តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​វៀតណាម​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម សង់​សាលា​ឆទាន

ដោយ យន់ សាមៀន
2021.07.27
តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​វៀតណាម​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម សង់​សាលា​ឆទាន សាលា​ឆ​ទានសម្រាប់​​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​ ដែល​អាជ្ញាធរ​វៀតណាម​នៅខេត្ត លង់ហោរ ​ហាមឃាត់​មិន​ឲ្យ​​​ពលរដ្ឋ​ខ្មែរ​ក្រោម​​សាងសង់​បញ្ចប់​ ពេល​កសាង​បាន​ប្រហែល ៨០ភាគរយ​ហើយ។
រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

តំណាង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​កសាង​សាលា​ឆទាន ដើម្បី​ទុក​ជា​កន្លែង​ប្រតិបត្តិ​សាសនា។​​ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​អាជ្ញាធរ​វៀតណាម​បាន​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅខេត្តលង់ហោរ មិន​ឲ្យ​កសាង​សាលា​ឆ​ទាន ដែល​ពលរដ្ឋ​បាន​សាង​សង់​ជិត​រួចរាល់​ទៅ​ហើយ​នោះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ចាត់​ទុក ទង្វើ​អាជ្ញាធរ​វៀតណាម​ខេត្តលង់ហោរ ថា ជា​រឿង​គ្មាន​សីលធម៌ ដែល​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​មិន​ឲ្យ​សាងសង់​បញ្ចប់​សាលា​ឆ​ទាន។ តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ផ្ដើម​គំនិត​សាងសង់​សាលា​ឆ​ទាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​បំណង​សាងសង់​សាលា​ឆ​ទាន​ដើម្បី​ទុក​សម្រាប់​ប្រតិបត្តិ​សាសនា និង​ជា​កន្លែង​បង្រៀន​អក្សរសាស្ត្រ​ដល់​កូន​ខ្មែរ ដោយសារ​តែ​តំបន់​ដែល​ពួក​គេ​រស់នៅ ​នៅ​ជនបទ​ដាច់​ស្រយាល គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ត្រឹមត្រូវ បណ្ដាល​ឲ្យ​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​ទៅ​វត្ត ឬ​សាលារៀន​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ពលរដ្ឋ​រស់​នៅ​ជា​ច្រើន​គីឡូម៉ែត្រ។

Buddhist_Hall_Building_2021_2.jpg
ព្រះសង្ឃ និង​កុមារខ្មែរក្រោម នៅ​ទីតាំង ដែល​អាជ្ញាធរ​វៀតណាម ហាម​មិន​ឱ្យ​កសាង​សាលាឆទាន។ រូប៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម

លោក គឹម ឃីម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ប្រមាណ ៧៧គ្រួសារ​នៅ​ឃុំ​កំពង់ ស្រុក​ប្រាសាទ​ថ្មី បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​សាងសង់ សាលាឆទាន តាំង​ពី​ខែកុម្ភៈ ឆ្នាំ២០២១ មក​ម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ឆ្លើយ​តប ទើប​ពលរដ្ឋ​ចាប់​ផ្ដើម​សាងសង់ កាល​ពី​ចុង​ខែ​មិថុនា​ រហូត​ជិត​រួចរាល់​បាន​ប្រមាណ ៨០ភាគ​រយ ទើប​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​បន្ត​ធ្វើ​ទៀត។ លោក​អះអាង​ថា ទោះ​បី​វៀតណាម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្អាក​ក៏​ដោយ ប៉ុន្តែ​ពលរដ្ឋ​មិន​ស្ដាប់​ទេ ដោយសារ​តែពលរដ្ឋ​សង់​សាលា​ឆ​ទាន​នោះ​នៅ​តែ​ដី​ឯកជន។ លោក គឹម ឃីម ចោទ​អាជ្ញាធរ​វៀតណាម​ថា មាន​ចេតនា​មិន​ឲ្យ​ខ្មែរ​ក្រោម​សាងសង់​សាលាឆទាន​ ដើម្បី​ប្រតិបត្តិ​សាសនា និង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ៖ «វា​ជា​រឿង​ពិត​ណា! វា​ជា​រឿង​រសើប​ណាស់ ព្រោះ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​យើង​មាន​សិទ្ធិ​ជំនឿ សេរីភាព​ផ្នែក​សាសនា វា​លើ​មាន​តែ​ច្បាប់​ទេ ប៉ុន្តែ​យើង​យក​មក​អនុវត្ត​គេ​រារាំង គេ​មិន​ឲ្យ​យើង​ធ្វើ​ទេ។ សូម្បី​តែ​វត្ត​អារាម​ឲ្យ​គេ មិន​ឲ្យ​យើង​ធ្វើ​ដែរ

Buddhist_Hall_Building_2021_3.jpg
ពលរដ្ឋ និង​ព្រះសង្ឃខ្មែរនៅ​ខេត្ត​លង់ហោរ ទឹកដី​កម្ពុជា​ក្រោម កំពុងសង់​សាលា​ឆ​ទាន។ រូប៖ សហព័ន្ធខ្មែរ​កម្ពុជាក្រោម

