ខ្មែរ​ក្រោម​១៧​នាក់​ព្យាយាម​សុំ​សិទ្ធិ​ជន​ភៀស​ខ្លួន​ពី UNHCR

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ បាន​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត សុំ​ឲ្យ​អង្គការ UNHCR ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។
ដោយ សុខ សេរី
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ UNHCR ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ ធ្នូ ២០០៩។
គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជួប​ជុំ​គ្នា​នៅ​មុខ​ការិយាល័យ UNHCR ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៨ ធ្នូ ២០០៩។
RFA/Den Ayuthyea

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ ស្មើ​នឹង ៦​គ្រួសារ នៅ​ថៃ្ង​ច័ន្ទ​នេះ​បាន​សំដែង​ការ​តវ៉ា​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​នៅ​កម្ពុជា ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​មិន​ព្រម​ចេញ​ឯកសារ ឬ​អត្តសញ្ញាណ​ប័ណ្ណ​នានា​ឲ្យ​ពួក​គាត់ ដើម្បី​រស់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ​បាន​ប្រកែក​មិន​ព្រម​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ​ទេ ដោយ​សំអាង​ថា ពួក​គាត់​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន និង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

តំណាង​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១៧​នាក់ ស្មើ​នឹង ៦​គ្រួសារ​នោះ លោក ថាច់ ស៊ុង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ​នេះ ថា ការ​តវ៉ា និង​សំណូមពរ​ជា​ថ្មី​មិន​ត្រូវ​បាន​ទទួល​យក​ដោយ​តំណាង UNHCR នោះ ៖ «ព្រោះ​អី​ថា គាត់​ជាប់​គាំង... រដ្ឋាភិបាល​ហ្នឹង​មិន​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​ទទួល​យក​ជន​ភៀស​ខ្លួន»

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម ៦​គ្រួសារ​នោះ បាន​ថ្លែង​ថា ៖ «ព្រោះ​អី​ពី​មុន​មក​សុំ​រដ្ឋាភិបាល ឲ្យ​រដ្ឋាភិបាល​ទទួល​ពួក​ខ្ញុំ សុំ​សិទ្ធិ​ជ្រកកោន​ពី​រដ្ឋាភិបាល​ខ្មែរ ហើយ​ឥឡូវ​រដ្ឋាភិបាល​ខ្មែរ​បដិសេធ​ពួក​ខ្ញុំ​ហើយ។ ដល់​ឥឡូវ ពួក​ខ្ញុំ​ទៅ​សំណូមពរ​ឲ្យ UNHCR ទទួល​យក​ពួក​ខ្ញុំ​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​វិញ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ពន្យល់​ជា​ពិស្ដារ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ពី​នាយក​ការិយាល័យ​របស់​អង្គការ UNHCR ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជុំវិញ​ការ​ស្នើសុំ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ខាង​លើ​នេះ ដោយ​អ្នក​ប្រចាំការ​បាន​ឆ្លើយ​ថា នាយក​កំពុង​តែ​ជាប់​រវល់​ប្រជុំ​ពេញ​មួយ​ថ្ងៃ។

មន្ត្រី​មួយ​រូប​នៃ​អង្គការ UNHCR សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អង្គការ UNHCR ប្រកាន់​ជំហរ​ដដែល គឺ​មិន​ទទួល​ស្គាល់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ថា​ជា​ជន​ភៀស​ខ្លួន​ទេ ដោយសារ​តែ​មាន​លិខិត​ពី​រដ្ឋាភិបាល​មួយ​ច្បាប់​បញ្ជាក់​ថា គ្រួសារ​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។

កន្លង​មក ទាំង​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ដូច​គ្នា​នេះ​ផង​ដែរ។

ទាក់ទង​នឹង​រឿង​ស្មុគស្មាញ​ខាង​លើ​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ស្ថានការណ៍​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​កន្លងមក បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​មួយ​ទេ ដែល​ពួក​គាត់​បាន​ទាមទារ​ហើយ​ទាមទារ​ទៀត​ទៅ​អាជ្ញាធរ គាត់​ថា បាន​អត្តសញ្ញាណ​ប័ណ្ណ គឺ​ប័ណ្ណ​គ្រួសារ​ហ្នឹង​ទៅ ងាយ​ក្នុង​ការ​ប្រកប​មុខរបរ ហើយ​ក៏​ជា​ទី​លំនឹង សុវត្ថិភាព ដែល​បញ្ជាក់​ថា គាត់​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ​នោះ»

ការ​ស្នើសុំ និង​ការ​ទាមទារ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៦​គ្រួសារ​ជា​ច្រើន​លើក​កន្លង​មក ត្រូវ​បាន​តំណាង​របស់​អង្គការ UNHCR បដិសេធ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ អាជ្ញាធរ​នគរបាល​រដ្ឋបាល​បឹង​ទំពុន ក្រុង​ភ្នំពេញ បាន​បដិសេធ​មិន​ចេញ​សៀវភៅ​គ្រួសារ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សំបុត្រ​កំណើត តាម​ការ​ទាមទារ​របស់​គ្រួសារ​ទាំង​នោះ​ទេ ដោយ​មូលហេតុ​ថា គ្រួសារ​ទាំង​នោះ​គ្មាន​ទី​លំនៅ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​បាន​ត្អូញត្អែរ​ថា បើ​ពួក​គាត់​គ្មាន​ឯកសារ​ទាំង​នោះ​ទេ ពួក​គាត់​ពិបាក​រក​ការងារ​ធ្វើ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង។

អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ខាង​លើ​នេះ​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ នៅ​គ្រា​ដែល​គ្រួសារ​ទាំង​នោះ​បាន​សុំ​សិទ្ធិ​ជ្រកកោន​​ពី​អង្គការ UNHCR នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

មនុស្ស​សរុប​ចំនួន ២៤​នាក់​បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​​ពី​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ​២០០៤ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ ពី​ការ​តាម​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​វៀតណាម ដោយសារ​កន្លង​មក​ពួក​គាត់​បាន​ងើប​តវ៉ា​ទាមទារ​ដី​ធ្លី ជំនឿ​សាសនា វប្បធម៌ និង​ប្រពៃណី នេះ​បើ​តាម​ការ​អះអាង​របស់​គាត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល