមានច្បាប់ គឺសម្រាប់ដាក់ទោសពិន័យចំពោះអ្នកដែលប្រព្រឹត្តិបទល្មើសក្នុងរឿងហ្នឹង។ ហើយស្រុកយើងបានធ្វើច្បាប់ហ្នឹងហើយតាមខ្ញុំដឹង។ អ្វីដែលគេលើកឡើងនោះ គឺថា មានច្បាប់ហើយ ទាល់តែមានការកាត់ទោស ការវិនិច្ឆ័យទោសពីបទអ៊ីចឹងទៀត។ តែដំណាក់កាលនេះ គឺជារឿងដែលត្រូវធ្វើបន្ត។ វាមិនមែនជារឿងត្រូវធ្វើតែម្ដងហើយចប់នោះទេ។ តាមធម្មតា នៅក្នុងការឃ្លាំមើល ឧបមាថា គេដាក់ក្នុងការឃ្លាំមើល គេមកមើលថាតើយើងបាន Improve អ្វីខ្លះ? យើង Improve ហើយ។ ប៉ុន្តែ គ្រាន់តែថា Improve ហ្នឹង មិនបានទៅតាមល្បឿនដែលអ្នកចង់បាន ឱ្យលឿនរហ័សនោះទេ ពីព្រោះវាមានរឿងច្រើនត្រូវធ្វើ។ តែមិនមែនជារឿងធាក់ថយទេ ព្រោះយើងតាំងពីដើមមកនៅក្នុង បញ្ជីប្រផេះនេះ។ វាមិនមែនជារឿងអីធ្ងន់នោះទេ។ ប៉ុន្តែ យើងត្រូវមានវិធានការណ៍ដើម្បីធ្វើការកែលម្អ ដើម្បីវិលទៅរកចំណាត់ថ្នាក់ធម្មតាវិញ។ ខ្ញុំនិយាយនេះ គឺនៅក្នុងវិស័យឯកជនសុទ្ធសាធ ព្រោះខ្ញុំនៅក្នុងវិស័យហ្នឹង ហើយខ្ញុំយល់ការងារហ្នឹងច្បាស់។ អ៊ីចឹងបានខ្ញុំចង់បញ្ជាក់ហ្នឹង មិនមែនក្នុងន័យការពារវិស័យឯកជននោះទេ ប៉ុន្តែនេះជាការពិត។ នៅក្នុងប្រព័ន្ធធនាគារ គឺមិនអាចធ្វើអ្វីផ្ដេសផ្ដាសបានទេ គឺយើងត្រូវតែគោរពច្បាប់ជាតិ ច្បាប់អន្តរជាតិ ជាមូលដ្ឋាននេះឯង។
មាន ឫទ្ធិ៖ នេះមានន័យថា ការដាក់បញ្ចូលក្នុងបញ្ជីប្រផេះ របស់ស្ថាប័ន FATF នេះ មិនមែនជាការណ៍មួយគួរឱ្យព្រួយបារម្ភដល់ប្រព័ន្ធ ឬក៏បង្កើតជាបញ្ហា ឬផលប៉ះពាល់អ្វីមួយដល់ប្រព័ន្ធហិរញ្ញវត្ថុ ឬធនាគាររបស់កម្ពុជានោះទេ? អាចមានទេ ទៅថ្ងៃមុខ ប្រសិនបើយើងមិនបានបំពេញតាមកាតព្វកិច្ចកែលម្អ ឬតាមការឃ្លាំមើលរបស់គេ គេសង្កេតឃើញមានបញ្ហាអី យើងធ្លាក់ចូលក្នុងបញ្ជី «ខ្មៅ» តែម្ដង ដូចប្រទេសអ៊ីរ៉ង់ ឬប្រទេសកូរ៉េខាងជើង ដែលបញ្ជីខ្មៅនេះ ហាមមិនឱ្យកម្ពុជាធ្វើប្រតិបត្តិការសាច់ប្រាក់ជាអន្តរជាតិ ដែរឬទេបាទ?
អ៊ិន ចាន់នី៖ ប្រទេសយើងមិនគាំទ្រដាច់ខាត ចំពោះប្រតិបត្តិការលាងលុយកខ្វក់នោះ។ ខ្ញុំគិតថា ថ្នាក់ដឹកនាំ ជាពិសេសអាជ្ញាធររូបិយវត្ថុជាតិ អាជ្ញាធរធនាគារជាតិ ហើយនឹងក្រសួងដែលពាក់ព័ន្ធហ្នឹង គឺលោកមានផែនការសកម្មភាពយ៉ាងហ្មត់ចត់។ ព្រោះយើងមានការរីកចម្រើនលូតលាស់សេដ្ឋកិច្ចរបស់យើង គួរឱ្យពេញចិត្តក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ខ្ញុំគិតថា ម្នាក់ៗមិនមែនគិតថា បើកឱ្យមានភាព Negative នេះទេ។ គឺអត់មែនអ៊ីចឹងទេ គឺម្នាក់ៗខំប្រឹងណាស់។ អ៊ីចឹង ប្រទេសយើងមិនអាចទៅស្ថិតក្នុងបញ្ជីខ្មៅបានទេ ព្រោះក្នុងវិស័យឯកជន យើងត្រូវការលូតលាស់ យើងត្រូវការសេដ្ឋកិច្ចរបស់យើងរឹងមាំ ហើយយើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធច្បាប់ ដើម្បីឱ្យយើងរួចពីបញ្ជីប្រផេះនេះ។ យើងកំពុងតែធ្វើហើយ។ តាមពិតប្រទេសយើងកំពុងតែអនុវត្ត ព្រោះយើងកំពុងតែការពារទាំងអស់គ្នា។ ខ្ញុំចង់បញ្ជាក់អ៊ីចឹង យើងមិនបណ្ដោយឱ្យយើងចូលក្នុងបញ្ជីខ្មៅដាច់ខាត។
មាន ឫទ្ធិ៖ ចុះមានការលើកឡើងពីអ្នកជំនាញមួយចំនួនថា ការដាក់ចូលក្នុងបញ្ជី ប្រផេះ របស់ស្ថាប័ន FATF នេះ នឹងធ្វើឱ្យកម្ពុជាមានការលំបាកស្តារមុខមាត់ មានន័យថា មានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ ហើយទីពីរហ្នឹង ធ្វើឱ្យលំហូរពាណិជ្ជកម្ម ឬលំហូរហិរញ្ញវត្ថុ ជាលក្ខណៈអន្តរជាតិ ការវិនិយោគដោយសុចរិតភាពហ្នឹង នឹងត្រូវបាត់បង់។ តើការលើកឡើងនេះយ៉ាងម៉េចដែរបាទ?
