យុវជនខ្មែរក្រោម ស្ម័គ្រចិត្តធ្វើការងារលើកស្ទួយសិទ្ធិមនុស្សការងារ និងសិទ្ធិបញ្ចេញមតិរបស់កម្មករ និងពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើត។ ពួកគេងើបឡើងតស៊ូមតិដោយអហិង្សានេះ ដោយសារតែ អាជ្ញាធរវៀតណាមបន្តធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិដើមកំណើត ការរំលោភសិទ្ធិការងារ និងសិទ្ធដទៃទៀត។
យុវជនខ្មែរក្រោមកំពុងធ្វើយុទ្ធនាការតាមរយៈបណ្ដាញសង្គម និងដើរចែកចាយសៀវភៅ ឯកសារ ប្រវត្តិសាស្ត្រ និងច្បាប់ការងារ ឱ្យពលរដ្ឋខ្មែរក្រោមប្រើប្រាស់ជាដើមទុនដើម្បីធ្វើការតស៊ូមតិ ដោយអហិង្សា។
យុវជនខ្មែរក្រោម យឿង ខាយ ដែលកំពុងរងការគំរាមកំហែងពីសំណាក់អាជ្ញាធរវៀតណាមខ្លួនឯងផងដែរនោះ បានបង្កើតទំព័រហ្វេសប៊ុក ឈ្មោះថា សិទ្ធិការងារខ្មែរក្រោម ដើម្បីផ្ដល់ចំណេះដឹងពីច្បាប់ការងារ និងបង្ហាញពីសកម្មភាពរបស់កម្មករខ្មែរក្រោម។ ទំព័រហ្វេសប៊ុកនោះ ក៏បានផ្ដល់លេខទូរស័ព្ទ សម្រាប់ឱ្យកម្មករខ្មែរក្រោមដែលរងការរំលោភបំពានផ្សេងៗទាក់ទង ដើម្បីពិគ្រោះយោបល់ស្វែងរកមធ្យោបាយដោះស្រាយបញ្ហាទាំងនោះ។
យុវជន យឿង ខាយ ប្រាប់អាស៊ីសេរីថា កម្មករខ្មែរក្រោម កំពុងត្រូវបានថៅកែរោងចក្រ បង្ខំឱ្យធ្វើការងារបន្ថែមម៉ោង លើសកំណត់តាមច្បាប់ការងារវៀតណាម ហើយថៅកែវៀតណាម ក៏មិនអនុញ្ញាតឱ្យខ្មែរក្រោមបានឈប់សម្រាកបុណ្យជាតិខ្មែរក្រោមសំខាន់ៗដូចជា បុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មីជាដើម៖ «កម្មករខ្មែរយើងត្រូវបានគេគាបសង្កត់ការសិទ្ធិពលកម្មបង។ ធ្វើការនៅតាមរោងចក្រឯកជនក្តី បរទេសក្តីធ្វើការងារ មានគេជិះជាន់ គេមិនឱ្យយើងឈប់ចូលឆ្នាំ ធ្វើទុក្ខបុកម្នេញយើងគ្រប់បែបយ៉ាង»។
យុវជន យឿង ខាយ បន្តទៀតថា ក្រៅពីការរំលោភច្បាប់ការងារ ម្ចាស់រោងចក្រនៅវៀតណាមក៏មិនអនុញ្ញាតឱ្យកម្មករបង្កើតសហជីពឯករាជ្យដែរ។ ជំហានបន្ទាប់ទៀតនេះ លោកនឹងប្រមូលផ្តុំកម្មករខ្មែរក្រោមតាមរោងចក្រដើម្បីបង្កើត សហជីពឯករាជ្យ ប្រឆាំងនឹងការរំលោភសិទ្ធិការងាររបស់ថៅកែវៀតណាម។
សព្វថ្ងៃ យុវជន យឿង ខាយ ធ្វើការងារដោយគ្មានការិយាល័យពិតប្រាកដនោះទេ ដោយលោកធ្វើការងារចល័តរាល់ចុងសប្ដាហ៍ ដោយមិនយកប្រាក់កម្រៃពីកម្មករ។
កន្លងមក អាជ្ញាធរវៀតណាម បានតាមដានសកម្មភាពជួយសង្គមខ្មែរក្រោមរបស់ យុវជន យឿង ខាយ ហើយអាជ្ញាធរបានបង្ខំឱ្យលោកឈប់ធ្វើការងារសង្គមនេះ ជាច្រើនដងមកហើយ រហូតដល់ ប៉ូលិសប្រើអំពើហិង្សាទៅលើលោក នៅពេលលោកបដិសេធ មិនធ្វើតាមការគំរាមកំហែងរបស់គេ។លោកប្ដេជ្ញាថា ទោះបីលោកត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារក៏ដោយ ក៏លោកនឹងបន្តធ្វើការងារជួយកម្មករខ្មែរក្រោមឱ្យជៀសផុតពីរំលោភសិទ្ធិការងារ៖ «បើយើងបញ្ចេញមតិ បាត់ផលប្រយោជន៍ វាវ៉ៃដែរ វាវ៉ៃដើម្បីគំរាមកំហែង ហើយវាថា ចាប់ដាក់គុក ដាក់អីដែរបង»។
យុវជនខ្មែរក្រោមមួយចំនួនទៀតក៏កំពុងសកម្មធ្វើការងារសង្គមផ្នែកសិទ្ធិជនជាតិដើមកំណើតដែរ។ យុវជនខ្មែរកម្ពុជាក្រោមលោក តោ ហ្វាងចឿង ដែលត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យរាប់រយដុល្លារ ដោយសារតែសំដែងមតិតាមបណ្ដាញសង្គម កំពុងបោះពុម្ពសៀវភៅស្ដីពីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង ដើម្បីដើរចែកចាយដល់ពលរដ្ឋខ្មែរក្រោមដោយឥតគិតថ្លៃ។ យុវជនរូបនេះ អះអាងថា ដើម្បីឱ្យខ្មែរក្រោមអាចទទួលបានសិទ្ធិសម្រេចវាសនាដោយខ្លួនបាន លុះត្រា ខ្មែរក្រោមយល់ដឹងពីសិទ្ធិជាជនជាតិដើមកំណើតជាមុនសិន៖ «សព្វថ្ងៃនេះ ប្អូនធ្វើការផ្សព្វផ្សាយច្បាប់ជនជាតិដើម ដើម្បីដាស់សតិអារម្មណ៍យុវជនខ្មែរក្រោមយើង ឱ្យដឹងពីច្បាប់ ក្នុងនាមជាជនជាតិដើមហ្នឹង យើងមានសិទ្ធិអ្វីខ្លះដែរ»?
កាលពីពេលថ្មីនេះៗ សហព័ន្ធខ្មែរកម្ពុជាក្រោមបានបោះពុម្ពសៀវភៅ មានចំណងជើងថា “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង”។ សៀវភៅនេះ បង្ហាញពីរបៀបនៃការទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រវត្តិនៃដែនដីកម្ពុជាក្រោម។ សៀវភៅនេះក៏ជាឧបករណ៍មួយជួយយុទ្ធនាការសហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីទាមទារ សិទ្ធិស្វ័យសម្រេចចិត្តដោយខ្លួនឯងរបស់ពលរដ្ឋខ្មែរក្រោម ពីរដ្ឋាភិបាលវៀតណាម។
យុវជនខ្មែរកម្ពុជាក្រោម តោ ហ្វាងចឿង ក៏ដូចជាយុវជន យឿង ខាយដែរ លោកសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួន ហើយអាចប្រឈមមុខនឹងជាប់ពន្ធនាគារ ប្រសិនបើអាជ្ញាធរវៀតណាម ចង់តាមធ្វើទុក្ខបុកម្នេញលើរូបលោកបន្តទៀត។

ពាក់ព័ន្ធនឹងការបូជា លះបង់របស់យុវជនខ្មែរក្រោមដើម្បីបុព្វហេតុជាតិនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា ការផ្តួចផ្តើមគំនិតរបស់យុវជនខ្មែរក្រោម ជួយដល់កម្មករនិងពលរដ្ឋខ្មែរក្រោម ដោយមិនខ្លាចពីគ្រោះថ្នាក់ផ្ទាល់ខ្លួននេះ ជារឿងមួយល្អ ដែលអាចជួយស្តារសិទ្ធិមនុស្សខ្មែរក្រោមឱ្យបានល្អប្រសើរឡើងវិញ៖ «គឺជារឿងល្អដើម្បីជួយគ្នា ក្នុងគ្រាដែលមានបញ្ហា។ អ៊ីចឹងទៅយើងមានតំណាងនៅពេលមានរឿងយើងមានតំណាងដើម្បីដោះស្រាយ ចំពោះបញ្ហានោះព្រោះថា ព្រោះថា នៅវៀតណាមហ្នឹង គេមិនឱ្យយុវជនឬពលករខ្មែរក្រោម បង្កើតជាសហជីពដើម្បីការពារ កម្មករក្រុមហ៊ុន តាមរោងចក្រទេ»។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើឱ្យអាជ្ញាធរវៀតណាម កុំតាមយាយីយុវជនខ្មែរក្រោមដែលកំពុងតស៊ូមតិដោយអហិង្សាដើម្បីរក្សាសិទ្ធិជាជនជាតិដើមកំណើត។ ទោះបីយ៉ាងណាក៏ដោយ ព្រះអង្គបារម្ភថា វៀតណាមពិតជាតាមរករឿងយុវជនខ្មែរក្រោមជាក់ជាមិនបាន៖ «គឺអាជ្ញាធរវៀតណាមហ្នឹងគេមិនសប្បាយចិត្ត ប៉ុន្តែអ្វីដែលសំខាន់គឺ យុវជនខ្មែរក្រោមហ្នឹងមានចិត្ត ក្លាហានក្នុងការបង្កើត ជាក្រោមដើម្បីការងារទៅដល់ពលករ ឬក៏កម្មករជនជាតិខ្មែរក្រោម វាជាការល្អប្រសើរណាស់»។
ព្រះអង្គព្រមានថា ប្រសិនបើអាជ្ញាធរវៀតណាមជ្រើសរើសយកផ្លូវ ធ្វើទុកបុកម្នេញពលរដ្ឋនិងយុវជនខ្មែរក្រោមមែននោះ សហព័ន្ធនឹងធ្វើយុទ្ធនាការនៅជុំវិញពិភពលោកដើម្បីគាបសង្កត់រដ្ឋាភិបាលវៀតណាមឱ្យផ្អាកសកម្មភាពរំលោភបំពានទៅលើយុវជន និងពលរដ្ឋខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។