សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសិទ្ធិមនុស្សនៅកម្ពុជា បានណែនាំឲ្យពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកំណើត និងកម្ពុជាឲ្យប្រុងប្រយ័ត្នជំងឺរលាកផ្លូវដង្ហើម Covid-19 ស្របពេលដែលជំងឺនេះ កំពុងរាតត្បាតនៅកម្ពុជា និងប្រទេសវៀតណាម។
ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យខ្មែរក្រោមនៅកម្ពុជាក្រោម ត្រូវប្រុងប្រយ័ត្នការពារខ្លួន ដើម្បីបង្ការកុំឲ្យឆ្លងជំងឺ Covid-១៩។ ព្រះអង្គបន្តទៀតថា មានវិធានការមួយចំនួនដែលខ្មែរក្រោមអាចអនុវត្តដើម្បីចៀសវាង ការឆ្លងជំងឺថ្មីនេះ៖ « អង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសមួយចំនួនអំពាវនាវកុំឲ្យប្រជាពលរដ្ឋហ្នឹង កុំឲ្យជួបជុំគ្នាច្រើនព្រោះថា ការជួបជុំគ្នាច្រើនមិនដឹងថា អ្នកណាកើត ក៏អ្នកណាអត់ » ។
ព្រះអង្គបន្តទៀតថា អាជ្ញាធរវៀតណាមបានកោះហៅតំណាងព្រះសង្ឃ និងតំណាងពលរដ្ឋខ្មែរក្រោមម្នាក់ តាមតំបន់និមួយៗ ដើម្បីទៅអប់រំ បង្ការកុំឲ្យកើតជំងឺ covid-19។ មកទល់នឹងពាក់កណ្ដាលខែមីនានេះ មិនទាន់មានសេចក្ដីរាយការណ៍ថា មានខ្មែរក្រោមបានឆ្លងជំងឺ covid -19ប៉ុន្មាននាក់ នៅឡើយទេ។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅលើទឹកដីកំណើត ក្នុងខេត្តចំនួន
ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្ថែមទៀតថា ដើម្បីការពារកុំឲ្យពលរដ្ឋខ្មែរក្រោមធ្លាក់ខ្លួនឈឺនោះ ពួកគេត្រូវស្វែងរកមន្ត្រីសុខាភិបាល ដើម្បីប្រឹក្សាយោបល់ ប្រសិនបើពួកគេ មានរោគសញ្ញាសង្ស័យថា អាចឆ្លងជំងឺ Covid-19នេះ៖ « ប្រសិនបើមានករណីឆ្លងដោយចៃដន្យ ឬយើងអត់ដឹងខ្លួន ហើយបើយើងមានអាការៈខុសពីធម្មតាហ្នឹង យើងត្រូវតែទៅជួបពេទ្យនៅតាមភូមិស្រុក » ។
ថេរដីការបស់ព្រះអង្គ សឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ធ្វើឡើង ក្រោយពេលដែលវៀតណាម រកឃើញអ្នកមានជំងឺ Covid 19 កើនឡើងរហូតដល់ជិត ១០០នាក់។ កាលពីថ្ងៃទី២២ មីនា រដ្ឋាភិបាលវៀតណាមបានផ្អាក មិនឲ្យអ្នកដំណើរមកពីបរទេសចូលប្រទេស លើកលែង ការមន្ត្រីការទូតបរទេស និងអ្នកមានកិច្ចការសំខាន់ៗ មួយចំនួនតែប៉ុណ្ណោះ។ អ្នកដែលអាជ្ញាធរវៀតណាមអនុញ្ញាតឲ្យចូលក្នុងប្រទេសត្រូវអាជ្ញាធរដាក់ឲ្យនៅដោយឡែក និងពិនិត្យសុខភាព។ វៀតណាមក៏បានបិទច្រកចេញចូលផ្លូវគោកនឹងកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងជំងឺ Covid-19នេះ ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅ នៅកម្ពុជាក្រោមឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម កំពុងព្រួយបារម្ភ ឆ្លងជំងឺថ្មីនេះ ជាពិសេស យុវជន និងយុវនារីខ្មែរក្រោម ដែលទៅធ្វើការងារនៅតាមទីប្រជុំជន និងទីក្រុងវៀតណាម។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ប្រាប់អាស៊ីសេរីថា ខ្មែរក្រោមមួយចំនួន បានយល់ដឹងយល់ពីប្រភេទ ជំងឺប្រភេទថ្មីនេះដែរ ដោយពួកគេព្យាយាមមិនចូលរួមទីកន្លែងណា ដែលមានមនុស្សច្រើន ដូចជា ពិធីបុណ្យ និងរៀបការជាដើម៖ « ធម្មតាព្រួយចេះតែព្រួយហើយ កូនគេនៅព្រៃនគរ ទៅធ្វើរោងចក្រចេះតែព្រួយ » ។
ពលរដ្ឋខ្មែរក្រោមម្នាក់ទៀត អះអាងថា ខ្មែរក្រោមខ្លះចេះប្រើប្រាស់ម៉ាស់ការពារ ដើម្បីបង្ការ កុំឲ្យឆ្លងជំងឺប្រភេទថ្មីនេះ។ លោកបន្តថា ដោយសារតែបញ្ហាជីវភាពខ្មែរក្រោមខ្លះបន្តប្រកបមុខរបរប្រចាំ ទោះបីពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ឆ្លងជំងឺកាចសាហាវនេះ ក៏ដោយ។
ដោយឡែកនៅកម្ពុជាវិញ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់អាស៊ីសេរី ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ក៏កំពុងមានក្ដីកង្វល់ខ្លាំងអំពី ការរាតត្បាតនៃជំងឺ covid-19ថ្មីនេះដែរ។ លោកថា អង្គការរបស់លោក បានផលិតជាផលិតវីដេអូអប់រំខ្លីផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីអប់រំខ្មែរក្រោម ដើម្បីការពារកុំឲ្យឆ្លងជំងឺប្រភេទថ្មីនេះ។ លោកថា ពលរដ្ឋខ្មែរក្រោមមួយចំនួនបានផ្អាកប្រកបមុខរបរមួយរយៈប៉ុន្តែអ្នកខ្លះទៀតនៅតែបន្តការងារ ដោយសារតែជីវភាពខ្វះខាត៖ « អ្វីដែលយើងព្រួយបារម្ភហ្នឹង ដោយសារតែខ្លាចពាក់ព័ន្ធទៅនឹងជីវភាពរស់នៅបន្តដំណើរ។ ពលរដ្ឋខ្មែរក្រោមរស់នៅអាជីពនៅតាមចិញ្ចើមថ្នល់ » ។
លោកបន្តថា លោកពុំឃើញអាជ្ញាធរខ្មែររើសអើងនឹងពលរដ្ឋខ្មែរក្រោម ក្នុងការផ្ដល់សេវាសុខភាព ជាពិសេស ករណីការអប់រំអំពីជំងឺcovid-19 នោះទេ។
គិតត្រឹមយប់ថ្ងៃទី២២ មីនា ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីត១៩ ចំនួនជិត ១០០នាក់ហើយ។ កម្ពុជា បានចាត់វិធានការហាមឃាត់ពលរដ្ឋមកពីប្រទេសមួយចំនួន ដូចជា អាមេរិក អ៊ីតាលី ចូលកម្ពុជា ដើម្បីការពារមិនឲ្យជំងឺ covid 19 រាតត្បាត។ ទោះបីជាយ៉ាងណា កម្ពុជា មិនបានហាមឃាត់ជនជាតិចិន ដែលមកពីកន្លែងនៃប្រភពជំងឺ Covid19 ចូលកម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។