ខ្មែរ​ក្រោម​បន្ត​បារម្ភ​ពី​ស្ថានភាព​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​កំពុង​ជាប់​គុក​នៅ​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2015.12.17
ព្រះសង្ឃ ថាច់ ហារសំអាង ៦២០ ព្រះតេជព្រះគុណ ថាច់ ហារសំអាង ព្រះចៅ​អធិការ​ស្តីទី​វត្ត​សាមគ្គីរង្សី និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម (ឆ្វេង) និង​សិស្ស​គណ​របស់​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ព្រះតេជព្រះគុណ ថាច់ វ៉ាង (ស្តាំ) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yeang Socheametta

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ព្រួយ​បារម្ភ​ពី​ស្ថានភាព​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ដែន​ដី​កំណើត​របស់​ខ្លួន​កម្ពុជា​ក្រោម គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម។ ការ​បារម្ភ​ជា​ថ្មី​នេះ នៅ​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម បាន​ប្រាប់​ទៅ​គ្រួសារ​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​ថា ពួក​គេ​នឹង​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ហួស​ពេល​កំណត់​ប្រមាណ ៣​ខែ​ហើយ នៅ​មិន​ទាន់​មាន​ការ​ដោះ​លែង​នៅ​ឡើយ។

ក្តី​សង្ឃឹម​របស់​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​រំពឹង​ថា ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប ថា​នឹង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដោះ​លែង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​រលាយ​បាត់​ដោយ​មិន​ដឹង​ពី​មូលហេតុ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ២​អង្គ​នៅ​ខេត្ត​ឃ្លាំង គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន និង​ពលរដ្ឋ​ខ្មែរ​ក្រោម ២​នាក់​ផ្សេង​ទៀត គឺ​លោក ថាច់ ភូមិរាជ និង​លោក ថាច់ ថា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ព្រះ​កាយ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២ ដល់ ៦​ឆ្នាំ។ លោក ថាច់ ថា ដែល​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​ចំនួន ២​ឆ្នាំ​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។

ព្រះចៅ​អធិការ​ស្តីទី​វត្ត​សាមគ្គីរង្សី និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ហារសំអាង។ ព្រះតេជព្រះគុណ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ថា អាជ្ញាធរ​វៀតណាម បាន​ប្រាប់​ទៅ​គ្រួសារ​ព្រះសង្ឃ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ថា ពួក​គេ​នឹង​ដោះ​លែង​ព្រះសង្ឃ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ប៉ុន្តែ​ព្រះតេជព្រះគុណ​ថា អាជ្ញាធរ​វៀតណាម មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​គេ​បាន​សន្យា​ជាមួយ​គ្រួសារ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ឡើយ។

ព្រះតេជព្រះគុណ ថាច់ ហារសំអាង មាន​ថេរ​ដីកា​បន្ត​ថា ការ​ដែល​អាជ្ញាធរ​វៀតណាម មិន​បាន​ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ធ្វើ​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​របស់​ពួក​គេ​នៅ​ក្នុង​ពន្ធនាគារ៖ «យើង​ដឹង​ថា សុខភាព​របស់​លោក គឺ​មាន​ការ​ទ្រុឌទ្រោម​ខ្លាំង​ណាស់​នៅ​ក្នុង​ពន្ធនាគារ ហើយ​ការ​ឆាន់​ចុក​អី​យ៉ាង​ម៉េច ឥឡូវ​យើង​ឮ​ថា​លោក​មាន​ការ​ទ្រុឌទ្រោម មាន​ជំងឺ​នៅ​ក្នុង​ខ្លួន​ទាំង​ពីរ​បី​អង្គ​ហ្នឹង។ អ៊ីចឹង​យើង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ហើយ​យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យួន ដោះ​លែង​លោក​ជា​បន្ទាន់​ដោយសារ​លោក​មាន​ជំងឺ»

ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៣ និង​ត្រូវ​បាន​តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ ព្រះតេជព្រះគុណ លីវ នី ចំនួន ៤​ឆ្នាំ និង​លោក ថាច់ ភូមិរាជ ចំនួន ៣​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​ការ​រៀបចំ​ឲ្យ​អ្នក​ដទៃ​រត់​ទៅ​ក្រៅ​ប្រទេស។ យ៉ាង​ណា​ក៏ដោយ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ ដោយសារ​ពួក​គេ​បាន​ព្យាយាម​បង្កើត​សាលា​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត។

ព្រះតេជព្រះគុណ ថាច់ ហារសំអាង សង្កត់​ធ្ងន់​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ការ​បារម្ភ​ខ្លាំង ដោយសារ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ​ជា​អ្នក​ទោស​នយោបាយ ដែល​ព្រះតេជព្រះគុណ​ថា ជាទូទៅ​អ្នក​ទោស​នយោបាយ​នៅ​វៀតណាម តែង​ត្រូវ​អាជ្ញាធរ​ធ្វើ​បាប។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា អ្វី​ដែល​អាជ្ញាធរ​វៀតណាម កំពុង​ធ្វើ​ទៅ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​ពួក​គេ​មាន​ចេតនា​បំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​ការពារ​អក្សរ​សាស្ត្រ វប្បធម៌​របស់​ខ្លួន។ ព្រះតេជព្រះគុណ​ថា បើ​ទោះ​ជា​អាជ្ញាធរ​មិន​ដោះ​លែង​ពេល​នេះ​ក្តី ខ្មែរ​ក្រោម​នឹង​នៅ​បន្ត​តាម​ដាន​ពី​ស្ថានភាព​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​ពន្ធនាគារ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​នាម​ខ្លួន​ជា​ប្រទេស​សមាជិក​មួយ​របស់​អង្គការ​សហប្រជាជាតិ៖ «រដ្ឋាភិបាល​យួន ជា​ប្រទេស​មួយ​រស់នៅ​មាន​ទំនាក់ទំនង​ជាមួយ​សហគមន៍​អន្តរជាតិ។ អ៊ីចឹង​យើង​អាច​ជា​ការ​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ យូ.អិន (UN) នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សហគមន៍​អឺរ៉ុប ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​លោក ពីព្រោះ​លោក​អត់​មាន​ទោសពៃរ៍​អ្វី​ទេ រឿង​ដែល​គ្រាន់​តែ​ចង់​ពង្រីក​វប្បធម៌​អក្សរ​សាស្ត្រ បែរ​ជា​ទៅ​ចាប់​គេ​ដាក់​គុក»