ជុំវិញ​បញ្ហា​សាលា​ឆ​ទាន​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៥ កក្កដា​ស្នើ​សហគមន៍​អន្តរជាតិ​ទទូច​ឲ្យ​វៀតណាម​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ផ្នែក​ជំនឿ សាសនា​ និង​ត្រូវ​គោរព​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល នយោបាយ និង​ជនជាតិ​ដើម។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មើល​ឃើញ​ថា ទោះ​បី​រដ្ឋធម្មនុញ្ញ​វៀតណាម​ចែង​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ក៏​ដោយ ប៉ុន្តែ​មន្ត្រី និង​អាជ្ញាធរ​ថ្នាក់​ក្រោម បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ទៅ​​វិញ។

នាយក​អន្តរ​សាសនា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​និង​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាម៉េរិកាំង​ខាង​ជើង ព្រះភិក្ខុ ធីធីធម្មោ មាន​ថេរ​ដីកា​ថា វៀតណាម​នៅ​តែ​ចិញ្ចឹម​ចិត្ត​មិន​ចង់​ឲ្យ​វប្បធម៌ និង​សាសនា​ខ្មែរ​ក្រោម​បាន​រីក​ចំរើន៖ «នៅ​តែ​ដដែល ឃើញ​តែ​សំបក​ខាង​ក្រៅ បន្ធូរ​ខាង​ប្រតិបត្តិ គោរព​បូជា ប៉ុន្តែ​គេ​នៅ​តែ​គាប​សង្កត់​ផ្លូវ​ចិត្ត។ សូម្បី​តែ​សាលា​ឆ​ទាន​តូច​មួយ ក៏​រដ្ឋាភិបាល​មិន​បើក​ទូលាយ​ដែរ»

ទោះ​បី​វៀតណាម​បាន​ខំ​ប្រឹងប្រែង មិន​ឲ្យ​ខ្មែរ​ក្រោម​កសាង សាលា​ឆ​ទាន ឬ វត្ត​ជា​ដើម ប៉ុន្តែ មក​ទល់​នឹង​ឆ្នាំ២០២១ នេះ វត្ត​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤៦១វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជិត ៨ពាន់ ៥រយ​អង្គ។ សៀវភៅ ដែល​មាន​ចំណង​ជើង​ថា “វត្ត​នៅ​កម្ពុជា​ក្រោម” សរសេរ​ថា “វត្ត សម្បូរ​រង្ស៊ី” ដែល​ឋិត​ក្នុង​ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះត្រពាំង ជា​វត្ត​ចាស់​ជាង​គេ។ វត្តមាន​នេះ មាន​អាយុ​កាល ១៦៤៨ឆ្នាំ​ហើយ។

តំណាង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ធ្លាប់​លើក​ឡើង​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​បាត់បង់​វត្ត​អារាម មាន​ន័យ​ស្មើ​នឹង​បាត់បង់​ទឹក​ដី វប្បធម៌ និង​ពូជពង្ស​ខ្មែរ​ក្រោម​តែ​ម្តង។ ខ្មែរ​កម្ពុជា​ក្រោម ​រក្សា​ទី​វត្តអារាម ដើម្បី​សហគមន៍​អន្តរជាតិ​ដឹង​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើម នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​វៀតណាម​បាន​វាត​ទី​គ្រប់គ្រង មិន​ដូច​វៀតណាម​ដែល​អះអាង​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ទឹក​ដី​វៀតណាម​​នោះ​​ទេ។ ខ្មែរ​ក្រោម​បាន​បាត់បង់​ទឹក​ដី​អស់​រយៈ​ពេល ៧២ឆ្នាំហើយ។

របាយការណ៍​គណៈកម្មការ​សេរីភាព​សាសនា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំ២០២១ បញ្ជាក់​ថា ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​សម្រាប់​ឆ្នាំ២០២០ និង ២០១៩ មាន​លក្ខណៈ​ស្រដៀង​គ្នា គឺ​រដ្ឋាភិបាល​វៀតណាម​នៅ​តែ​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​លើ​ក្រុម​សហគមន៍​ជន​ជាតិ​ភាគ​តិច​ រួម​មាន​ក្រុម​ម៉ុងតាញ៉ា​ជា​ដើម។ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​រួម​មាន​ទាំង ការ​បង្ក​របួស​ស្នាម ដាក់ទណ្ឌកម្ម ឃុំខ្លួន និង​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម៕

Buddhist_Hall_Building_2021_1.jpg
ពលរដ្ឋ និង​ព្រះសង្ឃខ្មែរនៅ​ខេត្ត​លង់ហោរ ទឹកដី​កម្ពុជា​ក្រោម ដែលរួមគ្នា​សង់​សាលា​ឆ​ទាន។ រូប៖ សហព័ន្ធខ្មែរ​កម្ពុជាក្រោម



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

ថាញ់ ឧកញ៉ា
Jul 28, 2021 02:42 AM

សំឲខ្មែរទាំងអស់ខ្មែររួបរួមគ្នាដើម្បីរំដោះខ្មែរកម្ពុជាក្រោមពីរបបពួកគុម្នីសវៀតណាម។