២៧​ឆ្នាំ​ក្រោម​ការ​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន សែន

ភ្នាក់​ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចាត់​ទុក​ថា ការ​ដឹក​នាំ​រយៈ​ពេល ១​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ក្រុម​មេ​ដឹក​នាំ​ដែល​ល្បី​ខាង​ការ​គ្រប់​គ្រង​ប្រទេស​បែប​ផ្តាច់​ការ​បំផុត ក្នុង​ពិភពលោក។
ដោយ តាំង សារ៉ាដា
2012-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
AFP Photo

នៅ​ក្នុង​អត្ថបទ​របស់ លោក ប្រេដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និង​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មិថុនា នេះ បាន​សរសេរ​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេ​ដឹក​នាំ​បែប​ជើង​កាង និង​ចិត្ត​ឆៅ ដែល​ជា​ក្រុម​មនុស្ស​ជើង​ខ្លាំង​គ្រប់​គ្រង​បែប​បំភិត​បំភ័យ​ឥត​សំចៃ​ខាង​ការ​ប្រើ​អំពើ​ហិង្សា ប្រហារ​ក្រុម​អ្នក​ជំទាស់​ដោយ​មិន​ខ្លាច​ច្បាប់ និង​អម​ទៅ​ដោយ​កង​កំលាំង​អង្គរក្ស​ផ្ទាល់​ខ្លួន បំពាក់​សព្វាវុធ​គ្រប់​ធុន។

លោក ប្រេដ អាដាម មាន​ប្រសាសន៍​ថា អត្ថបទ​របស់​លោក គឺ​ចង់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មហា​អំណាច​ធំៗ​ក្នុង​ពិភពលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ ក្តោប​ក្តាប់​អំណាច​ដល់​ទៅ ២៧​ឆ្នាំ នោះ។

លោក ប្រេដ អាដាម៖ «ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​សាជាថ្មី​មក​លើ​ប្រទេស​កម្ពុជា​ឡើង​វិញ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសេរ​អត្ថបទ​នេះ។ ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា គ្មាន​នណា​ម្នាក់​កាន់​អំណាច​រហូត​ដល់​ទៅ ១​ម៉ឺន​ថ្ងៃ នោះ​ទេ ព្រោះ​ការ​គ្រប់​គ្រង​បែប​នេះ​វា​យូរ​ពេក។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អាច​កាន់​រដ្ឋបាល​របស់​ខ្លួន​បាន​តែ ៨​ឆ្នាំ​ប៉ុណ្ណោះ យ៉ាង​យូរ​បំផុត។ ដូច្នេះ អាយុ​នៃ​អំណាច​របស់ លោក ហ៊ុន សែន ក្នុង​រយៈ​ពេល ២៧​ឆ្នាំ នេះ វា​ជា​រយៈ​ពេល​ដ៏​យូរ​រ៉ាំរ៉ៃ​ណាស់​ទៅ​ហើយ។ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​កាន់​អំណាច​រហូត​ដល់​លោក​អាយុ ៨០ ទៅ ៩០​ឆ្នាំ ដែល​ការ​អះអាង​បែប​នេះ មិន​មាន​ភាព​ប្រក្រតី​នោះ​ឡើយ​សំរាប់​កម្ពុជា។ ពី​មុន​កម្ពុជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ តែ​ឥឡូវ​ហាក់​មាន​កំរិត​តិច​តួច​បំផុត។ បណ្ដា​ប្រទេស​ទាំង​នោះ​មិន​ត្រូវ​គិត​ថា កម្ពុជា​មាន​សារៈសំខាន់​អ្វី​ខ្លះ​សំរាប់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គិត​ថា វាសនា​អនាគត​កម្ពុជា វា​សំខាន់​សំរាប់​ពលរដ្ឋ​កម្ពុជា»

អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​សរសេរ​ថា ក្រោយ​ពី​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​នៅ​ប្រទេស ទុយណេស៊ី (Tunisia), អេហ្ស៊ីប (Egypt), យេមែន (Yemen) និង​ប្រទេស លីប៊ី (Libby) បាន​ដួល​រលំ​ទៅ បន្ទាប់​ពី​មាន​ការ​រើបម្រះ​ពី​កម្លាំង​មហាជន បន្សល់​នៅ​តែ លោក ហ៊ុន សែន ទេ ដែល​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​ដ៏​យូរ​ជាង​គេ​បំផុត​ចំនួន ១០ ក្នុង​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អត្ថបទ​វាយ​ប្រហារ​មក​លើ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន របស់​មន្ត្រី​សិទ្ធិ​មនុស្ស លោក ប្រេដ អាដាម ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ជន​បរទេស​មួយ​រូប ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា។ លោក អាឡេន ម៉ៃយើ (Allen Myers) សញ្ជាតិ​អូស្ត្រាលី​ដែល​កំពុង​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​៤ មិថុនា ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ចុះ​ផ្សាយ​របស់ លោក ប្រេដ អាដាម ថា បាន​វាយ​ប្រហារ​ធ្ងន់ៗ​ម្តង​ហើយ​ម្តង​ទៀត មក​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​គ្មាន​សម​ហេតុ​សម​ផល និង​មិន​យល់​អំពី​ប្រវត្តិ​សាស្ត្រ ព្រម​ទាំង​បច្ចុប្បន្ន​ភាព​កម្ពុជា​ច្បាស់​លាស់។

លោក អាឡេន បាន​ចោទ​ថា ការ​សរសេរ​របស់ លោក ប្រេដ អាដាម គ្រាន់​តែ​ជា​ការ​សរសេរ​ដើម្បី​កំសាន្ត​ក្នុង​គំនិត​ចំអក​ឡកឡឺយ ស្អប់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ប៉ុណ្ណោះ។ លោក អាឡេន ចោទ​ថា លោក ប្រេដ អាដាម បាន​លៃលក និង​គិត​គូរ​អំពី​ពេល​វេលា​ច្បាស់​លាស់​ក្នុង​ការ​ចេញ​ផ្សាយ​អត្ថបទ​វាយ​ប្រហារ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​ចេញ​ផ្សាយ​អោយ​បាន​មុន​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ មិថុនា សប្ដាហ៍​មុន​នេះ។

លោក អាឡេន ម៉ៃយើ គឺ​ជា​ស្វាមី និង​ជា​ទី​ប្រឹក្សា​របស់ លោក​ស្រី ហេឡេន ចាវិស (Hellen Javis) ដែល​ជា​ទី​ប្រឹក្សា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្រី ហេឡេន ចាវិស ជា​ជន​ជាតិ​អូស្ត្រាលី និង​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់ លោក អាឡេន ម៉ៃយើ ដែល​ចោទ​ថា លោក​បាន​ជ្រើស​រើស​ពេល​វេលា​ចេញ​ផ្សាយ​អត្ថបទ​អោយ​ចំ​មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នោះ លោក ប្រេដ អាដាម បាន​បដិសេធ​ថា គ្មាន​ការ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ី​សេរី តាម​រយះ អ៊ីមែល (E-mail) លោក ប្រេដ អាដាម បាន​អោយ​ដឹង​ថា ការ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា នេះ គឺ​ចំ​រយៈពេល ស្ថិត​ក្នុង​អំណាច​មួយ​ម៉ឺន​ថ្ងៃ ឬ ២៧​ឆ្នាំ របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រយៈពេល​កាន់​អំណាច​ដ៏​យូរ​គ្មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ថ្មី​នេះ វា​មិន​ល្អ​សំរាប់​ពលរដ្ឋ​កម្ពុជា។

លោក ប្រេដ អាដាម ក៏​បាន​ប្រៀប​ធៀប​ប្រសាសន៍​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​សំដី​របស់ លោក ម៉ួអឺមើ ហ្គាដាហ្វី (Muammar Gaddafi) អតីត​មេ​ដឹក​នាំ​ផ្តាច់​ការ​ប្រទេស លីប៊ី ដែល​ត្រូវ​បាន​ប្រជាជន​លីប៊ី ងើប​បះបោរ​ទម្លាក់​ពី​អំណាច និង​បាញ់​សម្លាប់​ដោយ​ក្រុម​ប្រឆាំង។ នៅ​ក្នុង​អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​លើក​យក​ប្រសាសន៍​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ពោល​ទាំង​កំហឹង​ទៅ​អ្នក​ណា​ដែល​ចង់​ប្រឆាំង​នឹង​លោក ដូច្នេះ៖ «ខ្ញុំ​សូម​ផ្កាំ​ទៅ​អ្នក​ឯង បើ​ចង់​ឲ្យ​មាន​កុប្បកម្ម​បែប​ទុយណេស៊ី ខ្ញុំ​នឹង​បិទ​ទ្វា​វៃ​ឆ្កែ​ហើយ​ពេល​នេះ។ ផ្កាំ​ឲ្យ​ហើយ! បើ​អ្នក​ឯង បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន សូម​អញ្ជើញ​មក! បើ​នាយក​រដ្ឋមន្ត្រី មិន​ដឹក​នាំ​ការពារ​រដ្ឋ​ធម្មនុញ្ញ ទុក​ឲ្យ​គេ​ធ្វើ​អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច»

លោក ប្រេដ អាដាម បន្ត​ទៀត​ថា សំរាប់​មេ​ដឹក​នាំ​ផ្តាច់​ការ លីប៊ី លោក ម៉ួអឺមើ ហ្គាដាហ្វី វិញ នៅ​ពេល​លោក​កំពុង​បញ្ជា​កងទ័ព​របស់​ខ្លួន​អោយ​បង្ក្រាប​ពល​រដ្ឋ​លីប៊ី ដែល​បាន​នាំ​គ្នា​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​ដឹក​នាំ​ផ្តាច់​ការ​ដ៏​យូរ​អង្វែង​របស់​លោក​នោះ លោក ម៉ួអឺមើ ហ្គាដាហ្វី បាន​ប្រៀប​ធៀប​អ្នក​ប្រឆាំង​នឹង​លោក​ទាំង​នោះ​ទៅ​ជា​សត្វ​កន្លាត ដែល​ត្រូវ​តែ​កំទេច។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ស្នាដៃ​កសាង​ជាតិ​របស់ លោក ហ៊ុន សែន ដ៏​ធំ​ធេង ដូច្នេះ​បាន​នាំ​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់​ក្តៅ​ក្នុង​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​រូប​លោក​ជា​មេ​ដឹក​នាំ​តាម​មតិ​ភាគ​ច្រើន។

អ្នក​វិភាគ​ឯករាជ្យ លោក  បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា កំពុង​រំលោភ​ទៅ​ដល់​រដ្ឋ​ធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។ លោក​ថ្លែង​បន្ត​ថា សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​គួរ​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ទាំង​អស់ ពិនិត្យ​សើ​រើ​ឡើង​វិញ អំពី​ស្ថានភាព​ដែល​មិន​ប្រក្រតី​នៅ​កម្ពុជា​បច្ចុប្បន្ន។

ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក កាល​ពី​ចុង​ខែ ឧសភា បាន​ផ្សព្វ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ក្រោម​ការ​ដឹក​នាំ​នៃ​រដ្ឋបាល​របស់ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចុះ​ទន់​ខ្សោយ នាំ​អោយ​ខក​ខាន​មិន​បាន​រក​យុត្តិធម៌​ពេញ​លេញ​ជូន​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​បញ្ហា​នេះ​បាន​បង្ក​អោយ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

រដ្ឋាភិបាល​ទី​ក្រុង វ៉ាស៊ីនតោន (Washington) បាន​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​តាម​រយៈ​ការ​រំលោភ​សិទ្ធិ​ដី​ធ្លី ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ តាម​រយៈ​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់​ថយ ដែល​មិន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ ការ​បន្ត​បទ​ចោទ​ប្រកាន់​ករណី​បរិហារកេរ្តិ៍ ជា​ទោស​ព្រហ្មទណ្ឌ និង​ការ​រឹតត្បិត ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ដើម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​កែ​លំអ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​រយៈ​ការ​បំប៉ន​សមត្ថភាព និង​លទ្ធភាព​គ្រប់​បែប​យ៉ាង។

អត្ថបទ​របស់ លោក ប្រេដ អាដាម បាន​សរសេរ​ថា ក្រោម​ការ​ដឹក​នាំ​ដោយ​កណ្ដាប់​ដៃ​ដែក​របស់ លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​មន្ត្រី​រាជការ តុលាការ និង​អ្នក​ការទូត ជា​ច្រើន​ខ្លប​ខ្លាច។ លោក ប្រេដ អាដាម ធ្លាប់​មាន​ប្រសាសន៍ របប​នយោបាយ​នៅ​កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​រក​ការ​ដឹក​នាំ​បែប​គណបក្ស​តែ​មួយ តាម​រយៈ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ និង​ការ​យក​ប្រព័ន្ធ​តុលាការ​ជា​កូន​អុក​សំរាប់​ល្បែង​នយោបាយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

យេមែន

ព័ត៌មាន (48)
Share

អ្នក​អាន​អនាមិក

It is really true that Mr.Adam said that the court system in Cambodia is not independent, it is not fair for the poor people, but it is really fair for the power people who have money to put in court. I want to announce all the world, please help Cambodian people, because its current government is not good to govern the country. The people are still very poor, living in very bad condition. Government keep money into his pocket and
doesn't care about the country. Evil government.

Aug 25, 2012 11:10 PM

Zero

ពី Kemrakphomin

សូមអ្នកមើលត្រលាប់មកវិញពីចំណុចសូន្យ តើមានអ្វីកើតមាននៅក្នុងប្របទេសនេះ

Jun 13, 2012 10:54 AM

Independent

ពី Malmö, Sweden

I would request all the audions who take side with the government to answer my very simple question, is that: Is the currently Khmer government is a corrupted or un-corrupted one?

Jun 11, 2012 05:31 AM

អ្នក​អាន​អនាមិក

Under Hun Sen, All Vietnamese people are very happy to live in Cambodia. We know Hun Sen do nor dare to reject our request. 80% Khmer people is still poor.Sorry, that you Khmers people choose such Leader, who works for forefingers interest only

Jun 10, 2012 03:24 AM

អ្នក​អាន​អនាមិក

Thank you Mr Brad Adam for telling the truth to the World.

Jun 09, 2012 10:45 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល