ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ (ភាគ​៩៦ឃ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​ភាគ​ទី​៩៦ឃ​នេះ សូម​លើក​យក​អត្ថបទ​ស្ដីពី​ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ មក​ជម្រាប​ជូន។

0:00 / 0:00

នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​១៩៧៩ ក្រោយ​ពី​ការធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​រយៈពេល​ខ្លី​មួយ លោក កែវ ចិន្តា ប្រធាន​តុលាការ​ប្រជាជន​បដិវត្តន៍ បាន​ឤន​សាលក្រម​ដ៏​វែង​មួយ​មាន​៣៦​ទំព័រ​ដែល​ពោរ​ពេញ​ទៅ​ដោយ​កំហុស​គ្រប់​ករណី ហើយ​បាន​ប្រកាស​កាត់ទោស​ប្រហារ​ជីវិត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប គឺ ប៉ុល ពត និង អៀង សារី ដោយ​កំបាំង​មុខ។

សាលក្រម​ក៏​បាន​ប្រកាស​បិទ​ផ្លូវ​ឧទ្ធរណ៍​ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ទណ្ឌិត ប៉ុ់ល ពត និង អៀង សារី មាន​ពេល​៧​ថ្ងៃ​សម្រាប់​ស្នើសុំ​ទៅ​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​អនុគ្រោះ​ទោស​ប៉ុណ្ណោះ។ ឯកសារ​សាលក្រម​និង​ការវិនិច្ឆ័យ​ទោស ប៉ុល ពត និង អៀង សារី សុទ្ធសឹង​តែ​ត្រូវ​បាន​រៀបចំ​ជា​មុន​យ៉ាង​ត្រឹមត្រូវ។

ការជំនុំជម្រះ​ក្តី ប៉ុល ពត និង អៀង សារី ក្នុង​ឆ្នាំ​១៩៧៩ គឺ​ជា​កិច្ច​ប្រឹងប្រែង​នាំ​យក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​សោកនាដកម្ម​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩។ ក៏ប៉ុន្តែ​អ្នក​វិភាគ​ព្រឹត្តិការណ៍​ខ្លះ​បាន​លើក​ឡើង​ថា កិច្ច​ប្រឹងប្រែង​និង​សាលក្រម​របស់​តុលាការ​ប្រជាជន​បដិវត្តន៍​នា​ពេល​នោះ​មិន​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​ឡើយ ដោយសារ​ប្រទេស​កម្ពុជា​ជាប់គាំង​នៅ​ក្នុង​សង្រ្គាម​ត្រជាក់​ដែល​កំពុង​ត្រួតត្រា​ដោយ​កងទ័ព​វៀតណាម។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «ក្នុង​ពេល​នោះ​គឺ​ថា ដោយសារ​បញ្ហា​នយោបាយ ដោយសារ​សង្រ្គាម​ត្រជាក់ គឺ​ថា រដ្ឋ​កម្ពុជា​មិន​សូវ​បាន​ទទួល​ស្គាល់​ទេ ដោយសារ​ថា​មាន​គាំទ្រ​ពី​វៀតណាម ហើយ​ជំហរ​ពី​សហភាព​សូវៀត អ៊ីចឹង​មាន​ការបែងចែក​គ្នា​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ដ សង្គមនិយម។ អ៊ីចឹង​ការប្រឹងប្រែង​ទាំង​ប៉ុន្មាន​គឺ​ថា​មិន​ត្រូវ​បាន​អើពើ ឬ​ទទួល​ស្គាល់ ប៉ុន្តែ​ប្រជាជន​បាន​ប្រឹងប្រែង​ធ្វើ​ដើម្បី​រក​យុត្តិធម៌»

ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​១៩៨២ និង ១៩៨៣ យុទ្ធនាការ​ប្រមូល​ហត្ថលេខា​ពី​ប្រជាជន​តាម​ក្រុម​សាមគ្គី​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​ជា​ញត្តិ​ដាក់​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​បង្កើត​តុលាការ​អន្តរជាតិ​មួយ​ដើម្បី​នាំ​ខ្លួន​មេដឹកនាំ​ខ្មែរ​ក្រហម​និង​បរិវារ​មក​កាត់ទោស​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​យោធា​យ៉ាង​សកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នោះ។

លោក ឆាំង យុ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ៖ «រហូត​មក​ដល់​ឆ្នាំ ៨២-៨៣​ហ្នឹង គេ​មាន​ធ្វើ​ញត្តិ។ មួយ​ញត្តិ​ហ្នឹង​គឺ​មាន​ប្រជាជន​១​លាន​១​សែន​នាក់​ទូទាំង​ប្រទេស​ដែល​ប្រមូល​ជា​ក្រុម គេ​ហៅ​ក្រុម​សាមគ្គី​ប្រវាស់​ដៃ តាម​ភូមិ តាម​ឃុំ តាម​ក្រសួង​ហ្នឹង អ្នក​ខ្លះ​ធ្វើ​ជា​ក្រុម អ្នក​ខ្លះ​ធ្វើ​ជា​ឯកជន សរសេរ​ជា​ញត្តិ​ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ជំនាន់​នោះ​ថា ខ្លួន​មាន​ការលំបាក​អ្វី​ខ្លះ បង​ប្អូន​ប៉ុន្មាន​នាក់​ស្លាប់​ពេល​ហ្នឹង ហើយ​អ្នក​ណា​ខ្លះ​ជា​ជន​ដៃ​ដល់។ ហើយ​នៅ​ក្នុង​ញត្តិ​ហ្នឹង​មាន​អត្ថន័យ​ពីរ​ទៀត គឺ​ថា​គាំទ្រ​របប​រដ្ឋ​កម្ពុជា​ដែល​បាន​ជួយ​ជីវិត​ប្រជាជន ហើយ​ចុង​ក្រោយ​គឺ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​តុលាការ​កាត់ទោស​មួយ​ជា​អន្តរជាតិ។ ញត្តិ​ហ្នឹង​មាន​ទាំងអស់ ធ្វើ​ឡើង​ដោយ​មនុស្ស​១​លាន​១​សែន​នាក់។ បន្ទាប់ពី​ធ្វើ​ញត្តិ​ហ្នឹង​ទៅ យើង​អាច​បោះពុម្ភ​ផ្សាយ​ជា​សៀវភៅ​តូច​មួយ បង្ហាញ​ថា​បទ​ឧក្រិដ្ឋ​នេះ​ធ្វើ​ឡើង​ដោយ​ចិន​ប៉េកាំង»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឆាំង យុ មាន​ប្រសាសន៍​ថា ញត្តិ​ដែល​មាន​ហត្ថលេខា​ពី​មហាជន​ចំនួន​១​លាន​១​សែន​នាក់​នោះ គេ​ពុំ​ដែល​បាន​ផ្ញើ​ទៅ​ជូន​អង្គការ​សហប្រជាជាតិ​ឡើយ ហើយ​បច្ចុប្បន្ន​ញត្តិ​ទាំង​នោះ​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «ញត្តិ​នេះ​គឺ​ថា ខាង​កម្ពុជា​មិន​ដឹង​ផ្ញើ​ទៅ​អ្នក​ណា? ដោយសារ​ថា ទី​១ កម្ពុជា​មិន​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​ទេ អ៊ីចឹង​មិន​ដឹង​ជា​ផ្ញើ​ទៅ​កន្លែង​ណា ហើយ​អ៊ីចឹង​ក៏​គេ​បាន​បោះ​ជា​របាយការណ៍​មួយ ហើយ​ផ្សព្វផ្សាយ តែ​ការផ្សព្វផ្សាយ​នេះ​មិន​ត្រូវ​បាន​ទទួល​យក ដោយសារ​ពណ៌​សម្បុរ​របស់​រដ្ឋាភិបាល​ពេល​នោះ អ៊ីចឹង​សំឡេង​ប្រជាជន​ត្រូវ​បាន​កប់។ ហើយ​ទី​២​ទៀត ពេល​នោះ​អត់​មាន​ធនធាន​ផ្ញើ​ផង​មិន​ដឹង​ជា​រក​លុយ​ពី​ណា ផ្ញើ​ទៅ​កន្លែង​ណា សូម្បីតែ​ការចាប់ផ្ដើម​ដំបូង ក្នុង​ការចាប់ផ្ដើម​ចរចា​រឿង​សន្តិភាព​ហ្នឹង ខាង​កម្ពុជា​យើង​ហ្នឹង​អត់​ទាន់​មាន​លុយ​ជិះ​កប៉ាល់​ហោះ​ទៅ​ផង ខាង​រុស្សី​ជា​អ្នក​ចេញ​ឲ្យ ថ្លៃ​អូតែល ថ្លៃ​អី កាល​ហ្នឹង​ស្រុក​យើង​ក្រ​ដល់​ប៉ុណ្ណឹង។ អ៊ីចឹង​នឹក​ឃើញ​ថា ក្រដាស​យក​មក​ទាំង​លាន​អ៊ីចឹង បើ​គិត​ទៅ​វា​អស់​រាប់​រយ​គីឡូ បាន​លុយ​ពី​ណា​ផ្ញើ​ទៅ? ទី​១ ។ ហើយ​ទី​២​ទៀត មិន​ដឹង​ជា​ផ្ញើ​ទៅ​កន្លែង​ណា ដោយសារ​ថា កម្ពុជា​ហ្នឹង​អត់​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ អ៊ីចឹង​វា​អត់​មាន​អ្នក​ចាំ​ទទួល​អ្នក​ផ្សព្វផ្សាយ ហើយ​ពេល​ហ្នឹង​ខ្ញុំ​គិត​ថា រដ្ឋ​កម្ពុជា​បាន​សម្រេច​ចិត្ត​បោះពុម្ព​ជា​សៀវភៅ​របាយការណ៍​មួយ អ៊ីចឹង​វា​ធ្វើ​ឲ្យ​សំឡេង​ហ្នឹង​ទៅ​ជា​សំឡេង​នយោបាយ សំឡេង​របស់​ប្រជាជន​១​លាន​១​សែន​នាក់ អ៊ីចឹង​សំឡេង​វា​កប់​បាត់»

ឡេង ម៉ាលី ៖ អ៊ីចឹង​បាន​សេចក្ដី​ថា ញត្តិ​នោះ​អត់​បាន​ទៅ​ដល់​អង្គការ​សហប្រជាជាតិ​ទេ ? ឆាំង យុ ៖ អត់​ដែល​សោះ សព្វ​ថ្ងៃ​នៅ​ការិយាល័យ​ខ្ញុំ ខ្ញុំ​ប្រមូល​បាន​មក​ទាំងអស់។

ចាប់​តាំង​ពី​ពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ផ្តួល​រំលំ ហើយ​តុលាការ​ប្រជាជន​បដិវត្តន៍​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​កំបាំងមុខ​រួច​មក ប៉ុល ពត និង អៀង សារី ក៏​ដូច​ជា​មេដឹកនាំ​កំពូល​របស់​ខ្មែរ​ក្រហម​ដទៃ​ទៀត​ដែរ​បាន​បន្ត​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ និង​ដឹកនាំ​កងកម្លាំង​ឧទ្ទាម​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ​វាយ​ប្រយុទ្ធ​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​១៩៩៨ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ ប៉ុល ពត បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​ឯកោ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​ចុង​ក្រោយ​បំផុត​របស់​ខ្មែរ​ក្រហម។

រីឯ អៀង សារី ដែល​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ដោយ​សាលក្រម​កំបាំង​មុខ​របស់​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​ដែរ​នោះ បាន​ទទួល​បាន​ការលើកលែង​ទោស​ពី​អតីត​ព្រះ​មហាក្សត្រ គឺ​ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៩៦ បន្ទាប់ពី​បាន​ដឹកនាំ​កង​កម្លាំង​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ ដែល​ការចុះចូល​នោះ​បាន​នាំ​ទៅ​ដល់​ការបាក់​បែក​និង​ដួល​រលំ​ទាំងស្រុង​នៃ​ចលនា​ខ្មែរ​ក្រហម។

អៀង សារី បាន​បន្ត​រស់​នៅ​ដោយ​មាន​សេរីភាព​នៅ​មុន​ពេល​ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចាប់​ខ្លួន​ជាមួយ​ប្រពន្ធ​របស់​គាត់​ពី​ផ្ទះ​វីឡា​ប្រណីត​នា​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧។

គួរ​រំឭក​ឡើង​វិញ​ដែរ​ថា តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​កាលពី​ឆ្នាំ​១៩៧៩ គឺ​ជា​តុលាការ​ជាតិ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការត្រួតត្រា​របស់​កងទ័ព​វៀតណាម​ដែល​បាន​កាត់​ទោស​ប្រហារ​ជីវិត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ ប៉ុល ពត និង អៀង សារី៕