សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិកស្នើឲ្យ ព្រះសង្ឃ និងយុវជនបង្កើត សមាគមព្រះពុទ្ធសាសនា និងសហជីព ដើម្បីទាមទារការគោរពសិទ្ធិសាសនា និងការងារ។ ព្រះសង្ឃខ្មែរក្រោមប្រតិបត្តិពុទ្ធសាសនាថេរវាទ (ហិនយាន) ចំណែកព្រះសង្ឃវៀតណាម គឺប្រតិបត្តិពុទ្ធសាសនាមហាយាន។ សំណើនេះធ្វើឡើងដោយសារតែ ព្រះសង្ឃខ្មែរក្រោមបច្ចុប្បន្នកំពុងរងការគ្រប់គ្រងដោយព្រះសង្ឃ និងរដ្ឋាភិបាលវៀតណាម ចំណែកយុវជនខ្មែរក្រោម ដែលមានការងារធ្វើ មិនអាចឈប់សម្រាកថ្ងៃបុណ្យសាសនា និងជាតិ តាមប្រពៃណីខ្មែរបាននោះទេ។
មន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា ព្រះសង្ឃវៀតណាម ប្រតិបត្តិសាសនាផ្សេងគ្នាពីព្រះសង្ឃខ្មែរក្រោម ដូច្នោះរដ្ឋាភិបាលវៀតណាម ត្រូវអនុញ្ញាតឲ្យព្រះសង្ឃខ្មែរក្រោមអាចបង្កើតសមាគមព្រះសង្ឃខ្មែរក្រោម ដើម្បីអាចប្រតិបត្តិសាសនាខ្មែរដោយឯករាជ្យ។ បច្ចុប្បន្នសហព័ន្ធខ្មែរក្រោមកំពុងចលនាការគាំទ្រឲ្យព្រះសង្ឃខ្មែរក្រោមអាចអនុវត្តសាសនាខ្លួនឯងបាន ពីសហរដ្ឋអាមេរិ និងអង្គការសហប្រជាជាតិ។
នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា ការអនុញ្ញាតឲ្យព្រះសង្ឃវៀតណាមគ្រប់គ្រងព្រះសង្ឃខ្មែរ នឹងអាចបណ្តាលឲ្យមានគ្រោះថា្នក់ ដែលអាចឈានទៅដល់ការបែកបាក់សាមគ្គីភាពព្រះសង្ឃខ្មែរក្រោម៖ «ព្រះពុទ្ធសាសនាយួនវា នៅក្រោមរណសិរ្សមាតុភូមិរបស់រដ្ឋាភិបាលកុម្មុយនិស្តយួន។ វាគ្មានឯកភាព ដូច្នេះយើងមានបញ្ហាត្រង់ថា ការប្រតិបត្តិព្រះពុទ្ធសាសនាវាអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយទៀត»។
លោក ត្រឹង ម៉ាន់រិន បន្តទៀតថា ព្រះសង្ឃគង់នៅលើទឹកដីកំណើត ត្រូវមានទឹកចិត្តក្លាហានហ៊ានសរសេរញាត្តិដាក់ទៅរដ្ឋាភិបាលវៀតណាម ដើម្បីទាមទារសិទ្ធិគោរពសាសនានេះមកវិញ។ មកទល់នឹងឆ្នាំ២០១៨ ខ្មែរក្រោមកសាងវត្តបានចំនួន ៤៦១វត្ត និងមានព្រះសង្ឃចំនួនជាង ៨ពាន់ ៥រយអង្គ។
ព្រះសង្ឃមួយអង្គគង់នៅខេត្តព្រះត្រពាំង ស្វាគមន៍ចំពោះសំណើឲ្យព្រះសង្ឃខ្មែរអាចប្រតិបតិ្តសាសនាដោយឯករាជ្យ និងមិននៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ ទោះបីជាយ៉ាងណា ព្រះអង្គមានសង្ឃឹមតិចតួចណាស់ ដែលរដ្ឋាភិបាលវៀតណាមនឹងយល់ព្រម។ ព្រះអង្គបន្តថា សព្វថ្ងៃព្រះសង្ឃវៀតណាម ក៏គ្រប់គ្រងត្រាវត្តខ្មែរក្រោមផងដែរ៖ «ក្នុងនាមជាព្រះសង្ឃមួយអង្គដែរ។ អត្មាចង់ឲ្យសហគមព្រះសង្ឃឯករាជ្យ ប៉ុន្តែវាមិនខុសនឹងរដ្ឋាភិបាលវៀតណាមទេ»។
កន្លងមកមានព្រះសង្ឃខ្មែរជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ព្រះកាយ ហើយចាប់ដាក់ពន្ធនាគារ ដោយសារតែហ៊ានបង្រៀនអក្សរខ្មែរដល់កូនខ្មែរក្រោម និងចង់បានសិទ្ធិសេរីភាពផ្នែកសាសនា។ របាយការណ៍ក្រសួងការបរទេសអាមេរិក ស្តីពីសិទ្ធិសេរីភាពសាសនាអន្តរជាតិ ផ្សាយកាលពីខែមិថុនា ឲ្យដឹងថា ច្បាប់វៀតណាមអនុញ្ញាតឲ្យរដ្ឋាភិបាលនេះ គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពផ្នែកសាសនា ដោយយកលេសរឿងសន្តិសុខសង្គម និងជាតិ។ របាយការណ៍រកឃើញថា មេដឹកនាំសាសនានៅវៀតណាម ដែលអាជ្ញាធរមិនចុះបញ្ជីឲ្យតែងតែរងការធ្វើទុក្ខបុកម្នេញ រួមមាន ការវាយប្រហាររាងកាយ ចាប់ខ្លួនកាត់ទោស ការដាក់កម្រិតនៃការដើរហើរ និងរឹបអូសទ្រព្យសម្បត្តិជាដើម។
ចំពោះការបង្កើតសហជីពវិញ លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា លោកកំពុងស្វែងរកជំនួយផ្នែកច្បាប់ពីមេធាវី និងយុវជន ដើម្បីដាក់សំណើផ្លូវការទៅរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យពួកគេអាចបង្កើតសហជីពតាមកន្លែងការងារបាន។ លោកថា ការបង្កើតសហជីពនេះ ដើម្បីធានាថា ខ្មែរក្រោមអាចឈប់សម្រាកថ្ងៃបុណ្យសាសនា និងប្រពៃណីជាតិខ្មែរបាន ពីព្រោះកន្លងមកវៀតណាម មិនអនុញ្ញាតឲ្យខ្មែរក្រោមឈប់ថ្ងៃបុណ្យឡើយ៖ «កម្មករយើងវាឡើងរាប់សែន មិនមែនរាប់ម៉ឺនទេ វាច្រើនមែនទែន ហើយបុណ្យសែនដូចតា ចូលឆ្នាំ យើងអត់បានឈប់ ហេតុដូច្នេះយើងចង់ឲ្យមានសហជីព»។
កាលពីបុណ្យសែនដូនតាកន្លងទៅ វៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមឈប់សម្រាកមកលេងស្រុកកំណើត ជួបជុំគ្រួសារនោះទេ។ វៀតណាមក៏មិនឲ្យខ្មែរក្រោមឈប់ពេលបុណ្យចូលឆ្នាំថ្មីដែរ។ មន្រ្តីសហព័ន្ធខ្មែរក្រោមថា គោលបំណងវៀតណាម ដែលមិនទទួលស្គាល់បុណ្យជាតិខ្មែរនោះ គឺដោយសារតែ វៀតណាមខ្លាចអន្តរជាតិថា វៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើមកំណើត ដូច្នេះ ខ្មែរក្រោមអាចមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត។ ទឹកដីខ្មែរក្រោម ត្រូវបានបារាំងកាត់ទាំងខុសច្បាប់ទៅឲ្យវៀតណាមកាលពី ៧០ឆ្នាំមុន។ សព្វថ្ងៃខ្មែរក្រោមនៅលើពិភពលោក កំពុងធ្វើយុទ្ធនាការ ទាមទារឲ្យវៀតណាម ផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងជាជនជាតិដើមកំណើតទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។