អ៊ិន ចាន់នី៖ ខ្ញុំសូមបញ្ជាក់ថារឿងនេះ មិនមែនជារឿងថ្មីដែលទើបនឹងកើតឡើងក្នុងឆ្នាំ ២០១៩ នេះទេ។ ខ្ញុំចង់បញ្ជាក់ថា ជារឿងដែលកើតឡើង ២០១៥ និង ២០១៦ ដូចលោកបានលើកឡើងអ៊ីចឹង។ ប៉ុន្តែគ្រាន់តែក្រុមដែលមកពិនិត្យមើលហ្នឹង ជារៀងរាល់ឆ្នាំគាត់មកពិនិត្យមើល។ ដៃគូពិភាក្សារបស់គាត់ គឺអាជ្ញាធររបស់រាជរដ្ឋាភិបាលហ្នឹងហើយ។ គ្រាន់តែគាត់ឃើញថា ការ Improve ការលូតលាស់ហ្នឹង នៅតិច មិនទៅតាមចិត្តដែលគាត់ចង់បាន។ អ៊ីចឹង ខាងសេវាផ្នែកវិស័យដទៃៗដែលគាត់បារម្ភថា មានការលំបាកក្នុងការគាំទ្រសេដ្ឋកិច្ច ខ្ញុំគ្រាន់តែចង់បញ្ជាក់ទៅវិញថា ឆន្ទៈរបស់អ្នកដែលធ្វើការពាក់ព័ន្ធ គឺគេមិនបណ្ដោយឱ្យប្រទេសយើងធ្លាក់ទៅក្នុងការលំបាកអ៊ីចឹងទេ ពីព្រោះគេខំប្រឹងធ្វើការកែលម្អឱ្យវាប្រសើរឡើង។
មាន ឫទ្ធិ៖ ចុះពាក់ព័ន្ធនឹងការលើកឡើងដែរថា ការដាក់ចូលក្នុងបញ្ជីប្រផេះនេះ គឺដោយសារមានការសង្ស័យពីរឿងលំហូរវិនិយោគទុនរបស់ក្រុមហ៊ុនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសលើវិស័យកាស៊ីណូ និងវិស័យធនាគារ ក៏ដូចជាអចលនទ្រព្យអីជាដើម ដែលនាំឱ្យមានការសង្ស័យថា ខាងកម្ពុជាហ្នឹងមិនបានពិនិត្យមើលឱ្យបានច្បាស់លាស់ពីប្រភពសាច់ប្រាក់ទាំងអស់នោះទេ។ ការណ៍នេះ អាចជាការលាងលុយកខ្វក់... តើការណ៍នេះយ៉ាងម៉េចដែរបាទ?
អ៊ិន ចាន់នី៖ មិនដូច្នោះទេលោក គ្រាន់តែក្នុងវិស័យដទៃ ខ្ញុំដូចចាំរឿងដែលខ្ញុំបញ្ជាក់ខាងដើមអ៊ីចឹងថា លុយ យើងហៅថាជារូបិយប័ណ្ណ US ដុល្លារ ការទូទាត់មកហ្នឹង គឺត្រូវតែឆ្លងទីក្រុងញ៉ូវយ៉ក មិនអាចមានមូលនិធិណាដែលធ្វើក្រៅពីតាមរយៈធនាគារទេ ព្រោះមិនអាចដឹកលុយមកតាមឡាន មកតាមកប៉ាល់អីទេ។ គឺត្រូវតែមកតាមប្រព័ន្ធធនាគារ។ អ៊ីចឹងកាលណាមកតាមប្រព័ន្ធធនាគារគឺច្បាស់លាស់។ គ្មាននរណាអាចធ្វើអ្វីផ្ដេសផ្ដាសបាននោះទេ ពីព្រោះលុយ ដុល្លារជាលុយសហរដ្ឋអាមេរិក ឆ្លងតាម Bank សហរដ្ឋអាមេរិក មកកម្ពុជាយើង។ ដូច្នេះ មិនអាចមានវិស័យណាទេ សូម្បីតែវិស័យអចលនទ្រព្យហ្នឹង ការទិញដូរហ្នឹង ក៏តាមប្រព័ន្ធធនាគារដែរ ហើយការបង្វែរលុយមកក៏តាមប្រព័ន្ធធនាគារដែរ។ ដូច្នេះ មិនអាចមានការធ្វើអ្វីផ្ដេសផ្ដាសបាននោះទេ៕