លទ្ធផលនៃការស្ទង់មតិមួយដែលទើបចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ ISEAS របស់សិង្ហបុរី បង្ហាញថា ពលរដ្ឋខ្មែរភាគច្រើន ព្រួយបារម្ភចំពោះការកើនឡើងនៃឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ចិនកាន់តែខ្លាំងនៅកម្ពុជា។ ខុសពីទំនុកចិត្តទៅលើភាពជាអ្នកដឹកនាំក្នុងតំបន់របស់សហរដ្ឋអាមេរិក លទ្ធផលនៃការស្ទង់មតិនេះបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើន មានទំនុកចិត្តតិចតួចដែលថា មហាយក្សចិន នឹងចូលរួមចំណែកជួយដល់ការការពារសន្តិភាព សន្តិសុខ វិបុលភាព និងអភិបាលកិច្ចនៅលើពិភពលោក។ អ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា មនោសញ្ចេតនាអវិជ្ជមានប្រឆាំងចិននៅកម្ពុជា អាចនឹងពុះកញ្ជ្រោលឡើងកាន់តែខ្លាំង ប្រសិនបើរបបក្រុងភ្នំពេញមិនមានការប្រយ័ត្នប្រយែងចំពោះបញ្ហានេះ។
ពលរដ្ឋខ្មែរជិត ៩០% (៨៨,៩%) ឆ្លើយថា ពួកគេមានការព្រួយបារម្ភចំពោះការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិននៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរជាង ៤៤% (៤៤,៤%) ឆ្លើយថា ពួកគេបារម្ភពីការណ៍ដែលចិនប្រើប្រាស់ឧបករណ៍សេដ្ឋកិច្ច និងទេសចរណ៍ដើម្បីជាគំនាបប្រឆាំងនឹងកម្ពុជាប្រសិនបើកម្ពុជាជ្រើសរើសយកគោលនយោបាយការបរទេសណាមួយ ដែលមិនដើរស្របតាមបន្ទាត់គូសវាសរបស់ប្រទេសចិន។ ខណៈ ពលរដ្ឋជាង ២២% (២២,២%) បារម្ភថា ចិនកំពុងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ក្នុងនោះក៏រួមទាំងឥទ្ធិពលទៅលើជនជាតិចិនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផង។

នេះជាលទ្ធផលនៃការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថានសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា ISEAS របស់សិង្ហបុរី ដែលទើបនឹងចេញផ្សាយកាលពីពេលថ្មីៗនេះ នៅក្នុងរបាយការណ៍មួយ ដែលមានចំណងជើងថា «ស្ថានភាពតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២០»។ ការស្ទង់មតិនេះ ធ្វើឡើងដោយមានការជ្រើសរើសសំណាកនៃអ្នកឆ្លើយសរុបចំនួនជាង ១ពាន់៣រយ (១.៣០៨ នាក់) មកពីប្រទេសទាំង១០ ដែលជារដ្ឋសមាជិកក្នុងតំបន់អាស៊ាន ដែលប្រមូលបានចាប់ពីថ្ងៃទី១២ វិច្ឆិកា ដល់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ដើម្បីស្វែងយល់អំពីការយល់ឃើញក្នុងចំណោមប្រជាជននៅអាស៊ីអាគ្នេយ៍ ចំពោះកិច្ចការប្រចាំតំបន់ និងការពាក់ព័ន្ធរបស់អាស៊ានជាមួយនឹងដៃគូសន្ទនា ជាពិសេសប្រទេសមហាអំណាចធំៗនៅលើសាកលលោក។ ភាគច្រើននៃអ្នកផ្ដល់ចម្លើយទាំងនោះ គឺអ្នកសិក្សាស្រាវជ្រាវ អ្នកជំនួញ មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ក្នុងចំណោមអ្នកឆ្លើយសរុបជាង ១ពាន់៣រយនាក់ អ្នកឆ្លើយមកពីកម្ពុជាមានតែ ២% ប៉ុណ្ណោះ ហើយអ្នកឆ្លើយជាពលរដ្ឋខ្មែរនេះសោត ពុំមាននរណាម្នាក់ជាតំណាងមកពីខាងវិស័យធុរកិច្ច សង្គមស៊ីវិល ឬអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។
យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួរដែរថា ប្រសិនបើអាស៊ានត្រូវបង្ខំចិត្តជ្រើសរើសយកចិន ឬអាមេរិកនោះ ជាង៥៧% (៥៧,៧%) នៃពលរដ្ឋខ្មែរដែលឆ្លើយក្នុងការស្ទង់មតិនោះថា ពួកគេនឹងរើសយកចិន ខណៈជាង ៤២% (៤២,៣%) ថាពួកគេនឹងជ្រើសរើសយកសហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា លោកនៅតែគិតថា ពលរដ្ឋខ្មែរភាគច្រើន មិនមានគំនិតវិជ្ជមានទៅលើចិន មកធ្វើជាដៃគូជ្រើសរើសរបស់អាស៊ាន ប្រសិនបើអាស៊ាន ត្រូវបង្ខំឱ្យជ្រើសយករវាងចិន និងអាមេរិកនោះ។ លោកថា អ្នកឆ្លើយទៅនឹងសំណួរនៃការស្ទង់មតិនេះ មិនមែនជាពលរដ្ឋសាមញ្ញនោះទេ។ បណ្ឌិត អៀ សុផល ចោទជាសំណួរថា ប្រសិនបើគេសួរទៅពលរដ្ឋខ្មែរនាពេលឥឡូវនេះ ថាតើពួកគេចង់ទៅនៅស្រុកចិន ឬអាមេរិក នោះពលរដ្ឋខ្មែរនឹងជ្រើសរើសយកប្រទេសអាមេរិកដោយគ្មានការអល់អែកណាមួយនោះឡើយ ដោយសារតែពួកគេស្រលាញ់ សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកថា លោកមិនគិតថា ពួកគេនឹងជ្រើសរើសយកប្រទេសផ្តាច់ការនោះទេ។

បណ្ឌិត អៀ សុផល ព្រមានថា មនោសញ្ចេតនាប្រឆាំងចិនក្នុងចំណោមពលរដ្ឋខ្មែរ នឹងពុះកញ្ជ្រោលឡើងកាន់តែខ្លាំង ប្រសិនបើរបបក្រុងភ្នំពេញ មិនប្រយ័ត្នប្រយែងចំពោះបញ្ហានេះ។ លោកផ្ដល់ជាឧទាហរណ៍ថា នេះគឺដោយសារតែការជាប់ពាក់ព័ន្ធរបស់ចិន ក្នុងហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ ចិនបានដណ្ដើមយកការងារពីពលរដ្ឋខ្មែរ អាកប្បកិរិយាមិនល្អក្នុងចំណោមភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគរបស់ចិន ជាដើម។ លោកថា ទាំងនេះគឺសុទ្ធសឹងតែជារឿងរ៉ាវដែលបណ្ដាលឱ្យពលរដ្ឋខ្មែរទូទៅមានកំហឹងជាមួយជនជាតិចិន។
ផ្អែកតាមលទ្ធផលនៃការស្ទង់មតិដដែលនេះ ចំពោះសំណួរដែលសួរថារវាងចិន និងអាមេរិក តើមហាអំណាចណាមួយដែលពលរដ្ឋខ្មែរមានទំនុកចិត្តខ្លាំងជាងគេបំផុត ក្នុងការផ្តល់ភាពជាមេដឹកនាំក្នុងការរក្សាសណ្ដាប់ធ្នាប់ផ្អែកលើបញ្ញត្តិច្បាប់ និងលើកកម្ពស់ច្បាប់អន្តរជាតិ គ្មានពលរដ្ឋខ្មែរណា ម្នាក់ជ្រើសរើសយកចិនឡើយ ក៏ប៉ុន្តែ ពលរដ្ឋខ្មែរជាង ៣៨% (៣៨,៥%) ជ្រើសរើសយកសហភាពអឺរ៉ុប ជាង៣១% (៣០,៨%) ជ្រើសរើសយកសហរដ្ឋអាមេរិក និង ជិត២៧% (២៦,៩%) ជ្រើសរើសយកប្រទេសជប៉ុន។
ចំពោះសំណួរដែលសួរថា ហេតុអ្វីបានជាពួកគេគ្មានទំនុកចិត្តចំពោះប្រទេសចិន ពលរដ្ឋខ្មែរជាង ៧១% (៧១,៤%) ឆ្លើយថា អំណាចសេដ្ឋកិច្ច និងយោធារបស់ចិន អាចនឹងត្រូវបានប្រទេសនេះប្រើប្រាស់ដើម្បីគំរាមកំហែងដល់ផលប្រយោជន៍ និងអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ពលរដ្ឋជាង ១៤% (១៤,៣%) ឆ្លើយថា ពួកគេមិនគិតថា ចិនជាមហាអំណាចដែលគួរឲ្យទុកចិត្តនោះទេ។ ដូចគ្នានេះដែរ ចំនួនពលរដ្ឋដដែលនេះ គឺជាង ១៤% (១៤,៣%) នេះ ឆ្លើយថា ចិនមិនមានសមត្ថភាព ឬឆន្ទៈនយោបាយដើម្បីធ្វើជាភាពជាអ្នកដឹកនាំពិភពលោកនោះទេ។ ជារួម ៥០%នៃពលរដ្ឋខ្មែរដែលបានផ្ដល់ចម្លើយនេះ ឆ្លើយថា ពួកគេ មានទំនុកចិត្តតិចតួចទៅលើការណ៍ដែលថាចិននឹងធ្វើរឿងរ៉ាវត្រឹមត្រូវ ដើម្បីចូលរួមចំណែកដល់សន្តិភាព សន្តិសុខ វិបុលភាព និងអភិបាលកិច្ចនៅលើពិភពលោក។
សម្រាប់ការយល់ឃើញរបស់យុវជនខ្មែរទៅលើជនជាតិចិនវិញ អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ សង្កេតឃើញថា យុវជនខ្មែរភាគច្រើនដែលកញ្ញាធ្លាប់ធ្វើការជាមួយ បានចាប់ផ្ដើមមានគំនិតអវិជ្ជមានច្រើនទៅលើជនជាតិចិន ចាប់តាំងពីពលរដ្ឋចិនបានបង្កបញ្ហាអសន្តិសុខខ្លាំងនៅក្នុងប្រទេសកម្ពុជា៖ «យុវជនកន្លងមកគាត់អត់សូវមានគំនិតថាតើគាត់អត់សូវចូលចិត្តចិន ឬអាមេរិក គាត់អត់សូវមានគំនិតនេះទេ។ ប៉ុន្តែនៅពេលដែលផ្ទុះការអភិវឌ្ឍន៍ វត្តមានរបស់ជនជាតិចិន បានកើនឡើងនៅក្នុងប្រទេសកម្ពុជាជាលំដាប់ ហើយធ្វើឱ្យមានអសន្តិសុខអីជាដើម គឺពួកគាត់ចាប់ផ្ដើមមានគំនិតអវិជ្ជមានច្រើនចំពោះជនជាតិចិន ដោយសារតែមានការបង្កអសន្តិសុខ ធ្វើឱ្យរញ៉េរញ៉ៃ ដណ្ដើមមុខរបររបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលគាត់រកស៊ីនៅតាមដងផ្លូវអីជាដើមអ៊ីចឹងទៅ»។
ដោយឡែក អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី ពន្យល់ថា ពលរដ្ឋខ្មែរមិនសប្បាយចិត្តចំពោះចិន ដោយសារកត្តាប្រវត្តិសាស្ត្រដែលចិនបានជាប់ជំពាក់វាក់វិនជាមួយរបបខ្មែរក្រហម ប្រព័ន្ធនយោបាយកុម្មុយនិស្តដែលចិនបានព្យាយាមនាំចូលមកកម្ពុជាឱ្យអ្នកនយោបាយខ្មែរអនុវត្តតាម ព្រមទាំងមហិច្ឆតារបស់ចិន ដើម្បីពង្រីកឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធានៅកម្ពុជា។ ក្រៅពីនេះ លោកថា ទង្វើដែលអាជ្ញាធរខ្មែរចាត់វិធានការណ៍ធូរលុងចំពោះជនជាតិចិនដែលបង្កបញ្ហាអសន្តិសុខនៅកម្ពុជានោះ ក៏ចោទជាចម្ងល់ក្នុងចំណោមពលរដ្ឋខ្មែរដែរ ដែលអាចធ្វើឱ្យពួកគេមិនសប្បាយចិត្តនោះដែរ៖ «សម្រាប់មន្ត្រីរាជការធម្មតា ខ្ញុំគ្រាន់តែបានឮសូរការត្អូញត្អែរអំពីវត្តមានរបស់ចិន ហើយការបណ្ដែតបណ្ដោយឱ្យចិនបង្កភ្លៀងផ្គរទៅលើអំពើហិង្សាផ្សេងៗ ហើយមន្ត្រីកម្ពុជាខ្លះ ក៏មិនពេញចិត្តនឹងអ្វីដែលជាការយល់ព្រមរវាងរដ្ឋាភិបាលកម្ពុជា និងចិន ក្នុងការបញ្ជូនអ្នកទោសចិនទៅស្រុកចិនវិញ នៅពេលដែលចិនបានអនុវត្ត ឬបានប្រព្រឹត្តិ នៅអំពើហិង្សា ឬអំពើឧក្រិដ្ឋផ្សេងៗ គឺរដ្ឋការកម្ពុជាយើង មិនបានកាត់ទោស ឬដាក់ទោសទណ្ឌទេ គឺយើងប្រគល់ទៅឱ្យអាជ្ញាធរចិនវិញ។ នេះ វាអាចចោទជាសំណួរមួយទៅលើថាតើបូរណភាពទឹកដីរបស់កម្ពុជា មានន័យថាម៉េច នៅពេលដែលពលរដ្ឋបរទេសណាមួយ មកប្រព្រឹត្តិអំពើខុសផ្សេងៗនៅកម្ពុជានោះ»។
បណ្ឌិត មាស នី ផ្ដល់អនុសាសន៍ថា ដើម្បីបញ្ចៀសពីអារម្មណ៍អវិជ្ជមានកាន់តែខ្លាំងឡើងទៅលើអាកប្បកិរិយារបស់ពលរដ្ឋចិននៅកម្ពុជានេះ អាជ្ញាធរកម្ពុជាគួរបង្កើនការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដោយស្មើភាពគ្នាចំពោះពលរដ្ឋចិនដែលបង្កអសន្តិសុខនៅកម្ពុជាទាំងនោះ ហើយត្រូវបង្កើនសមត្ថភាពគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជាទាំងនេះ ឱ្យមានប្រសិទ្ធភាពល្អឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។