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ខ្មែរ​ក្រោម គឺ​ជា​ជនជាតិ​ដើម​នៅ​ដែន​ដី​កម្ពុជា​ក្រោម។ សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​វៀតណាម ជា​រដ្ឋ​ភាគី​ដែរ​នោះ បញ្ជាក់​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ស្វ័យ​សម្រេច នោះ​មាន​ន័យ​ថា ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ឋានៈ​នយោបាយ​របស់​ខ្លួន​ដោយ​សេរី និង​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ខ្លួន​ដោយ​សេរី មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​រាល់​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ តាម​រយៈ​តំណាង​ដែល​ជ្រើស​តាំង​ដោយ​ពួក​គេ​ផ្ទាល់។

ជនជាតិ​ដើម​ភាគ​តិច​ក៏​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ​រួម​មាន សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ការពារ និង​អភិវឌ្ឍ​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា តំបន់​បុរាណ​វិទ្យា តំបន់​ប្រវត្តិសាស្ត្រ បុរាណ​វត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា ការ​សម្ដែង សិល្បៈ និង​ការ​ថែ​រក្សា​អក្សរសាស្ត្រ​ជាតិ ជាដើម។

ជាង​នេះ​ទៀត ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រើប្រាស់ អភិវឌ្ឍ និង​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ពួក​គេ​នូវ​ប្រវត្តិសាស្ត្រ ភាសា ច្បាប់​ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធ​នៃ​ការ​សរសេរ និង​អក្សរសាស្ត្រ ព្រម​ទាំង​ធ្វើ​ការ​កំណត់​ឈ្មោះ និង​រក្សា​ឈ្មោះ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង​សម្រាប់​សហគមន៍ ទីកន្លែង និង​បុគ្គល។ ជនជាតិ​ដើម​ភាគ​តិច ក៏​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន ដោយ​ផ្តល់​ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់ ព្រម​ទាំង​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ខ្លួន និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

ចំណែក​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រំដែន​អន្តរជាតិ​ដូច​ខ្មែរ​ក្រោម​វិញ ពួក​គេ​មាន​សិទ្ធិ​រក្សា និង​បង្កើត​ទំនាក់ទំនង​ប្រាស្រ័យ​ទាក់ទង សហការ​គ្នា​ក្នុង​គោល​បំណង​ខាង​ជំនឿ​សាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយ​នឹង​សមាជិក​ផ្ទាល់​របស់​ពួក​គេ ព្រម​ទាំង​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​ព្រំដែន។

កន្លង​មក រដ្ឋាភិបាល​វៀតណាម តែង​អះអាង​ថា ពួក​គេ​គោរព​សិទ្ធិ​របស់​ជនជាតិ​ទាំងអស់​ចំនួន ៥៤ នៅ​ក្នុង​ប្រទេស​វៀតណាម និង​ការពារ​ផល​ប្រយោជន៍​ជនជាតិ​ទាំងអស់​នេះ​ដូច​នឹង​ជនជាតិ​វៀតណាម ដែរ។

យ៉ាង​ណា​ក៏ដោយ អង្គការ​ខ្មែរ​ក្រោម​មើល​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម មិន​ទាន់​បាន​គោរព​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ នេះ​នៅ​ឡើយ។

ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង កាត់​ទោស​ដាក់​ពន្ធនាគារ​នៅ​ឆ្នាំ​២០១៣ មក មាន​សិស្ស​គណ​របស់​ព្រះសង្ឃ​ទាំង​នោះ​ជាច្រើន​អង្គ ក្នុង​នោះ​ក៏​មាន​ប្អូន​ប្រុស​បង្កើត​របស់​ព្រះតេជព្រះគុណ លីវ នី គឺ​ព្រះតេជព្រះគុណ លីវ នឿ និង លីវ នេន បាន​ភៀស​ព្រះ​កាយ​ឡើង​មក​គង់​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ ព្រោះ​តែ​ខ្លាច​ការ​តាម​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ព្រះតេជព្រះគុណ លីវ នឿ មាន​ថេរ​ដីកា​ថា ឪពុក​របស់​ព្រះអង្គ​បាន​ស្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ ប៉ុន្តែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក មិន​ហ៊ាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​និមន្ត​ទៅ​ចូលរួម​បុណ្យ​សព​លោក​ឪពុក​ឡើយ ព្រោះ​តែ​បារម្ភ​ខ្លាច​អាជ្ញាធរ​វៀតណាម ចាប់​ព្រះ​កាយ​ធ្វើ​បាប​ព្រះអង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។