សហព័ន្ធខ្មែរកម្ពុជាក្រោមរកអន្តរាគមន៍អន្តរជាតិ ជួយពលរដ្ឋខ្មែរក្រោមឱ្យរួចផុតពីការធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរវៀតណាម
2021.11.16
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងទាមទារសិទ្ធិជាជនជាតិដើម។ សំណើនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរវៀតណាម បានចាប់ខ្មែរក្រោមម្នាក់ដាក់ពន្ធនាគារ និងបានគំរាមកំហែងយុវជនខ្មែរក្រោមមួយចំនួនទៀត។
សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងធ្វើយុទ្ធនាការស្វែងរកកិច្ចអន្តរាគមន៍ពីអាមេរិក និងប្រទេសមួយចំនួនទៀត ដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងកសិករខ្មែរក្រោមម្នាក់ គឺលោក ថាច់ រីន ដែលកំពុងជាប់ពន្ធនាគារ រង់ចាំសវនាការក្រោយលោកបង្ហោះព័ត៌មានតាមបង្ហាញសង្គមទាមទារ និងផ្សព្ធផ្សាយសិទ្ធិជនជាតិដើម។
អាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង បានចាប់ខ្លួនលោក ថាច់ រីន កាលពីថ្ងៃទី១៤ តុលា ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការបង្ហោះរូបភាពមេដឹកនាំលោកប្រធាន ហូ ជីមិញ ក្នុងចេតនាបង្កឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ អតីតមេដឹកនាំវៀតណាម។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា វៀតណាមកំពុងយកលេស ដើម្បីធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលចង់បានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ ព្រះអង្គបន្តថា លោក ថាច់ រីន មិនផ្សព្ធផ្សាយព័ត៌មានប៉ះពាល់ដល់អតីតមេដឹកនាំវៀតណាមនោះទេ៖ «រដ្ឋាភិបាលវៀតណាមហ្នឹងតែងតែបំបិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម ទាំងការនិយាយស្តី ទាំងការផ្សព្ធផ្សាយទាំងការបញ្ចេញមតិក្នុងតាមខ្មែរក្រោម ជាជនជាតិដើមហ្នឹង»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ផងនោះ មានថេរដីកាថា បច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងស្វែងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឲ្យអាជ្ញាធរវៀតណាមដោះលែង លោក ថាច់ រីន៖ «វៀតណាមនៅតែរឹតត្បិតសិទ្ធិសេរីភាព និងគាបសង្កត់ពលរដ្ឋខ្មែរក្រោម និងយុវជនខ្មែរក្រោមក្តី នៅលើទឹកដីកម្ពុជា។ យុទ្ធនាគារសហព័ន្ធខ្មែរកម្ពុជាក្រោមគឺ តែងតែ អំពាវនាវឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ករណីវៀតណាមហ្នឹងធ្វើទៅលើពលរដ្ឋខ្មែរក្រោមទាំងអយុត្តិធម៌»។
ករណី អាជ្ញាធរវៀតណាម ឃុំខ្លួន លោក ថាច់ រីន ក្នុងពន្ធនាគារនេះ មិនមែនជាករណីទីមួយទេ។ អាជ្ញាធរវៀតណាម កាលពីថ្មីៗ នេះ ក៏បានចាប់ខ្មែរក្រោមម្នាក់ទៀតឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់ពន្ធនាគារ ដោយសារតែលោកត្រូវអាជ្ញាធរវៀតណាមចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សាមួយ។ ទោះបីជាយ៉ាងណាក្ដី តំណាងខ្មែរក្រោមអះអាងថា លោក ហ្វិន វ៉ាំងឌែប មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយការចាប់ខ្លួននេះ ជាលេសដោយសារតែ លោកបានចូលរួមសំដែងមតិរឿងថ្ងៃបាត់បង់ទឹកដី តាមបណ្ដាញសង្គម ហ្វ៊េសប៉ុក (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុងជាប់ពន្ធនាគារ ហើយលោកត្រូវតុលាការកាត់ជាប់ពន្ធនាគាររហូត រយៈពេលពីរឆ្នាំ។ អាជ្ញាធរវៀតណាម ក៏បានសម្លុតគំរាមកំហែងយុវជនខ្មែរក្រោមជាច្រើនរូប ដោយឲ្យបញ្ឈប់ផ្សព្ធផ្សាយការទាមទារសិទ្ធិជាជនជាតិដើម និងផ្តល់ព័ត៌មានទៅក្រៅប្រទេសរឿងអាជ្ញាធរធ្វើទុក្ខបុកម្នេញខ្មែរក្រោម។ អាជ្ញាធរវៀតណាមកំពុងតែទាមទារយុវជនខ្មែរក្រោមទាំងនោះឲ្យបង់ប្រាក់ពិន័យរាប់រយដុល្លាររឿងពួកគេប្រើប្រាស់បណ្តាញសង្គមផ្សព្ធផ្សាយច្បាប់អន្តរជាតិស្តីពីជនជាតិដើម។
ពាក់ព័ន្ធនឹងករណីគំរាមកំហែង យុវជនខ្មែរក្រោមនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ទទូចឲ្យយុវជនខ្មែរក្រោមរក្សាស្មារតីស្នេហាជាតិ និងកុំចាញ់សម្លុតអាជ្ញាធរវៀតណាម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមនៅតែគាំទ្រនឹងលើកទឹកចិត្តសកម្មភាពរបស់យុវជនខ្មែរក្រោមក្តីពលរដ្ឋខ្មែរក្រោមក្តី ដែលរស់នៅលើទឹកដីកម្ពុជាក្រោម សូមកោតសរសើរចំពោះទឹកចិត្តរបស់យុវជនខ្មែរក្រោមហ្នឹង។ សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹងតែងតែធ្វើសកម្មភាពនៅលើឆាកអន្តរជាតិ រហូតទៅដល់អង្គការសិទ្ធិមនុស្ស និងដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិនោះ»។

ឆ្លើយបតនឹងសំណើរបស់មន្រ្តីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ យុវជនខ្មែរក្រោម ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមប្តេជ្ញាថា ពួកគេនឹងបន្តយុទ្ធនាការទាមទារសិទ្ធិជនជាតិ និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។ យុវជនខ្មែរកម្ពុជាក្រោម លោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរីថា វៀតណាមមានចេតនា បំបាក់ស្មារតីយុវជនខ្មែរក្រោមមិនឲ្យហ៊ានងើបឡើងតវ៉ា ទាមទារសិទ្ធិសេរីភាព ទើបអាជ្ញាធរធ្វើការឃាត់ និងឃុំខ្លួនខ្មែរក្រោមជាបន្តបន្ទាប់៖ «ខ្ញុំសូមជម្រាបប្រាប់ ការតស៊ូរបស់យុវជន គឺនៅតែមានការបន្តការតស៊ូទាមទារ សិទ្ធិក្នុងនាមជាម្ចាស់ស្រុករហូតមិនឈប់ទេ។ ដរាបណាប្អូននៅតែមានជីវិតនឹងដង្ហើម នឹងតវ៉ាទាមទារសិទ្ធិហ្នឹងរហូតដល់ដង្ហើមចុងក្រោយ»។
យុវជន តោ ហ្វាងចឿង ត្រូវអាជ្ញាធរវៀតណាមនៅខេត្ត ព្រះត្រពាំង ផាកពិន័យចំនួន ៣០០ដុល្លារ ពីបទប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ឆ្នាំ។ លោកថា លោកសុខចិត្ត ចូលគុក ជាជាងបង់លុយពិន័យឲ្យវៀតណាម ពីព្រោះលោកថា លោកគ្មានកំហុសនោះទេ។
របាយការណ៍សហព័ន្ធខ្មែរក្រោមប្រចាំឆ្នាំឲ្យដឹងថា កាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម។ យុវជនខ្មែរក្រោមមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាមចាប់ផាកពិន័យ ហើយរឹបអូសយកសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមពីពួកគេ។ ចំណែកកសិករខ្មែរក្រោមជាច្រើននាក់ ដែលរងគ្រោះដោយសារតែអាជ្ញាធរវៀតណាមរឹបអូសយកដីស្រែ ក៏ត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំ ទាំងអយុត្តិធម៌ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។