អ្នក​បឹង​កក់​២​នាក់​ត្រូវ​ចាប់​ខ្លួន

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​អ្នក​ភូមិ​បឹង​កក់ ២​នាក់ នៅ​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា។

0:00 / 0:00

អ្នក​ភូមិ​បឹងកក់ បាន​អះអាង​ថា សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​ស្ត្រី​ឈ្មោះ យ៉ោម បុប្ផា អាយុ ៣១​ឆ្នាំ ជា​ភរិយា​របស់​លោក លួស សាខន អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​២២ តំបន់​បឹងកក់ ក្នុង​គ្រា​ដែល​អ្នក​ទាំង​ពីរ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២។

ស្ត្រី​ឈ្មោះ យ៉ោម បុប្ផា គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​អ្នក​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​តំបន់​បឹងកក់​យ៉ាង​សកម្ម។

ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ដោយ​ខ្លី​ថា លោក​ពិត​ជា​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​គឺ​ចៅក្រម តែ សំអាង​ទាក់​ទង​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ជាង ៤​រសៀល​នេះ ក្រុម​អ្នក​បឹងកក់ បាន​អះអាង​ថា តុលាការ​រាជធានី​ភ្នំពេញ បាន​ដោះលែង​លោក លួស សាខន ស្វាមី​របស់​លោកស្រី យ៉ោម បុប្ផា នោះ​វិញ។

លោក លួស សាខន បាន​ថ្លែង​ពេល​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ​​ថា ភរិយា​របស់​លោក​ត្រូវ​គេ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃសរ​ហើយ។ លោក​ថា ការ​ចាប់​ពួកគាត់​នេះ ពាក់​ព័ន្ធ​នឹង​រឿង​ដែល​ពួកគាត់​ឃាត់​អ្នក​មាន​ទំនាស់​នៅ​ក្បែរ​ផ្ទះ ហើយ​តុលាការ​បែរ​ឃាត់​ខ្លួន​ពួក​គាត់​ដោយ​អយុត្តិធម៌។

យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ កំពុង​ស្វែងរក​ក្មេង​ប្រុស​ដែល​ជា​កូន​របស់​អ្នក​ទាំង​ពីរ ឈ្មោះ លួស លីហួរ អាយុ ៨​ឆ្នាំ ដែល​បាន​បាត់​ដំណឹង​មិន​ឃើញ​ចេញ​ពី​សាលា ក្នុង​ពេល​ដែល​ឪពុក​ម្ដាយ​របស់​គេ​ត្រូវ​ចាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។