អាជ្ញាធរ​ខេត្ត​សៀមរាប​ដាក់​កម្លាំង​​ជាង​១​ពាន់​នាក់​ការពារ​សន្តិសុខ ហ៊ីឡារី គ្លិនតុន

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រាយ​បណ្ដាក់​កម្លាំង​ការពារ​សន្តិសុខ​ជាង ១​ពាន់​នាក់​នៅ​តាម​ដង​ផ្លូវ និង​គោលដៅ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ការពារ​សន្តិសុខ​​​សម្រាប់​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​ សហរដ្ឋ​អាមេរិក ដែល​នឹង​អញ្ជើញ​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ។
ដោយ ហង្ស សាវយុត
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កក្កដា-២០១០: រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម
២២-កក្កដា-២០១០: រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម
AFP PHOTO

មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ការពារសន្តិសុខ​បាន​ឲ្យ​ដឹង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ពិសេស ចេញ​ពី​ប្រទេស​វៀតណាម មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​វេលា​យប់​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ ឆ្នាំ​២០១០​នេះ ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​បូរាណ មុន​ពេល​ដែល​លោកស្រី​នឹង​​បន្ត​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ទៀត​នោះ។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការពារ​សន្តិសុខ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ដែល​មក​កាន់​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​តុលា​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹង​មក​ដល់​ខេត្ត​សៀមរាប នៅ​វេលា​ថ្ងៃ​នេះ ៖ «ម៉ោង ៩​យប់»

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​រូប​ទៀត នៅ​រង់ចាំ​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស សហរដ្ឋ​អាមេរិក ដែល​នឹង​មក​ដល់​ទឹក​ដី​ក្រោម​ការ​គ្រប់គ្រង​​របស់​លោក។

លោក ស៊ូ ភិរិន្ទ បន្ត​ទៀត​ថា ៖ «មក​ពី​ទីក្រុង​ហាណូយ (ប្រទេស​វៀតណាម) មក តាម​យន្តហោះ​ពិសេស​របស់​គាត់ ​ចុះ​នៅ​ខេត្ត​យើង​ហ្នឹង ថ្ងៃ​៣០ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​​សៀមរាប។ ខ្ញុំ​ទៅ​ទទួល​គាត់​ជាមួយ​ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ឯកឧត្តម អ៊ុច បូរិទ្ធ និង​មន្ត្រី​មួយ​ចំនួន​ទៀត»

ការ​រៀបចំ​ផែន​សន្តិសុខ​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋ​អាមេរិក មក​ខេត្ត​សៀមរាប​នោះ គឺ​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រើ​​កង​កម្លាំង​ការពារ​សន្តិសុខ​រហូត​ដល់​ទៅ​ជាង ១.០០០​នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្នាក់នៅ​ខេត្ត​សៀមរាប ចំនួន ២​ថ្ងៃ ដើម្បី​ទស្សនា​ប្រាសាទ​បូរាណ លោកស្រី ហ៊ីល​​​​​ឡារី គ្លិនតុន នឹង​បន្ត​ទស្សនកិច្ច​ផ្លូវការ​ទៅ​​កាន់​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​គម្រោង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ និង​ជួប​ប្រជុំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ ដើម្បី​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក និង​មាន​គម្រោង​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ព្រមទាំង​មាន​គម្រោង​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ​​និង​ក្រុម​និស្សិត​មួយ​ចំនួន ក៏​នឹង​ជួប​ជាមួយ​សមាជិក​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល