សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​បង្កើត​យុទ្ធនាការ​ផ្ដល់​សៀវភៅ​សិក្សា​ដល់​កូន​ខ្មែរ​ក្រោម​សិក្សា​នៅ​ទឹកដី​កំណើត

ដោយ យន់ សាមៀន
2020-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​ខ្មែរ​ក្រោម ទទួល​បាន​សៀវភៅ​សម្រាប់​បង្រៀន​អក្សរ​ខ្មែរ នៅ​ខ្មែរ​ក្រោម។
ព្រះសង្ឃ​ខ្មែរ​ក្រោម ទទួល​បាន​សៀវភៅ​សម្រាប់​បង្រៀន​អក្សរ​ខ្មែរ នៅ​ខ្មែរ​ក្រោម។
រូបភាព​ពី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​បាន​បង្កើត​យុទ្ធនាការ​ផ្តល់​សៀវភៅ​សិក្សា​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ក្រោម នៅ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​អាច​ឱ្យ​ពួកគេ​អាច​រៀន​ភាសា​និង​អក្សរ​ខ្មែរ​បាន​។ យុទ្ធនាការ​នេះ បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ២០១៨ មក​ហើយ​បាន​បង្រៀន​កូន​ខ្មែរ​កម្ពុជា​ក្រោម​រាប់​ពាន់​នាក់​ឱ្យ​ចេះ​ភាសា និង​អក្សរ​ខ្មែរ។

មន្ត្រី​ជាន់ខ្ពស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​ឱ្យ​ដឹង​ថា តាមរយៈ​យុទ្ធនាការ​ប្រមូល​ថវិកា​ទិញ​សម្ភារៈ​សិក្សា និង​សៀវភៅ​ជូន​សិស្ស​នៅ​កម្ពុជា​ក្រោម​រយៈពេល​ពីរ​ឆ្នាំនេះ កូន​ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់ បាន​សិក្សា​អក្សរសាស្ត្រ និង​ភាសា​ខ្មែរ​។ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍ប្រាប់​អាស៊ីសេរី​ថា អង្គការ​របស់​លោក បាន​ចំណាយ​ថវិកា​ក្នុង​មួយ​ឆ្នាំ ប្រមាណ ៨​ពាន់​ដុល្លារ ចាប់​ពី​ឆ្នាំ២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ថវិកា រហូតដល់​មួយ​ម៉ឺន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២០​ខាងមុខនេះ​។ លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា ការ​ផ្តល់​ចំណោះ​ដឹង​ផ្នែក​ភាសា​ដល់​កុមារ​ខ្មែរ​ក្រោម នឹង​ជំរុញ​ឱ្យ​ខ្មែរ​ក្រោម​អាច​រក្សា​អត្តសញ្ញាណ​ខ្មែរ​ក្រោម​ទៅ​ថ្ងៃ​អនាគត​បាន៖ «ភាសា​ខ្មែរ​ខ្ញុំ​គិត​ថា មិន​អាច​បាត់បង់​បាន​ទេ ព្រោះ​ពីមុន​រដ្ឋាភិបាល​យួន​ហ្នឹង​បាន​គាបសង្កត់​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​នៅតែ​ភាសា​ហ្នឹង​មិន​បាត់បង់​។ រដ្ឋាភិបាល​វៀតណាម​ឥឡូវនេះ ត្រូវការ​ជំនួយ​ពី​អន្តរជាតិ​ដើម្បី​ស្តារ​សេដ្ឋកិច្ច ដូច្នោះ​ត្រូវតែ​គោរព​សិទ្ធិ​ជនជាតិ​នីមួយៗ»

លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមពិភពលោក Photo: RFA

កម្មវិធី​ផ្ដល់​សៀវភៅ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដល់​កុមារ​ខ្មែរ​ក្រោម​នេះ គឺ​ចាប់ពី​ថ្នាក់​ទី​មួយ​រហូតដល់​ឆ្នាំ​ទី ៧ នៅ​ខេត្ត​ចំនួន៥។ សៀវភៅ​សិក្សា​ទាំងអស់​នោះ​គឺជា​សៀវភៅ​បង្រៀន​ចំណេះដឹង​ទូទៅ​របស់​ក្រសួង​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការ​ផ្តល់​សៀវភៅ​នេះ ធ្វើឡើង​តាមរយៈ​ព្រះសង្ឃ ដែល​ជា​គ្រូ​បង្គោល​នៅ​តាម​វត្ត​ចំនួន ៣០​វត្ត​។ ក្រៅពី​ផ្ដល់​សៀវភៅ​សិក្សា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ក៏​ផ្ដល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដើម្បី​អាច​ទៅ​សិក្សា​នៅ​បរទេស​ទៀត​ផង។

លោក ថាច់ ង៉ុកថាច់ សង្ឃឹម​ថា តាមរយៈ​ការ​ផ្តល់​សៀវភៅ​សិក្សា​នេះ អក្សរសាស្ត្រ​ខ្មែរ​នឹ​ងមិន​បាត់បង់​នៅ​លើក​ទឹកដី​កម្ពុជា​ក្រោម​ឡើយ៖ «បើ​កុមារ​ខ្មែរ​យើង​មិន​ចេះ​ភាសា​កំណើត​យើង តើ​យើង​សម្រេច​យ៉ាង​ម្ដេច ដូច្នោះ​យើង​ត្រូវ​កុមារា និង​កុមារី ព្រះសង្ឃ​ត្រូវ​មាន​ជំហរ​ដដែល ខ្ញុំ​ជឿ​ថា កាលណា​កូនៗ​ខ្មែរ​ក្រោម មានការ​ចេះ​ដឹង លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​វៀតណាម​ក៏​មាន​ក៏​មាន​ការ​ទូលំទូលាយ»

ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​ខេត្ត​ព្រះត្រពាំង មាន​ថេរ​ដីកា​ថា កូន​ខ្មែរ​កម្ពុជា​ក្រោម​ចូលចិត្ត​រៀន​ភាសា​ខ្មែរ​។ ពួកគេ​តែង​តែ​មក​រៀន​ជា​រៀងរាល់​ថ្ងៃ​។ ព្រះអង្គ​កត់សំគាល់​ថា ឪពុកម្ដាយ​កុមារ​ខ្មែរ​ក្រោម​ក៏​ជំរុញ​ឱ្យ​កូនៗ ​របស់​ពួកគេ​មក​សិក្សា​ផងដែរ ហើយ​កុមារា និង​កុមារី បាន​មក​សិក្សា​អក្សរ​ខ្មែរ​ដូចគ្នា៖ «សំខាន់​យើង​ត្រូវ​សិក្សា​រៀន​សូត្រ អក្សរសាស្ត្រ​ខ្មែរ​យើង​ខាងដើម​។ កូន​ខ្មែរ​យើង​ចាំបាច់​ត្រូវតែ​រៀន​តាំងពី​ថ្នាក់​ទីមួយ ពីរ និង​បី​រហូត​។ យើង​ការរៀនសូត្រ​ឱ្យ​ចេះ​ច្បាស់​ហ្នឹង គឺ​យើង​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​យើង​ហើយ»

ព្រះសង្ឃ​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​សម្ភារៈ​សិក្សា​ដល់​កូន​ខ្មែរ ដើម្បី​រក្សា​អក្សរសាស្ត្រ​ខ្មែរ​ទៅ​អនាគត៖ «បើ​យើង​រៀន​គ្មាន​សៀវភៅ យើង​រៀន​មិន​ចេះ​។ អាត្មា​សង្ឃឹម​ថា យើង​នឹង​ចេះ​ជួយ​ជ្រោមជ្រែង​គ្នា»

លោក ថាច់ ង៉ុកថាច់ អះអាង​ថា ទោះបី​អាជ្ញាធរ​វៀតណាម​ហាក់​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​សិក្សា​ភាសា​ខ្មែរ​ក៏ដោយ ប៉ុន្តែ ការ​ចែកចាយ​សៀវភៅ​ភាសា​ខ្មែរ​នេះ ធ្វើឡើង​ក្នុង​លក្ខណៈ​លាក់លៀម​នៅ​ឡើយ​ទេ​។ លោក​ថា នៅ​តាម​ព្រំដែន​អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​ហាមឃាត់​មិន​ឱ្យ​យក​សៀវភៅ​ខ្មែរ​ចូល​ដដែល។

ទោះបី​ខ្មែរ​ក្រោម​អាច​បង្រៀន​កូន​ខ្មែរ​ក្រោម តាម​វត្ត​អារាម​ខ្លះ​ក៏ដោយ ប៉ុន្តែ​ខ្មែរ​ក្រោម​នៅតែ​ប្រឈម​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន ដូចជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​ត្រូវ​បាន​ព្រះសង្ឃ​វៀតណាម​គ្រប់គ្រង ហើយ​ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​ឈប់​សម្រាក​ថ្ងៃបុណ្យ​ជាតិ ដូចជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ជាដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​ខ្មែរ​ក្រោម​ដាក់​សំណើ​ដាច់​ដោយឡែក​មួយ​ទៀត គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ឱ្យ​ព្រះសង្ឃ និង​យុវជន​បង្កើត សមាគម​ព្រះពុទ្ធសាសនា និង​សហជីព ដើម្បី​ទាមទារ​ការ​គោរព​សិទ្ធិ​សាសនា និង​ការងារ​។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ (​ហិន​យាន​) ចំណែក​ព្រះសង្ឃ​វៀតណាម គឺ​ប្រតិបត្តិ​ពុទ្ធសាសនា​មហាយាន​។ មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើកឡើង​ថា ព្រះសង្ឃ​វៀតណាម ប្រតិបត្តិ​សាសនា​ផ្សេងគ្នា​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម ដូច្នោះ​រដ្ឋាភិបាល​វៀតណាម ត្រូវ​អនុញ្ញាត​ឱ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​បង្កើត​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម ដើម្បី​អាច​ប្រតិបត្តិ​សាសនា​ខ្មែរ​ដោយ​ឯករាជ្យ​។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​ក្រោម​កំពុង​ចលនា​ការ​គាំទ្រ​ឱ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​អនុវត្ត​សាសនា​ខ្លួន​ឯង​បាន ពី​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ។

មក​ទល់​នឹង​ឆ្នាំ​២០១៨ ខ្មែរ​ក្រោម​កសាង​វត្ត​បាន​ចំនួន ៤៦១​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ៨​ពាន់ ៥​រយ​អង្គ​។​

លោក ត្រឹង ម៉ាន់រិន (ស្ដាំ) មន្ត្រី​ផ្នែក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
លោក ត្រឹង ម៉ាន់រិន (ស្ដាំ) មន្ត្រី​ផ្នែក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ Photo: RFA

នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន មាន​ប្រសាសន៍​ថា ការអនុញ្ញាត​ឱ្យ​ព្រះសង្ឃ​វៀតណាម​គ្រប់គ្រង​ព្រះសង្ឃ​ខ្មែរ នឹង​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថា្នក់ ដែល​អាច​ឈាន​ទៅដល់​ការ​បែកបាក់​សាមគ្គីភាព​ព្រះសង្ឃ​ខ្មែរ​ក្រោម​៖ «ព្រះពុទ្ធសាសនា​យួន​វា នៅ​ក្រោម​រណសិរ្ស​មាតុភូមិ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន​។ វា​គ្មាន​ឯកភាព ដូច្នេះ​យើង​មាន​បញ្ហា​ត្រង់​ថា ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​វា​អាច​ខុសគ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត»

កន្លង​មក​មាន​ព្រះសង្ឃ​ខ្មែរ​ជាច្រើន​អង្គ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់​ព្រះ​កាយ ហើយ​ចាប់​ដាក់​ពន្ធនាគារ ដោយសារតែ​ហ៊ាន​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ក្រោម និង​ចង់បាន​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​។ របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក ស្ដីពី​សិទ្ធិ​សេរីភាព​សាសនា​អន្តរជាតិ ផ្សាយ​កាលពី​ខែ​មិថុនា ឱ្យ​ដឹង​ថា ច្បាប់​វៀតណាម​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​នេះ គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​សេរីភាព​ផ្នែក​សាសនា ដោយ​យក​លេស​រឿង​សន្តិសុខ​សង្គម និង​ជាតិ​។ របាយការណ៍​រក​ឃើញ​ថា មេដឹកនាំ​សាសនា​នៅ​វៀតណាម ដែល​អាជ្ញាធរ​មិន​ចុះបញ្ជី​ឱ្យ​តែងតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ រួមមាន ការវាយប្រហារ​រាងកាយ ចាប់ខ្លួន​កាត់ទោស ការ​ដាក់​កម្រិត​នៃ​ការ​ដើរ​ហើរ និង​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។ ទឹកដី​ខ្មែរ​ក្រោម ត្រូវ​បាន​បារាំង​កាត់​ទាំង​ខុសច្បាប់​ទៅ​ឱ្យ​វៀតណាម​កាលពី ៧០​ឆ្នាំមុន​។ សព្វថ្ងៃ​ខ្មែរ​ក្រោម​នៅ​លើ​ពិភពលោក កំពុង​ធ្វើ​យុទ្ធនាការ ទាមទារ​ឱ្យ​វៀតណាម ផ្ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​ជា​ជនជាតិ​ដើមកំណើត​ទៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល